កម្ពុជា​ច្រាន​ចោល​ការ​ទាមទារ​របស់​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឲ្យ​ដោះលែង​សកម្មជន​វ័យ​ក្មេង​​ពីរ​នាក់

សិទ្ធិ​មនុស្ស
29 តុលា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​​ប្រតិកម្ម​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​សុំ​ឲ្យ​អាជ្ញាធរ​​ដោះលែង​សកម្មជន​វ័យ​ក្មេង​លោក គង់ រ៉ៃយ៉ា និង​លោក​សួង នាគព័ន្ធ ដោយ​លើកឡើង​ថា​មាន​តែ​តុលាការ​ទេ​ ដែល​អាច​​សម្រេច​ក្ដីក្ដាំ​អ្នក​ទាំង​ពីរ​​បាន។ យុវជន​ទាំង​ពីរ​នេះ ​បាន​​ជាប់ឃុំ​ ដោយ​សារ​ការ​ចូល​រួម​​រំឭក​ការ​បាញ់​សម្លាប់​លោក​កែម ឡី កាល​ពី​ខែ​កក្កដា។ភ្នំពេញ — 

ក្រុម​មន្ត្រីកម្ពុជា​ទទួល​បន្ទុកយុត្តិធម៌ និង​មហាផ្ទៃ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គ្មាន​អន្តរាគមន៍​ណាមួយអាចធ្វើ​ឡើង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​វ័យ​ក្មេង​ លោក គង់ រ៉ៃយ៉ា និង​លោក​ សួង នាគព័ន្ធ ទេ ដែល​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​កាល​ពី​ថ្ងៃ​ច័ន្ទ​របស់​ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​ស្រុក​ចំនួន​ពីរ ឲ្យ​ដោះលែង​យុវជន​ទាំងពីរ​នាក់​នោះ​ «ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ»។

លោក ​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា​ ដែល​ជា​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល មានប្រសាសន៍​ថា​ រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ទៅ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុងរបស់​ស្ថាប័ន​តុលាការ​នោះ​ទេ។ លោក​ថា​មាន​តែ​តុលាការ​ទេ​ ដែល​អាច​ធ្វើ​សុភវិនិច្ឆ័យ​ថា​ យុវជន​ទាំង​ពីរ​នាក់​នោះ​អាច​រួច​ពី​ការ​ចោទ​ប្រកាន់។

«គឺ​មាន​តែ​តុលាការ​ទេ​ ដែល​មាន​សិទ្ធិ​សម្រេច​ ថា​តើ​ត្រូវ​ដោះ​លែង​ ឬ​ក៏​មិន​ដោះ​ ផ្អែក​ទៅតាម​អង្គហេតុ​ អង្គច្បាប់​ ភស្តុតាង​ សក្ខីកម្ម​ និង​នីតិវិធី​ច្បាប់​ ដែល​មាន​ជា​ធរមាន»។

លោក គង់ រ៉ៃយ៉ា និង​ លោក សួង​ នាគព័ន្ធ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​កក្កដា​ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​រង់ចាំ​ការ​ជំនុំជម្រះ​ទោស ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«‍ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍» ក្រោយ​ពី​យុវជន​ទាំង​ពីរ​នាក់ បាន​ចូលរួម​ប្រារព្ធ​ពិធី​រំឭក​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី។

លោក គង់ រ៉ៃយ៉ា អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា​ឆ្នាំ​២០១៩ បន្ទាប់​ពី​លោក​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​ដែល​មាន​រូប​ថត​លោក​ កែម ឡី នៅ​តាម​បណ្ដាញ ​Facebook។

ដោយឡែក​ ​លោក សួង​ នាគព័ន្ធ អាយុ​២៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​ពេល​លោក​ចូល​រួម​ក្នុង​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​មួយ​នៅ​ហាង​ម៉ាត​មួយ​ក្នុង​ស្ថានីយ៍​ប្រេង​សាំង​កាល់​តិច​ (CALTEX) ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​ភ្នំពេញ ដែល​ជា​ទីកន្លែង​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ​ទាំង​កណ្ដាល​ថ្ងៃ​ កាល​ពី​៣​ឆ្នាំ​មុន។

អង្គការ ​Amnesty International ​ដែល​បាន​ហៅ​យុវជន​ទាំង​ពី​រ​នាក់​ថា​ជា​«អ្នក​ទោស​មនសិការ» បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ខ្មែរ ដោះលែង​អ្នក​ទាំង​ពីរ​ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ។

​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) ឬ​ហៅ​កាត់​ថា APHR​ ក៏​បាន​សម្ដែង​ការ​ខកចិត្ត​នឹងតុលាការ​កំពូល​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​បាន​ពន្យារ​ពេល​ប្រកាស​សេចក្ដី​សម្រេច​ចិត្ត​របស់​ខ្លួន​ថា​នឹង​អនុញ្ញាត​ឲ្យ​យុវជន​ គង់ រ៉ៃយ៉ា បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ឬ​យ៉ាង​ណា​ទៅ​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ ដំណាល​គ្នា​នោះ​ អង្គការ​សិទ្ធិ​មនុស្ស​ដដែល​នេះ ក៏​បាន​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន សួង​ នាគព័ន្ធ ផង​ដែរ។​

អ្នកស្រី ​Eva Sundari អតីត​សមាជិក​សភា​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights ) ​ត្រូវ​គេ​ស្រង់​សម្ដី​ក្នុង​ន័យ​ដើម​ថា៖

«ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំងពីរ​គឺ​ជា​រឿង​ឥត​សម​ហេតុ​ផល​ទាល់​តែ​សោះ។ ករណី​របស់​អ្នក​ទាំងពីរ​នេះ​ ស្ដែង​ឲ្យ​ឃើញ​ថា​ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ នរណា​ក៏​ដោយ​ដែលហ៊ាន​តែ​សម្ដែង​ការ​គាំទ្រ​ដល់​អ្នក​រិះគន់​លោក ​ហ៊ុន សែន​ សូម្បី​ការ​គាំទ្រ​ក្នុង​ទម្រង់​មិន​មាន​លក្ខណៈ​គំរាម​កំហែង​ទាល់តែ​សោះ​ឬ​តូចតាច​បំផុត ក៏​នឹង​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ដែរ»។

នាយ​ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ថា​ ការ​អំពាវនាវ​ណាមួយ​ មិន​មាន​ឥទ្ធិពល​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​នោះ​ទេ។

«កម្ពុជា​មាន​ច្បាប់​របស់​ខ្លួន​ដើម្បី​គោរព​ ហើយ​និង​ដើម្បី​ នីតិវិធី​អ្វីៗ​តាម​ផ្លូវ​ច្បាប់​…​អ្នក​ទោស​យើង​ទាំងអស់​ហ្នឹង​ ចាំ​តែ​ដោះលែង​តាម​គាត់​ស្នើ​សុំ​ វា​ទៅ​ជា​លែង​រដ្ឋ​ វា​លែង​ជា​ការ​គ្រប់​គ្រង​រដ្ឋ​ហើយ​ហ្នឹង»។

លោក​ អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យ​តុលាការ​កំពូល​ បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​ទៅ​នឹង​ការ​អំពាវនាវ​របស់​អង្គការ​សិទ្ធិ​ទាំងពីរ​ ដែល​ទាមទារ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ ប្រកាន់​ប្រឆាំង​នឹង​លោក គង់ រ៉ៃយ៉ា និង​លោក​ សួង នាគព័ន្ធ។

អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ បាន​គូស​បញ្ជាក់​បន្ថែម​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ការ​ឃុំខ្លួន​លោក ​គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ​ គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ជា​ប្រព័ន្ធយ៉ាង​ទូលំទូលាយ​ដែល​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មក​លើ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល។

តុលាការ​កំពូល​ប្រទេស​កម្ពុជា​បាន​លើក​ពេល​ប្រកាស​សេចក្ដី​សម្រេច​ថា​តើ​នឹង​អនុញ្ញាត​ឲ្យ​សកម្មជន​វ័យក្មេង​លោក​គង់​ រ៉ៃយ៉ា​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ឬ​អត់​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ខាងមុខ។ ដោយឡែក​ករណី​សុំ​នៅ​ក្រៅ​ឃុំរបស់លោក​ សួង នាគព័ន្ធ​ តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ដដែល៕

What Next?

Recent Articles

One Response to "កម្ពុជា​ច្រាន​ចោល​ការ​ទាមទារ​របស់​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឲ្យ​ដោះលែង​សកម្មជន​វ័យ​ក្មេង​​ពីរ​នាក់"

  1. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ