ដោយ តាំង សារ៉ាដា
2018-07-25
RFA

ពលរដ្ឋខ្មែរអូស្ត្រាលីជួបជុំគ្នានៅទីក្រុងស៊ីដនី (Sydney) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ដែលកំពុងចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ RFA/Chun Chanboth
សហគមន៍ខ្មែរ នៅប្រទេសកាណាដា (Canada) និងអូស្ត្រាលី (Australia) នឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅចុងសប្ដាហ៍នេះ ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ដែលបានរៀបចំដោយរបបលោក ហ៊ុន សែន ដោយសារតែពួកគេចាត់ទុកថា ការបោះឆ្នោតក្លែងក្លាយ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនឹងនាំគ្នាធ្វើបាតុកម្មក្នុងទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា នឹងធ្វើបាតុកម្ម នៅថ្ងៃទី២៨ ខែកក្កដា ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ពួកគេនឹងអំពាវនាវឲ្យពលរដ្ឋនាំគ្នាធ្វើពហិការទៅបោះឆ្នោត។
ចំណែកឯសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលីដែលរួមមានសមាគមខ្មែរវ៉ិកតូរីយ៉ា និងវត្តខ្មែរចំនួនប្រាំ នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា ដែលពួកគេចាត់ទុកថាជាការបោះឆ្នោតមិនត្រឹមត្រូវតាមលក្ខណៈប្រជាធិបតេយ្យសេរី ពហុបក្ស គ្មានយុត្តិធម៌ និងជាការបោះឆ្នោតបែបបោកប្រាស់។
បាតុកម្មនេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែកក្កដា វេលាម៉ោង១រសៀល ក្នុងទីក្រុងស្ព្រីងវែល (Springvale) រដ្ឋវ៉ិកតូរីយ៉ា (Victoria)។
នៅអំឡុងថ្ងៃបោះឆ្នោតនៅកម្ពុជាក្នុងថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ខាងមុខនេះ បាននាំឲ្យពលរដ្ឋខ្មែរជាច្រើន នៅទូទាំងពិភពលោកដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាអ្នកនិយមប្រជាធិបតេយ្យ គ្រោងនាំគ្នាធ្វើបាតុកម្មស្ទើរគ្រប់ទិសទី ជុំវិញពិភពលោក មាននៅសហរដ្ឋអាមេរិក បារាំង កាណាដា ជប៉ុន កូរ៉េ ជាដើម៕
New wave of rally will begin at Washington DC on July 27th, 2018. Stay tune!!!!!!
It will be live for witnessing!!!!!!!!!!!!