រដ្ឋាភិបាល​ស៊ីប (Cyprus) បើក​ការ​ស៊ើប​អង្កេត​​ករណី​​លក់​​សញ្ជាតិ​​ឱ្យ​​​បក្ខពួក​​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2019-10-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​ក្រុម​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​អន្តរ​គណៈកម្មការ​របស់​សភា កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២១០៥។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​ក្រុម​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​អន្តរ​គណៈកម្មការ​របស់​សភា កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២១០៥។ Photo: RFA


រដ្ឋាភិបាល​ប្រទេស​ស៊ីប ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា សាយព្រឺស (Cyprus) នឹង​បើក​ការស៊ើប​អង្កេត​​ជា​​ផ្លូវ​ការ​​លើ​​រឿងរ៉ាវ​​ភាព​​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​លិខិត​ឆ្លង​ដែន និង​សញ្ជាតិ​របស់​ប្រទេស​នេះ ក្រោយពី​មាន​សេចក្ដី​រាយការណ៍​នានា​ថា អាជ្ញាធរ​​ខ្លួន​​បាន​​លក់​​សញ្ជាតិ និង​​លិខិត​ឆ្លង​ដែន​​ស៊ីប ឱ្យ​ទៅ​សាច់ញាតិ និង​បក្ខ​ពួក​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​រូបភាព​ជា​ការ​វិនិយោគ។ ការ​ស៊ើបអង្កេត​នេះ អាច​នឹង​ឈាន​ទៅ​រក​ការសម្រេច​ដកហូត​លិខិតឆ្លងដែន និង​សញ្ជាតិ​ប្រទេស​​នេះ ពី​ក្រុម​សាច់ញាតិ និង​បក្ខពួក​របស់​លោក ហ៊ុន សែន មក​វិញ ប្រសិនបើ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីប រក​ឃើញ​ថា ការ​ផ្តល់​សញ្ជាតិ​នេះ ធ្វើឡើង​មិន​ស្រប​តាម​​ច្បាប់​​របស់​​ប្រទេស​​នេះ ហើយ​អាច​មាន​ការប្រព្រឹត្តិ​អំពើពុករលួយ​ក្នុង​ទ្រង់ទ្រាយ​​ធំ​​ណា​មួយ​​នោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ស៊ីប លោក ប្រូដ្រូមូស ប្រូដ្រូមូ (Prodromos Prodromou) ត្រូវ​​បាន​​ភ្នាក់ងារ​សារព័ត៌មាន​​រ៉យទ័រ (Reuters) របស់​​អង់គ្លេស ស្រង់​ប្រសាសន៍​​កាល​ពី​​ថ្ងៃ​​ទី​២៣ តុលាថា រដ្ឋាភិបាល​ខ្លួន នឹង​បើក​ការស៊ើបអង្កេត​មួយ​ទៅលើ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​សញ្ជាតិ និង​លិខិតឆ្លងដែន​ប្រទេស​នេះ​ឱ្យ​ទៅ​ជនជាតិ​បរទេស ដោយ​លោក​មិនបាន​និយាយ​សំដៅ​ជាក់លាក់​ទៅលើ​ករណី​របស់​សាច់ញាតិ និង​បក្ខពួក​លោក ហ៊ុន សែន នោះ​ទេ។ លោក​បន្ត​ថា ប្រសិនបើ​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ ជុំវិញ​ករណី​នេះ ចំណាត់​ការដែល​រដ្ឋាភិបាល​ស៊ីប អាច​នឹង​ធ្វើ​ឡើង​នោះ គឺ​រួមមាន​ការ​ដក​ហូត​សញ្ជាតិ​របស់​ប្រទេស​នេះ​ពី​ពួកគេ​តែម្ដង។

ការប្រកាស​បើក​ការស៊ើបអង្កេត​នេះ កើតមានឡើង​ក្រោយពេល​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​នេះ គឺ​អ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ (Irene Charalambides) កាលពី​សប្ដាហ៍​មុន បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ីប ចេញមុខ​បកស្រាយ​ចំពោះ​បញ្ហា​នេះ​។ កាលពី​ថ្ងៃ​ទី​១៦ តុលា ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ លាតត្រដាង​ឱ្យ​ដឹង​ថា សមាជិក​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានទ្រព្យ​សម្បត្តិ​មហាសាល​តម្កល់​នៅ​ប្រទេស​ស៊ីប ក្នុង​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក ហើយ​ពួកគេ​បាន​ទិញ​សញ្ជាតិ​ប្រទេស​ស៊ីប។ ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ សាច់ញាតិ និង​បក្ខពួក​របស់​លោក ហ៊ុន សែន ទាំងនោះ រួមមាន​ក្មួយ​ស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន គឹមឡេង និង​ស្វាមី​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភរិយា អ្នកស្រី ជឹង សុភាព (ហៅ​យាយ​ភូ) និង​ស្វាមី គឺ​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាម​យក​ដី​នៅ​តំបន់​បឹងកក់។ បុគ្គល​ទាំងនេះ អាច​ចំណាយ​​ទឹកប្រាក់​យ៉ាងហោចណាស់​ចាប់ពី ២​លាន​យូរ៉ូ​ឡើង​ទៅ​ក្នុង​ម្នាក់ៗ ដើម្បី​ទទួល​បាន​សញ្ជាតិ​ប្រទេស​ស៊ីប​នេះ។

តំណាងរាស្ត្រ​ស្ត្រី​ជា​អតីត​អ្នកកាសែត​សញ្ជាតិ​ស៊ីប និង​ជា​តំណាង​ពិសេស​របស់​ប្រទេស​ស៊ី​ប ទទួលបន្ទុក​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ នៃ​អង្គការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ និង​សន្តិសុខ​អឺរ៉ុប ហៅ​កាត់​ថា OSCE អ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ បាន​ហៅ​ករណី​នេះ ជា​រឿង​ចំអក​ឡក​ឡើយ​ដល់​អន្តរជាតិ ដោយ​អ្នកស្រី​ចោទ​ជា​សំណួរ​ថា តើ​លិខិតឆ្លងដែន​ស៊ីប​នេះ អាច​ត្រូវ​បាន​ផ្តល់​ឱ្យ​បុគ្គល​ទាំងនេះ​ដោយ​របៀប​ណា ខណៈ​ពួកគេ​ទាំងនេះ​មិន​ទាំង​អាច​ចង្អុល​នៅ​លើ​ផែនទី ដឹង​ថា ប្រទេស​ស៊ីប​ស្ថិត​នៅ​ត្រង់​កន្លែង​ណា​ផង​នោះ។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម​តប​ពី​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ទិញ​សញ្ជាតិ​ស៊ីប​នេះ​បាន​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ កន្លង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​លើកឡើង​ថា ករណី​មាន​សញ្ជាតិ​បរទេស​នេះ ជា​រឿង​ធម្មតា​ព្រោះ​ច្បាប់​កម្ពុជា​មិន​បាន​ហាមឃាត់​ការ​មាន​សញ្ជាតិ​ពីរ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​ស៊ីប (Cyprus) បើក​ការ​ស៊ើប​អង្កេត​​ករណី​​លក់​​សញ្ជាតិ​​ឱ្យ​​​បក្ខពួក​​លោក ហ៊ុន សែន"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ