ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២០ កក្កដា ២០២០ | ម៉ោង ១៣:១៥
VOD

កម្មករ-កម្មការិនី ដែលទើបត្រលប់មកពីស្រុកក្រោយចូលឆ្នាំខ្មែរ ធ្វើតេស្ត និងអនុវត្តវិធានការចត្តាឡីស័ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
រដ្ឋាភិបាលកម្ពុជាបានប្រកាសសិក្សាស្រាវជ្រាវអំពីស្ថានភាពរស់នៅ និងផលប៉ះពាល់របស់កម្មករដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
កាលពីថ្ងៃទី១៧ ខែកក្កដាសប្ដាហ៍មុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាស និងកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង រួមទាំងអាជ្ញាធរពាក់ព័ន្ធថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពជីវភាពរស់នៅ និងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ទៅលើកម្មករនៅឆ្នាំ២០២០។
ក្រសួងបញ្ជាក់ទៀតថា ក្រុមមន្ត្រីរបស់ក្រសួងនឹងចុះសង្កេតសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី១៧ ខែកក្តដា ដល់ថ្ងៃទី៣១ ខែកក្កដា ដោយអះអាងថា នឹងអនុវត្តទៅលើគំរូសំណាកកម្មករដែលត្រូវបានជ្រើសរើសដោយចៃដន្យនៅតាមបណ្តារាជធានីខេត្ត។
ការប្រកាសសិក្សាស្រាវជ្រាវរបស់ក្រសួងនេះ ធ្វើឡើងក្រោយពីសង្គមស៊ីវិលមួយក្រុមបានចេញរបាយការណ៍ស្ទង់មតិមួយអំពីស្ថានភាពបំណុលក្នុងចំណោមកម្មករកាត់ដេរនៅកម្ពុជា ដែលអង្គការទាំងនោះចាត់ទុកថា បានជំរុញឱ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាអំឡុងវិបត្តិសុខភាពសកល ប៉ុន្តែ របាយការណ៍នេះត្រូវបានច្រានចោលដោយវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។
ក្នុងរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលកាលពីចុងខែមិថុនា និយាយថា ភាគច្រើននៅក្នុងចំណោមកម្មករជាង ១០០នាក់ដែលទទួលកម្ចីខ្នាតតូចពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាននិយាយថា ពួកគេបានកាត់បន្ថយការបរិភោគ ឬបានខ្ចីប្រាក់ពីប្រភពផ្សេងទៀត ដើម្បីសងបំណុលចាស់។
របាយការណ៍ដដែលនេះ រកឃើញទៀតថា ក្នុងចំណោមកម្មករ-កម្មការិនី ១០៦នាក់ ដែលជាប់កម្ចីខ្នាតតូចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្មករ-កម្មការិនី ១៦នាក់ បានលក់ដីដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុរបស់ខ្លួន ខណៈកម្មករ ៣២នាក់ផ្សេងទៀត បាននិយាយថា ពួកគេមានគម្រោងលក់ដីនាពេលអនាគត។
ជិត ៨០ភាគរយ នៃកម្ចីមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានដាក់ប្លង់ដីបញ្ចាំ នេះជាការអនុវត្តទូទៅខាងហិរញ្ញវត្ថុ ដែលក្រុមសង្គមស៊ីវិលអះអាងថា បានធ្វើឱ្យកូនបំណុលប្រឈមនឹងហានិភ័យបាត់បង់ដីធ្លី និងជីវភាពរស់នៅរបស់ពួកគេ ព្រមទាំងអាចបង្កើតឱ្យមានការរំលោភសិទ្ធិមនុស្សផ្សេងៗ រួមទាំងការជួញដូរមនុស្ស និងពលកម្មកុមារផងដែរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុករបាយការណ៍របស់អង្គការសង្គមស៊ីវិលនេះថា នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។
សមាគមមួយនេះបានលើកឡើងថា បច្ចុប្បន្ន កម្ពុជាជួបវិបត្តិកូវីដ១៩ គឺសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានយកចិត្តទុកដាក់ជួយសម្រួលឱ្យកូនបំណុលប្រមាណ ២២ម៉ឺននាក់ រៀបចំកម្ចីឡើងវិញ ដោយអ្នកខ្លះស្នើសុំផ្អាកការសងបំណុលពីបីខែទៅប្រាំមួយខែ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
OH…you just learn??????????????????