លោក សម រង្ស៊ី ប្រកាស​សុខ​ចិត្ត​បូជា​ជីវិត និង សេរី​ភាព​របស់​ខ្លួន ​ដើម្បី​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា​

ដោយ វណ្ណ សុគន្ធា
30/10/2019
RFI

media

 លោក សម រង្ស៊ី (@Internet)


ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា លោក​សុខ​ចិត្ត​លះ​បង់​សិទ្ធិ សេរី​ភាព​របស់​លោក ដើម្បី​ប្តូរ​យក​លទ្ធិ​ប្រជា​ធិប​តេយ្យ និង សេរី​ភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​តាម​រយៈ​ការ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា ខាង​មុខ​។ លោក​ប្រកាស​ដូច្នេះ​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​នៅ​យប់​ថ្ងៃ​មិញ​នេះ​។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ថែម​ទាំង​ប្រកាស​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត​ខ្លួន​ឯង​ថែម​ទៀត ដើម្បី​បុព្វ​ហេតុ​ទាំង​អស់​នេះ​។ 

គឺ​នៅ​ក្នុង​វីដេអូ​ឃ្លីប​អំពាវ​នាវ​ថ្មី​មួយ​ទៀត​ដែល​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី២៩ ខែតុលា លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ​ក្នុង​ការ​បូជា​សេរីភាព​របស់​លោក និង ស្ម័គ្រ​ចិត្ត​បូជា​ដល់​អាយុ​ជីវិត​ថែម​ទៀត ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ និង ផ្តល់​សេរី​ភាព​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​។ ជាមួយ​គ្នា​នេះ លោក​អតីត​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​អំពាវ​នាវ​ទៅ​កាន់​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ធានា​ដល់​សន្តិ​ភាព និង សេរី​ភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ផង​ដែរ​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​អះ​អាង​ថា នៅ​កម្ពុជា ពល​រដ្ឋ​មាន​សិទ្ធិ សេរី​ភាព​យ៉ាង​ទូលំ​ទូលាយ​។ មិន​តែ​ប៉ុណ្ណោះ លោក​បាន​ចំអក​ដាក់​លោក សម រង្ស៊ី ថា​ជោគ​វាសនា​នៃ​សេរី​ភាព​របស់​លោក សម រង្ស៊ី នឹង​ក្លាយ​ជា​សេរីភាព​នៅ​ក្នុង​ពន្ធនាគារ​នា​ថ្ងៃទី០៩ វិច្ឆិកា​ខាង​មុខ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត លោកសុខ ឥសាន ថែម​ទាំង​អះ​អាង​ថា លោក សម រង្ស៊ី សុខ​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​រង​ទុក្ខ​វេទនា​ ដើម្បី​ដណ្តើម​យក​អំណាច​មក​ឱ្យ​ខ្លួន​តាម​រយៈ​ផែន​ការ​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា​។

ក៏​ប៉ុន្តែ​សម្រាប់​លោក សម រង្ស៊ី​វិញ លោក​អះ​អាង​ថា ការ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី០៩ វិច្ឆិកា​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ​។ ចុង​ក្រោយ ព្រោះ​លោក​អះ​អាង​ថា សហការី​របស់​លោក​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់ ចាប់​ដាក់​ពន្ធ​នាគារ និង និរទេស​ខ្លួន​ទៅ​បរទេស​។ ដូច្នេះ​ហើយ លោក​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ទេ គឺ​ត្រូវ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​សន្តិ​វិធី និង អហិង្សា ដើម្បី​ស្រោច​ស្រង់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​។

សូម​បញ្ជាក់​ថា ដំបូង​ឡើយ លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ផ្សេង​ទៀត​គ្រោង​ដឹក​នាំ​ពលករ​ខ្មែរ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​ឆ្លង​កាត់​ព្រំ​ដែន​ថៃ​។ ប៉ុន្តែ គម្រោង​នេះ​ហាក់​មិន​ច្បាស់​លាស់​ទៅ​វិញ បន្ទាប់​ពី​លោក​ស្រី មួរ សុខហួរ ដែល​ជា​អនុ​ប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​របស់​គេ​។ ចំណែក លោក សម រង្ស៊ី​វិញ ក៏​មិន​បញ្ជាក់​លម្អិត​ពី​ផែន​ការ​ចូល​ស្រុក​វិញ​នេះ​ផង​ដែរ​។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​កាល​ពី​យប់​ថ្ងៃ​អង្គារ លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា នឹង​បង្ហាញ​ពី​ផែន​ការ​ចូល​ស្រុក​លម្អិត​នៅ​ថ្ងៃទី០៦ វិច្ឆិកា ពោល គឺ​៣ថ្ងៃ មុន​ថ្ងៃ​កំណត់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​៕

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ប្រកាស​សុខ​ចិត្ត​បូជា​ជីវិត និង សេរី​ភាព​របស់​ខ្លួន ​ដើម្បី​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា​"

  1. so socheath says:

    ហាស! ហាស
    សូម្បីតែឆ្កែ ក៏វាអត់ជឿអ្ហែងដែរ អាក្បត់ជាតិសមរង្ស៊ី !
    អ្នកជឿអ្ហែង មានតែពួកអាថោកជាងឆ្កែតែប៉ុណ្ណោះ !

  2. Anonymous says:

    WELL.. the dog can not believe any one because they didn’t have enough brain . the only smart people can believe who was KBOTH CHEATH and who was not. HAS… if those what we call AH LNGOUNG come to lead the country soon it will be no Cambodian live in their home land . all AH CHESS group are take over the king SIHA MONY now is no match HUN SEN . this is what we said SDACH PEAL