របប​ក្រុង​ភ្នំពេញ​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ ថ្ងៃ​ទី២០ ឧសភា

ដោយ ទីន ហ្សាការីយ៉ា
2019-05-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​សម្ដែង​ត្រាប់​ឡើង​វិញ​​របស់​សិល្បករ បង្ហាញ​អំពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរក្រហម នៅ​ថ្ងៃ "ទិវា​ចងចាំ ២០ ឧសភា"។ រូប៖ Reuters
ការ​សម្ដែង​ត្រាប់​ឡើង​វិញ​​របស់​សិល្បករ បង្ហាញ​អំពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរក្រហម នៅ​ថ្ងៃ “ទិវា​ចងចាំ ២០ ឧសភា”។ រូប៖ Reuters


របបក្រុងភ្នំពេញប្រារព្ធទិវាចងចាំទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ


របប​ក្រុងភ្នំពេញ រៀប​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ ដើម្បី​រំលឹក​ឡើង​វិញ នូវ​ការ​ឈឺ​ចាប់ ការ​កាប់​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​នៃ​របប​ប្រល័យ​ពូជ​សាសន៍។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ មិន​គាំទ្រ​ឲ្យ​យក​ទិវា​នេះ​ធ្វើ​ជា​បុណ្យ​ជាតិ​នោះ​ទេ។

របបក្រុង​ភ្នំពេញ​បាន​នាំ​គ្នា​ចាត់​ទុក​ថ្ងៃ​ទី២០ ឧសភា ជា​ទិវា​ជាតិ នៃ​ការ​ចងចាំ ឬ​ជា​ថ្ងៃ​ចង​កំហឹង ចំពោះ​របប​អាវ​ខ្មៅ​ខ្មែរក្រហម។

នៅ​ក្នុង​នេះ គេ​នាំ​គ្នា​រំលឹក​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ របស់ ប៉ុល ពត សម្លាប់ និង​ធ្វើ​ទារុណកម្ម ក្នុង​ការ​ដឹកនាំ​អស់​រយៈ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កាល​ពី​ជាង ៤០ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ការ​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ និង​ការ​ចង​កំហឹង​នេះ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មកវិញ។

លោក​បន្ត​ថា​ ពលរដ្ឋ​ច្រើន​លើស​លប់ រួម​ទាំង​លោក​ផង នៅ​តែ​ចង់​កំហឹង និង​ខឹង​សម្បា ទៅ​នឹង​របប​ខ្មែរ​ក្រហម និង​នៅ​តែ​ស្រមៃ​ឃើញ​របប​នេះ​នៅ​ឡើយ៖ «យើង​ចង់​ឲ្យ​ប្រជាជន​ដុត​កំហឹង ដុត​កំហឹង​នេះ គឺ​ដុត​កំហឹង​ទៅ​នឹង​របប​ប្រល័យ​ពូជសាសន៍ ហើយ​ឲ្យ​ចងចាំ​នៅ​ក្នុង​អារម្មណ៍​របស់​ខ្លួន​ កុំ​ឲ្យ​របប​នេះ​វិល​មក​វិញ​បាន ហើយ​នឹង​ទប់​ស្កាត់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ចង់​នាំ​របប​ប្រល័យ​ពូជសាសន៍​ត្រឡប់​មក​វិញ»

ការ​ប្រារព្ធ​ពិធី​នេះ របប​ក្រុង​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ ប្រារព្ធ​ពិធី​នេះ នៅ​តាម​ទី​កន្លែង​ផ្សេង​គ្នា ដូចជា​នៅ​បណ្ដា​ខេត្ត​នីមួយៗ ចំណែក​អាជ្ញាធរ​នៃ សាលា​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​នេះ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ ដោយ​មាន​ការ​សំដែង​សិល្បៈ​ធ្វើ​ត្រាប់​តាម​សកម្មភាព ​កាប់​សម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ប៉ុន្តែ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ព្រោះ​ការ​ធ្វើ​ទុក្ខ​ម្នេញ​ពី​របប​ក្រុង​ភ្នំពេញ យល់​ថា ការ​ប្រារព្ធ​ពិធី​នេះ​គ្រាន់​តែ​ជា​លេស​បន្លំ​ភ្នែក​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ហៅ​របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ គឺ​របបខ្មែរក្រហមទី២ ដែល​ធាតុ​ពិត​របប​នេះ នៅ​តែ​បន្ត​ទុក្ខ​ម្នេញ និង​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ដដែល៖ «របប​ក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​នូវ​របៀប​គ្រប់គ្រង​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ដដែល គ្រាន់​តែ​របៀប​សម្លាប់​កាល​មុន​សម្លាប់​ដោយ​ផ្ទាល់ ប៉ុន្តែ​ឥឡូវ​សម្លាប់​ដោយ​ប្រយោល ហើយ​ធ្វើ​ពលរដ្ឋ​វេទនា​ជាង​ការ​សម្លាប់​ដោយ​ផ្ទាល់​ទៅ​ទៀត»

រីឯ អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ​នោះ យល់​ថា ការ​ប្រារព្ធ​ពិធី​នៃ​ការ​ចងចាំ ដែល​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចង​កំហឹង គឺ​ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ដុត​កំហឹង​ពលរដ្ឋ និង​មិន​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត។ លោក គឹម សុខ យល់​ថា ទិវា​ថ្ងៃ​ចង​ចាំ​នេះ គ្មាន​តម្លៃ​គ្រប់គ្រាន់ ដែល​ដាក់​បញ្ចូល​ទៅ​ក្នុង​បុណ្យ​ជាតិ​នោះ​ទេ៖ «មហិច្ឆតា​គោល​ដៅ​ធំ​បំផុត​របស់​យួន​ដែល​ចង់​សាប​ព្រោះ ព្រោះ​ថា​បើ​ខ្មែរ​នៅ​តែ​ចង​កំហឹង និង​ខ្មែរ​មិន​អាច​ផ្សះផ្សា​គ្នា​បាន​អ្នក ដែល​ចំណេញ គឺ​វៀតណាម»

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ឆ្លើយ​តប​ថា ការ​យក​ទិវា​នៃ​ការ​ចងចាំ​ធ្វើ​ថ្ងៃ​បុណ្យ​ជាតិ គឺ​ជា​ការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​មិន​សម្រេច​ទៅ​តាម​អ្នក​រិះគន់​ឡើយ។

របប​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដាក់​ទិវា​ជាតិ​នៃ​ការ​ចងចាំ​ជា​ថ្ងៃ​បុណ្យ​ជាតិ កាល​ពី​ថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដើម្បី​រំឭក​ដល់​ជន​រង​គ្រោះ និង​ការ​ឈឺ​ចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ១៩៧៩។

លោក គឹម សុខ យល់​ថា បើ​របប​ក្រុង​ភ្នំពេញ មាន​ចេតនា​រំសាយ​កំហឹង​ពលរដ្ឋ​មែន​នោះ របប​នេះ គួរ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត និង​កាត់​ទោស​មេ​ដឹក​នាំ​នៃ​របប​ខ្មែរ​ក្រហម​បន្ថែម​ទៀត តាម​សំណើ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ ប៉ុន្តែ លោក គឹម សុខ ថា លោក ហ៊ុន សែន​ តែងតែ​ចេញ​មុខ​រារាំង​ការ​ស៊ើប​អង្កេត និង​ការ​ទាម​ទារ​កាត់​ទោស​មេ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ទាមទារ​ស៊ើប​អង្កេត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "របប​ក្រុង​ភ្នំពេញ​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ ថ្ងៃ​ទី២០ ឧសភា"

  1. Target says:

    អ្វីដែលយើងគួរតែចងចាំមិនថាតែរបបខ្មែរក្រហមទេ របបផ្ដាច់ការ ហ៊ុនសែន សព្វថ្ងៃអាស្រ័យព្រះមហាក្សត្រក៏យើងទាំងអស់គ្នាត្រូវតែចងចាំដែរនៅរាល់ទង្វើដែលរបបនេះបានធ្វើមកលើប្រជារាស្ត្រ បំផ្លិតបំផ្លាញជាតិសម្លាប់អ្នកស្នែហា៌ជាតិកន្លងមករួមទាំងធ្វើអោយបាត់បង់ទឹកដីកោះទៅប្រទេសជិតខាង យើងជាខ្មែរត្រូវចាំថាថ្ងៃណាមួយយើងនឹងយកពួកអាតិរច្ឆានរបបផ្ដាច់ការអោយទទួលខុសត្រូវរឿងនេះ។

  2. Anonymous says:

    Cambodian should asking themselves where is the killer now . are they dead?? I do not think so they are alive and acting every days . HUN SEN said if the situation getting worse he may close the door and kill the dog. the question is who is his dog???? Cambodian??? his followers??? these are the question that Cambodian have to ask themselves .