បទយការណ៍៖​ យុតិ្តធម៌ ជាឱសថព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះនិងគ្រួសារអ្នកស្លាប់នៅផ្លូវវេងស្រេង


|
https://www.vodhotnews.com

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មានការប្រារព្ធខួប៥ ឆ្នាំនៃការបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចមកលើក្រុមសកម្មជនសិទ្ធិមនុស្ស សហជីព និងកម្មករ ដែលបានស្លាប់ រងរបួស និងបាត់ខ្លួន អំឡុងពេលតវ៉ាទាមទារតំឡើងប្រាក់ខែ នៅថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤។ រូបភាព៖ សូត សុខប្រាថ្នា

សំឡេងស្នូរកាំភ្លើង គ្រាប់បែកផ្សែង និងសម្រែកឈឺចាប់ របស់សកម្មជនសិទ្ធិមនុស្ស កម្មករ កម្មការិនី ដែលបានតវ៉ាទាមទារឱ្យមានតម្លើងប្រាក់ខែគោល១៦០ កាលពី៥ ឆ្នាំមុន ហើយត្រូវបានក្រុមទាហាន និង កម្លាំងកងរាជអាវុធហត្ថដេញវាយបង្ក្រាបដោយហិង្សា ​នៅតែជាព្រឹត្តិការណ៍ដែលជនរងគ្រោះអះអាងថា មិនអាចបំភ្លេចបានឡើយ។

ជនរងគ្រោះ និងគ្រួសារបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អាក្រក់នោះ
នឹងមិនអាចរសាត់បាត់ពីស្មារតី និង ដួងវិញ្ញាណរបស់ពួកគេបានឡើយ ដរាបណា
យុត្តិធម៌នៅតែគ្មានសម្រាប់ពួកគេ​។

ទិដ្ឋភាពនៃការរៀបចំប្រារព្ធខួប៥ ឆ្នាំនៃការបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចមកលើក្រុមសកម្មជនសិទ្ធិមនុស្ស សហជីព និងកម្មករ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា


និយាយមួយៗ អមដោយទឹកមុខស្រពោន ឈរក្បែរប្រពន្ធរបស់ខ្លួន ​កំពុងអោបរូបថតកូនប្រុសដែលបានបាត់ខ្លួនកាលពី៥ ឆ្នាំមុន លោក ឃឹម សឿន មានប្រសាសន៍ថា ​កូនប្រុសរបស់ខ្លួនឈ្មោះ ឃឹម សុផាត បានបាត់ក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅផ្លូវវេងស្រេងកាលថ្ងៃទី០៣ ខែមករា ប៉ុន្តែស្រមោលយុត្តិធម៌គ្មានឡើយសម្រាប់គ្រួសារលោកមកទល់ពេលនេះ។

លោក ឃឹម សឿន ឪពុកជនរងគ្រោះ ឃឹម សុផាត ផ្ដល់បទសម្ភាសន៍រៀបរាប់ពីកូនប្រុស។ រូបភាព៖ សូត សុខប្រាថ្នា


លោក មានប្រសាសន៍ថា៖ «អាជ្ញាធរ គេមិនដែលទទួលស្គាល់យើង គេមិនដែលសួរនាំយើង កូនយើងបាត់ណេះណោះ គេអត់ដែរទេ។ បាទ! មិត្តភក្តិវា គេឃើញគេបាញ់ត្រូវដើមទ្រូងដួលនៅថ្នល់។ មិត្តភក្តិវាគេបាញ់ត្រូវដៃដែរ គេឃើញកូនខ្ញុំត្រូវបានគេលើកដាក់លើឡាន »។ ​

កាលពីថ្ងៃទី០៣ ខែមករា សង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងជនរងគ្រោះ ទាំង​ជនរងគ្រោះនៅមុខរោងចក្រ យាកជីន និងនៅបណ្តោយផ្លូវវេងស្រង បានរៀបចំប្រារព្ធខួប៥ ឆ្នាំនៃការបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចមកលើក្រុមសកម្មជនសិទ្ធិមនុស្ស សហជីព និងកម្មករ បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស និង៤ នាក់ស្លាប់ ហើយម្នាក់បាត់ខ្លួន។

យុវជន ឃឹម សុផាត ត្រូវបានក្រុមគ្រួសារ និងសង្គមស៊ីវិល អះអាងថា ពិតជាបានបាត់ខ្លួនក្នុងព្រឹត្តិការណ៍បង្ក្រាបនៅផ្លូវវេងស្រេងកាលពី៥ ឆ្នាំប្រាកដមែន។ មកទល់ពេលបច្ចុប្បន្ន គ្រួសារយុវជនរូបនោះ គ្មានដំណឹងសោះឡើយអំពីកូន ហើយ​ក៏គ្មានសង្ឃឹមថា កូនរបស់ខ្លួននៅមានជីវិតដែរ។

​អង្គុយមិនឆ្ងាយពីលោក ឃឹម សឿន គ្រួសារជនរងគ្រោះម្នាក់ទៀត គឺ អ្នកស្រី ឈីវ ផានិត រៀបរាប់ទាំងទឹកភ្នែកថា ៥ឆ្នាំមកហើយដែលប្តីរបស់គាត់ឈ្មោះ សំ រ៉ាវី បានស្លាប់ទាំងអយុត្តិធម៌ ដោយថាបានបន្សល់ទុកកូនប្រុសស្រីពីរនាក់ និងស្ថានភាពរស់នៅដ៏លំបាកមកទល់ពេលបច្ចុប្បន្ន។

អ្នកស្រីថា មានតែយុត្តិធម៌ទេ ដែលអាចជាឱសថព្យាបាលផ្លូវចិត្តរបស់ពួកគាត់បាន ដោយថាយុត្តិធម៌ទាំងនោះ គឺចង់ឱ្យមានការផ្តន្ទាទោសដល់អ្នកបាញ់សម្លាប់កម្មករនៅពេលនោះ និង ចង់បានជាសំណងខ្លះសម្រាប់ជួយគ្រួសារ​បន្តដំណើរ​ទៅមុខទៀត។

អ្នកស្រី ឈីវ ផានិត រៀបរាប់ទាំងទឹកភ្នែកថា ៥ឆ្នាំមកហើយដែលប្តីរបស់គាត់ឈ្មោះ សំ រ៉ាវី បានស្លាប់បាត់បង់ជីវិតអំឡុងពេលតវ៉ា កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤។ រូបភាព៖ សូត សុខប្រាថ្នា


អ្នកស្រីបន្ថែមថា៖ «មកដល់ពេលនេះ ខ្ញុំនៅតែសុំសំណូមពរពាក្យដដែលដល់ថ្នាក់ដឹកនាំ សុំមេត្តាជួយរកយុត្តិធម៌ ទៅដល់កម្មករដែលបានស្លាប់បាត់បង់អាយុជីវិត ពីព្រោះពួកគាត់ស្លាប់ដោយការបាញ់សម្លាប់ មិនមែនស្លាប់ដោយខ្យល់គ ដួលឬ ក៏ស្លាប់ដោយសារជំងឺអីនោះទេ គឺស្លាប់ដោយការបាញ់បង្ក្រាប ព្រោះតែការទាមទារតម្លើងប្រាក់១៦០ដុល្លារ បែរជាបាត់បង់ជីវិតកម្មករអស់ច្រើនគ្នា។ មានអ្នករងរបួសជាច្រើននាក់ ដែលពួកគាត់មិនទាន់មានភាពយុត្តិធម៌ទេ »។

ព្រឹតិ្តការណ៍បង្ក្រាបនៅមុខរោងចក្រ យាកជីន ដោយកងទាហានឆ័ត្រយោង ៩១១ និង នៅផ្លូវវេងស្រេងកាលពីដើមឆ្នាំ២០១៤នោះ ក្រៅពីមានមនុស្សរបួស ស្លាប់ និងបាត់ខ្លួន សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន២៣នាក់បញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំថែមទៀតផង។ ​

អ្នកជាប់ឃុំនៅគុកត្រពាំងផ្លុងម្នាក់ ក្នុងចំណោម២៣នាក់ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃ០២ និងថ្ងៃ០៣ ខែមករា ២០១៤ គឺជារឿងរ៉ាវមិនអាចបំភ្លេចបាន។ ក្រោយព្រឹត្តិការណ៍នោះ លោកវន់ ពៅ ថា មានតែភាពឈឺចាប់ ស្នាមរបួសនៅលើក្បាល និងបញ្ហាសុខភាពរ៉ាំរៃ ព្រមទាំងភាពអយុត្តិធម៌ប៉ុណ្ណោះសម្រាប់លោកមកទល់ពេលនេះ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រូបភាព៖ សូត សុខប្រាថ្នា


លោកបន្ថែមទៀតថា៖ «យើងចង់ឱ្យមានការផ្តល់យុត្តិធម៌ដល់ពួកយើងទាំងអស់គ្នា គឺទម្លាក់ការចោទប្រកាន់មកលើពួកយើងខ្ញុំទាំងអស់គ្នា ទាំង២៣នាក់ និងសុំឱ្យចាត់វិធានការលើអ្នកប្រព្រឹត្តផ្ទាល់ វាយមកលើរូបខ្ញុំ។ យើងឃើញហើយរូបភាពទាំងអស់បង្ហាញទាំងអស់។ អីចឹងខ្ញុំគិតថា បើតុលាការមានចំណាត់ការពិតប្រាកដនឹងចាប់ជនដៃដល់ដែលប្រើអំពើហិង្សាមកលើពួកខ្ញុំបាន »។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធមិនឆ្លើយជាមួយ វី.អូ.ឌី ជុំវិញករណីនេះឡើយ ដោយលោកថា បញ្ហានេះលោកបានឆ្លើយជាច្រើនលើកណាស់មកហើយ។

កាលពីថ្ងៃទី០២ ខែមករា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្តី ថាព្រឹត្តិការណ៍កាលពី៥ ឆ្នាំមុន គឺជាការសកម្មភាពខុសច្បាប់ពីសំណាក់អាជ្ញាធរ។ ដូច្នេះលោកថា គ្មានអ្វីត្រូវសើរើឬ ត្រូវចង់ចាំនោះទេ។

លោកបញ្ជាក់ថា៖ «វាមិនមែនជាករណីស្អីនោះទេ វាជាការបង្ក្រាបករណីធ្វើកូដកម្ម កុបកម្ម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តឯកជនរបស់គេ ដែលនៅតាមផ្លូវវេងស្រេងហ្នឹង។ អីចឹងវាគ្មានព្រឹត្តិការណ៍អី នៃការរំលឹកនៃការស្អីនោះទេ។ ការអនុវត្តច្បាប់វាមាន» ។

កាលពី​​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី រាប់ពាន់​នាក់​ក្នុង​ខេត្ត​កណ្ដាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទហេតុការណ៍បង្ក្រាបដោយហិង្សាកាលពីថ្ងៃទី ០២ និង៣ ខែមករា ​ គឺ​បង្កឡើង​ដោយ ​គណបក្ស​សង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់គណបក្សនេះ។

លោកអះអាង​ថា សកម្មភាព​នេះ​មិនបាន​កើតឡើង​ទៀត​ឡើយ នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨នេះ ដោយសារតែ​គ្មាន​វត្តមាន​បក្ស​ប្រឆាំងហើយ​មេដឹកនាំ​គណបក្ស​នេះ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រួច​ទៅ​ហើយ​ដែរ។

លោកបន្ថែមថា៖ «ឆ្នាំ​២០១៣ ពិតជា​មានការ​បង្ហូរ​ឈាម ហើយ​អ្នក​ដែល​បង្ក​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​នោះ យើង​បាន​ចាប់ខ្លួន​រួចហើយ ព្រោះ​ពួកគេ​អ្នក​បាន​សាង​អំពើ​បាប​ទាំងនេះ។ ដូច្នេះ​ផ្លូវច្បាប់​ត្រូវតែ​បន្ត​នីតិវិធី​តទៅទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​»។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ធ្លាប់បាន​លើកឡើងថាលោក ហ៊ុន សែន និង អាជ្ញាធរក្រុងភ្នំពេញ របស់លោក ទៅវិញទេ ជាអ្នកទទួលខុសត្រូវចំពោះសោកនាកម្ម​​​នៅ​ផ្លូវ​វេងស្រេងនិងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដោយអំពើឃាតកម្មជាច្រើនផ្សេងទៀតនៅកម្ពុជា។ ​​

នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ​ទទូចឱ្យរដ្ឋាភិបាលរកយុត្តិធម៌ជូនជនរងគ្រោះ​ដែលបានស្លាប់ បាត់ខ្លួន និងរបួសជាច្រើននាក់ព្រមទាំងចាប់ខ្លួនក្នុងព្រឹត្តិការណ៍កាលពីដើមខែមករា ៥ ឆ្នាំមុន។

អ្នកស្រីថា ប្រសិនបើករណីនេះអាជ្ញាធរពាក់ព័ន្ធមិនបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារពួកគេទេនឹងបង្កើតបានជាវប្បធម៌និទណ្ឌភាព ព្រមទាំងជាវប្បធម៌លើកទឹកចិត្តដល់ជនល្មើសផងដែរ។

អ្នកស្រី​ចក់​ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅថ្ងៃរំលឹកខួប៥ឆ្នាំ នៃការតវ៉ារបស់កម្មករកាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤។


>

អ្នកស្រី បន្ថែមថា៖ «អីចឹងមានតែការស៊ើបអង្កេតមួយដែលពេញលេញ និងដោយឯករាជ្យ ដែលធានាថាជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះ គាត់ទទួលបាននូវយុត្តិធម៌។ បើមិនដូច្នេះទេ ដូចខ្ញុំបានលើកខាងដើមអីចឹង គឺ វានឹងបង្កនូវវប្បធម៌និទណ្ឌភាពមួយ។ ហើយនៅពេលសង្គមមួយមានវប្បធម៌និទណ្ឌភាព នៅតែបន្តវានឹងទទួលផលជះ វាមិនមែនសម្រាប់តែក្រុមគ្រួសារជនរងគ្រោះនោះទេ ប៉ុន្តែសម្រាប់សង្គមយើងទាំងមូល ដែលបង្ហាញឱ្យឃើញថា​នៅពេលមានករណី អយុត្តិធម៌ ណាមួយ មានអំពើណាមួយកើតឡើង ដោយបំពានសិទ្ធិមនុស្សនេះកើតឡើង មិនត្រូវបាន មានការស៊ើបង្កេតឱ្យបានពេញលេញ ហើយជនរងគ្រោះមិនទទួលបានយុត្តិធម៌ទេ»។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា យ៉ាងហោចណាស់មាន​មនុស្ស​ជាង ១០០​នាក់ ដែល​ត្រូវ​បាន​គេធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។

របាយការណ៍នេះថា អ្នក​ទាំងនោះ​រួមមាន
អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី
ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកនយោបាយ ។

អ្នកស្រី ចក់ សុភាព មើលឃើញថា ករណីឃាតកម្មធំៗ ចុងក្រោយគឺ លោក បណ្ឌិត កែម ឡី ផង ភាគច្រើនស្ទើរតែគ្មានការស៊ើបអង្កេតទេ។ អ្នកស្រីជំរុញឱ្យរាជរដ្ឋាភិបាល ស៊ើបអង្កេតករណីទាំងនោះដោយឯករាជ្យ តម្លាភាព ដោយថា ដើម្បីស្វែងរកយុត្តិធម៌ដល់អ្នកដែលបានស្លាប់​ និងដើម្បីធានាការអនុវត្តច្បាប់មួយដ៏ត្រឹមត្រូវនៅកម្ពុជា៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "បទយការណ៍៖​ យុតិ្តធម៌ ជាឱសថព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះនិងគ្រួសារអ្នកស្លាប់នៅផ្លូវវេងស្រេង"

  1. so socheath says:

    អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯង !
    ————–
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី – កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានទទួលយ៉ាងពេញលេញ នូវសុខសន្តិភាព ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយដែលសមិទ្ធិផលទាំងអស់នេះ គឺពិតជាស្នាដៃសម្រេចបាន ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ចាត់ទុកជា អគ្គមហាបុរសរដ្ឋ ប្រមុខដឺកនាំនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសជាតិមួយនេះដែលធ្លាប់តែកំសត់ ទុក្ខសោក
    ពេញដោយសង្គ្រាមវឹកវរ និងប្រល័យពូជសាសន៍ ឲ្យទៅជាប្រទេសមានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិ
    ទៀតផង ។
    ពិតណាស់ សមិទ្ធិផលដែលនឹកស្មានមិនដល់ ពោលគឺនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីក
    ចម្រើនលើគ្រប់វិស័យ។ សម័យមាស ពេជ្រដូចបច្ចប្បន្ននេះ វាជាពេលវេលាដែលប្រជាជនកម្ពុជា គ្រប់រូប ត្រូវបន្ដថែរក្សាឲ្យបាននូវសុខ សន្ដិភាព ពិសេសវាទទួលបានពីការធ្វើពលិកម្មពីសំណាក់ប្រមុខដឹកនាំ
    ជាតិសម្តេចតេជោហ៊ុនសែន ដែលយកជិវិតទៅប្តូរ និងយកបានមកដោយលំបាកនេះឡើយ។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ ត្រូវតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដោយដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យបាន ។
    ព្រោះថាបាតុកម្មយ៉ាងហឹង្សាដែលរៀបចំឡើងដោយសមរង្ស៊ី- កឹម សុខា សហជីព ក្រុមសហជីព វន់ ពៅ រ៉ុងឈុន និងពួក មន្ត្រីសង្គមស៊ីវិល ទទួលបន្ទុកសិទ្ធិមនុស្ស មានអាដហុក លីកាដូជាដើម ដែលនាំឲ្យមានមនុស្សរងរបួស
    ស្លាប់ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
    អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯងដូច្នេះហើយ ។ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកឡើងដើម្បីគេចវេសពីផ្លូវច្បាប់នោះដែរ ៕