លោក កឹម សុខា ប្រើសិទ្ធិធ្វើដំណើរក្នុងប្រទេស ផ្ដល់ឲ្យដោយតុលាការកាន់តែញឹកញាប់

កម្ពុជា-នយោបាយ
19/07/2020 – 08:20
ដោយ៖ វ៉ា សំណព្វ
RFI

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅធ្វើពិធីសាសនានៅក្នុងតំបន់ អង្គរ ខេត្តសៀមរាប កាលពីថ្ងៃសៅរិ៍។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅធ្វើពិធីសាសនានៅក្នុងតំបន់ អង្គរ ខេត្តសៀមរាប កាលពីថ្ងៃសៅរិ៍។ © FB

ប្រធាន​អតីត​គណបក្ស​ប្រឆាំង​លោក កឹម សុខា បានបង្ហាញមុខ​ជាសាធារណៈ​ជាលើកទីពីរ​នៅក្នុង​ខេត្តសៀមរាប កាលពីថ្ងៃសៅរិ៍ ​ដោយមាន​មនុស្សម្នា​ជាច្រើន​បានអមដំណើរ​ជាមួយផង​។ ​លោក កឹម សុខា ​ត្រូវបានតុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទឃុបឃិត​ជាមួយរដ្ឋបរទេស ​និងដាក់​អោយស្ថិត​នៅក្រោមការ​ឃ្លាំមើល​របស់តុលាការ​កម្ពុជា​។

នៅក្នុងការបង្ហាញមុខជាសាធារណៈជាលើកទីពីរនេះ លោក កឹម សុខា ប្រធាន​អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា លោកបានទៅ​ធ្វើពិធីសាសនានៅតាមបូជនីយដ្ឋានមួយចំនួន ពិសេសនៅក្នុងតំបន់ អង្គរ ខេត្តសៀមរាប។ ក្រៅពីនេះ លោក កឹម សុខា ក៏បានទស្សនាប្រាសាទអង្គរ និងបានជួបសំណេះសំណាល​ជាមួយ​ភ្ញៀវ​ទេសចរណ៍ ​អាជីវករ ​និង​ឆ្មាំប្រាសាទ​​ផងដែរ​។ ដោយឡែក កាលពីថ្ងៃសុក្រលោក កឹម សុខា និងសហការី​ ក៏បានទៅធ្វើពិធីបន់ស្រន់នៅចំពោះមុខរូបសំណាកអ្នកតាឃ្លាំង​មឿង ​ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ផងដែរ។

លោក ​ផែង ហេង មេធាវីម្នាក់ក្នុងចំណោម៤នាក់ដែលការពារក្តីអោយលោក កឹម សុខា បានអោយដឹងថា នៅក្នុងការបង្ហាញមុខជាសាធារណៈជាលើកទីពីររបស់លោក កឹម សុខា នេះ គឺភាគច្រើនលោក កឹម សុខា បានទៅបន់ស្រន់ ឬ ធ្វើពិធីសាសនា នៅតាមទីកន្លែងអបីយជំនឿមួយចំនួន ដែលប្រជាពលរដ្ឋខ្មែរទូទៅបានគោរពបូជា។ បន្ថែមលើនេះ លោកមេធាវីបានចេញមកការពារចំពោះសកម្មភាពរបស់លោក កឹម សុខា ទល់នឹងមតិរិះគន់មួយចំនួនថា សកម្មភាពរបស់លោក កឹម សុខា ពេលនេះ គឺមិនខុសពីបំរាមរបស់​តុលាការកម្ពុជានោះឡើយ។

គួរកត់​សំគាល់ថា នេះគឺជាការបង្ហាញមុខជាសាធារណៈជាលើកទីពីររបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែត្រូវដាក់អោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការកម្ពុជា​។ តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ចុង​ឆ្នាំ​២០១៩ បានសម្រេច​អោយ​លោក កឹម សុខា ​អាចមាន​សិទ្ធិ​ដើរហើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅគ្រប់ទីកន្លែង ប៉ុន្តែ​ហាម​​មិនអោយ​ធ្វើ​សកម្មភាព​នយោបាយ ឬចាកចេញពីប្រទេស​កម្ពុជា​បាន​ឡើយ។ ការបង្ហាញមុខជាសាធារណៈរបស់លោក កឹម សុខា ជាលើកទីពីរនេះ គឺស្រប​ពេលដែលមិនមាន​​សវនាការ​ជម្រះ​ក្តីរបស់លោក កឹម សុខា ​ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ និង​ក្រោយពេល​មានការ​បង្ហោះ​ខ្សែអាត់​សំឡេង​ចាស់ដែល​គេ​សង្ស័យ​ថា ជា​សំឡេងរបស់​លោក កឹម សុខា និង​​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​មុខជា​សាធារណៈ​ជា​លើ​ដំបូង​នៅ​ឯ​ចម្ការ របស់​លោក​ ស្ថិតនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពីដើមខែកក្កដានេះ។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរកម្ពុជា​ចាប់ខ្លួននៅរំលងអាធ្រាត្រថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០១៧ ក្រោមការ​ចោទ​ប្រកាន់ពីបទក្បត់ជាតិ ឬ ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែលោកបានបដិសេធ។ គិតត្រឹមថ្ងៃទី ១៩ កក្កដា នេះ គឺ​មានរយៈពេលជាង៣ឆ្នាំមកហើយ ខណៈដែលក្រុមមេធាវីការពារក្តីលោក កឹម សុខា បានទទូចអោយតុលាការកម្ពុជា ពន្លឿននីតិវិធីកាត់ទោសលោក កឹម សុខា អោយបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្លួន៕

What Next?

Recent Articles

2 Responses to "លោក កឹម សុខា ប្រើសិទ្ធិធ្វើដំណើរក្នុងប្រទេស ផ្ដល់ឲ្យដោយតុលាការកាន់តែញឹកញាប់"

  1. Sosocheath says:

    ទេ! អត់មានអ្នកណាឃាត់ អាក្តឆ្កែកឹមសុខា
    មិនឲ្យដេីរចេញពីផ្ទះទេ ។
    គេហាម មិនឲ្យមានការជួបជុំធ្វេីនយោបាយ
    ហាមចេញក្រៅប្រទេស តុលាការកោះហៅ
    ត្រូវបោលក្បាលចូលសវនាការភ្លាម អីតេី!
    កុំយកអារឿងអត់បានការមកនិយាយអត់
    ប្រយោជន៍។
    តែកុំភ្លេចថា រសល់សកម្មភាពអាក្តឆ្កែ
    កឹមសុខា ត្រូវបានតុលាការធ្វេីការត្រួត
    ពិនិត្យយ៉ាងល្អិតល្អន់ ។
    កុំឲ្យខុសឆ្គងឲ្យសោះ !
    តែគុកម្តងទៀត លែងមានពេលចេញមក
    វិញហេីយ អាប៉ាភ្លេី !

  2. Anonymous says:

    Veitcong germ so socheat is the rude dog in cambodia ‘ why don’t you use polite words ??