ដោយ ខែ សុណង
2019-10-23
RFA

ពលរដ្ឋរស់នៅប្រទេសអូស្ត្រាលីបានធ្វើបាតុកម្ម ក្នុងរដ្ឋធានីកង់បេរ៉ា (Canberra) ទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។ Photo Provided
ពលរដ្ឋរស់នៅប្រទេសអូស្ត្រាលីបានធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា នេះ ក្នុងរដ្ឋធានីកង់បេរ៉ា (Canberra) ទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្រៅពីពលរដ្ឋខ្មែរក៏មានតំណាងរាស្ត្រអូស្ត្រាលី ៥រូប បានចូលរួមថ្លែងសារនៅមុខបាតុករ ដោយជំរុញទៅរដ្ឋាភិបាលអូស្ត្រាលី មិនត្រូវនៅស្ងៀមចំពោះវិបត្តិនយោបាយកម្ពុជានេះទៀតទេ។
អ្នកដឹកនាំបាតុកម្ម នៅប្រទេសអូស្ត្រាលីអះអាងថា បាតុកម្មនេះ មានបាតុករប្រមាណ ៣០០នាក់ចូលរួម ដែលពួកគេចាត់ទុកថា ទទួលបានជោគជ័យ។ ការទាមទារនេះចាប់ផ្ដើមពីម៉ោង ៨កន្លះព្រឹក ម៉ោងនៅប្រទេសអូស្ត្រាលី។ ក្រុមបាតុករបានដើរដង្ហែក្បួន និងថ្លែងសារនយោបាយ នៅមុខស្ថានទូតចិន ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតសហរដ្ឋអាមេរិក និងចុងក្រោយ គឺក្រុមបាតុករនាំគ្នាប្រមូលផ្តុំ នៅមុខវិមានរដ្ឋសភានៃប្រទេសអូស្ត្រាលី។
អ្នកដឹកនាំបាតុកម្មម្នាក់ និងជាប្រធានសាខាគណបក្សសង្គ្រោះជាតិនៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី លោក អ៊ិន ហេមារា ឱ្យអាស៊ីសេរីដឹងថា ក្រុមបាតុករ និងរូបលោកផ្ទាល់ បានផ្ញើសារនយោបាយនៅមុខស្ថានទូតចិន ដោយស្រែកទាមទារនៅមុខស្ថាននេះ ឱ្យឈប់គាំទ្ររបបក្រុងភ្នំពេញ។ លោកឱ្យដឹងទៀតថា បាតុករស្នើទៅប្រទេសចិន ដែលធ្លាប់ជួយរបបខ្មែរក្រហម ធ្វើយ៉ាងកុំឱ្យរបបខ្មែរក្រហម មានជាលើកទី២នៅកម្ពុជា តទៅទៀត៖ «យើងសុំឱ្យគាត់ (ប្រទេសចិន) ជំរុញទៅរដ្ឋាភិបាល ហ៊ុន សែន គោរពសិទ្ធិមនុស្ស ហើយដើរមកប្រជាធិបតេយ្យ ហើយកុំឱ្យមានប្រើអាវុធ ឬហិង្សាពេលមានការត្រឡប់ទៅវិញរបស់គណបក្សសង្គ្រោះជាតិ»។
ក្រុមបាតុករលើកឡើងថា ស្មារតីនៃកិច្ចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានអាយុកាល២៨ឆ្នាំមកនេះ នៅតែមានសុពលភាពនៅឡើយ ដែលតម្រូវឱ្យរបបក្រុងភ្នំពេញ ងាកមកគោរពតាមកិច្ចព្រមព្រៀងនេះវិញ និងបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដូច្នេះតទៅទៀត។ សហគមន៍ខ្មែរនៅអូស្ត្រាលី រំពឹងថា ការទាមទាររបស់ពួកគេ នឹងធ្វើឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យមានការគោរពកិច្ចព្រមព្រៀងនេះឡើងវិញ ដែលឈានដល់ការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាជាថ្មី។
ការទាមទាររបស់សហគមន៍ខ្មែរអូស្ត្រាលីនេះ ខណៈវិបត្តិនយោបាយនៅកម្ពុជាបានជាប់គាំងជាច្រើនឆ្នាំ មិនទាន់មានដំណោះស្រាយនៅឡើយ។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ដោយលោកអះអាងថា ដើម្បីចូលទៅបញ្ចប់វិបត្តិទាំងនោះ។ ប៉ុន្តែមេដឹកនាំរបបក្រុងភ្នំពេញចោទប្រកាន់ថា ទង្វើលោក សម រង្ស៊ី ជាសកម្មភាពក្បត់ជាតិ និងព្រមានបាញ់សម្លាប់ ឬចាប់ដាក់គុក អ្នកអមដំណើរលោក សម រង្ស៊ី ថែមទៀតផង។
អតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) នៃប្រទេសអូស្ត្រាលី លោក ជា យូហន ដែលសព្វថ្ងៃលោកជាមេឃុំប្រចាំនៅតំបន់ ស្ព្រីងវែល(Spring Wale) សង្ឃឹមលើកម្លាំងអ្នកនិយមប្រជាធិបតេយ្យ ដែលពួតដៃគ្នាក្រោកឡើង និងទាមទារប្រជាធិបតេយ្យមកវិញ។ លោកក៏បង្ហាញការជឿជាក់លើសហគមន៍អន្តរជាតិ ដែលឈរនៅខាងអ្នកនិយមប្រជាធិបតេយ្យ និងថ្កោលទោសរបបលោក ហ៊ុន សែន បន្ថែម បើរបបនេះបង្ក្រាបអ្នកតវ៉ា។ លោកថា បើរបបក្រុងភ្នំពេញ ហ៊ានបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលអមដំណើរលោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ អង្គការសហប្រជាជាតិ នឹងមានចំណាត់ការលើមេដឹកនាំផ្ដាច់ការរូបនេះ។ លោក ជា យូហន ស្នើទៅពលរដ្ឋខ្មែរគ្រប់ទីកន្លែងនិងអ្នកនយោបាយត្រូវរួមគ្នាដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៖ «លោក សម រង្ស៊ី ពេលលោកវិលចូលប្រទេសកម្ពុជាវិញនោះ គឺអត់មានយកអាវុធចូលទេ ចូលដោយដៃទទេកុំយកកងទ័ពសម្លាប់ខ្មែរទៀត សម័យខ្មែរក្រហមសម្លាប់ពលរដ្ឋអស់ជាង ២លាននាក់ហើយ ដូច្នេះបើ ហ៊ុន សែន សម្លាប់ម្តងទៀត ខ្ញុំជឿថា អង្គការសហប្រជាជាតិ ជាពិសេសតុលាការអង្គការសហប្រជាជាតិ គេនឹងមើលឃើញហើយ សូមលោក ហ៊ុន សែន កុំធ្វើរបៀបហ្នឹង»។
ប្រធានសាខាគណបក្សសង្គ្រោះជាតិទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី លោក អ៊ិន ហេមារា ឱ្យដឹងថា ក្នុងពេលទាមទារនោះ ក៏មានការចូលរួមពីតំណាងរាស្ត្រអូស្ត្រាលី៥រូបរួមមានលោក ជូលៀន ហ៊ីល (Julian Hill) លោក ម៉ាក បាត់ល័រ (Mark Butler) និង អ្នកស្រី ឃ្លែ អូណេល(Clare O’Neil) និងថ្លែងសារនយោបាយ ទាក់ទងនឹងប្រទេសកម្ពុជាដែរ។ លោក អ៊ិន ហេមារា ឱ្យដឹងទៀតថា តំណាងរាស្ត្រអូស្ត្រាលីនៃគណបក្សប្រឆាំង លោក ជូលៀន ហ៊ីល ថ្លែងក្នុងពេលនោះដោយជំរុញទៅរដ្ឋាភិបាលអូស្ត្រាលីត្រូវចាត់វិធានការចាំបាច់ និងបន្ទាន់ដើម្បីប្រឆាំងនឹងរបបលោក ហ៊ុន សែន ដែលកំពុងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា៖ «គាត់ (លោក ជូលៀន ហ៊ីល) មិនចង់ឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយអូស្ត្រាលីមិនគួរធ្វើដូចមើលឃើញការរំលោភសិទ្ធិមនុស្សរបស់របបលោក ហ៊ុន សែន មិនមែនទៅថា មិនមែនរបប ហ៊ុន សែន ទេ គឺត្រកូល ហ៊ុន សែន តែម្ដងដែលរំលោភសិទ្ធិមនុស្សហ្នឹងបាទ»។
ស្របពេលដែលពលរដ្ឋខ្មែរតវ៉ា ឱ្យរដ្ឋាភិបាលកម្ពុជា គោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ហ៊ុន សែន បានសរសេរសារលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែតុលានេះ ដោយលើកសរសើរនយោបាយ ឈ្នះ-ឈ្នះ របស់លោកឯណោះទេ ដែលលោកអះអាងថា បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងនាំឱ្យស្រុកមានសុខសន្តិភាពដូចសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិសខេត្តកំពង់ចាមចាប់សកម្មជនបក្សប្រឆាំងម្នាក់ទៀត ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- កម្ពុជានៅតែបើកចំហព្រំដែនតែមិនស្វាគមន៍មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិ៩នាក់
- សាច់ញាតិសង្ឃឹមថា ក្រសួងយុត្តិធម៌នឹងដោះលែងអ្នកជាប់ចោទនយោបាយ ខណៈសម្រេចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
- របបក្រុងភ្នំពេញ ហាមមិនឲ្យសង្គមស៊ីវិលដង្ហែក្បួនរំលឹកខួប កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- ខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មប្រាប់ទៅសហគមន៍អន្តរជាតិថា របបក្រុងភ្នំពេញសព្វថ្ងៃមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ
- អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនសកម្មជនបក្សប្រឆាំង ២នាក់ទៀត នៅខេត្តបាត់ដំបង និងកំពង់ចាម
- សមត្ថកិច្ចខេត្តស្ទឹងត្រែង ព័ទ្ធផ្ទះមេឃុំស្រែគរ លោក សៀក មេគង្គ
- តុលាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតនៅក្នុងខេត្តមណ្ឌលគីរី ពីបទរួមគំនិតក្បត់
- តុលាការរបបក្រុងភ្នំពេញ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ៣នាក់ទៀតនៅខេត្តព្រះសីហនុ
- អង្គការសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងអ្នកទោសនយោបាយទាំងអស់
Send to facebook
ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
*******
មានការស្រែកចេចចាច ជាច្រើន ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូកខាងមុខ ។
សម្រាប់រឿងនេះ អ្នកត្រូវយល់ ពីបញ្ហានេះ ដូចខាងក្រោម ដើម្បីកុំឲ្យមានការប្រព្រឹត្ត
ខុសច្បាប់ទៀត ។ ព្រោះថាគុកមិនមែនជាសណ្ឋាគារ ឬជា ឋានសួគ៏នោះទេ ។
អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ។
ព្រោះថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
ដូចនេះ គ្មានឈ្មោះក្រុមរួមដៃក្បត់ជាតិទេ ។ ជាប់គុកបានបីថ្ងៃចង់ចេញវិញ ឡប់សតិទេដឹង ?
គឺត្រូវជាប់គុកពី៥ ទៅ១០ឆ្នាំ ឯណោះគឺ អាស្រ័យលើកំរឹតធ្ងន់ស្រាល នៃសកម្មភាពផ្សំគំនឹត
ដែលនឹងផ្តល់ទំហំវិនាសកម្មដល់សង្គមជាតិ ធំយ៉ាងណាបើសម្រេចបាននោះ !
យល់ទេ !
តើអ្នកមិនដឹងថាតាមផ្លូវច្បាប់ គេបានប្រកាសថា
សមរង្ស៊ី – កឹមសុខា គឺជាជនក្បត់ជាតិ នឹងបក្សពួករបស់វា ជាជនរួមដៃក្បត់ជាតិទេឬ ?
នៅមិននៅ ទៅជឿជនក្បត់ជាតិ ចូលរួមដៃក្បត់ជាតិ ឲ្យគេវ៉ៃខ្នោះ
ដាក់គុក អញ្ចឹងទៅ អត់យល់ ? ហើយជាប់គុកបីថ្ងៃចង់ចេញពីគុកវិញទៀត ដូចអត់សម ?