ការ​ដឹក​ឈើ​លើ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​កក្រើក​ឡើងវិញ​អំឡុង​ពេល​ឃោសនា

ដោយ មាន ឫទ្ធិ
2018-07-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍ (Photo provided)
រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍ (Photo provided)


កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្រុក​សេសា​ន ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុប ៥​គ្រឿង ដឹក​ឈើ​មូល​រាប់​រយ​ម៉ែត្រ​គូប​ចេញពី​ឃ្លាំង​ស្តុក​ឈើ​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ទំនង​ឆ្ពោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ ពួកគេ​អះអាង​ថា ជំនួញ​ឈើ​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​នេះ បាន​កម្រើក​ឡើងវិញ នៅ​គ្រា​ដែល​មន្ត្រី​គ្រាក់ៗ​របប លោក ហ៊ុន សែន ផ្ដោត​អារម្មណ៍​តែ​លើ​ឃោសនាបោះឆ្នោត។

ក្រុម​កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​នៅ​ថ្ងៃទី២៤ កក្កដា ថា ឃ្លាំង​ស្តុក​ឈើ រាប់ពាន់​ម៉ែត្រ​គូប​នៅ​តំបន់​បាត​អាង នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុងស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កំពុង​ត្រូវ​គេ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​បណ្តើរៗ​ហើយ បើ​ទោះ​បី​ជា​មាន​លិខិត​ឲ្យ​ផ្អាក​អាជីវកម្ម​ឈើ​តំបន់​នោះ​ក្តី។

កម្មករ​ក្រុមហ៊ុន​ម្នាក់​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព បង្ហើប​ថា ជំនួញ​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កំពុង​កម្រើក​ឡើងវិញ នៅ​គ្រា​ដែល​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ។ លោក​ថា ឃ្លាំង​ស្តុក​ឈើ​ពីរ​ទីតាំង​ផ្សេងគ្នា​ក្នុង​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​សមត្ថកិច្ច​យាម​យ៉ាង​តឹងតែង និង​ប្រយ័ត្នប្រយែង​បំផុត ហើយ​នៅ​ពេល​ថ្មីៗ​នេះ គេ​ឃើញ​មាន​កម្មករ​ជាច្រើន​ក្រុម​បាន​ប្រមូល​ឈើ​ទាំងនោះ ត្រៀម​ដឹក​តាម​រថយន្ត​យី​ឌុប​ចេញទៅ​ក្រៅ​ប្រទេស និង​មាន​ឮ​សំឡេង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​អារ​ច្រៀក​ឈើ​ទាំងនោះ។ លោក​ថា គំនរ​ឈើ​ទាំងនោះ​ភាគច្រើន​គេ​អារ​ច្រៀក​ជា​ជ្រុង​ដែល​មាន​មុខកាត់ ៣​តឹក​ឡើង​ទៅ ប្រវែង​ជាង ២​ម៉ែត្រ​ឡើង​ទៅ ដែល​ក្រុមហ៊ុន​បាត​អាង​បាន​ប្រមូល​ទិញ​ពី​កម្មករ ដឹកជញ្ជូន​ពី​តំបន់​ឆ្ងាយៗ តាម​ទូក រថយន្ត​បាកុង និង​គោយន្ត​ផង មក​ស្តុក​ទុកជា​បន្តបន្ទាប់៖ «វា​កក្រើក​ចាប់ផ្ដើម​តាំងពី​ម្សិលមិញ នៅ​ខាងក្រោម​ទំនប់​ក៏​ចាប់ផ្ដើម​កាប់ និង​អារ​ច្រៀក រលំ​ឮសូរ​ពេញ​ព្រៃ​ទៀតហើយ។ បទល្មើស​វា​មិន​ស្រាក​ទេ បទល្មើស​នៅតែ​ឃុបឃិត​គ្នា​ដឹក​ចេញ​ជា​ប្រព័ន្ធ​ទៅ​ហើយ»

បុរស​ដដែល​បន្ថែម​ថា ជំនួញ​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​រូបភាព​បំផ្លាញ​ធនធានធម្មជាតិ​ជា​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​ភាគ​ឦសាន ដោយមាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​ថ្នាក់​ជាតិ។ លោក​ថា រយៈពេល ៥​ឆ្នាំ​កន្លងទៅ អាជ្ញាធរ​បាន​យក​លេស​សំអាត​បាត​អាង ដោយ​ដឹក​ឈើ​ពី​ខាងក្រៅ​បន្លំ​ជា​ឈើ​ស្រប​ច្បាប់​រូច​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​ឃុបឃិត​គ្នា​ជា​ចង្កោម។ ឈើ​ទាំងនោះ គឺ​ក្រុម​កម្មករ​ដឹក​ពី ឧទ្យាន​ជាតិ​វីរ​ជ័យ​ខេត្ត​ស្ទឹងត្រែង និង​តំបន់​ព្រៃស្រោង​ផ្សេងទៀត​ក្នុងស្រុក​សេសាន និង​ស្រុក​សៀមប៉ាង៖ «ការ​កាប់​បំផ្លាញ​ឮ​សូរ​ម៉ាស៊ីន​ត្រង់ស៊ីន័រ​មាន​ច្រើន​កន្លែង ហើយ​ការ​ចរាចរ​ឈើ​បណ្ដើរ​អាច​វា​កក្រើក​ឡើង​វិញ»

កាលពី​ថ្ងៃ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ុយ អ៊ុយ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ដឹក​ជញ្ជូន​ឈើ ក្នុង​តំបន់​បាត​អាង​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ផ្អាក​ការ​ឈូស​ឆាយ​សំអាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច រហូត​ដល់​បោះឆ្នោត​ជា​សកល​រួច។

សាឡង់​អូស​ឈើ​បណ្ដែត​ទឹក​នៅ​ទន្លេ​ស្រែពក ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
សាឡង់​អូស​ឈើ​បណ្ដែត​ទឹក​នៅ​ទន្លេ​ស្រែពក ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
រូប​សហគមន៍ស្រែគរ


អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី២៤ កក្កដា។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា អង្កេត​ឃើញ​ថា លិខិត​បទដ្ឋាន​ថ្នាក់​ជាតិ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ដឹកជញ្ជូន​ឈើ​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន មាន​ន័យ​ថា អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ ការអនុវត្ត​លិខិត​ថ្នាក់​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​យល់ថា ថ្នាក់​ជាតិ​គួរ​តែ​តាមដាន​ការអនុវត្ត​ខ្លឹមសារ​លិខិត​ទាំង​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ៖ «ក្នុង​ចំណុច​នេះ​ដែរ លិខិត​ថ្នាក់​ជាតិ​មាន​ច្រើន​ដែរ រឿង​វិវាទ​ដីធ្លី​ជាដើម និង​ការ​ចេញ​លិខិត​ផ្អាក​មិន​ឲ្យ​ចេញ​លិខិត តែ​នៅតែ​មាន​បន្ត។ ថ្នាក់​ជាតិ​មិន​តាមដាន​លិខិត​ហ្នឹង វា​បង្ហាញ​ពី​ការ​កម្សោយ​លើ​ការគ្រប់គ្រង​ថ្នាក់​ជាតិ​ដល់​ថ្នាក់ក្រោម​ជាតិ»

មក​ទល់​ពេល​នេះ ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បាន​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្តុក​ទឹក​បំពេញ​តួប៊ីន​អស់ទាំង​ស្រុង ដើម្បី​ផលិត​ថាមពល​វារីអគ្គិសនី រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ក្រុមហ៊ុន នៅតែ​ប្រមូល​ឈើ​មូល រាប់​រយ​ម៉ែត្រ​គូប​ធ្វើ​អាជីវកម្ម។ ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង តាំងពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ យក​លេស​សំអាត​បាត​អាង បន្លំ​ជា​ឈើ​ស្របច្បាប់ អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ គ្មាន​អាជ្ញាធរ​ណា​ចុះ​អនុវត្ត​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ការ​ដឹក​ឈើ​លើ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​កក្រើក​ឡើងវិញ​អំឡុង​ពេល​ឃោសនា"

  1. roumrithrain says:

    I like to hear these trolls who come to your RFA site and praise the merits of this thug hun sen former cadre Khmer Rouge and who continues to plunder the riches of the Khmer

  2. Free Cambodia says:

    This news is fake, blind, and one side. Never believe in RFA. Before you report the news, you must have learned that in school to report a fair and balanced news.

    These robbers and cheaters are the conduct of the individuals, not Hun Sen. If these individuals have violated the law, soon they will be caught and jailed. Do you know that US has more prisoners in the world? Is this because of Donald Trump?

    Remember being a reasonable person can never come to conclusion because the news said so. Never make a decision when you are angry and upset. Needless to say more?