ដោយ សុជីវី
2019-10-24
RFA

លោក អ៊ុត ជឿន សមាជិកក្រុមប្រឹក្សាស្រុកជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ នៃស្រុកមោងឫស្សី ខេត្តបាត់ដំបង។

រូប៖ ហ្វេសប៊ុកលោក អ៊ុត ជឿន
ភរិយាសកម្មជនគណបក្សប្រឆាំងនៅស្រុកមោងឫស្សី ព្រួយបារម្ភអំពីសុខភាពរបស់ស្វាមីខ្លាចមានបញ្ហាដល់អាយុជីវិតនៅពេលជាប់ឃុំក្នុងពន្ធនាគារខេត្តបាត់ដំបង។ លោកស្រី អះអាងថា មន្ត្រីពន្ធនាគារខេត្តនេះ មិនឱ្យលោកស្រីចូលសួរសុខទុក្ខស្វាមី ដើម្បីយកថ្នាំទៅឱ្យគាត់ដែលកំពុងមានជំងឺប្រចាំកាយ ហើយត្រូវលេបថ្នាំព្យាបាលឱ្យបានទៀងទាត់ឡើយ។មន្ត្រីអង្គការសង្គមស៊ីវិល ហៅទង្វើរបស់មន្ត្រីពន្ធនាគារនេះថា ជាការអនុវត្តច្បាប់ស្តង់ដារពីរ ដែលខុសពីអ្នកមានលុយ និងមានអំណាចមួយចំនួនមានសិទ្ធិព្យាបាលជំងឺបានដោយសេរី។
ភរិយាសកម្មជនគណបក្សប្រឆាំងស្រុកឫស្សីលោក អ៊ុត ជឿន គឺ អ្នកស្រី សេង រ័ត្នមុន្នី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៣ តុលាថា មន្ត្រីពន្ធនាគារខេត្តបាត់ដំបងរុញដាក់គ្នាពីមួយទៅមួយរឿងសុំចូលយកថ្នាំទៅឱ្យស្វាមីលេបព្យាបាលជំងឺលើសឈាម។លោកស្រីបន្ថែមថា មន្ត្រីពន្ធនាគារលើកហេតុផលថា លោក អ៊ុត ជឿន ទើបតែជាប់ឃុំថ្មីថ្មោងមិនអាចឱ្យសាច់ញាតិចូលសួរសុខទុក្ខបានឡើយ។លោកស្រីហៅវិធានការរបស់មន្ត្រីពន្ធនាគារនេះថា ជាការសម្លាប់ប្ដីលោកស្រីដោយប្រយោល ដោយធ្វើឱ្យគ្រាំគ្រាផ្លូវចិត្តកាន់តែខ្លាំង ពីព្រោះលោកកំពុងតែមានជំងឺប្រចាំកាយនៅក្នុងពន្ធនាគារ ដែលត្រូវការថ្នាំព្យាបាលជាប្រចាំ។ លោកស្រីបន្តថា ប្រសិនបើគ្មានថ្នាំលេបទៀងទាត់ទេស្វាមីរបស់លោកស្រីអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិត៖ «មេគាត់ថាមិនអាចជួបបានទេ បើចង់ជួបឱ្យបងស្រីទៅសុំឱ្យចៅក្រមបញ្ជាក់តិចមកបានគេអនុញ្ញាត។ខ្ញុំឃើញរូបនេះបែបនេះដែលទៅចៅក្រមគាត់ថាមិនមែនតួនាទីរបស់គាត់ ហើយឱ្យខ្ញុំទៅសុំខាងពន្ធនាគារ ហើយទៅដល់ពន្ធនាគារបានរុញដាក់គ្នាទៅវិញទៅមក ក៏ធ្វើឱ្យខ្ញុំពិបាកដែរ។គ្រាន់តែប៉ុណ្ណឹងហេតុអីមិនឱ្យខ្ញុំជួបប្ដីខ្ញុំចាំបាច់រុញពីមួយទៅមួយធ្វើអី»។
លោកស្រីបន្តថា ចាប់តាំងពីប៉ូលិសបញ្ជូនស្វាមីទៅឃុំខ្លួនមក លោកស្រីមិនទាន់បានចូលជួបប្ដីយកថ្នាំទៅឱ្យលេបម្ដងនៅឡើយទេ។
ទាក់ទងនឹងបញ្ហានេះ ប្រធានពន្ធនាគារខេត្តបាត់ដំបង លោក សំអុល ធារិទ្ធ មិនបានអត្ថាធិប្បាយជុំវិញការចោទប្រកាន់របស់ភរិយាបក្សប្រឆាំងនេះទេ ដោយលោកប្រដៅអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទៅវិញថា មិនយល់អំពីច្បាប់របស់កម្ពុជា៖ «បាទបងឯងមកកន្លែងខ្ញុំជាកន្លែងរដ្ឋបាល បើចង់បានព័ត៌មានអីមកកន្លែងខ្ញុំ មិនមែនមកភ្លីភ្លើអីចឹងទេ មានដឹងច្បាប់ដឹងទម្លាប់របស់ប្រទេសអត់?។បាទកន្លែងមានច្បាប់តើ ចង់បានព័ត៌មានមកកន្លែងអ្នកទទួលតើ»។
ផ្ទុយពីការលើកឡើងរបស់ប្រធានពន្ធនាគារនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ប្រទេសប្រជាធិបតេយ្យដែលគោរពច្បាប់ទម្លាប់បានត្រឹមត្រូវនោះ ទោះបីជាអ្នកជាប់ឃុំមានជំងឺ ឬមិនមានជំងឺក៏ដោយ គឺតុលាការ ឬមន្ត្រីពន្ធនាគារ ត្រូវតែអនុញ្ញាតឱ្យសាច់ញាតិបានចូលសួរសុខទុក្ខជនជាប់ឃុំដែរ នៅក្នុងពន្ធនាគាររយៈពេល ២៤ម៉ោង ក្រោយពីប៉ូលិសចាប់ខ្លួនពួកគេ ព្រោះនេះជាសិទ្ធិស្របច្បាប់របស់អ្នកជាប់ឃុំ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចាត់ទុកទង្វើរបស់មន្ត្រីពន្ធនាគារនេះថា ជាការអនុវត្តច្បាប់ស្ដារពីរ ដែលខុសពីឧកញ៉ា និងអ្នកមានលុយមួយចំនួន ដែលជាប់គុកដូចគ្នា ហើយអាចទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅក្រៅពន្ធនាគារបាន។
កន្លងមកអ្នកមានលុយ និងអ្នកមានអំណាចអាចជួលបន្ទប់ទំនើបៗ របស់មន្ទីរពេទ្យធំៗ របស់រដ្ឋសម្រាប់ស្នាក់នៅ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ។ អ្នកទាំងនោះ មានដូចជាលោក គិត ធាង និងលោក ថោង សារ៉ាត់ អតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបាញ់ក្រុមកម្មករឱ្យរបួស ឧកញ៉ា សុខ ប៊ុន ដែលប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ និងឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាពិសេស គឺក្រុមក្មួយៗ របស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសរឿងបាញ់បោះសេរីសុទ្ធតែបានរស់នៅក្រៅពន្ធនាគារ៖ «អីចឹងបើសិនមិនឱ្យមានការជួបទេអីចឹងវារំលោភទៅលើនីតិវិធីច្បាប់ហើយ។ចំណុចទាំងអស់នេះសូមអាជ្ញាធរដែលមានសមត្ថកិច្ចសូមអនុវត្តតាមតួនាទីច្បាប់ឱ្យបានត្រឹមត្រូវបើទោះថាជនហ្នឹងជាសកម្មជននយោបាយដែលមាននិន្នាការផ្ទុយពីខ្លួនក៏ដោយត្រូវអនុវត្តឱ្យបានស្មើៗភាពគ្នា អត់មានអនុវត្តតាមអារម្មណ៍ទៅតាមបទបញ្ជាដោយមិនគោរពច្បាប់អីចឹងទេ»។
ប៉ូលិសខេត្តបាត់ដំបងចាប់ខ្លួនសមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សី ជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិលោក អ៊ុត ជឿន កាលពីរសៀលថ្ងៃទី១៩ តុលា។ តុលាការបានចោទប្រកាន់សកម្មជនបក្សប្រឆាំងរូបនេះពីបទរួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងការកៀរគរប្រជាពលរដ្ឋទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
លោក សឹង សែនករុណាថ្លែងថា ករណីនេះប្រសិនបើជនជាប់ឃុំរូបនេះ មានគ្រោះថ្នាក់ដល់អាយុជីវិត ឬគ្រោះថ្នាក់ដោយប្រកាណាមួយក្នុងពេលជាប់ឃុំ គឺមន្ត្រីតុលាការ និងអ្នកគ្រប់គ្រងពន្ធនាគារខេត្តបាត់ដំបង ត្រូវទទួលខុសត្រូវតាមច្បាប់លើរឿងនេះ ពីព្រោះមិនព្រមព្យាបាលអ្នកជាប់ឃុំតាមការស្នើសុំរបស់សាច់ញាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមការឃ្លាំមើលពីអាជ្ញាធរ
- សកម្មជនបក្សប្រឆាំងមួយចំនួននៅខេត្តបន្ទាយមានជ័យរត់គេចខ្លួនបន្ទាប់ពីប៉ូលិសគំរាមឱ្យសារភាពឈប់គាំទ្រលោក សម រង្ស៊ី វិលចូលស្រុក
- ឯកអគ្គរដ្ឋទូតអាមេរិកថ្មីជួបប្រជុំជាលើកដំបូងជាមួយលោក ហ៊ុន សែន
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- ខ្មែរនៅអូស្ត្រាលីប្រមាណ៣០០នាក់ ធ្វើបាតុកម្មជំរុញឱ្យអន្តរជាតិជួយដោះស្រាយជម្លោះនយោបាយកម្ពុជា
- ប៉ូលិសខេត្តកំពង់ចាមចាប់សកម្មជនបក្សប្រឆាំងម្នាក់ទៀត ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- កម្ពុជានៅតែបើកចំហព្រំដែនតែមិនស្វាគមន៍មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិ៩នាក់
- សាច់ញាតិសង្ឃឹមថា ក្រសួងយុត្តិធម៌នឹងដោះលែងអ្នកជាប់ចោទនយោបាយ ខណៈសម្រេចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
- របបក្រុងភ្នំពេញ ហាមមិនឲ្យសង្គមស៊ីវិលដង្ហែក្បួនរំលឹកខួប កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- ខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មប្រាប់ទៅសហគមន៍អន្តរជាតិថា របបក្រុងភ្នំពេញសព្វថ្ងៃមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ