ទង់អង្គការសហប្រជាជាតិ (រូបពីវេបសាយ UN)
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញទៅរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ នឹងស្របតាមច្បាប់ជាតិនិងអន្តរជាតិ ដោយថាការដឹកនាំរបស់រដ្ឋាភិបាលកន្លងមក ការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន។
ក្រោយពីប្រជុំបិទទ្វានាព្រឹកនេះ នៅស្ថាប័នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយមន្ត្រីអង្គការសង្គមស៊ីវិល នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា បានថ្លែងប្រាប់VOD ថាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្សបានលើកឡើងក្នុងកិច្ចប្រជុំប្រាប់អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលថា បញ្ហាការរិតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅតែបន្តកើតមាន។
លោក យុធ្យា ជំរុញទៅរដ្ឋាភិបាល ដាក់បញ្ចូលអនុសាសន៍របស់សង្គមស៊ីវិល ដើម្បីឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍ឲ្យកម្ពុជាគោរពសិទ្ធិមនុស្សក្នុងអាណត្តិថ្មីនេះ មាន លក្ខណៈល្អប្រសើរជាងអាណត្តិមុន។

ចំណែក កញ្ញា ហេង ជ័យលាភី មកពីសហគមន៍ឥន្ធូកម្ពុជាដែលធ្វើការផ្នែកយេនឌ័រឯណោះវិញ មានប្រសាសន៍ប្រហាក់ប្រហែលនឹងលោក យុធ្យាដែរ ដោយថានៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលបានដាក់ចេញពីការគោរពសិទ្ធិមនុស្ស និងយេនឌ័រជាដើម ប៉ុន្តែការអនុវត្តរបស់រដ្ឋាភិបាលកន្លងមកមិនទាន់បានពេញលេញនៅឡើយ។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក អ៊ិត រ៉ាឌី ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាខ្វះចន្លោះខ្លះ ក្នុងការអនុវត្តការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញប្រាដកមែន ដោយសារបញ្ហាសមត្ថភាព ចំណេះដឹង និងធនធានជាដើម។ ប៉ុន្តែលោកថាក្រោយពីទទួលបានអនុសាសន៍ពីសង្គមស៊ីវិល រដ្ឋាភិបាលនឹងបញ្ចូលក្នុងរបាយការណ៍ដើម្បីបញ្ជូនទៅអង្គការសហប្រជាជាតិផ្តល់ជាអនុសាសន៍បន្ថែមជុំវិញការគោរពសិទ្ធិមនុស្សនេះ។
លោក រ៉ាឌី បញ្ជាក់ថា កម្ពុជានឹងដាក់របាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិយ៉ាងយូរនៅដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្នុងរបាយការណ៍ចេញផ្សាយកាលពីពាក់កណ្តលខែកក្កដា របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch និងគណៈកម្មាការអ្នកច្បាប់អន្ដរជាតិ (International Commission of Jurists) ដែលដាក់ជូនក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្ថាប័នទាំងពីរនេះ បានបង្ហាញក្ដីបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដោយថាកម្ពុជាបានបើកការវាយប្រហារកាន់តែខ្លាំងលើអតីតគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីបំបិទកុំឲ្យមានសំឡេងរិះគន់នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ជាដើម។
តាមការគ្រោងទុក កម្ពុជានឹងឆ្លងកាត់ការត្រួតពិនិត្យបែបនេះជាលើកទី៣ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចន្លោះខែមករា និងខែកុម្ភៈឆ្នាំ២០១៩៕
So funny all theses guys ask illegal beast government to respect human right’ ahah if they do they never dissolve opposition party or they never did the coup killing khmer people’ haha Don’t ask veitcong mafia dictator anything haha they wanted to do anything they do and cambodia and her people is in the cage of them since 1997 coup’