មេធាវី៖ ​ការ​កោះ​ហៅ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​របស់​តុលា​ការ​និង​អាជ្ញាធរ​ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​

ដោយ វណ្ណ សុគន្ធា
21/05/2019
RFI

media
ពលរដ្ឋធ្វើការតវ៉ានៅមុខតុលាការខេត្តបាត់ដំបង ខណៈសកម្មជន៤នាក់ត្រូវចូលបំភ្លឺ
@សហការី


នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ តុលាការ​ខេត្ត​បាត់​ដំបង បាន​សួរ​នាំ​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៤នាក់​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រឆាំង និង រំលោភ​បំពាន​សាល​ដីកា​របស់​តុលា​ការ​កំពូល​។ បន្ទាប់​សាក​សួរ​រួច​រាល់ តុលាការ​មិន​បាន​សម្រេច​ចោទ​ប្រកាន់​ពួក​គេ​យ៉ាង​ណា​ទេ​។ បើ​ទោះ​ជា​បែប​នេះ​ក្តី មេធាវី​របស់​សកម្មជន​ទាំង​នេះ គឺ​លោក​ សំ សុគង់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា ការ​កោះ​ហៅ​នេះ​ជា​ការ​រំលោភ​សិទ្ធិ និង ជា​ការ​គំរាម​កំហែង​មិន​ឱ្យ​ពួក​គេ​ហ៊ាន​ធ្វើ​ការ​ជួប​ជុំ​គ្នា និង​បញ្ចេញ​មតិ​ត​ទៅ​ទៀត​។

មេធាវី​ការពារ​ក្តី​សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក ​សំ សុគង់ បាន​ចាត់​ទុក​ការ​កោះហៅ​សកម្មជន​ទាំង​នេះ​របស់​តុលាការ​ខេត្ត​បាត់​ដំបង​ថា ជា​រឿង​នយោបាយ ដោយ​វា​បាន​រំលោភ​សិទ្ធិ​នៃ​ការ​ជួប​ជុំ ​និង​បញ្ចេញ​មតិ​របស់​ពួក​គេ​ស្រប​តាម​ច្បាប់​។

មិន​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ហៅ​ទង្វើ​របស់​តុលាការ​នេះ​ថា ជា​ការ​គំរាម​កំហែង​ដល់​ពួក​គេ និង អ្នក​ផ្សេង​ទៀត​កុំ​ឱ្យ​ហ៊ាន​ជួប​ជុំ និង​បញ្ចេញ​មតិ​ទៀត​ផង​។ សម្រាប់​លោក​មេធាវី សំ សុគង់ ការ​ជួប​ជុំ និង បញ្ចេញ​មតិ​របស់​ពួក​គេ គឺ​ជា​សិទ្ធិ​។ ដូច្នេះ​ហើយ សកម្មភាព​ទាំង​នេះ​មិន​អាច​ចាត់​ទុក​ថា បទ​ល្មើស​បាន​នោះ​ទេ​។

សូម​ជំរាប​ជូន​ថា សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ចំនួន​៣៥​នាក់ ត្រូវ​បាន​តុលា​ការ​កោះ​ហៅ​ចូល​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ប្រឆាំង ​និង​រំលោភ​បំពាន​សាល​ដីកា​របស់​តុលា​ការ​កំពូល​កាល​ពី​ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​។

មកដល់ពេលនេះ សកម្មជនចំនួន២៦នាក់ហើយដែលបានចូលទៅបំភ្លឺនៅតុលាការ ហើយ៩នាក់ផ្សេងទៀតនឹងចូលទៅបំភ្លឺនៅថ្ងៃទី២៤​ ឧសភាខាងមុខ។ ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានជួបជុំក្នុងពិធីបុណ្យទានមួយហើយបានបរិភោគនំបញ្ចុកជាមួយគ្នា។ ជាមួយគ្នានេះ ពួកគេក៏បានថតរូប និងធ្វើវីដេអូបង្ហាញការ​គាំទ្រ​ដល់​សកម្មភាព​លោក សម រង្ស៉ី​។

លោក​មេធាវី​ សំ សុគង់ បាន​បង្ហាញ​ការ​សោក​ស្តាយ ដែល​គ្រាន់​តែ​ការ​ជួបជុំ​បែប​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ធ្វើ​របាយការណ៍​ដាក់​ទៅ​កាន់​តុលាការ​រហូត​មាន​ការ​កោះហៅ​ពួក​គេ​ទៅ​សួរ​នាំ​ជា​បន្ត​បន្ទាប់​។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​ស្នើ​តុលាការ​ពិនិត្យ និង​ពិចារណា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​។

ក្រៅ​ពី​នៅ​ក្នុង​បាត់​ដំបង​នេះ សកម្មជន​អតីត​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៣៥​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​កំពង់​ធំ ក៏​បាន​ត្រូវ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទីនោះ កោះ​ហៅ​ទៅ​សាក​សួរ និង​ធ្វើ​កំណត់​ហេតុ​ផង​ដែរ​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន​វិញ ដោយ​មិន​មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​ពួក​គេ​ទេ។ ការ​សួរ​នាំនេះ ធ្វើ​ឡើង​ក្រោយ​ពី​សកម្មជន​ទាំង​នោះ​ជួប​ជុំគ្នា ហើយ​បង្ហាញ​ការ​គាំទ្រ​ដល់​សកម្មភាព​របស់​លោក​សម រង្ស៊ី​នៅ​ក្រៅ​ប្រទេស​៕

What Next?

Recent Articles

One Response to "មេធាវី៖ ​ការ​កោះ​ហៅ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​របស់​តុលា​ការ​និង​អាជ្ញាធរ​ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​"

  1. so socheath says:

    រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
    (ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
    ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
    ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
    វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
    បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
    ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
    ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
    សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
    ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕