ដោយ មាន ឫទ្ធិ
2018-11-14
RFA

ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ចូលរួមកម្មវិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៦ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ RFA
![]()
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសរសេរសាររិះគន់បែបឌឺដងផង និងផ្ដល់ជាមតិយោបល់ណែនាំផង ចំពោះការណ៍ដែលរបបលោក ហ៊ុន សែន បានបំផុសគំនិតផ្ដួចផ្ដើមឲ្យមានការបំបែកកំណត់ត្រាពិភពលោកជាបន្តបន្ទាប់។ ការរិះគន់នេះ ធ្វើឡើងក្រោយពេលរបបក្រុងភ្នំពេញ ប្រកាសអំពីមោទនភាព និងសាមគ្គីជាតិតាមរយៈស្នាដៃបំបែកកំណត់ត្រាពិភពលោក World Guinness Record ទើបទទួលបានចុងក្រោយនេះ គឺការបង្កើតទូក «ង» វែងជាងគេបង្អស់នៅលើពិភពលោក។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ម្នាក់ ឈ្មោះ នី ណល (Ny Nall) សរសេរបែបលែបខាយថា៖ «ធំជាងគេ វែងជាងគេ ច្រើនជាងគេ ក្រជាងគេ ជំពាក់លុយធនាគារច្រើនជាងគេ ចំណាកស្រុកច្រើនជាងគេ រដ្ឋជំពាក់លុយបរទេសច្រើនជាងគេ ប៉ូលិស PM ទាហ៊ានក្បាលពោះធំជាងគេ ឧកញ៉ាមានច្រើនជាងគេ ឯកឧត្ដមពាក់ផ្កាយច្រើនជាងគេ ពុករលួយជាងគេ គ្រួសារនិយម បក្សពួកនិយមជាងគេ ស្អីក៏ជាងគេដែរខ្មែរនោះ!!!»។
បន្ថែមពីលើមតិបែបលែបខាយរបស់លោក នី ណល នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ក្មេង កំពូលឌឺ (Khmeng Kom Pol Der) សរសេរឌឺដងថា «ឆ្នាំក្រោយនឹងបំបែកកំណត់ត្រាជាងគេលើពិភពលោកហើយ ចេះបានតែប៉ុណ្ណឹង។ ជាង ៣០ឆ្នាំហើយ ក្រមាវែង ទូកងវែង អន្សមជ្រូកធំ រាំម៉ាឌីហ្សន»។
ដូចគ្នានេះដែរ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ទៀតឈ្មោះ សាខុម ហៅតាអ៊ាន សរសេរបែបកំប្លុកកំប្លែងថា «មិនទាន់ចប់ទេ យើងត្រូវធ្វើឲ្យបានកំណត់ត្រាផ្សេងៗទៀតដូចជាឈើចាក់ធ្មេញយក្ស (នាំចេញ) ឬក៏បំបែកកំណត់ត្រាការរានព្រៃលឿនជាងគេក្នុងតំបន់»។
កាលពីថ្ងៃទី១២ វិច្ឆិកា របបក្រុងភ្នំពេញ បានប្រកាសពីមោទនភាពជាតិ ដែលកម្ពុជាទើបនឹងបំបែកកំណត់ត្រាពិភពលោក បង្កើតទូក «ង» វែងជាងគេក្នុងពិភពលោក មានប្រវែងរហូតដល់ទៅជិត ១០០ម៉ែត្រ ហើយអាចផ្ទុកបានចំណុះមនុស្ស រហូតដល់ទៅជិត ២០០នាក់។ នេះជាកំណត់ត្រាពិភពលោកថ្មី ដែលកម្ពុជាទើបដណ្តើមបានពីប្រទេសចិន ដែលធ្លាប់ជាម្ចាស់បង្កើតទូក «ង» វែងជាងគេក្នុងពិភពលោក កាលពីពេលមុន។ ការបង្កើតទូក «ង» វែងជាងគេនេះ ត្រូវចំណាយរយៈពេលអស់ជាង ៦ខែ និងអស់ទឹកប្រាក់ជាង ៦ម៉ឺនដុល្លារអាមេរិក ក្រោមគំនិតផ្ដួចផ្ដើម និងបង្កើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា របស់កូនប្រុសលោក ហ៊ុន សែន និងលោក ស ខេង គឺលោក ហ៊ុន ម៉ានី និងលោក ស សុខា ដែលជាប្រធាន និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
របបក្រុងភ្នំពេញ តាមរយៈគណៈកម្មាធិការផលិតទូក «ង» អះអាងថា សមិទ្ធផលនេះ នឹងអាចចូលរួមចំណែកលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍ ក្រោមអត្ថន័យនៃទស្សនវិជ្ជាមួយគឺ «រួមគ្នាដើម្បីកម្ពុជារុងរឿង» និងថា ទូក «ង» វែងជាងគេនេះ គឺជានិមិត្តរូបនៃការរួមកម្លាំងសាមគ្គី នៃកូនខ្មែរជំនាន់ក្រោយ និងជាសក្ខីភាពបង្ហាញថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ» ព្រមទាំងបង្ហាញឲ្យពិភពលោកបានដឹងថា កម្ពុជាកំពុងស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ជាមួយសុខសន្តិភាព និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់របបក្រុងភ្នំពេញសព្វថ្ងៃ។
ក្រៅពីសារ ឬការបញ្ចេញមតិបែបឌឺដងទាំងនេះ ក៏មានផងដែរអ្នកបញ្ចេញមតិផ្ដល់ជាការណែនាំទៅវិញ ក្នុងគោលបំណងដើម្បីកែលម្អសង្គម ដោយមិនត្រូវមានមោទនភាពពេកនោះទេ។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ដាក់ឈ្មោះ «ព្រៃវែង ស្រុកកំណើតខ្ញុំ» ផ្ដល់មតិណែនាំថា «គួរនាំគ្នារិះរកសមិទ្ធផលនិងបង្កើតអ្វីដែលអស្ចារ្យ មិនគួរមានមោទនភាពពេកទេ ពិភពលោកដល់ណាហើយ គេឡើងដល់ឋានព្រះចន្ទហើយ យើងរវល់តែមានមោទនភាពចំពោះសមិទ្ធផលប៉ុណ្ណឹង …………. សុំអភ័យទោសផងបើខ្ញុំនិយាយខុស»។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ Jerry Ice សរសេរថា៖ «សុំមានយោបល់ខ្លះ គួរមើលខាងកសិកម្ម បង្កើតឧស្សាហកម្មកែច្នៃខ្លួនឯង កុំចាំតែទិញគេគ្រប់មុខ មើលដី រ៉ែ ថែព្រៃធម្មជាតិ សមុទ្រឆ្នេរស្អាត ពលរដ្ឋមានការងារធ្វើប្រាក់ខែសមរម្យ ជួយចាស់ជរា កុមារកំព្រា ទាំងអស់នេះសំខាន់ជាងទូក»។
ដោយឡែក អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ Sambo Phann សម្ដែងក្តីកង្វល់ថា «រឿងដែលត្រូវខ្វល់បំផុត គឺខ្មែរកំពុងតែបាត់បង់កម្លាំងផលិតធ្ងន់ធ្ងរ ដោយយុវជនពេញកំលាំងធ្វើចំណាកស្រុកទៅក្រៅប្រទេស ស្ទើរស្ងាត់ជនបទទៅហើយ» លោកសរសេរបន្តថា «ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការឈ្លានពានសេដ្ឋកិច្ចពីសំណាក់ យួន សៀម ចិន និងការពង្រឹងសមត្ថភាពផលិតរបស់កសិករខ្មែរ គឺជារឿងដែលចាំបាច់នៅពេលនេះ»។
នេះ ជាលើកទី៤ ហើយ ដែលកម្ពុជាបំបែកកំណត់ត្រាពិភពលោក Guinness World Record ក្រោយពីបានក្លាយជាម្ចាស់កំណត់ត្រាពិភពលោកខាងផលិតក្រម៉ាវែងជាងគេ ប្រវែងជាង ១គីឡូម៉ែត្រ កំណត់ត្រាពិភពលោក ខាងរាំចង្វាក់ម៉ាឌីសុន ដែលមានអ្នកចូលរួមច្រើនជាងគេបំផុតដល់ទៅជាង ២ពាន់នាក់ និងកំណត់ត្រាពិភពលោកខាងនំអន្សមយក្ស ទម្ងន់រហូតដល់ទៅជាង ៤តោន។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា ការនាំគ្នាផ្តោតតែទៅលើរឿងបំបែកឯតទគ្គកម្មនេះពេក នឹងមិនត្រឹមតែធ្វើឲ្យកម្ពុជាបាត់បង់ ឬខ្ជះខ្ជាយថវិកា ពេលវេលា និងធនធានមនុស្សច្រើននោះទេ តែថែមទាំងធ្វើឲ្យយុវជនអាចសប្បាយភ្លេចខ្លួន ជាហេតុធ្វើឲ្យពួកគេ ភ្លេចគិតពីការលើកស្ទួយប្រជាធិបតេយ្យ និងស្មារតីស្នេហាជាតិ ឬការបង្រួបបង្រួមជាតិទៅវិញទេ ខណៈដែលខ្វះសាមគ្គីភាពពិតប្រាកដរវាងភាគីខ្មែរដទៃទៀត ក្រៅពីក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សមាជិកសភាទំនេរពេក ស៊ីប្រាក់ខែ រាប់ពាន់ដុល្លា អត់ការងារធ្វើ នាំគ្នាធ្វើទូកលេង ដើម្បីគៀងគរយុវជនឲ្យចូលស៊ងនយោបាយដោយមិនដឹងខ្លួន ។ មហាលោតផ្លោះ មហាមអស្ចារ្យ ពុកម៉ែគឺជាខ្មាំងរបស់បដិវត្តន៍ត្រូវតេែកំទេច ។