ដោយ មួង ណារ៉េត
2019-10-24
RFA

ជនសង្ស័យជាអតីតមេបញ្ជាការកងនាវាចរណ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក មាស មុត ដែលត្រូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហមដាក់ឲ្យឋិតក្រោមការត្រួតពិនិត្យកំបាំងមុខ កាលពីដើមខែមីនា ឆ្នាំ២០១៥។ Photo courtesy of ECCC
អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នឹងបើកសវនាការរឿងខ្វែងយោបល់គ្នា រវាងចៅក្រមភាគីជាតិ និងចៅក្រមភាគីអន្តរជាតិ ករណីថា តើត្រូវកាត់ទោស ឬមិនត្រូវកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត។
អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នឹងបើកសវនាការស្ដាប់ទឡ្ហីករណ៍ ឬការបង្ហាញសំអាងហេតុ និងសំអាងផ្លូវច្បាប់ ពីភាគីនៅក្នុងសំណុំរឿង ០០៣ ដែលមានលោក មាស មុត ជាជនត្រូវចោទ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម នៅថ្ងៃទី២៤ ខែតុលា បញ្ជាក់ថា សវនាការនេះ នឹងត្រូវធ្វើឡើងចំនួនបីថ្ងៃជាប់ៗគ្នា គឺថ្ងៃទី២៧ ២៨ និង ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយសវនាការធ្វើជាសាធារណៈផង និងអសាធារណៈផង។
ភាគីដែលអង្គបុរេជំនុំជម្រះ នឹងស្ដាប់ទឡ្ហីករណ៍នោះ មានភាគីខាងដើមចោទ គឺសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ ភាគីខាងចុងចោទ គឺសហមេធាវីការពារក្ដីឱ្យលោក មាស មុត និងភាគីតំណាងឱ្យជនរងគ្រោះ គឺសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី។
អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម មានសមាសភាពចៅក្រមជាតិចំនួនបីរូប និងចៅក្រមអន្តរជាតិចំនួនពីររូប។ អង្គជំនុំជម្រះនេះ ដោះស្រាយបណ្ដឹងឧទ្ធរណ៍ ដែលរួមមានសំណើ និង បណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីកា និងសេចក្ដីសម្រេចដែលចេញដោយសហចៅក្រមស៊ើបអង្កេត។
សហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៨ ខ្វែងយោបល់គ្នា រឿងកាត់ទោស ឬមិនកាត់ទោស អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត។ ការខ្វែងយោបល់គ្នានេះ តម្រូវឱ្យខាងចៅក្រមខាងភាគីជាតិ ចេញដីកាដំណោះស្រាយមួយ ចំណែកឯចៅក្រមខាងភាគីអន្តរជាតិ ចេញដីកាដំណោះស្រាយមួយដាច់ដោយឡែក ដោយមានសម្អាងហេតុរៀងៗខ្លួន។
មូលហេតុនៃការខ្វែងយោបល់គ្នា រឿងត្រូវ ឬ មិនត្រូវបញ្ជូនលោក មាស មុត ទៅកាត់ទោសនេះ ខាងសហចៅក្រមស៊ើបអង្កេតជាតិ សម្អាងថា លោក មាស មុត មិនស្ថិតក្នុងយុត្តាធិការបុគ្គលរបស់សាលាក្តីខ្មែរក្រហមនេះទេ។ មានន័យថាលោក មាស មុត មិនមែនស្ថិតក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ ឬក៏ជាជនម្នាក់ដែលទទួលខុសត្រូវបំផុត ចំពោះបទឧក្រិដ្ឋ ដែលកើតឡើងនៅក្នុងសម័យខ្មែរក្រហមនោះឡើយ។
ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ផ្សេងពីនេះ ដោយលើកហេតុផលថាលោក មាស មុត ពិតជាស្ថិតក្នុងយុត្តាធិការបុគ្គលរបស់សាលាក្តីនេះ ដោយសារមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក មាស មុត ស្ថិតក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បន្តថា ភស្តុតាងទាំងនេះ គ្រប់គ្រាន់ដើម្បីចោទប្រកាន់លើលោក មាស មុត និងបញ្ជូនទៅកាត់ទោស ចំពោះបទចោទនៃអំពើប្រល័យពូជសាសន៍ លើជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើមនុស្សឃាតគិតទុកជាមុន យោងតាមច្បាប់កម្ពុជា។
ការខ្វែងយោបល់គ្នានេះ សហចៅក្រមស៊ើបអង្កេតជាតិ សម្រេចយកដីកាលើកលែងការចោទប្រកាន់ ចំពោះលោក មាស មុត។ ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ សម្រេចយកដីកាបញ្ជូនរឿងទៅជំនុំជម្រះ។ ការសម្រេចបញ្ជូនរឿងលោក មាស មុត ទៅជំនុំជម្រះនេះ រងការជំទាស់ពីសហព្រះរាជអាជ្ញាជាតិ និងសហមេធាវីការពារក្ដីឱ្យលោក មាស មុត ដែលបានប្ដឹងឧទ្ធរណ៍ នៅចំពោះមុខអង្គបុរេជំនុំជម្រះនេះ កាលពីខែមេសា ឆ្នាំ២០១៩។
ខាងរបបក្រុងភ្នំពេញឯណោះ ប្រកាន់ជំហរស៊ីសង្វាក់គ្នា ក្នុងការណ៍ដែលមិនចង់ឱ្យសាលាក្តីខ្មែរក្រហមកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមបន្ថែមទៀតនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងសារជាហូរហែ គំរាមបិទសាលាក្តីខ្មែរក្រហមនេះ បើហ៊ានកាត់ក្តីឱ្យលើសពីសំណុំរឿង ០០១ និង ០០២។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏តែងតែបន្ទរតាមសាររបស់លោក ហ៊ុន សែន។ លោកទើបតែប្រកាសជំហររបបនេះជាថ្មីម្ដងទៀត កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ថារឿងកាត់ក្តីនៅសាលាក្តីខ្មែរក្រហម ត្រូវបញ្ចប់ត្រឹមរឿងក្តីលោក នួន ជា និង ខៀវ សំផន៖«មុខសញ្ញាដែលនាំមកកាត់ទោសអត់មានទៀតទេ ពីព្រោះថាការកំណត់ជាគោលនយោបាយ និងគោលការណ៍របស់យើង គឺថាអ្នកដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត មុខសញ្ញាពីរហ្នឹង ឥឡូវនេះបានដំណើរការសព្វគ្រប់ ហើយមិនមានអីទៀតទេ»។
អតីតសហព្រះរាជអាជ្ញាអន្តរជាតិលោក នីកូឡាស់ គូមយាន (Nicholas koumjian) ចាត់ទុកការថ្លែងរបស់លោក ស ខេង ថា ជារឿងមិនសមរម្យទាល់តែសោះ ព្រោះការថ្លែងបែបនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់ដំណើរការក្តីនៅសាលាក្តីនេះ ព្រោះតាមច្បាប់របស់សាលាក្តី គឺមានតែចៅក្រមប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច ថាតើជនណាខ្លះ ដែលត្រូវយកមកផ្ដន្ទាទោស ឬមិនផ្ដន្ទាទោសនោះ។
សាលាក្តីខ្មែរក្រហមនេះ រងការរិះគន់ថា ប្រឡាក់ប្រឡូសទៅដោយ ការជ្រៀតជ្រែកផ្នែកនយោបាយពីរបបលោក ហ៊ុន សែន និងការប្រព្រឹត្តិអំពើពុករលួយ ដោយមន្ត្រីរដ្ឋបាលខាងភាគីជាតិ ក្នុងការកាត់ប្រាក់ខែបុគ្គលិក ជាថ្នូរនឹងការបានបន្តការងារនៅទៅនោះជាដើម។ ប្រការទាំងនេះ ធ្វើឱ្យកេរដំណែលសាលាក្ដីនេះ ប្រឡាក់នូវស្នាមអវិជ្ជមានជាច្រើន។
អតីតប្រធានក្រុមស៊ើបអង្កេត នៃការិយាល័យសហព្រះរាជអាជ្ញា របស់សាលាក្តីខ្មែរក្រហម និងជាអ្នកនិពន្ធសៀវភៅអំពីរឿងរ៉ាវខ្មែរក្រហមលោកបណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) អះអាងថា សាលាក្តីខ្មែរក្រហម រងការជ្រៀតជ្រែកផ្នែកនយោបាយ ពីរបបលោក ហ៊ុន សែន និងកើតមានអំពើពុករលួយជាច្រើន ដែលជាកេរដំណែលអាក្រក់សម្រាប់សាលាក្ដីនេះ។
រហូតមកដល់ពេលនេះ សាលាក្ដីខ្មែរក្រហមបើកដំណើរការកាត់ក្ដីអស់រយៈពេលជាង ១៣ឆ្នាំហើយ និង ចំណាយថវិកាអស់ជាង ៣០០លានដុល្លារអាមេរិក។ ជាលទ្ធផល សាលាក្ដីនេះ បានកាត់ទោសឱ្យអតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ ជាប់ពន្ធនាគារអស់មួយជីវិត។ អតីតមេដឹកនាំជាន់ខ្ពស់ ខ្មែរក្រហមពីររូប គឺលោក ខៀវ សំផន និង នួន ជា ក្នុងសំណុំរឿង ០០២ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។ ដោយឡែក សំណុំរឿង ០០៣ និង ០០៤ ដែលមានជនត្រូវចោទលោក មាស មុត លោក អោ អាន និង លោក យឹម ទិត្យ កំពុងស្ថិតក្នុងភាពចម្រូងចម្រាស និងនីតិវិធីបន្តនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខ្មែរក្រោមស្នើរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យខ្មែរក្រោមឈប់សម្រាកធ្វើបុណ្យសែនដូនតា
- បណ្ដឹងអាជ្ញាលើលោក នួន ជា ត្រូវរម្លត់ក្រោយមរណភាពរបស់គាត់
- ជនជាតិចាមនៅស្វាយឃ្លាំងស្រុកក្រូចឆ្មាប្រតិកម្មខ្លាំងៗ ចំពោះមរណភាព និងពិធីបុណ្យលោក នួន ជា
- សពអតីតមេដឹកនាំខ្មែរក្រហម លោក នួន ជា បូជា ក្នុងទិដ្ឋភាពសោះកក្រោះ
- អ្នកស្រាវជ្រាវថា សាលាក្ដីខ្មែរក្រហមមិនបានផ្ដល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ
- HRW ទាមទាររបបភ្នំពេញឱ្យនាំមេដឹកនាំខ្មែរក្រហមដទៃទៀតមកកាត់ទោស ក្រោយមរណភាពលោក នួន ជា
- ខ្មែរនៅក្រៅប្រទេសថា ការស្លាប់របស់លោក នួន ជា ជាការបាត់ភស្តុតាងដ៏សំខាន់ក្នុងសាលាក្តីខ្មែរក្រហម
- អ្នកស្រាវជ្រាវ៖ ប្រវត្តិសាស្ត្រនៅតែចារទុកថា លោក នួន ជា ជាមេដឹកនាំប្រល័យពូជសាសន៍
- អ្នកស្រាវជ្រាវ៖ ប្រវត្តិសាស្ត្រនៅតែចារទុកថា លោក នួន ជា ជាមេដឹកនាំប្រល័យពូជសាសន៍
- អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់ប៉ៃលិនសម្ដែងការសោកស្ដាយចំពោះការស្លាប់លោក នួន ជា
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ