តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា |២០ កក្កដា ២០២០ | ម៉ោង ១៧:៣៨
VOD

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)
មន្ត្រីអង្គការសង្គមស៊ីវិល មើលឃើញថា ការតែងតាំងមន្ត្រីជាន់ខ្ពស់សាលាឧទ្ធរណ៍តំបន់ ការផ្ទេរ និងការតែងតាំងប្រធាន អនុប្រធាន ចៅក្រមសាលាដំបូងរាជធានី-ខេត្ត ជាផ្នែកមួយនៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ប៉ុន្តែ ពួកគេក៏ជំរុញឱ្យរដ្ឋាភិបាលពង្រឹងឯករាជ្យភាពប្រព័ន្ធតុលាការ ធានាយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប ដើម្បីបញ្ចៀសការរិះគន់លើវិស័យមួយនេះបន្តទៀត។
ការលើកឡើងនេះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី១៨ ខែកក្កដា ចេញព្រះរាជក្រឹត្យតែងតាំងប្រធានសាលាឧទ្ធរណ៍តំបន់ ការផ្ទេរ និងការតែងតាំងប្រធាន អនុប្រធាន ចៅក្រម ព្រះរាជអាជ្ញាសាលាដំបូងរាជធានី-ខេត្ត រួមទាំងការតែងតាំងអគ្គព្រះរាជអាជ្ញាមួយចំនួនកាលពីចុងសប្តាហ៍មុន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការផ្លាស់ប្តូរ និងតែងតាំងមន្ត្រីតុលាការមួយចំនួននេះ អាចជាកំណែទម្រង់មួយដើម្បីឆ្លើយតបទៅនឹងនីតិវិធីពន្លឿនសំណុំរឿងដែលកកស្ទះកន្លងមក ហើយនេះជារឿងល្អមួយ ប៉ុន្តែ លោកចង់ឃើញកំណែទម្រង់មួយដែលរុញច្រានប្រព័ន្ធតុលាការឱ្យឯករាជ្យ លុបបំបាត់អំពើពុករលួយ និងកសាងជំនឿចិត្តពីសាធារណជនឡើងវិញ។
លោក ស៊ឹង សែនករុណា បន្តថា៖ «កំណែទម្រង់ដែលយើងចង់ឃើញមួយសំខាន់នោះ គឺកំណែទម្រង់ឱ្យតុលាការឆ្ពោះទៅមានភាពឯករាជ្យ និងការបញ្ឈប់នូវអំពើពុករលួយដែលមានការរិះគន់ពីសាធារណជនជាតិ និងអន្តរជាតិ ដែលគេតែងតែចេញរបាយការណ៍មកដែលមានការរិះគន់លើប្រព័ន្ធយុត្តិធម៌របស់យើងដែលស្ថិតនៅក្នុងបាតដាលអីហ្នឹង ទាំងអស់ហ្នឹងជាផ្នែកមួយសំខាន់។ រឿងមួយទៀតគឺការស្តារនូវជំនឿចិត្តរបស់សាធារណជនមកវិញទៅលើប្រព័ន្ធយុត្តិធម៌យើង»។
ស្រដៀងគ្នានេះ នាយករងអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការតែងតាំងចៅក្រម ព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញាជាដើមនោះ ជាការជំរុញនីតិវិធីនៅតុលាការបន្ថែមទៀត ដោយថាជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ប៉ុន្តែនៅមិនទាន់អាចធានានូវយុត្តិធម៌ពេញលេញដល់ពលរដ្ឋឡើយ ប្រសិនបើតុលាការនៅមិនទាន់ឯករាជ្យ។
លោក អំ សំអាត បន្ថែមថា៖ «កន្លងមក ថ្នាក់ដឹកនាំធ្លាប់លើកឡើងថា ភាពអយុត្តិធម៌នៅក្នុងសង្គមនាំឱ្យបែកបាក់សាមគ្គីជាតិ។ អានេះជារឿងសំខាន់ណាស់ បើតុលាការឯករាជ្យ មានជំនឿទុកចិត្ត អាហ្នឹងក៏ផ្តល់នូវជំនឿទុកចិត្តសម្រាប់វិនិយោគនៅកម្ពុជាផងដែរ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃចន្ទនេះថា ជាគោលការណ៍ ការផ្លាស់ប្តូរ ឬផ្ទេរ និងតែងតាំងមន្ត្រី ជារឿងធម្មតានៃការគ្រប់គ្រងស្ថាប័ន ឬដើម្បីធានានូវនិរន្តរភាព និងប្រសិទ្ធភាពនៃស្ថាប័ននោះ។ រីឯកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា លោកថា ក្រសួងនៅតែមានផែនការ និងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពវិស័យយុត្តិធម៌បន្ថែមទៀត។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «កម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺយើង[ក្រសួងយុត្តិធម៌]មានផែនការ មានយុទ្ធសាស្ត្រ មានទិសដៅរបស់យើងរយៈពេលខ្លី រយៈពេលវែងទៅមុខទៀតក្នុងការបង្កើនប្រសិទ្ធភាព ក៏ដូចជាគុណភាពសេវាយុត្តិធម៌ បង្កើនប្រសិទ្ធភាពស្ថាប័នយុត្តិធម៌ ក៏ដូចជាអំណាចឯករាជ្យភាពរបស់តុលាការហ្នឹង គឺយើងមានផែនការជាមួយយុទ្ធសាស្រ្តច្បាស់លាស់របស់យើងទៅមុខទៀត ទាំងរយៈពេលខ្លី និងរយៈពេលវែង»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ឱ្យដឹងទៀតថា ការផ្លាស់ប្តូរចៅក្រមពីកន្លែងមួយទៅកន្លែងមួយ ត្រូវធ្វើឡើង ៤ឆ្នាំម្តង ប៉ុន្តែ គោលការណ៍នេះក៏អាចអនុវត្តមុន ឬក្រោយបានដែរ អាស្រ័យលើស្ថានភាពចាំបាច់។
ដោយឡែកការផ្លាស់ប្តូរប្រធាន អនុប្រធានតុលាការ ព្រះរាជអាជ្ញា លោកថា អាចធ្វើទៅបានក្នុងស្ថានភាពចាំបាច់ ដើម្បីបង្កើននូវប្រសិទ្ធភាពស្ថាប័ន ហើយការតែងតាំង ឬផ្ទេរមុខតំណែងនោះទៀតសោត អាស្រ័យលើលក្ខខណ្ឌកំណត់ គុណសម្បត្តិបុគ្គល និងស្របតាមគោលការណ៍ច្បាប់ផងដែរ។
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ស្តីពីនីតិរដ្ឋនៅកម្ពុជា ឆ្នាំ២០២០ ដែលចេញផ្សាយកាលពីខែកុមុ្ភៈ បានផ្តល់ពិន្ទុឱ្យកម្ពុជាជាប់លេខ ១២៧ ក្នុងចំណោម ១២៨ប្រទេសនៅជុំវិញពិភពលោក ដោយចំណាត់ថ្នាក់នេះបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាអាក្រក់បំផុតនៅក្នុងពិភពលោក ពោលគឺល្អជាងប្រទេសវេណេហ្សុយអេឡាតែមួយប៉ុណ្ណោះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
wait till the pig can fly