ដោយ អាស៊ីសេរី
2019-10-24
អាស៊ីសេរី
ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ នាំគ្នាប្រារព្ធពិធីរំលឹកខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ក្រោមការឃ្លាំមើលពីអាជ្ញាធរ។ ពួកគេអំពាវនាវ ឱ្យរដ្ឋាភិបាលកម្ពុជាគោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យបានល្អ ត្រឹមត្រូវ ព្រោះកិច្ចព្រមព្រៀងនេះ ជាឫសគល់នាំឱ្យកម្ពុជាមានសន្តិភាព ការផ្សះផ្សាជាតិ និងការរីកចម្រើន។
(ជយោ! កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលាឆ្នាំ១៩៩១។ ២៣តុលា នាំមកនូវការរួបរួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ)។
នេះគឺជាសម្រែកក្នុងពិធីរំលឹកខួប២៨ ឆ្នាំនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យថ្មី ស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលមានអ្នកចូលរួមប្រមាណជិត ១ពាន់នាក់ មកពីអង្គការសង្គមស៊ីវិល សហជីព សហគមន៍ដីធ្លី ក្រុមអ្នកវិភាគឯករាជ្យ និងក្រុមយុវជន ព្រមទាំងតំណាងមកពីស្ថានទូតអាមេរិក និងស្ថានទូតសហភាពអឺរ៉ុប។ របបក្រុងភ្នំពេញ ក៏បានពង្រាយកងសន្តិសុខស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានរាប់សិបនាក់ តាមឃ្លាំមើលផងដែរ។
ក្នុងពិធីនេះ អ្នកវិភាគនិងអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ព្រមទាំងមន្ត្រីសង្គមស៊ីវិល បានលើកឡើង អំពីប្រវត្តិ និងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងការអនុវត្តរបស់រដ្ឋាភិបាល នាពេលកន្លងមក។ ចំណែកតំណាងកម្មករ កសិករ និងយុវជន ក៏បានឡើងបញ្ចេញមតិ អំពីស្ថានភាពអាក្រក់ៗ ដែលពួកគេបានជួបប្រទះដូចជាការរំលោភសិទ្ធិដីធ្លី និងសិទ្ធិការងារជាដើម។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសគឺជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត។ កិច្ចព្រមព្រៀងនេះ បាននាំឱ្យកម្ពុជា រៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៣ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សន្តិភាព ការបង្រួបបង្រួមជាតិ គ្មានវត្តមានកងទ័ពបរទេសនៅកម្ពុជា មានអធិបតេយ្យភាព បូរណភាពទឹកដី និងធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ផ្នែកសង្គមនិងសេដ្ឋកិច្ច។ ទោះយ៉ាងណាក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ កត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មិនបានគោរព និងអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យបានល្អនោះទេ ធ្វើឱ្យស្ថានភាពមួយចំនួនវិវត្តន៍ថយក្រោយ ដូចជាបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម៖ «យើងមានដៃគូអភិវឌ្ឍ យើងមានសហគមន៍អន្តរជាតិជួយ ជួយទាំងជំនួយផ្នែកមនុស្សធម៌ ការអភិវឌ្ឍ រហូតដល់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មទៀត ដូចជា រឿងប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប និងGSP របស់អាមេរិក ជាដើម។ គេមិនដេកយល់សប្ដិយប់នេះស្អែកឡើងគេឱ្យទេ គឺគេបានគិតគូរហើយមានការទទួលខុសត្រូវតាម បែបផ្លូវច្បាប់ ជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទន្ទឹមគ្នានេះ យើងមានឱកាសនៅពេលដែលខ្មែរយើងរួបរួមគ្នា អត់រវល់ច្បាំងគ្នា អត់រវល់ចាប់គ្នា អត់រវល់ធ្វើទុក្ខបុកម្នេញគ្នា គឺយើងមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ កសាងសមត្ថភាព និងធ្វើឱ្យជីវភាពរស់នៅរបស់យើងល្អប្រសើរ»។
ថ្ងៃទី២៣ តុលា នេះ ជាគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា របស់ក្រុមចលនាប្រដាប់អាវុធខ្មែរ ៤ក្រុម រួមមានក្រុមចលនាហ៊្វុនស៊ិនប៉ិចរបស់ព្រះបាទនរោត្តម សីហនុ ក្រុមចលនា រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន ក្រុមកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមមេដឹកនាំខ្មែរក្រហម និងរបបរដ្ឋកម្ពុជា របស់លោក ហ៊ុន សែន។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមការសម្របសម្រួលពីសហគមន៍អន្តរជាតិ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថា ក្នុងពិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ អ្នកចូលរួមទាំងសុទ្ធតែបញ្ចេញមតិស្រដៀងៗគ្នា ជំរុញឱ្យរដ្ឋាភិបាល និងអ្នកនយោបាយទាំងអស់ឈប់ឈ្លោះគ្នា ហើយបង្រួបបង្រួមឯកភាពជាតិ នាំមកនូវការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ។ លោកយល់ថា ការបន្តឈ្លោះបែកបាក់គ្នា ក្នុងចំណោមអ្នកនយោបាយខ្មែរ គឺជាការអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយធ្វើប្រជាធិបតេយ្យដើរថយក្រោយ ព្រមទាំងនាំឱ្យកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរផងដែរ៖ «គោលបំណងរួមយើងដាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងត្រូវការសន្តិភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ការប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ក្រុមអង្គការសង្គមស៊ីវិល មិនបានដង្ហែក្បួន តាមការគ្រោងទុកនោះទេ ដោយសារមានបម្រាមពីអាជ្ញាធរ បន្ទាប់ពីកាលពីឆ្នាំ២០១៨ ក្រុមអង្គការសង្គមស៊ីវិល បានខកខានប្រារព្ធពិធីនេះម្ដងហើយដោយសារតែពិបាកសុំច្បាប់ពីអាជ្ញាធរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការដែលអង្គការសង្គមស៊ីវិល ជួបជុំប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺបង្ហាញថា កម្ពុជាមានសិទ្ធិសេរីភាព ហើយកម្ពុជាគ្មានជម្លោះនយោបាយនោះទេ។ លោកអះអាងថា អ្វីដែលកើតឡើងចំពោះ គណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តច្បាប់។ សមាជិកព្រឹទ្ធសភាបក្សកាន់អំណាចរូបនេះ បន្តថា រយៈពេល២៨ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា អនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាន លទ្ធផលផ្លែផ្កាគួរជាទីមោទនភាពបំផុត៖ «រយៈ២៨ឆ្នាំយើងបានសន្តិភាពពេញលេញហើយ ក្រោមម្លប់ដ៏ជាក់របស់ព្រះករុណាព្រះមហាក្សត្រ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដែលបានមកពីស្មារតីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទី២ គឺឯករាជ្យភាពអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ត្រូវបានពង្រឹងថែមទៀត តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបោះបង្គោល ព្រំដែនជាមួយប្រទេសជិតខាង»។
ផ្ទុយពីការលើកឡើងនេះ ក្រុមសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន លើកឡើងថា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន សែន អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានល្អមែននោះ គឺនឹងមិនធ្វើឱ្យខ្មែរបែកបាក់គ្នាជាក្រុមៗ និងរើសអើងគ្នា ព្រមទាំងការរិះគន់ថ្កោលទោសពីសហគមន៍ជាតិ-និងអន្តរជាតិជុំទិស ដូចសព្វថ្ងៃនេះ នោះទេ។ លើសពីនេះទៀត ការបោះបង្គោលព្រំដែនកន្លងមក របបក្រុងភ្នំពេញ បានធ្វើឡើងដោយលាក់លៀមបំផុត ធ្វើឡើងស្រេចតែចិត្តរបស់លោក ហ៊ុន សែន ម្នាក់ឯង គ្មានការឯកភាពយល់ព្រមពីប្រជាពលរដ្ឋម្ចាស់ប្រទេសនោះទេ ខណៈពលរដ្ឋរស់នៅតាមព្រំដែន តែងតែស្រែកទ្រហោយំ ពីរឿងបាត់បង់ដី ដោយសារតែការបោះបង្គោលព្រំដែននេះ។
ក្រុមអ្នកប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកឡើងថា របបក្រុងភ្នំពេញ គួរតែទទួល ស្គាល់ការពិត ហើយស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីតម្កល់ផល ប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជនបក្សប្រឆាំងមួយចំនួននៅខេត្តបន្ទាយមានជ័យរត់គេចខ្លួនបន្ទាប់ពីប៉ូលិសគំរាមឱ្យសារភាពឈប់គាំទ្រលោក សម រង្ស៊ី វិលចូលស្រុក
- ឯកអគ្គរដ្ឋទូតអាមេរិកថ្មីជួបប្រជុំជាលើកដំបូងជាមួយលោក ហ៊ុន សែន
- ភរិយាសកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងថា មន្ត្រីរបបក្រុងភ្នំពេញមិនឱ្យជួបប្ដីកំពុងមានជំងឺក្នុងពន្ធនាគារ
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- ខ្មែរនៅអូស្ត្រាលីប្រមាណ៣០០នាក់ ធ្វើបាតុកម្មជំរុញឱ្យអន្តរជាតិជួយដោះស្រាយជម្លោះនយោបាយកម្ពុជា
- ប៉ូលិសខេត្តកំពង់ចាមចាប់សកម្មជនបក្សប្រឆាំងម្នាក់ទៀត ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- កម្ពុជានៅតែបើកចំហព្រំដែនតែមិនស្វាគមន៍មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិ៩នាក់
- សាច់ញាតិសង្ឃឹមថា ក្រសួងយុត្តិធម៌នឹងដោះលែងអ្នកជាប់ចោទនយោបាយ ខណៈសម្រេចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
- របបក្រុងភ្នំពេញ ហាមមិនឲ្យសង្គមស៊ីវិលដង្ហែក្បួនរំលឹកខួប កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- ខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មប្រាប់ទៅសហគមន៍អន្តរជាតិថា របបក្រុងភ្នំពេញសព្វថ្ងៃមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ