
ប្រមុខការទូតវៀតណាម លោក Pham Binh Minh និងសមភាគីកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី
Nhan Dan Online
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់ប្រាប់សមភាគីវៀតណាមថា កម្ពុជា ប្ដេជ្ញាជួយគាំទ្រសហគមន៍វៀតណាមដែលរស់នៅលើបឹងទន្លេសាប ដើម្បីពួកគេឡើងមករស់នៅលើគោកបានត្រឹមត្រូវ។ ការអះអាងដូច្នេះ ធ្វើឡើងនៅថ្ងៃទី១៣វិច្ឆិកាក្នុងកិច្ចប្រជុំក្រៅក្របខណ្ឌ នៅប្រទេសសិង្ហបុរី រវាងលោក ប្រាក់ សុខុន និងរដ្ឋមន្ដ្រីការបរទេសវៀតណាម លោក Pham Binh Minh។
នៅក្នុងកិច្ចប្រជុំក្រៅក្របខណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី លោក Pham Binh Minh រដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ដែលបានជួយសម្រួលការផ្លាស់ទីលំនៅរបស់សហគមន៍ជនជាតិវៀតណាមនៅលើបឹងទន្លេសាប។
សូមរំឭកជូនថា អាជ្ញាធរខ្មែរ ចាប់តាំងពីដើមខែតុលាមក បានចាប់ផ្ដើមប្រតិបត្តិការផ្លាស់ទីសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មកនៅលើគោកវិញឲ្យអស់។ អាជ្ញាធរបានអះអាងថា ការផ្លាស់ទីជនជាតិវៀតណាមទាំងជាង២០០០គ្រួសារ បានបិទបញ្ចប់រួចរាល់ហើយតាំងពីចុងខែតុលា។ ការងារនាពេលនេះ គឺសម្អាតបឹងទន្លេសាប កែច្នៃកន្លែងចិញ្ចឹមត្រីនៅទីនោះឲ្យមានស្តង់ដារដើម្បីឈានទៅបង្កើតជាតំបន់កសិទេសចរណ៍ ព្រមទាំងសម្របសម្រួលឲ្យសហគមន៍ជនជាតិវៀតណាមរស់នៅលើគោកបានសមរម្យ។
ជុំវិញការតាំងទីលំនៅថ្មីរបស់ជនជាតិវៀតណាមនៅលើគោក លោក Pham Binh Minh ប្រមុខការទូតវៀតណាម បានសម្ដែងក្ដីបារម្ភចំពោះលក្ខខណ្ឌរស់នៅរបស់គ្រួសារជនជាតិវៀតណាមនៅទីតាំងថ្មី។ រដ្ឋមន្ដ្រីការទូតវៀតណាមបានរំឭកឡើងវិញពីសំណើរបស់នាយករដ្ឋមន្ដ្រីវៀតណាម ទៅកាន់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ជាសំណើផ្ដាំផ្ញើឲ្យមើលថែសហគមន៍ជនជាតិវៀតណាមដែលផ្លាស់ពីបឹងទន្លេសាបទៅនៅលើគោក ធ្វើយ៉ាងណាបង្កភាពងាយស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកទាំងនោះ។ សម្រាប់វៀតណាម ដើម្បីឲ្យពលរដ្ឋវៀតណាមរស់នៅបានសុខសាន្ត គឺទាល់តែអាជ្ញាធរខ្មែរ មានផែនការត្រឹមត្រូវ ពិសេសត្រូវរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាអាថិ៍ សាលារៀន និងមន្ទីរពេទ្យជាដើម។
ជាការឆ្លើយតប ប្រមុខការទូតខ្មែរ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបង្កើតនូវលក្ខខណ្ឌល្អប្រសើរសម្រាប់សហគមន៍វៀតណាម ដែលចាកចេញពីបឹងទន្លេសាបទៅរស់នៅលើគោក។
គួរជម្រាបដែរថា ការផ្លាស់ទីជនជាតិវៀតណាមចេញពីបឹងទន្លេសាប ស្ថិតនៅក្នុងផែនការរបស់អាជ្ញាធរតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ជនជាតិវៀតណាមដែលរស់នៅលើបឹងទន្លេសាប ធ្លាប់តវ៉ាជំទាស់នឹងផែនការនេះ ប៉ុន្តែនៅទីបំផុត ក្រោមការអនុវត្តវិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹង ដោយសហការជាមួយសមាគមវៀតណាមនៅកម្ពុជា គ្រួសារជនជាតិវៀតណាមជាង២០០០គ្រួសារ បានយល់ព្រមផ្លាស់ទៅនៅលើគោក។ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអះអាងថា ខ្លួនកំពុងបន្តសហការជាមួយសមាគមវៀតណាមនៅកម្ពុជា រៀបចំរចនាសម្ព័ន្ធបណ្ដើរៗនៅកន្លែងរស់នៅថ្មី រួមមាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត បណ្ដាញអគ្គិសនី និងផ្លូវថ្នល់ជាដើម៕
Why not, just keep taking care of your Vietnamese boss and continue to lock up your own people and take their property give it to Vietnamese or Chinese. Your are worse than pol pot