រដ្ឋមន្ត្រី​​អង់គ្លេស​​នឹង​​មក​​កម្ពុជា​​នៅ​​សប្តាហ៍​​ក្រោយ ​ដើម្បី​​និយាយ​​រឿង​​បោះឆ្នោត​​ជាមួយ​​លោក​ហ៊ុន សែន​

ដោយ វណ្ណ សុគន្ធា
18/08/2018
RFI

media
លោក MarK Field រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអង់គ្លេស (@Google)
@Google


លោក ​MarK Field រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​អង់គ្លេស​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី២២ និង​ទី២៣ សីហា​សប្តាហ៍​ក្រោយនេះ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា។ គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ លោក ​MarK Field នឹង​លើកយក​រឿង​ការបោះឆ្នោត​ដែល​ទើប​កន្លងផុត​ទៅនេះ​មក​និយាយ​ដោយផ្ទាល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន។

តាម​គម្រោង​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុ​ជានា​សប្តាហ៍​ក្រោយនេះ លោក​រដ្ឋមន្ត្រី​អង់គ្លេស MarK Field នឹង​ជួបពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន។ បញ្ហាសំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​លោក MarK Field នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន ដោយផ្ទាល់ ដើម្បី​ពិភាក្សា​អំពី​ការបោះឆ្នោតជាតិ​កម្ពុជា​ដែល​ទើបតែ​កន្លងទៅនេះ និង​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អង់គ្លេស និង​ប្រទេស​កម្ពុជា។ លោក​រដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ អះអាងថា ការដែល​លើកឡើង​នូវ​បញ្ហា​ការបោះឆ្នោត​នេះ គឺធ្វើឡើង​តាម​ការជំរុញ​ពី​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​រដ្ឋមន្ត្រីក្រសួង​អប់រំ​អង់គ្លេស។

ការបោះឆ្នោត​កម្ពុជា​ថ្ងៃ២៩ កក្កដា បានបញ្ចប់​ទៅដោយ​ភាពចម្រូងចម្រាស ព្រោះ​អន្តរជាតិ​ខាង​លោក​សេរី​មួយចំនួន​មិន​ពេញ​ចិត្តនឹង​បោះឆ្នោត​នេះ បើទោះបី​អន្តរជាតិ​ខាង​លោក​កុំមុយនីស្ត និង​ប្រទេស​ក្នុង​តំបន់​មួយចំនួន​សម្តែង​ការគាំទ្រ​ក៏ដោយ។ អង់គ្លេស គឺជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដែល​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​កម្ពុជា​នេះ​ផងដែរ។ អង់គ្លេស​តាមរយៈ​លោក MarK Field កាលពី​ថ្ងៃ​ចុងខែ​កក្កដា បាន​អះអាងថា ការបោះឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​ដោយ​គ្មាន​ភាពត្រឹមត្រូវ និង​ជឿ​ទុកចិត្តបាន ព្រោះ​គ្មាន​វត្តមាន​អតីត​បក្សប្រឆាំង និង​មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ។

យ៉ាងណាមិញ នៅ​សប្តាហ៍​ក្រោយនេះ លោក MarK Field ដដែល​នេះ​នឹង​មកជួប​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយផ្ទាល់​តែម្តង ដើម្បី​និយាយ​ពី​បញ្ហា​ទាំងអស់នេះ។ លោក MarK Field បាន​អះអាង​មុន​ការមកដល់​ប្រទេស​កម្ពុជា​ថា លោក​នឹង​ពិភាក្សា​ដោយនិយាយ​ត្រង់​ទៅ​ត្រង់​មក​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើកលែង​ការ​រឹតបន្តឹង​ការសន្ទនា​ខាង​នយោបាយ សេរីភាព​សារព័ត៌មាន និង​ស្តារឡើងវិញ​នូវ​ស្ថានភាព​ទាំងឡាយ ដើម្បី​ឈានទៅ​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រឹមត្រូវ។

ក្រៅពី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ លោក MarK Field ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​អង្គការ​Halo Trust Cambodia នៅ​ខេត្តសៀមរាប​ដែល​អង់គ្លេស​ផ្តល់ជំនួយ​ក្នុង​បេសកម្ម​កំចាត់មីន​នៅ​កម្ពុជា​ផងដែរ។ សូមបញ្ជាក់ថា គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោក MarK Fieldមកកាន់​កម្ពុជា​នេះ គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច៦ប្រទេស​របស់លោក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ប្រទេស៥ទៀត​ដែល​ស្ថិតក្នុង​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោក MarK Fieldនោះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយ​ណេ ថៃ និង​ប្រទេស​ឡាវ៕

What Next?

Recent Articles

One Response to "រដ្ឋមន្ត្រី​​អង់គ្លេស​​នឹង​​មក​​កម្ពុជា​​នៅ​​សប្តាហ៍​​ក្រោយ ​ដើម្បី​​និយាយ​​រឿង​​បោះឆ្នោត​​ជាមួយ​​លោក​ហ៊ុន សែន​"

  1. Anonymous says:

    Dear mr mark’ it useless to talk with Veitcong mafia dictator’ it was of time because this country is in this Veitcong mafia since 1997 coup’ he killed a lot of khmer people since 1970 and he still here and what the hell this never wrong?? he will go to hell like si hak nouk soon and stay in the hell for thousand years ‘. GOD bless all good people’