អាមេរិក​និង​ជប៉ុន​ថា​ខ្លួន​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ផ្លូវការ​ចូលរួម​ការ​បោះឆ្នោត​កម្ពុជា​ទេ

ដោយ ថន ថារ៉ូ និងយន់ សាមៀន
2018-07-25
RFA

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​ទី​ពីរ] ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូប​ពី​ស្ដាំ​ទី​មួយ] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​ទី​ពីរ] ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូប​ពី​ស្ដាំ​ទី​មួយ] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ កាលពី​ថ្ងៃពុធ ទី​២៥ ខែ​កក្កដា ម្សិលមិញ​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​មិន​បញ្ជូន​ភ្ញៀវ ឬ​អ្នកសង្កេតការណ៍​ផ្លូវការ​ណា​ម្នាក់ មកពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មក​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​ជាតិ នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខនេះ​ទេ។

អ្នកនាំពាក្យ​ស្ថានទូត​អាមរិក លោក អារ៉ែន ស្វាតជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល​ថា ការសម្រេចចិត្ត​នេះ គឺ​ស្របតាម​សេចក្ដីថ្លែងការណ៍ របស់​សហរដ្ឋអាមេរិក តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក ដែល​បាន​សម្ដែង​នូវ​ក្តី​កង្វល់​យ៉ាង​ជ្រាលជ្រៅ​របស់​ខ្លួន​ចំពោះ​ការ​វិវត្ត​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ទៅ​ឲ្យ​គ..ប ដោយសារតែ​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​រឹតត្បិត​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ។

ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​ជំនួយ​ធំ​មួយ​របស់​ប្រទេស​កម្ពុជា គឺ​ប្រទេស​ជប៉ុន ក៏​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេតការណ៍ ទៅ​សង្កេតការណ៍​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា នោះ​ដែរ។

រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ត្រូវ​បាន​ទីភ្នាក់ងារ ព័ត៌មាន​អង់គ្លេស Reuters ដកស្រង់​សំដី ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ជប៉ុន​នឹង​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​កម្ពុជា ដូចដែល​ជប៉ុន​ធ្លាប់​ធ្វើ ចាប់​តាំង​កាលពី​ការបោះឆ្នោត​ចាប់ពី​ឆ្នាំ១៩៩៣ រហូតដល់​ការបោះឆ្នោត​ចុងក្រោយ​ឆ្នាំ ២០១៣​នោះ​ទេ។ លោក​មិន​បាន​បញ្ជាក់​ហេតុផល ដែល​ជប៉ុន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​នោះ​ទេ។ ប៉ុន្តែ​លោក​បន្ត​ថា ជប៉ុន​បាន​បង្ហាញ​ក្តី​បារម្ភ​ជាច្រើន​ដង​ហើយ និង​បាន​ស្នើ​ឲ្យ​កម្ពុជា​ស្តារ​ស្ថានការណ៍​នយោបាយ ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​ជប៉ុន​បញ្ជាក់​ថា ការសម្រេចចិត្ត​របស់​ជប៉ុន​ចុង​ក្រោយ​នេះ ដោយសារតែ​ជប៉ុន​បាន​ពិចារណា លើ​ស្ថានភាព​ជុំវិញ​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ​ឯង។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​គ..ប គឺ​លោក ហង្ស ពុទ្ធា នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អាមេរិក​និង​ជប៉ុន​ថា​ខ្លួន​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ផ្លូវការ​ចូលរួម​ការ​បោះឆ្នោត​កម្ពុជា​ទេ"

  1. Sam says:

    Reversed psychology, Cambodia don’t care because Cambodia is the sovereign and independent state. Cambodia can do anything inside the border, including shut the door and kick the dogs. Don’t criticize Cambodia but tell us good things.
    Our good friend china never criticize Cambodia back in Pol Pot government and the current one, Chinese friend always praise us until we fall from the cliff.

  2. Anonymous says:

    Wait to see friend of china’ the communist country never vote ‘ and now they send their delegates to investigate the Vote in cambodia haha sound so funny’ . Another story wait to see china 30 trillion of debt will affect cambodia or not ??