អ្នកតំណាង​រាស្រ្ត​អាមេរិកាំង​ទាម​ទារ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​បាប​អតីត​មន្ត្រី​បក្ស​ប្រឆាំង

នយោបាយ


រូបឯកសារ៖ លោក​ អ៊ីលៀត អេងហ្គល​ (Eliot Engel) ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​សហរដ្ឋ​អាមេរិក ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​កាលពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ (រូបថត AFP)


22 ឧសភា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​គាំទ្រ​ជំហរ​របស់​ក្រសួង​ការបរទេស​ដែល​ស្នើ​សុំ​ឱ្យ​កម្ពុជា​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ​បន្ទាប់ពី​មានការធ្វើ​ទុក្ខបុកម្នេញ​លើអតីត​មន្ត្រី​គណបក្ស​ប្រឆាំង​តាមផ្លូវ​តុលាការនិង​ការស្លាប់​បាត់បង់​ជីវិត​សកម្មជន​ម្នាក់។

ប្រតិកម្ម​នេះ​កើតឡើង​ក្រោយ​ពី​មាន​អតីត​មន្ត្រី​ថ្នាក់មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​បន្ត​បន្ទាប់​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា ​បាន​រំលោភ​សាលដីការ​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​និង​ការស្លាប់​សកម្មជន​ឈ្មោះ​ ទិត្យ​ រ៉ន ​ពេល​ជាប់​នៅ​ក្នុង​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស​ខេត្ត​កំពង់ចាម។

លោក​ អ៊ីលៀត អេងហ្គល​ (Eliot Engel) ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​សារនៅ​តាម​ទំព័រ​ធ្វីតធឺ​របស់​លោក​កាលពី​ថ្ងៃច័ន្ទ​ថា៖

«ខ្ញុំ​មាន​ការក្រៀមក្រំ​ជាខ្លាំង​ដោយសារតែ​មរណភាព​គួរឱ្យ​សង្ស័យ​របស់​លោក ​ទិត្យ រ៉ន សមាជិក​នៃ​គណបក្ស​ប្រឆាំង។ នេះ​ទំនង​ជា​ការរំលោភ​អំណាច​ជាថ្មី​ទៀត​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាបរបស់​លោក​ហ៊ុន សែន​លើ​អ្នកនយោបាយ​ប្រឆាំង។ ប្រទេស​កម្ពុជា​គួរតែ​បញ្ចប់​ការធ្វើ​ទុក្ខ​បុកម្នេញ​ខាង​ផ្នែក​នយោបាយ‍»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការបង្រ្កាប​ទ្រង់ទ្រាយ​ធំ​លើ​អ្នក​ដែល​ហ៊ាន​រិះគន់​ការដឹកនាំ​ជាង​៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដោយ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​មួយ​កាលពីចុង​ឆ្នាំ២០១៧​ ហើយ​បាន​ហាមឃាត់​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។​ អ្នកសារព័ត៌មាន​ឯករាជ្យ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រង​ការធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​មាន​សារព័ត៌មាន​ឯករាជ្យខ្លះ​បាន​បិទទ្វារ​ឬ​ប្តូរ​ម្ចាស់គ្រប់គ្រង​និង​ត្រូវ​ហាមមិន​ឱ្យ​ផ្សាយ​លើ​រលកធាតុ​អាកាស​វិទ្យុFM ហើយថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​មួយ​ចំនួន​បាន​រត់​ចាកចេញ​ក្រៅ​ប្រទេស។

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការរំខានចិត្ត«យ៉ាង​ខ្លាំង‍»ចំពោះ​មរណភាព​នៃ​លោក​ ទិត្យ រ៉ន ​ហើយ​បាន​ស្នើ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ។ ក្រសួង​ការបរទេស​ក៏​បាន​សម្តែង​ការព្រួយ​បារម្ភ​ពី​ដំណើរការ​តុលាការ​ប្រឆាំង​នឹង​អតីត​មន្ត្រី​បក្សប្រឆាំង​ផង​ដែរ​និង​សុំ​ឱ្យ​លើក​លែង​បម្រាម​នយោបាយ​ព្រមទាំង​ដោះលែង​អ្នកទោស​នយោបាយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​គឺ​អ្នកស្រី ​Morgan Ortagus ​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ថា៖

«យើង​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ​និង​ធានា​ថា​សកម្មភាព​និង​ច្បាប់របស់​ខ្លួន​ស្រប​តាម​កាព្វកិច្ច​សិទ្ធិ​មនុស្ស​របស់​កម្ពុជាក្រោម​ច្បាប់​អន្តរជាតិ»។​

អ្នកស្រី ​Morgan Ortagus អ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០១៩។ (រូបថត AP)

អ្នកស្រី ​Morgan Ortagus អ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០១៩។ (រូបថត AP)


លោក អាឡំាង ឡូវឹនសល​ អ្នកតំណាងរាស្រ្ត​ប្រចំា​មណ្ឌល​៤៧​នៃ​រដ្ឋ​កាលីហ្វញ៉ា​ដែល​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ដែរថា៖

«នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​របប​របស់​គាត់​បន្ត​ប្រើ​កណ្តាប់ដៃ​ដែក​ផ្តាច់ការ​និង​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា។ យើង​មិន​ត្រូវ​ភ្លី​ភ្លើ​តាម​ទេ។ យើង​មិន​ត្រូវ​ឱ្យ​ពួកគេ​រំខាន​បាន​ទេ។ ទោះបី​ជា​គាត់​និយាយ​អ្វី​ក៏​ដោយ ក៏​ព្រឹត្តិការណ៍​នាពេលថ្មីៗ​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​ គាត់​គ្មាន​ចេតនា​ឱ្យ​មានរបប​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា​ទេ។ ចេតនា​តែ​មួយ​គត់​របស់​គាត់​គឺបន្ត​កាន់​អំណាច​និង​គ្រប់គ្រង‍»។

លោក​ ឡូវឹនសល ថា​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹងចាត់​ការឱ្យ​បាន​លឿន​លើ​ករណី​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ទៀត​ថា៖

«រដ្ឋ​សភា​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ចាត់វិធាន​ការ​ទៅ​មុខឱ្យ​បាន​ឆាប់រហ័ស​និង​មាន​គោលដៅ​ប្រើប្រាស់​ឥទ្ធិពល​ទំាងស្រុង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​លោក ហ៊ុន សែន នៅមុន​ពេល​គាត់​បំផ្លាញ​ទាំងស្រុង​នូវ​លទ្ធភាព​នាំ​យក​ប្រទេស​កម្ពុជា​មក​កាន់លទ្ធិ​ប្រជាធិបតេយ្យ​វិញ‍»។

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស។ (ស្រេង លក្ខិណា/VOA)

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស។ (ស្រេង លក្ខិណា/VOA)


សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​មក​ទាំងពីរ​គណបក្សបាន​ស្នើ​សេចក្តី​ស្នើច្បាប់​ចំនួន​ពីរ​គឺ ​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍» និង​ «ច្បាប់ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា‍» ដើម្បីដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា​និង​ជន​ទាំងឡាយ​ណា​ដែល​ចូលរួម​រំលោភ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។ រីឯ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​តំណាង​ឱ្យ​គណបក្ស​ទាំងពីរ​ដែរ​ក៏​បាន​ស្នើ​ឡើង​នូវ «ច្បាប់ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា‍» ដើម្បី​សើរើ​ឋានៈ​អនុគ្រោះពន្ធ​ទូទៅ (GSP) ​ដែល​កម្ពុជា​នាំ​ទំនិញ​មួយ​ចំនួន​ចូល​សហរដ្ឋ​អាមេរិក​ដោយ​រួចពន្ធ។​

រហូត​មក​ដល់​ពេលនេះ​ សេចក្តី​ស្នើ​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍»​ត្រូវ​បាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​អនុម័ត​រួច​រាល់ហើយ​កាលពី​ដើម​ខែ​មេសានិង​រង់ចំាតែ​សភា​ពេញ​អង្គ​អនុម័ត​ប៉ុណ្ណោះមុន​នឹង​បញ្ជូន​បន្តទៅ​ព្រឹទ្ធសភា។

លោក ប៉ុន សៅរី ​អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះជាតិក្រៅ​ប្រទេស​បាន​ចាត់ទុក​ថា​ជំហរ​រួម​គ្នា​រវាង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និង​គណៈកម្មាធិការ​កិច្ចការ​ប្រទេស​នៃ​រដ្ឋ​សភា​ជាតិ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ជា​ដំណឹង​ល្អ​មួយ​ហើយ​លោក​រំពឹង​ថា​នឹង​មាន​ការចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ជំហរ​ជាបន្តបន្ទាប់​ទៀត​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នក​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖​

«អីចឹង​មានន័យ​ថា​អ្វី​ទាំងអស់​ដែល​ ហ៊ុន សែន ​កំពុងតែ​ធ្វើ​ ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ​ក៏​ដូច​ជា​ការបង្ក្រាប​ឬ​ក៏​កម្ចេច​រចនា​សម្ព័ន្ធ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​កម្ពុជាតាមរយៈ​ការប្រើប្រព័ន្ធ​តុលាការ​នយោបាយ ​ជា​ឧបាយកល​ ជាឧបករណ៍​នយោបាយ​ក្នុងការកម្ចេច​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណបក្ស​ប្រជាធិបតេយ្យ​ហើយ​មានការទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​តែមួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ត្រូវ​បាន​បកអាក្រាត​និង​មិន​ទទួល​បាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ហើយ​ជាបន្តបន្ទាប់​នេះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​សេចក្តី​ប្រកាស​ថ្កោលទោស​ខ្លាំង​បន្ថែម​ទៀត‍»។​

ចំណាត់ការ​ដ៏​រាលដាលរបស់​តុលាការ​កម្ពុជា​ក៏​បាន​ធ្វើ​ឱ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាសម្តែ​ង​ការ​ព្រួយ​បារម្ភផងដែរ។

លោក ប៉ុន សៅរី ​ក៏បាន​ស្នើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែលនៅ​ក្រៅប្រទេស​និង​ក្នុង​ប្រទេស​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​ដែល​មាន​គម្រោង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​ដើម្បី​បញ្ចប់​ការរស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ហើយជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ទប់​កុំ​ឱ្យ​ប្រទេស​កម្ពុជាធ្លាក់​ទៅក្រោម​ឥទ្ធិពល​ទាំងស្រុង​របស់​មហា​អំណាច​ចិន៕

What Next?

Recent Articles

One Response to "អ្នកតំណាង​រាស្រ្ត​អាមេរិកាំង​ទាម​ទារ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​បាប​អតីត​មន្ត្រី​បក្ស​ប្រឆាំង"

  1. so socheath says:

    រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
    (ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
    ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
    ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
    វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
    បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
    ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
    ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
    សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
    ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕