លោក ហ៊ុន សែន ចង់​ឲ្យ​តំណែង​បក្ស​តូចៗ ដើម្បី​លួង​ចិត្ត ឲ្យ​​ឈប់បរិហារ​​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដាថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ

ដោយ តាំង សារ៉ាដា
2018-08-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​កីឡាករ កីឡាការិនី នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០១៨។ Photo courtesy of Samdech Hun Sen, Cambodian Prime Minsister
លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​កីឡាករ កីឡាការិនី នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០១៨។ Photo courtesy of Samdech Hun Sen, Cambodian Prime Minsister


អ្នកវិភាគនយោបាយ​មើល​ឃើញ​ថា គម្រោង​ចង់​ផ្ដល់​តំណែង​ជា​ទីប្រឹក្សា ឬ​រដ្ឋលេខាធិការ​តាម​ក្រសួង​ខ្លះ នៅ​ពេល​របប​ក្រុង​ភ្នំពេញ​បង្កើត​គណៈរដ្ឋមន្ត្រី​នៃ​​របប​​ថ្មី ជា​ការ​លួង​ចិត្ត​មេ​ដឹក​នាំ​គណបក្ស​តូចៗ ដើម្បី​កុំ​ឲ្យ​​រិះគន់​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ ខែ​កក្កដា ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។ មេ​ដឹក​នាំ​គណបក្ស​ខ្លះ ប្រកាស​គោល​ជំហរ​មិន​ទទួល​យក​តំណែង ដែល​លោក ហ៊ុន ផ្ដល់​ឲ្យ​ទេ ដោយសារ​អ្នក​អ្នក​ទាំង​នោះ​អះអាង​ថា ព្រោះ​គ្រាន់​តែ​ជា​តំណែង​លំអរ​របប​ថ្មី​របស់​លោក ហ៊ុន សែន និង​ជា​តំណែង ដែល​ត្រូវ​យក​ក​​ទៅ​ល​អន្ទាក់ ឲ្យ​ផុង​ខ្លួន​​អស់​មួយ​ជីវិត។

លោក ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ប្រកាស​ថា របប​ថ្មី​របស់​លោក ដែល​នឹង​បង្កើត​ឡើង​នៅ​ដើម​ខែ​ក្រោយ នឹង​រៀបចំ​ឲ្យ​មាន​វេទិកា​ជួបជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​តូចៗ ចំនួន​១៩ ដែល​​ចាញ់​ឆ្នោត​បក្ស​កាន់​អំណាច ឲ្យ​មាន​ឱកាស​លើក​ឡើង​ពី​មតិ​យោបល់ ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹក​នាំ ឬ​ការ​អនុម័ត​ច្បាប់​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក ហ៊ុន សែន ក៏​ចង់​បាន​មនុស្ស​មាន​សមត្ថភាព​របស់​គណបក្ស​ទាំង១៩ ចូលរួម​អនុវត្ត​គោល​នយោបាយ គណបក្ស ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ទទួល​យក​ថ្នាក់​ដឹក​នាំ​គណបក្ស​តូចៗ ទៅ​ធ្វើ​ជា​ទីប្រឹក្សា និង​រដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​ក្នុង​របប​ក្រុង​ភ្នំពេញ៖ «»

វេទិកា​ជួប​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ចាញ់​ឆ្នោត​ទាំង១៩ ត្រូវ​បាន​លោក ហ៊ុន សែន ចាត់​​ទុក​ថា ធ្វើ​ឡើង ដើម្បី​ផ្តល់​ឱកាស​ដល់​គណបក្ស​នយោបាយ​ទាំង​នោះ បាន​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​​ជាតិ ជា​ការ​បង្កើត​វប្បធម៌​សន្ទនា​រវាង បក្ស​នយោបាយ​នៅ​ក្នុង​រដ្ឋសភា និង​បក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋសភា។

លោក ហ៊ុន សែន បញ្ជាក់​ថា ជំនួប​ដែល​គ្រោង​ធ្វើ​ឡើង មិន​មែន​ជួប​ក្នុង​ឋានៈ​ជា​ប្រធាន​បក្ស​ទេ គឺ​ជា​ជំនួប​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​តែ​ម្ដង គឺ​ធ្វើ​នៅ​វិមាន​សន្ដិភាព នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​របប​ក្រុង​ភ្នំពេញ។ លោក ហ៊ុន សែន អះអាង​ថា វេទិកា​ជួប​តំណាង​គណបក្ស​នយោបាយ នឹង​ផ្តល់​ឱកាស​ឲ្យ​បក្ស​នយោបាយ​តូចៗ ទាំង​នោះ បាន​តាម​ដាន​កម្មវិធី​នយោបាយ​នៃ​របប​ក្រុង​ភ្នំពេញ។

សមាជិក​ក្រុមអ្នក​វិភាគ​វ័យ​ក្មេង​ លោក បុង ដែត ហៅ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដើម្បី​ទប់ទល់​លំហូ​ប្រតិកម្ម​របស់​គណបក្ស​តូចៗ ខ្លះ ដែល​រក​ឃើញ​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ជា​ការ​​បោះ​ឆ្នោតក្លែងក្លាយ និង ដើម្បី​តប​ស្នង​សង​គុណ ឲ្យគណបក្សមួយចំនួន ដែលបានជួយជ្រោម​ជ្រែង​គណ​ប​ក្ស​កាន់អំណាចក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យ បន្ដឲ្យ លោក ហ៊ុន សែន បាន​កាន់​អំណាច​បន្ដ និង​ជា​ការ​ទាញ​ឲ្យ​គណបក្ស​ទាំង​នោះ ស្ដាប់​បញ្ជា​របស់​គណបក្ស ប្រជាជន​កម្ពុជា។

លោក បុង ដែត បន្ដ​ថា លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​តំណែង​មាន​ឥទ្ធិពល​ណា​មួយ ដូច​ជា ​ថ្នាក់​ដឹក​​នាំ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ក្រុម​បក្ស​ទាំង​១៩​ទេ គឺ​តំណែង​ដែល​ផ្ដល់​ឲ្យ​គ្រាន់​តែ​ជា​រូបភាព​ល្អ​មើល​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ។ អ្នក​វិភាគ​ព្រមាន​ថា ប្រសិន​​បើ​គណ​បក្ស​នយោបាយ​ណា​មួយ ហ៊ាន​ទទួល​យក​តំណែង ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ គណបក្ស​នោះ ឬ​អ្នក​នយោបាយ​នោះ អាច​មាន​វាសនា​មិន​ខុស​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច ឬ​អ្នក​នយោបាយ អតីត​គណបក្ស សម រង្ស៊ី ឬ​បក្ស ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន ដែល​ទទួល​យក​តំណែង​ពី លោក ហ៊ុន សែន ហើយ​ត្រូវ​ផុង​ខ្លួន​រើ​មិន​រួច ត្រូវ​បង្ខំ​ចិត្ត​បម្រើ​នយោបាយ​ឲ្យ​លោក ហ៊ុន សែន អស់ មួយ​ជីវិត៖ «»

អគ្គលេខាធិការគណបក្ស ខ្មែរ​ឈប់​ក្រ លោក ស៊ិន វណ្ណារិទ្ធិ ប្រាប់​ថា គណបក្ស ខ្មែរ​ឈប់​ក្រ មិន​ត្រឹម​មិន​​ទទួល​យក​តំណែង​របស់​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​ទេ ហើយ​គណបក្ស​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ថែម​ទៀត ដែល​បំភិតបំភ័យ​ពលដ្ឋ​នៅ​មុន​ពេល​បោះ​ឆ្នោត។ លោក ស៊ិន វណ្ណារិទ្ធិ ថា មិន​ថា​តំណែង​ទីប្រឹក្សា ឬ​រដ្ឋលេខាធិការ ឬ​អាសនៈ​ក្នុង​រដ្ឋសភា​ទេ គណបក្ស​នេះ មិន​ទទួល​យក​ដាច់​ខាត ព្រោះ​គណបក្ស ខ្មែរ​ឈប់​ក្រ ធ្វើ​នយោ​បាយ ដើម្បី​លទ្ធិ​​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មិន​មែន​ចង់​បាន​តំណែង​ទេ។ អ្នក​នយោបាយ​រូប​នេះ មើល​ឃើញ​ស្រ​ដៀង​នឹង​អ្នក​វិភាគ​ដែរ គឺ​តំណែង​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​គ្រាន់​តែ​ជា​តំណែង​ផុង​ខ្លួន ហើយ​បាន​ត្រឹម​លោក ហ៊ុន សែន លើក​បន្តុប​ឲ្យ​តំណែង​អង្គុយ​អាន​​កាសែត នឹង​មិន​មាន​ប្រយោជន៍​ដល់​ជាតិ​ពិត​ប្រាកដ​ទេ៖ «»

បើ​ទោះ​ជា​គណបក្ស​ខ្លះ មិន​ទទួល​យក​តំណែង ដែល​លោក ហ៊ុន សែន ចង់​ផ្ដល់​ឲ្យ ប៉ុន្ដែ​លោក ហ៊ុន សែន អះអាង​ថា យ៉ាង​ហោច​ណាស់ មាន​គណបក្ស​ចំនួន ២ កំពុង​​រត់​ការ​សូក​លុយ ទិញ​តំណែង​​នៅ​អាណត្តិ​ថ្មី ដូច​អណត្តិ​មុនៗ ដែរ គឺ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណ​បក្ស ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ចង់​ឲ្យ​តំណែង​បក្ស​តូចៗ ដើម្បី​លួង​ចិត្ត ឲ្យ​​ឈប់បរិហារ​​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដាថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ"

  1. Anonymous says:

    yes HUN SEN your speak seem to be so intensify . sorry I’m seeing you are in a real bad situation. every one seem to see HUN SEN is over joy over his acknowledge action to be in his six term that all Democratic nation are not accepting it. HUN SEN’s future is not going to be deference from SADAM HUSAN even those Cambodian have no law on prosecution . through out my study for many decade I swear to GOD that HUN SEN will never change. I can see Cambodia right now is declare war to the free nation in the world. I also can see the singe of bloody among this poor nation. massage to all Cambodian as I used to say Vietcong policy have gone so deep in Cambodia society. it is very true as what situation will going to be the only one solution is ( last change ) rising up is a must for Cambodia to stay alive. sorry to say that but Cambodian have no another alternative . I’m not a fortune teller but every thing I speak will come true because I’m study it for million time be for I open my mouth. I have nothing else to say only praying to GOD to save this poor nation. GOD bless Cambodia and all innocent Cambodian