អតីត​មន្ដ្រីបក្សប្រឆាំង​ម្នាក់​ទៀត​ទទួល​បាន​សិទ្ធិធ្វើនយោបាយ​ឡើង​វិញ


|
https://www.vodhotnews.com

សមាជិក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៩។ រូបថត៖ ផ្ដល់​ឲ្យ

អតីត​ថ្នាក់​ដឹកនាំ​មួយ​រូប​នៃ​បក្ស​ប្រឆាំង ត្រូវ​បាន​ព្រះ​មហាក្សត្រ​ផ្ដល់​ការ​លើក​ទោសនិង​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើង​នយោបាយ​ឡើង​វិញ​ហើយ ទៅ​តាម​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៩​នេះ អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ លោក ស៊ីម សុវណ្ណនី ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាម​ឃាត់​ធ្វើ​នយោបាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧​នោះត្រូវ​បាន​ព្រះ​មហាក្សត្រ​ សម្ដេច​ព្រះ នរោត្ដម សីហមុនី ព្រះ​រាជ​ទាន​នីតិ​សម្បទា​សម្រាប់​ធ្វើ​នយោបាយ​ឡើង​វិញ។

បើ​តាម​ព្រះ​រាជ​ក្រឹត្យ​ដដែល​នេះ ព្រះ​មហាក្សត្រ​បាន​សម្រេច​ឲ្យ​លោក ស៊ីម សុវណ្ណនី ឬ​ហៅ ស៊ីម វ៉ាន់នី ធ្វើ​នយោបាយ​ឡើង​វិញ​បានទៅ​តាម​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក ស៊ីម សុវណ្ណនី គឺស្ថិតនៅលេខរៀងទី ៤៤ នៃបញ្ជី​ថ្នាក់​ដឹកនាំ១១៨​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់សិទ្ធិ​នយោបាយ​រយៈ​ពេល៥​ឆ្នាំ បន្ទាប់ពីតុលាការកំពូលបានសម្រេច​រំលាយគណបក្សប្រឆាំង​មួយ​នេះ។

លោក ស៊ីម សុវណ្ណនី គឺ​ជា​ថ្នាក់​ដឹកនាំ​ទី៣ ​នៃ​គណបក្ស​ប្រឆាំងដែល​បាន​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​លោក គង់ គាំ អតីត​​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​កូន​ប្រុស​លោកគឺ​លោក គង់ បូរ៉ា អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំងកាល​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​មក​នេះ។

ថ្នាក់​ដឹកនាំ​ទាំង៣​រូប​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញបន្ទាប់​ពី​រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​នោះបាន​កែ​ប្រែ​ច្បាប់​នយោបាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ឆ្នាំ​មុន ដើម្បី​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំង១១៨​រូប​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​នយោបាយ​នោះ អាច​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

បើទោះបី​ជា​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយត្រូវ​បាន​កែ​ប្រែ​បែប​នេះ​ក្ដី ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង១១៨​រូប ត្រូវ​តែ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ព្រះ​មហាក្សត្រ​តាម​រយៈ​រូប​លោក មុន​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

ទោះជាយ៉ាងណា ក្រសួង​មហាផ្ទៃ​បាន​ក្រើន​រំឭក​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឲ្យ​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញបន្ទាប់​ពី​មាន​តែ​ថ្នាក់​ដឹកនាំតែ ២​រូប​ប៉ុណ្ណោះ​របស់​អតីត​បក្ស​ប្រឆាំងបាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ចាប់​តាំង​ពី​​ការ​កែ​ប្រែ​ច្បាប់​នយោបាយ​កាល​ខែ​ធ្នូ​ឆ្នាំ​មុន​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​កាន់​កាប់​អាសនៈ​សភា​ចំនួន ៥៥​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ និង​កាន់​កាប់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន៥០០៧ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នោះត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល ហើយ​អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ដែល​មិន​ឈ្នះ​ការ​បោះ​ឆ្នោត​ទាល់​តែ​សោះ។

គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​ដែរដែល​ការ​បោះ​ឆ្នោត​នោះ​បាន​ផ្ដល់​ជ័យ​ជម្នះ​ទាំង​ស្រុង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិកនិង​សហគមន៍​អឺរ៉ុប បាន​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​នោះ និង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ទៀត​ផងហើយ​ពួកគេ​បាន​ចាត់​វិធានការ​មួយ​ចំនួន​មក​លើ​កម្ពុជា​ផង​ដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អតីត​មន្ដ្រីបក្សប្រឆាំង​ម្នាក់​ទៀត​ទទួល​បាន​សិទ្ធិធ្វើនយោបាយ​ឡើង​វិញ"

  1. CK says:

    អាថោកទាប អាឆ្កែស៊ីអាច់ម៍