ដោយ ខែ សុណង
2019-10-25
អាស៊ីសេរី

លោក គង់ ស៊ីវង្ស សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម ត្រូវបានប៉ូលិសចាប់ខ្លួននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

រូប៖ សកម្មជនផ្ដល់ឱ្យ
ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ចាម នៅពេលលោកឆ្លងដែនដល់ទឹកដីថៃនៅរសៀលថ្ងៃទី២៥តុលា។ សមត្ថកិច្ចចោទប្រកាន់សកម្មជនបក្សប្រឆាំងនេះថា ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញនៅពេលខាងមុខ។ សកម្មជនបក្សប្រឆាំងហៅការចាប់នេះថា ជាការធ្វើទុក្ខបុកម្នេញមកលើសកម្មជនដោយអយុត្តិធម៌។
ប៉ូលិសចាប់ខ្លួនសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម គឺលោក គង់ ស៊ីវង្ស នៅក្នុងទឹកដីថៃកន្លែងឆែកឆេរសម្ភារៈប្រមាណ ១០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ សមាជិកយុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម ដែលស្ថិតក្នុងហេតុការណ៍លោក រឹន រដ្ឋ ដែលឃើញការចាប់ខ្លួននោះបានរៀបរាប់ថា សកម្មជនគណបក្សប្រឆាំងមាន៤នាក់ដែលភៀសខ្លួននៅប្រទេសថៃទៅប្រថាប់ត្រាលិខិតឆ្លងដែននៅកម្ពុជា។លោកបញ្ជាក់ថា ពួកគាត់មិនបានចូលទៅដល់ប៉ុស្តិ៍ប៉ូលិសខ្មែរដោយផ្ទាល់ទេ គឺមានមេខ្យល់រត់ការបំពេញបែបបទជំនួស ដោយពួកគេរង់ចាំនៅខាងមុខច្រកព្រំដែនក្នុងដីថៃ។លោកបន្តថា ប៉ូលិសខ្មែរ៨នាក់ស្លៀកពាក់ស៊ីវិលដើរតាមពីក្រោយមេខ្យល់ចូលទៅចាប់លោក គង់ ស៊ីវង្ស រីឯសកម្មជន៣នាក់ផ្សេងទៀតរត់រួចខ្លួន ដោយសារពួកគេដើរជួរមុខ៖ «និយាយរួមទៅគាត់ដើរក្រោយ ហើយប៉ូលិសចាប់ស្មាជាប់តែម្ដង។ ពួកខ្ញុំក្រឡេកឃើញតែមិនហ៊ានស្រែកទេ នាំគ្នានៅស្ងៀមដើរទៅមុខតាមសម្រួល ព្រោះប្រសិនបើស្រែកប៉ូលិសនឹងចាប់ទាំងអស់គ្នា។ចាប់នៅចំណុចប៉ូលិសថៃឆែកកាបូប គឺចូលផុតតង់ទីមួយហើយ ស្រាប់តែវាចូលមកចាប់នៅទីនោះតែម្ដង»។
លោកបន្តថា ប៉ូលិសចាប់ខ្លួនសកម្មជនបក្សប្រឆាំងដោយអយុត្តិធម៌ ពីព្រោះលោក គង់ ស៊ីវង្ស មិនបានប្រព្រឹត្តខុសច្បាប់នោះទេ និងមិនមានកិច្ចសហការជាមួយសមត្ថកិច្ចថៃនោះឡើយ។យុវជនបក្សប្រឆាំងរូបនេះបន្ថែមទៀតថា ប៉ូលិសបានបញ្ជូនលោកគង់ ស៊ីវង្ស ទៅខាងដីខ្មែរភ្លាមៗ ដោយស្ងៀមស្ងាត់។
អាស៊ីសេរីមិនអាចទាក់ទងមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន្តនៅច្រកទ្វារព្រំដែនប៉ោយប៉ែត លោក ខឹម ចិត្រា ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះបានទេនៅថ្ងៃទី២៥តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
អយ្យការអមសាលាដំបូងខេត្តកំពង់ចាមលោកហាក់ ហាន់ បានចោទប្រកាន់សកម្មជនបក្សប្រឆាំង លោក គង់ ស៊ីវង្ស ពីបទសមគំនិតឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា។សកម្មជនបក្សប្រឆាំងរូបនេះ បានរត់គេចខ្លួនទៅប្រទេសថៃប្រមាណ២ខែហើយ បន្ទាប់ពីប៉ូលិសខេត្តកំពង់ចាមឡោមព័ទ្ធផ្ទះរកចាប់លោកកាលពីថ្ងៃទី២១សីហាកន្លងទៅ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ចងសកម្មជនបក្សប្រឆាំងនេះ គឺជាការគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយដល់អ្នកគាំទ្រគណបក្សប្រឆាំង ច្រើនជាងការអនុវត្តច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចអនុវត្តច្បាប់បានត្រឹមត្រូវនោះ សកម្មជនបក្សប្រឆាំងទាំងនោះនឹងរួចផុតពីការចោទប្រកាន់។លោកបន្តថា ការបង្ហោះសាររឿងនយោបាយមិនខុសច្បាប់ឡើយ ពីព្រោះជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកហៅវិធានការរបស់សមត្ថកិច្ចនេះថា ជាការរារាំងប្រជាពលរដ្ឋកុំឱ្យទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៖ «ហើយអ្វីដែលសំខាន់គឺអាជ្ញាធរមិនចង់ឱ្យមានការផ្សព្វផ្សាយការបញ្ចេញមតិណាមួយដើម្បីឱ្យមានការគាំទ្រទៅលើមេដឹកនាំគណបក្សប្រឆាំងវិលចូលស្រុកវិញទេ។អីចឹងហើយឱ្យតែសកម្មជនបក្សប្រឆាំងដែលសកម្មកន្លងមក ដោយមានការបង្ហោះសារគាំទ្រមេដឹកនាំបក្សប្រឆាំងគឺត្រូវការបានធ្វើការចោទប្រកាន់និងចាប់ខ្លួនហើយ»។
គិតត្រឹមរសៀលថ្ងៃទី២៥ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥៥នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំក្នុងខ្លួនពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៦នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ។
មន្ត្រីបក្សប្រឆាំងលោក រឹន រដ្ឋ ថ្លែងថា បើទោះបីជាសមត្ថកិច្ចរបបលោក ហ៊ុន សែន ចាប់ចងមនុស្សតាមទំនើងចិត្តបែបនេះក្ដី ក៏មិនអាចទប់ស្កាត់ពួកគេមិនឱ្យដឹកនាំប្រជាពលរដ្ឋទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញបានដែរ។ ផ្ទុយទៅវិញពួកគាត់កាន់តែមានកំហឹងទ្វេដង ហើយពួកគេរង់ចាំតែថ្ងៃកំណត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញ ដើម្បីនាំគ្នាទៅស្ដារប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សកាន់អំណាចមិនជឿថារដ្ឋាភិបាលថៃ ព្រមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលក្នុងដីថៃទេ
- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងមក ប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ
- ពលរដ្ឋខ្មែរនៅបារាំងគ្រោងធ្វើបាតុកម្មទាមទារឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
- អនុប្រធានបក្សសង្គ្រោះជាតិថា កំពុងចរចាការទូតជាមួយថៃ ដើម្បីយកទីតាំងព្រំដែនដឹកនាំកម្មករវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា
- របបភ្នំពេញបង្ហាញការហ្វឹកហ្វឺនកងកម្លាំងសម្រាប់ត្រៀមបង្ក្រាបដំណើរនិវត្តរបស់មេបក្សប្រឆាំង
- មេដឹកនាំពលរដ្ឋនៅកូរ៉េខាងត្បូងអះអាងថា ពលករជាច្រើននៅទីនេះ យល់ព្រមអមដំណើរលោក សម រង្ស៊ី
- លោក ស ខេង ប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលមេបក្សប្រឆាំង
- សកម្មជនបក្សប្រឆាំងមួយចំនួននៅខេត្តបន្ទាយមានជ័យរត់គេចខ្លួនបន្ទាប់ពីប៉ូលិសគំរាមឱ្យសារភាពឈប់គាំទ្រលោក សម រង្ស៊ី វិលចូលស្រុក
- ឯកអគ្គរដ្ឋទូតអាមេរិកថ្មីជួបប្រជុំជាលើកដំបូងជាមួយលោក ហ៊ុន សែន
- ភរិយាសកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងថា មន្ត្រីរបបក្រុងភ្នំពេញមិនឱ្យជួបប្ដីកំពុងមានជំងឺក្នុងពន្ធនាគារ
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។