ប្រជាពល​រដ្ឋ​ខ្មែរ​កំពុង​ភ័យ​ខ្លាច​អំ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា

ដោយ អូន ភាព
2019-10-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន

ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន

 អាស៊ីសេរី


អ្នក​វិភាគ​នយោបាយសង្គម​ ​និង​អ្នក​វិភាគ​ឯក​រាជ្យបាន​​​លើក​ឡើង​ថា កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ចិន​​​​ ហើយបញ្ហានេះ​​បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​​ភ័យ​ខ្លាច​ ​ដោយសារមានព័ត៌មាននៃ​ការ​បង្កើត​មូល​ដ្ឋានទ័ព​ចិន​ ​​​និង​លំ​ហូរ​ចូល​ជន​ជាតិចិន​ដ៍​ច្រើន​ ​ព្រម​ទាំងការ​​​បំណុលបរិស្ថាន​​ និង​​ការ​វិនិយោគ​​ទុនរបស់ចិនខ្វះតម្លាភាព។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ​ដោយ​បកស្រាយថា ​​គឺ​មូលដ្ឋាន​ទ័ពរបស់​មហា​អំណាច​លោក​ខាង​លិច​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំបន់​អាស៊ី​អាគ្នេយ៍ឯណោះទៅ​វិញទេ ដែលគួរអោយភ័យខ្លាច។

អ្នកវិភាគ​នយោបាយ​បណ្ឌិត​ ឡៅ ម៉ង់​ហៃ មាន​ប្រ​សាសន៍​ថា​ ​វត្ត​មានរបស់​ជន​ជាតិ​ចិនកាន់​តែ​ច្រើនទៅៗ​​ នឹង​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល។ លោកថា​ ​​ការបើកដៃ ​អនុញ្ញាតិ​ឲ្យ​ក្រុម​ហ៊ុនចិន​​រក​ស៊ី​នៅក្នុង​​ប្រទេស​កម្ពុជា​​ គឺ​ជា​គ្រោះ​ថ្នាក់ធំបំ​ផុត​សម្រាប់​​អនា​គត​ប្រជាពល​រដ្ឋ​ខ្មែរ​ ពី​ព្រោះ​ចិន​អាចនឹង​​ត្រួតត្រាកម្លាំង​សេដ្ឋ​កិច្ច​កម្ពុជា​។

បណ្ឌិត​ ឡៅ ម៉ង់​ហៃ បន្តថា ​ក្រុមហ៊ុន​ចិន​ទាំង​តូច​ទាំង​ធំ​កាន់តែ​រីក​ធំ​ទៅៗ ហើយ​​​​ពួកគេ​នឹង​គ្រប់​គ្រង​ធនធាន​ធម្មជាតិរបស់​ខ្មែរ​ ​ព្រម​ទាំង​​តំបន់​សមុទ្រ​ដែល​មាន​ភោគ​ទ្រព្យ​ល្អ ត្រូវ​បាន​អ្នក​វិនិយោគ​ចិន​យក​ទៅត្រួត​ត្រា​​ជា​បណ្តើរៗ​ហើយ៖ «​បើ​សិន​ជា​យើង​បណ្តែត​បណ្តោយ​ឲ្យ​ជនជាតិ​ចិន​ ​ហើយ​អនុញ្ញាតិ​គេ​មក​កម្ពុជា​បន្តិច​ម្តងៗ​ ហើយ​គេ​មាន​វត្ត​មាន​ជន​ជាតិ​គេ​មក​​ដូច​សព្វថ្ងៃ​ គឺ​គេ​មក​កាន់​កាប់​ក្រុម​ហ៊ុន​រួម​ទាំង​ក្រុម​ហ៊ុន​អ​ចលនទ្រព្យ​នោះ​ហើយ​ ​គេចូល​សញ្ជាតិ​អី​ដូច​ជាងាយៗ​ជាង​មុន​ ដូច្នេះ​គេ​អាច​កាន់​លិខិត​ឆ្លង​ដែន​ជា​ជន​ជាតិ​ខ្មែរ​ ខ្មែរ​តែ​ខ្លួន​ ប៉ុន្តែ​ចិត្ត​ថ្លើម​គឺ​គេ​ចិន»របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​សព្វថ្ងៃមានជន​ជាតិ​ចិនរស់​នៅក្នុង​ប្រទេស​កម្ពុជា​​​​រយ:​ពេល​វែង​​​ចំនួន ​២៥ ​ម៉ឺន​នាក់​ ​ក្នុង​នោះ​មាន​ប្រមាណ ​១០ ​ម៉ឺន​នាក់​នៅទី​ក្រុង​ភ្នំពេញ​ ​និង​ជាង​​១១​ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះសី​ហនុ។​​​​​ ក្រៅ​ពី​នេះ​នៅ​ខេត្ត​ស្វាយ​រៀង មាន​ជន​ជាតិ​ចិន​ចំនួន​ជាង​ ២ ម៉ឺន​នាក់​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ជិត ​២ ​ម៉ឺន​នាក់ ​និង​នៅ​ខេត្ត​កណ្តាល​មាន​ជាង​ ​១ម៉ឺន​នាក់។

របាយ​ការណ៍​នេះ​​ក៍បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា​ សព្វថ្ងៃ​មានក្រុម​ហ៊ុន​ចិនជិត​​មួយ​ពាន់​បួន​រយ (១.៤០០) ក្រុម​ហ៊ុន​ ​​បាន​ដាក់​ពាក្យធ្វើការ​វិនិយោគ​​​ជា​មួយ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)  ក្នុង​នោះ​មាន​ប្រមាណ ​​១.​៣០០​​ក្រុម​ហ៊ុន​ ​បាន​វិនិយោគ​ទៅ​លើ​វិស័យ​រោង​ចក្រ​ សហ​គ្រាស ​និងមាន​​​៧០​​​ក្រុម​ហ៊ុន​ វិនិយោគ​ទៅ​លើ​​វិស័យ​កសិកម្ម។

លោក​បណ្ឌិត​ឡៅ​ ម៉ង់​ហៃ​ ​បញ្ជាក់ថា​ ​​ចិន​ធ្លាប់​បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស ខេង ​និង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិលោក​ ទៀបាញ់ ទៅ​ធ្វើ​ទស្ស​នកិច្ច​នៅ​ប្រទេស​ចិន​ជា​រឿយៗ​ ប៉ុន្តែ​លោក​មិន​បាន​ឃើញ​មាន​ការ​អញ្ជើញ​មន្រ្តី​រដ្ឋាភិបាល​ពី​​ក្រសួង​ស៊ី​វិលកម្ពុជា​ ​ដើម្បី​ទៅ​ធ្វើ​ទស្ស​នកិច្ច​នៅ​ប្រទេស​ចិន​​ទេ៖ «ចឹង​គេ​អាច​សន្និដ្ឋាន​ថា​ ​ចិន​មាន​ទំ​នាក់​ទំ​នងជា​មួយ​កង​ទ័ព​ច្រើន​ជាង​ក្រសួង​ឯទៀតៗ»។

ដំណើរទស្សនកិច្ចចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក​ទៀ​ បាញ់​ ទៅជួបមន្ត្រីយោធាជាន់ខ្ពស់​ចិន ថ្ងៃទី ២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ក្នុង​ដំណើរទស្សនកិច្ច ​នេះ​ ​លោក​ទៀ បាញ់​ បាន​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​មួយ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​កម្ពុជា​​ ​​ចិន​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ គឺ​លោក​ ​វី​ ហ្វេង​ហ៊ី (WEI FENG HE)។ ប៉ុន្តែមិនបានបង្ហាញជាសាធារណៈនូវសេចក្តីលំអិតជាក់លាក់នៃកិច្ចព្រមព្រៀងទាំងនោះទេ

ក្នុង​ខណ:​ វិល​ត្រ​ឡប់​ពី​ការ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​នៅរសៀល​​ថ្ងៃពុធ​ទី​២៣ ​ខែ​​តុលា​​នេះ លោក ​ទៀ​ បាញ់​ បាន​ប្រាប់អ្នកសារព័ត៌មានក្នុង​ស្រុក​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំ​ពេញថា​​ រដ្ឋាភិបាលចិន ​នឹង​បន្ដ​ផ្ដល់​ជំនួយ​ឥត​សំណង ដែល​​មាន​​ទឹក​​ប្រាក់​ចំនួន ៦០០លានយ័ន ស្មើនឹងប្រមាណ ៨៤លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ ​​ដើម្បី​ពង្រឹងវិស័យយោធា​។

លោក​ ទៀ​ បាញ់​បានអះអាងថា ប្រាក់ជំនួយឥត​សំណង​របស់​​មហាមិត្តចិន​នេះគឺជាការបញ្ជាក់​អំពី​ការ​ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក​យោធា​រវាង​​កម្ពុជា-ចិន។​លោកបន្ត​ថា ​​ចិនបាន​សន្យា​បន្ត​ផ្តល់​ជំនួយឥតសំណងដល់កម្ពុជា​ ដើម្បី​ពង្រឹង​​វិស័យយោធា ហើយ​​ទឹកប្រាក់ដែល​មាន​ចំនួន ៦០០លានយ័ន ​នេះ​​នឹង​​ប្រើ​ប្រាស់​​សម្រាប់​​យក​មក​ពិភាក្សា និងចាត់ចែងដើម្បីបង្កើននូវសមត្ថភាពវិស័យយោធាកម្ពុជា ដែល​កិច្ចសហប្រតិបត្តិការនេះ​ធ្លាប់​មាន​ជា​ស្រេច​រួច​មក​ហើយ។

​អ្នកវិភាគ​នយោបាយនិងសង្គម លោក គឹម សុខ និយាយថា ​ឥទ្ធិពល​ធំ​ពីរ​របស់​ចិន​ដែលពលរដ្ឋ​ខ្មែរ​កំពុង​ភ័យ​ខ្លាច​បំផុត​នោះ​ គឺ​មូលដ្ឋាន​យោធា​របស់​ចិន​ ​ដែលហាក់នៅតែជា​អាថ៍កំបាំង ​​ហើយមូលដ្ឋាន​ទ័ព​នេះ​ ​​ក៍បាន​ធ្វើ​​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភខ្លាំង​ ​ទៅ​ដល់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ប្រទេស​សេរី​មួយ​ចំនួន​ទៀត​ ​​ក្នុង​នោះ​ក៍​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ​។

លោក​ ​គឹម ​សុខ ​ដែលហ៊ានរិះគន់លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ឥតសំចៃមាត់​​​ បន្តថា​ ចិន​ប្រើប្រាស់​ប្រទេស​កម្ពុជា ​ដើម្បី​បង្កើន​ឋាមពល​គ្រប់​គ្រង​ ​វាទីនិយម​របស់​ខ្លួនក្នុង​តំបន់​​ ហើយ​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ក្នុង​​ប្រទេស​​កម្ពុជា៖ «ខ្ញុំ​គិត​ថា​មាន​ឥទ្ធិពល​ធំ​ពីរ​ដែល​ប្រ​ឈម​ចំពោះ​មុខ​ ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លូក​ដៃ​របស់​ចិន​ ​មក​ក្នុង​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា»។

របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​​ក្នុងកាសែត​ The Wall Street Journal កាលពីថ្ងៃទី ២១ ខែកក្កដាកន្លង​ទៅ​នេះ ​បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលបាននិយាយថា ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ដែល​បាន​អនុញ្ញាតឱ្យចិនចូលទៅបង្កើត​មូលដ្ឋានទ័ពនៅកំពង់ផែរាមនៅជាយ​ក្រុង​​​​ព្រះសីហនុ​ នៅជិតអាកាសយានដ្ឋានដ៏ធំមួយដែលក្រុមហ៊ុនចិនកំពុងសាងសង់​ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​បាន​បដិសេដ្ឋ​ចំ​ពោះ​​ពត៌មាន​នេះ។

លោក​គឹម​ សុខ ​អោយដឹងទៀថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ត្រូវ​ការ​អា​វុធ ត្រូវ​ការ​យោធា​​​ព្រម​ទាំង​ថវិកា​របស់​ចិន​​ដើម្បី​ការ​ពារ​អំណាច​របស់​ខ្លួន។​ លោក​ថា​ ចិន​បាន​បង្ហូរ​លុយ​ចូល​មក​កម្ពុជា​តាម​រយ:​ការ​ផ្តល់​ប្រាក់​កម្ចី ​និង​បញ្ជូន​អ្នក​វិនិ​យោគ​ទុន​ជា​ច្រើន​​​មក​រក​ស៊ី​នៅ​​កម្ពុជា ដើម្បី​ជួយ​រំ​លោះ​សម្ពាធ​ ​ក្នុង​ពេល​ប្រទេសតូចមួយ​នេះ​​កំពុង​ទទួល​ការ​គំ​រាម​កំ​ហែង​​ពី​សហគមន៍​អន្តរជាតិ​ ដូចជា​ករណី​បាត់​បង់​ EBA និង​GSP ​ជា​ដើម៖ «យលុយ​​ងងឹត​មួយ​ចំនួន​ដែល​ហូរ​ចូល​ប្រទេស​កម្ពុជា​ ​លុយ​ងងឹត​ដែល​ហូរ​ចូល​នេះ​ហើយ​ដែល​បង្ក​នូវ​អសន្តិ​សុខ​ធំ​ណាស់​ដល់​ប្រទេស​កម្ពុជា​ ​បង្ក​ចលា​ចល​​សង្គម ហើយ​មាន​ទាំង​គ្រប់​វិស័យ​ទាំង​អស់​ ដូចជា​វិស័យ​ពត៌មាន​វិទ្យា ទាក់​ទង​ទៅ​នឹង​រឿង​រវាង​ប្រទេស​កម្ពុជា​និង​ចិន​ វា​អត់​មាន​តម្លាភាព​ ​ហើយ​រឿង​​​ទាំង​អស់​ហ្នឹង​វា​បង្ក​ភាព​ចលាចល​សង្គម​ ​ការ​មិន​ទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ»។

ចំណែកបណ្ឌិត អៀ សុផល អ្នកវិភាគ​​នយោបាយ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ​​​​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិកថា ចិន​មិន​មែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ។ ចិន​មានឥទ្ធិពលលើប្រទេសនានាដែលអាចបង្កគ្រោះថ្នាក់បាន​ ហើយថា​ ប្រទេស​នេះ​បាន​នាំ​ការ​ត្រួតពិនិត្យ​របស់​ខ្លួន​ចូលមកក្នុងដួងចិត្ត និងផ្ទះរបស់ប្រជាជនកម្ពុជា។

លោក​ថា​សម្រាប់ឥស្សរជនខ្មែរ​ដែលកាន់អំណាចតែង​តែ​​ស្រឡាញ់លុយ និងអំណាចច្រើនជាងសេរីភាព និងប្រជាធិបតេយ្យ។​ លោក​ថា ​ចិនធ្វើបែបនេះព្រោះវាជួយដល់ការព្យាករណ៍ថាមពលសេដ្ឋកិច្ច របស់ចិន។ លោកថា ប្រទេសកម្ពុជាឥឡូវជាទីតាំងរបស់ចិន​ ហើយ​បាន​ផ្តល់សន្តិសុខដល់ប្រទេសចិនទៀតផង។ លោក​បញ្ជាក់ថា​ អាជ្ញា​ធរ​ខ្មែរ​ចេញលិខិតឆ្លងដែនកម្ពុជាដល់បុគ្គលិកយោធាចិន ដើម្បីប្រគល់សិទ្ធិឱ្យពួកគេចូលក្នុងប្រទេសកម្ពុជា និងទទួលបានការហាមឃាត់ពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាលើមូលដ្ឋានបរទេសនៅខាងក្នុងប្រទេសកម្ពុជា។

ការពិតគឺថាចិនគឺជាវិនិយោគិនបរទេសធំជាងគេនៅ​កម្ពុជា។ ចិនបានកាន់កាប់សេដ្ឋ​កិច្ច​នៅ​ក្រុងព្រះសីហនុស្ទើរ​តែ​ទាំង​ស្រុង​​ព្រោះ​ពួក​គេ​​មានសណ្ឋាគារចំនួន ១៥០ ក្នុង​ចំណោម​១៥៦ ភោជនីយដ្ឋាន ៤១៤ ក្នុង​ចំណោម ​៤៣៥ ​កន្លែង​ កាស៊ីណូ ៤៨​ ក្នុង​ចំណោម ៦២ កន្លែង ក្លឹបខារ៉ាអូខេ ៤១ និងហាងម៉ាស្សា ៤៦។

លោក​ថា ក្រុងព្រះសីហនុសព្វ​ថ្ងៃ​បាន​ក្លាយជារបស់ចិន ដោយសារ​មានមូលដ្ឋានកងទ័ពជើងទឹករាមបើទោះ​បី​ជា​រដ្ឋាភិបាល​បដិសេធក៍​ដោយ។​ ចិនក៍មានអាកាសយានដ្ឋាន ដែល​សាង​សង់​ដោយ​ ​ក្រុម​ហ៊ុន​ UDG និងមាន​កំពង់ផែទឹកជ្រៅក្នុងខេត្តកោះកុង។ ទាំងនេះជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដែលចិនធ្វើ​​ជាតំបន់ទេសចរ​។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ​អ្នក​នាំពាក្យ​គណ:បក្ស​ប្រជាជន​កម្ពុជា​​ លោក​ សុខ​ ឥសាន្ត ​​មាន​ប្រ​សាសន៍​ថា ​ការ​លើកឡើង​របស់​​អ្នក​វិភាគ​​ទាំង​នេះ​​​​មាន​ភាព​លម្អៀង​ខាង​នយោបាយ និង​មនោ​គមវិទ្យា​ ហើយ​មិន​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​សភាព​ការណ៍​ពិត​របស់​កម្ពុជា​ទេ។

លោក ​សុខ ​ឥសាន្ត​​ក៍បាន​រិះ​គុណ​កាសែត​បរទេស​និង​ជន​បរទេស​មួយចំនួន​ដែល​បាន​ចោទ​ប្រ​កាន់​មក​លើ​រដ្ឋាភិបាល​របស់​លោក​ថា​​​ មាន​ដាក់​មូលដ្ឋាន​ទ័ព​​ចិន​នៅ​ឆ្នេរ​សមុទ្រ​​កម្ពុជា​ លោក​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ពត៌មាន​នេះ​មិន​ពិត​ទេ​ ព្រោះ​ថ្មីៗ​នេះ​មាន​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ជិត​១០០​នាក់បាន​​ទៅពិនិត្យ​ជាក់​ស្តែង​នៅ​តំបន់​នោះ ប៉ុន្តែ​មិន​បាន​ឃើញ​មូល​ដ្ឋាន​ទ័ព​ចិន​ដូច​ការ​ចោទ​ប្រ​កាន់​ទេ។

ទាក់ទងនឹងការនាំអ្នកកាសែតទៅពិនិត្យមើលតំបន់យោធារាមកន្លងទៅនេះ អ្នកកសែតមួយចំនួនដែលបានចូលទៅមើលទីនោះ អោយដឹងថា ខ្លួនមិនបានអនុញ្ញាតអោយចូលមើលដោយសេរី និងគ្រប់ទីកន្លែងនោះទេ។

ទោះជាយ៉ាងណា លោក​សុខ​ឥសាន្ត អះអាង កម្ពុជាពិតជាគ្មាន និងគ្មានផែនការអោយចិនមានមូនដ្ឋានទ័ពនៅកម្ពុជាទេ៖ «ច្រាន​ចោល​មួយ​រយ​ភាគ​រយ​ហើយ​ ព្រោះ​​វា​អត់​ការ​ពិត​ទេ​​បាទ​ បើគេភ័យ​ខ្លាច​មូលដ្ឋាន​ទ័ព​របស់​សហរដ្ឋអា​មេរិក​នៅ​ពាស​ពេញ​ពិភព​លោក​ គ្រាន់​តែ​នៅ​អាស៊ី​អាគ្នេយ៍​មានប៉ុន្មាន​​កន្លែងហើយ​ យើង​គិត​មើល​ ហើយ​មូលដ្ឋាន​ទ័ព​ចិន​នៅ​អាស៊ី​អាគ្នេយ៍​មាន​ប៉ុន្មាន​កន្លែង​ វាអត់​មាន​ ​ហី​ខ្ញុំ​មិន​និយាយ​វ៉ៃ​ប្រហារ​អាមេរិកទេ​ ក៍​ប៉ុន្តែ​សួរ​មើល​នៅ​ Philippine នៅ​កូរ៉េ​ខាង​ត្បូង​ នៅ​ជប៉ុន​អី​ សួរ​ថា​អាមេរិក​មាន​មូលដ្ឋាន​ទ័ព​ដែរ​ឬ​ទេ​ មក​ព័ទ្ធ​ជុំ​វិញ​ចិន​ សួរ​ថា​ចិន​ដែល​ភ័យ​ខ្លាច​ទេ»។

លោក​បាន​បន្ត​​ថា​អ្នក​ដែល​ភ័យ​ខ្លាច​ចិន​​ ដោយ​សារ​ឃើញ​ចិន​ក្លាយ​ទៅ​ជា​មហា​អំ​ណាច​ ព្រោះប្រជា​ជន​ចិន​ក៍​មាន​ច្រើន​លើស​លប់​គេ​លើពិភព​លោក​ ហើយ​កម្លាំង​សេដ្ឋ​កិច្ច​ចិន​​ក៍​មិន​មែន​ធម្មតា​ដែរ​​។ ​​លោក​ថា​ប្រទេស​ដែល​ភ័យ​ខ្លាច​ចិន​ តែង​តែ​រក​រឿង​ចិន​ទាក់ទងនឹងយោធានិង​ពាណិជ្ជ​កម្ម​។

អ្នក​វិភាគតែង​តែ​​លើក​ឡើងជា​រឿយៗ​​ថា​ ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា​ ​​ដែល​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​៤​ពាន់​៧រយលានដុល្លារ​សហរដ្ឋា​អា​មេរិក​ ហើយ​ប្រាក់​កម្ចី​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជំពាក់​ចិន​វ័ណ្ឌក​ ស្ទើតែ​លក់​ប្រទេស​សង​លុយ​គេ។​ ការ​វិនិយាយ​ទុនរបស់​ចិន​ក៍​ជា​ការ​គំរាម​កំហែង​ដល់​​កម្ពុជា​ផង​ដែរ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន​គ្រប់​គ្រង​សេដ្ឋកិច្ច​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​លោក​ សុខ​ ឥសាន្ត​ មាន​ប្រសាសន៍ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​​ថា​ ​គ្មាន​ការ​គំរាម​កំហែង​ទេ ​ពី​ព្រោះ​រដ្ឋាភិបាល​របស់​លោក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ចំ​ពោះ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ និង​អនា​គត​របស់​ប្រជា​ជន​ខ្មែរ៖ «ខ្ញុំ​ដឹង​ថា​សន្ទុះ​ដែល​អាច​ខ្ចី​បាន​គឺ​មាន​រហូត​ដល់​ ៤១​ ភាគ​រយ​នៃ​ GDP របស់​ប្រទេស​ជាតិ​ ប៉ុន្តែ​បំ​ណុល​បច្ចុប្បន្ន​ជា​បំណុល​អន្តរជាតិ ​ដោយ​កម្ពុជា​ជំពាក់​បរទេស​បច្ចុប្បន្ន​នេះ​គឺ​មាន​តែ ​២០ ​ភាគ​រយ​ ហើយ​ទន្ទឹម​នឹង​នេះ​បណ្តា​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ជឿន​លឿន​នៅ​​ Europe ខាង​កើត​ខ្ចី​គេ​រហូត​ដល់​១០០​ភាគ​រយ​នៃ​GDP ម៉េច​ក៍​អស់​លោក​មិន​មើល​អា​ហ្នឹង​ផង“»

​ប៉ុន្តែ​របាយការណ៍​ដែល​​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​ របស់​ក្រសួង​សេដ្ឋកិច្ចកម្ពុជា គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ខ្ចីបុល​ពី​ម្ចាស់​ឥណទាន​បរទេស​សរុប ​មានតម្លៃ​ដល់​ទៅ​ជិត ១​ម៉ឺន ២​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជិត ១២​ប៊ី​លាន​ដុល្លារ​អាមេរិក​​ ​ស្មើនឹង​ប្រមាណ​ជិត ៤០​ភាគរយ នៃ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ប្រជាពល​រដ្ឋ​ខ្មែរ​កំពុង​ភ័យ​ខ្លាច​អំ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ