លោក ហ៊ុន សែន ណែនាំ​ពលរដ្ឋ​ខ្មែរ និង​បរទេស​ដែល​ចូល​កម្ពុជា អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល

ដោយ ទីន ហ្សាការីយ៉ា
2020-07-20
RFA

ម៉ាស៊ីន​ស្គែនកម្ដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​យន្តហោះ​ ដែល​ក្រសួង​សុខាភិបាល​ដាក់​ដើម្បី​តាម​ដាន​ការ​ឆ្លង​មេរោគ​ កូរ៉ូណា​វីរុស។

ម៉ាស៊ីន​ស្គែនកម្ដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​យន្តហោះ​ ដែល​ក្រសួង​សុខាភិបាល​ដាក់​ដើម្បី​តាម​ដាន​ការ​ឆ្លង​មេរោគ​ កូរ៉ូណា​វីរុស។

 រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បង្ហោះ​សារ​ណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្ពុជា ត្រូវ​អនុវត្ត​វិធានការ​ថែទាំ​សុខភាព​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល ឱ្យ​បាន​ខ្ជាប់ខ្ជួន ដូចជា​ត្រូវ​ពិនិត្យ​សុខភាព និង​ត្រូវ​រស់នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ដើម្បី​សុខភាព​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​កាំង​ម្នាក់ ឈ្មោះ រ៉ូស វីរ៉ា បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡឺស័ក​មួយ នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​សមត្ថកិច្ច​ស្វែង​រក​ឃើញ នៅ​ក្នុង​ផ្ទះសំណាក់​មួយ ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កក្កដា និង​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​​ចត្តាឡឺស័ក​ក្នុង​សណ្ឋាគារ​នោះ​បន្ត​ទៀត ក្រោយ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​ជា​លើក​ទី​២ តែ​អវិជ្ជមាន​។ ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកកាំង​រូប​នេះ បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា បាន​ធ្វើ​ដំណើរ​ក្នុង​យន្តហោះ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​ស្ថានទូត​អាមេរិក​ពីរ​រូប ដែល​រក​ឃើញ​មាន​ជំងឺ​កូវីដ​-១៩ កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ថា អ្នកជំងឺ​កូវីដ​-១៩​ថ្មី បីនាក់​បន្ថែម​ទៀត បានជា​សះស្បើយ និង​ពុំ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នោះ​ទេ​។ អ្នកជា​សះស្បើយ​ទាំង​៣​នាក់​នេះ ជា​បុរស​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ហើយ​មាន​ទីលំនៅ នៅ​ខេត្ត​តាកែវ ២​នាក់ និង​នៅ​រាជធានី​ភ្នំពេញ​ម្នាក់។

គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​កក្កដា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង​ប្រទេស សរុប​ចំនួន ១៧១​នាក់​ហើយ ក្នុង​នោះ ១៣៦​នាក់ បានជា​សះស្បើយ និង​កំពុង​សម្រាក​ព្យាបាល ចំនួន​៣៥​នាក់។

ក្រសួង​សុខាភិបាល​នៅតែ​អំពាវនាវ​ដល់​ពលរដ្ឋ ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ថែរក្សា​សុខភាព អនាម័យ​ដៃ​ឱ្យ​បាន​ស្អាត ត្រូវ​មាន​អាល់កុល ឬ​ជែល​លាងដៃ​ជាប់​ខ្លួន អនុវត្ត​គម្លាត​សុវត្ថិភាព​បុគ្គល គម្លាត​សុវត្ថិភាព​សង្គម និង​មិន​ត្រូវ​ធ្វេសប្រហែស មើលស្រាល​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ណែនាំ​ពលរដ្ឋ​ខ្មែរ និង​បរទេស​ដែល​ចូល​កម្ពុជា អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល"

  1. Anonymous says:

    why …. why … so worry at first you are the Covid19 master right. are you quitting ?? YES you are the same as me I scare the tiger but I do not scare papers tiger at all