ដោយ សន ចាន់រដ្ឋា
2018-11-07
RFA

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William A. Heidt) (ស្ដាំ) និងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា (ឆ្វេង) នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្ចាត់មីនកម្ពុជា ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ RFA
![]()
ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬហៅថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា អំពាវនាវដល់ពលរដ្ឋ និងអ្នកអនុវត្តច្បាប់ឱ្យចូលរួមប្រឆាំងការជួញដូរ និងហូបសាច់សុនខនៅកម្ពុជា ដែលលោកបានហៅទង្វើនេះថាជា ភាពអសកម្មក្នុងសង្គមខ្មែរ ដែលគួរលុបបំបាត់ដើម្បីលើកកម្ពស់ប្រពៃណី និងសីលធម៌សង្គមខ្មែរ។
លោក ហេង រតនា បានសរសេរនៅលើហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថាការជួញដូរ និងហូបសាច់ឆ្កែ អាចបង្កឱ្យមានបញ្ហាមួយចំនួន រួមមានការបាត់បង់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្មែរ ដែលជឿថា ការហូបសាច់ឆ្កែនេះ អាចនាំចង្រៃដល់ខ្លួនឯង និងគ្រួសារ អាចបង្កអំពើចោរកម្ម និងបទល្មើសផ្សេងៗក្នុងសង្គម រួមទាំងអំពើហិង្សាក្នុងគ្រួសារផងដែរ។
បន្ថែមពីលើនេះ លោកថា ការហូប និងជួញដូរសាច់ឆ្កែ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ មានប្រភេទជំងឺឆ្លងផងដែរ។ លោកបន្ថែមថា ការហូប និងជួញដូរសាច់ឆ្កែ ជាអំពើអសីលធម៌ចំពោះ គុណបំណាច់ សត្វឆ្កែ ដែលជាសត្វតែងបម្រើមនុស្សជាតិ រួមមានពពួកឆ្កែប្រើសម្រាប់ ស្វែងរកគ្រាប់មីន សត្វឆ្កែដែលរក្សាសន្តិសុខគ្រួសារ និងសាធារណៈ សត្វឆ្កែប្រឆាំងភេរវកម្ម សត្វឆ្កែប្រឆាំងគ្រឿងញៀនជាដើម។
អង្គការដែលធ្វើការទាក់ទងនឹងការការពារសត្វឆ្កែ និងឆ្មានៅកម្ពុជា គឺសមាគមប្រឆាំងការជួញដូរសុនខនៅកម្ពុជា (CAPA) បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គាំទ្រចំពោះការអំពាវនាវឱ្យបញ្ឈប់ការហូប និងជួញដូរសត្វឆ្កែ របស់ប្រធានស៊ីម៉ាក់ លោក ហេង រតនា។ អង្គការនេះអំពាវនាវឱ្យសាធារណជន និយាយថា “ទេ” ចំពោះការបរិភោគសាច់ឆ្កែ ដើម្បីបញ្ចប់ភាពហិង្សា។
អង្គការសុខភាពពិភពលោក បានផ្សាយថា សត្វឆ្កែគឺជាប្រភពចម្បង ដែលបង្កឱ្យមនុស្សជាច្រើនស្លាប់ដោយសារជំងឺឆ្កែឆ្កួត។ អង្គការសុខភាពពិភពលោកបញ្ជាក់ថា ជំងឺឆ្កែឆ្កួតនេះអាចឆ្លងទៅមនុស្សតាមរយៈទឹកមាត់របស់សត្វឆ្កែ៕
ឆ្កួតទេដឹងលោក ហេង រតនា! ហេតុអីលោកឯងមិនស្រែកការពារនិងរកយុត្តិធម៏ ជូនដល់ជនរងគ្រោះដោយសារឆ្កែខាំមានរបួស មានជំងឺឆ្កែឆ្កួត និងស្លាប់ដោយសារឆ្កែខាំផង។ លោកឯងត្រូវដឹងផងដែរថា ជីវិតមនុស្សថ្លៃជាងសត្វឆ្កែ។ ឆ្កែខ្លះវាក៏ជាសត្វចង្រៃដែរ វាមិនមានប្រយោជន៏ដូចឆ្កែហិតរកគ្រាប់មីននោះទេ។