ជុន ច័ន្ទបុត្រ
2018-11-07
RFA

FakeNews
![]()
ឧទាហរណ៍មួយ នៃការផ្សាយតាមបណ្តាញសង្គម YouTube ដែលម្ចាស់គណនីបានយកព័ត៌មានអាស៊ីសេរី ទៅកែបំភ្លៃចំណងជើង និង ខ្លឹមសារព័ត៌មាន ប្រាសចាកការពិត។
លោក ហ៊ុន សែន ចាញ់បោក ការផ្សាយព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម
លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំមួយរូប ដែលចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម។ លោក ហ៊ុន សែន ដែលមានទីប្រឹក្សារាប់រយនាក់ រួមទាំងអ្នកជំនាញខាងបច្ចេកវិទ្យាផង បានក្លាយទៅជាជនរងគ្រោះ ជឿព័ត៌មានក្លែងក្លាយ ផ្សាយលើបណ្តាញសង្គម ជាពិសេសលើប្រព័ន្ធ យូធូប (YouTube)។
នៅក្នុងសុន្ទរកថាជិតពីរម៉ោង ជាមួយកម្មកររោងចក្រ ក្នុងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ហ៊ុន សែន លើកឡើងថា អាស៊ីសេរីផ្សាយ មិនពិតពីសុខភាពរបស់លោក <<ខ្ញុំថ្ងៃមុនហួសចិត្តដែរ ខ្ញុំអត់នឹកស្មានថា គេហ៊ានធ្វើដល់ប៉ុណ្ណឹង! តែមិនមែនអាមនុស្សហ្នឹងទេ។ ខ្ញុំបើកក្នុងអាយូធូបហ្នឹង គេដាក់ថាលោក ហ៊ុន សែន កំពុងឈឺធ្ងន់។ អាហ្នឹងអាស៊ីសេរីផ្សាយ។ ដល់អាស៊ីសេរី ផ្សាយចប់វាមានអាម្នាក់ធ្វើអត្ថាធិប្បាយពីក្រោយ។ វាថាតាមទទួលដំណឹងមក លោក ហ៊ុន សែន ឈឺធ្ងន់ណាស់ ម្ដងនេះមិនអាចរស់បានទេ ព្រោះមហារីកខួរក្បាល។ យ៉ាងយូរបំផុត បានប្រាំមួយខែ>>។
ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមជំរាបជូនលោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងលោក ហ៊ុន សែន ផង ថាព័ត៌មានពិតរបស់អាស៊ីសេរី ផ្សាយតាមតែប្រភពចំនួន៤នេះ តែប៉ុណ្ណោះ៖
១. គេហទំព័រផ្លូវការរបស់អាស៊ីសេរី៖ www.rfa.org/khmer
២. គេហទំព័រយូធូបផ្លូវការរបស់អាស៊ីសេរី៖ www.youtube.com/RFAKhmerVideo
៣. ទំព័រហ្វេសប៊ុកផ្លូវការរបស់អាស៊ីសេរី៖ www.facebook.com/rfacambodia (ដែលមានសញ្ញាសម្គាល់ Tick ពណ៌ខៀវ)។ និង
៤. កម្មវិធីព័ត៌មានអាស៊ីសេរី ឬ RFA App នៅលើទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) សម្រាប់ ប្រព័ន្ធ iPhone និង ប្រព័ន្ធ Android។
រីឯការផ្សាយតាមប្រព័ន្ធ យូធូប ដែលលោក ហ៊ុន សែន លើកឡើងនេះ គឺជាព័ត៌មាន ក្លែងក្លាយ ដែលលួចបន្លំយកស្លាកសញ្ញា (ឡូហ្គោ) អត្ថបទ ខ្លឹមសារជាសំឡេង ឬវីដេអូរបស់អាស៊ីសេរី ទៅបំភ័ន្តព័ត៌មាន ឬបោកបញ្ឆោត ឲ្យមានការចាប់អារម្មណ៍ ចង់ចូលមើលច្រើន ដើម្បីកេញចំណេញពីការរកប្រាក់តាមប្រព័ន្ធអ៊ិនធើណិត ឬបម្រើគោលដៅនយោបាយណាមួយ តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ឥឡូវនេះយើងបានដឹងទាំងអស់គ្នាហើយថា ហ៊ុនសែន ជាមនុស្សប្រភេទណាតើគាត់មានការយល់ដឹងកម្រិតណា។គួរអោយសោកស្ដាយដែលយើងមានអ្នកដឹងនាំនៅមានកម្រិតធ្ងន់ធ្ងរ។
ការលើកឡើងរបស់គាត់ តាមពិតគឺជាកល្បិចគំនិតស្មោគគ្រោកចង់បង្អាប់ បង្ខូចប្រជាប្រិយភាព RFA តែប៉ុណ្ណោះ។
We all should know Hun Sen much better than that especially in the past 3 years just compare the truth with what he has said.