២​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត៖ អតីត​តំណាង​រាស្ត្រ CNRP ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់

ដោយ អេង គីមហុង
26/07/2018
RFI

media
​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
@សហការី


អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ លោក អ៊ូ ច័ន្ទរ័ត្ន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​ទៅ​ជួប​សួរ​សុខ​ទុក​អតីត​សហការី​ធ្លាប់​រួម​ការងារ​ជាមួយ​គ្នា​ដោយ​រួម​មានលោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណរ៉ា ជា​ដើម។ ក្រោយ​បញ្ចប់​ជំនួប លោក អ៊ូ ច័ន្ទរ័ត្ន បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់ ឲ្យ​មុន​ការ​បោះ​ឆ្នោត ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៦​ខែ​កក្កដា​នេះ លោក អ៊ូ ច័ន្ទរ័ត្ន បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា មូលហេតុ​ដែល​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន និង​អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ខែ​កក្កដា ក៏​ព្រោះ​តែ​ពួក​គេ​នៅ​មាន​ឱពុក ម្ដាយ បង​ប្អូន ប្រពន្ធ​កូន ត្រូវ​រ៉ាប់​រង​ទទួល​ខុស​ត្រូវ។

ម្យ៉ាង​ការ​ទទួល​ទោស​របស់​ពួក​គេ​ក៏​ល្មម​សម​គួរ ដែល​ត្រូវ​ដោះ​លែង​ហើយ​ដែរ។ តើ​លទ្ធភាព​នៃ​ការ​ដោះ​លែង​ពួក​គេ​អាច​ទៅ​រួច​ដែរ​ឬ​ទេ លោក អ៊ូ ច័ន្ទរ័ត្ន នៅ​តែ​មាន​សង្ឃឹម​ ប្រសិន​បើ​រដ្ឋាភិបាល មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដោះ​លែង។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ដូច្នេះ​កន្លង​មក លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​​ធ្លាប់​អះអាង​ហើយ​ថា លទ្ធភាព​នៃ​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​មុន​ការ​បោះ​ឆ្នោត​គឺជា​រឿង​មិន​អាច​ទៅ​រួច​ទេ។ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស និង​អ្នក​ជាប់​ចោទ​នោះ​ដែរ។ ដូច្នេះ​ពួក​គេ​មាន​តែ​បន្ត​ជាប់​ឃុំ​ទៅ​តាម​ការ​កំណត់​របស់​តុលាការ។​ នេះ​បើ​តាម​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយ​ឡែក​ចំពោះ​ចំណាប់​អារម្មណ៍​របស់​អ្នក​ជាប់​ឃុំ មុន​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​លោក អ៊ូ ច័ន្ទរ័ត្ន ក្នុង​ថ្ងៃ​នេះ​ដែរ គឺ​ពួក​គេ​ចាត់​ទុក​ថា ការ​ចេញ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត គឺ​ជា​សិទ្ធ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

សូម​បញ្ជាក់​ថា លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ពេល​វេលា​ប្រមាណ​ជា​ជិត​២​ម៉ោង ដើម្បី​ជួប​សួរ​សុខ​ទុក​សកម្មជន​មួយ​ចំនួន​ក្នុង​ចំណោម​សកម្មជន​ទាំង​១៥​នាក់ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​«ម១»។ លោក អ៊ូ ច័ន្ទរ័ត្ន បាន​កត់​សម្គាល់​ថា លក្ខខណ្ឌ​នៃ​ការ​ជួប​សួរ​សុខ​ទុក​មាន​ការ​រឹត​ត្បឹត និង​តឹង​តែង។ អំពី​ស្ថានភាព​សុខភាព​របស់​ពួក​គេ​វិញ​ត្រូវ​បាន លោក​អ៊ូ​ ច័ន្ទរ័ត្ន មើល​ឃើញ​ថា មាន​ភាព​ល្អ​ប្រសើរ។

គួរ​រំឮក​ឡើង​វិញ​ថា​ អ្នក​ជាប់​ឃុំ​ទាំង​នោះ​មាន​ជា​អាទិ៍ លោក អ៊ុំ សំអាន ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន, លោក មាជ សុវណ្ណរ៉ា និង​សកម្មជន​ជា​យុវជន​១១​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​បាតុកម្ម​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤។ ហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចាប់​ពី​៧​ទៅ​២០​ឆ្នាំ៕

What Next?

Recent Articles

One Response to "២​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត៖ អតីត​តំណាង​រាស្ត្រ CNRP ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់"

  1. so socheath says:

    អាមួយនេះឡប់សតិដឹង ?
    ដោះលែងវាទាល់តែយូរ ហើយយារទៀតឯណោះ !
    ចាប់លែងៗ តើការអនុវត្តន៏ច្បាប់ ឲ្យក្លាយទៅជាប្រទេសនិតិរដ្ឋពេញលេញនៅឯណា ?
    អាពួកប្រឆាំងភ្លើចុយតាម៉្រាយអញ្ចឹង កោតធ្វើតំណាងរាស្រ្តកើតដែរវ៉ី !