បរិស្ថាន
24 សីហា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

ភ្នំពេញ — ថ្នាក់ដឹកនាំប្រទេសចិន នៅថ្ងៃច័ន្ទនេះបានសន្យាថា ប្រទេសចិននឹងផ្តល់ទិន្នន័យពេញមួយឆ្នាំទៅប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គទាក់ទងនឹងជលសាស្រ្តដើម្បីអាចយកមកវិភាគ ខណៈប្រទេសនៅផ្នែកខាងក្រោមទន្លេមេគង្គ រួមមានកម្ពុជាកំពុងប្រឈមកង្វះទឹក។
ទន្លេមេគង្គហូរកាត់ប្រទេស៦ រួមមានចិន និងមីយ៉ាន់ម៉ា ដែលស្ថិតនៅផ្នែកខាងលើ និងប្រទេសជាសមាជិកអាស៊ានចំនួន៤ទៀតគឺប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម។
នៅក្នុងកិច្ចប្រជុំទន្លេមេគង្គឡានឆាងលើកទី៣ជាមួយប្រទេសចិន ក្រោមមូលបទ«ពង្រឹងភាពជាដៃគូដើម្បីវិបុលភាពរួម»នាយករដ្ឋមន្រ្តីចិនលោកលី ខឺឈាង (Li Keqiang) មានប្រសាសន៍ថា ប្រទេសចិននឹងចែករំលែកទិន្នន័យនានាដោយចំហ ព្រមទាំងផ្តល់អ្នកជំនាញថែមទៀត មកវិភាគទិន្នន័យទាក់ទងនឹងជលសាស្រ្តទន្លេមេគង្គ ដែលចិនហៅថា ជាទន្លេឡានឆាង។លោកសន្យាថា ប្រទេសចិននឹងផ្តល់ទិន្នន័យពេញមួយឆ្នាំទាក់ទងនឹងទឹកទន្លេមេគង្គ ដោយចាប់ផ្តើមពីឆ្នាំនេះ។
នាយករដ្ឋមន្រ្តីចិនមានប្រសាសន៍ដោយមានការប្រែសម្រួលថា៖ «ចាប់ពីឆ្នាំនេះទៅ ប្រទេសចិននឹងចែករំលែកទិន្នន័យជលសាស្រ្តទឹកទន្លេមេគង្គពេញមួយឆ្នាំ ដល់ប្រទេសទន្លេមេគង្គខាងក្រោម»។
លោកថ្លែងបន្តថាការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គដ៏ត្រឹមត្រូវ ត្រូវតែមានការគោរពគ្នាទៅវិញទៅមក។ លោកបន្ថែមថា៖ «ប្រទេសចិនបានខិតខំប្រឹងប្រែងជាច្រើនបន្ថែមទៀតដើម្បីបង្កើនទឹកហូរចេញទៅផ្នែកខាងក្រោម អំឡុងពេលរដូវរាំងស្ងួតដើម្បីជួយប្រទេសនៅផ្នែកខាងក្រោមអាចដោះស្រាយបញ្ហារាំងស្ងួតបាន»។
នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានស្រាវជ្រាវ Stimson Center លោក Brian Eyler ថ្លែងប្រាប់VOAនៅថ្ងៃច័ន្ទនេះថា ការសន្យារបស់ប្រទេសចិនក្នុងការផ្តល់ទិន្នន័យពេញមួយឆ្នាំនោះ មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ថាតើនឹងមានការចែករំលែកព័ត៌មានទាក់ទងនឹងទំនប់វារីអគ្គិសនីរបស់ចិននៅផ្នែកខាងលើ ឬយ៉ាងណា។
លោក Brian Eyler ដែលនិពន្ធសៀវភៅ Last Days of the Mighty Mekong មានប្រសាសន៍ថា៖ «ប្រទេសចិនគួរតែចែករំលែកសូចនាករទាំងអស់ រួមមានស្ថានភាពកំពុងដំណើរការនៃទំនប់វារីអគ្គិសនីផ្នែកខាងលើទាំង១១ និងទិន្នន័យលំហូរដីល្បាប់ និងបម្លាស់ទីរបស់ត្រី។បើគ្មានទិន្នន័យទាំងអស់នេះទេ ប្រទេសនៅខាងក្រោមទន្លេមេគង្គមិនអាចវាយតម្លៃអំពីទឹកទន្លេមួយនេះឲ្យបានល្អ ហើយក៏មិនអាចប្រើប្រាស់ធនធានទឹកឲ្យបានល្អបំផុតដែរ»។
អគ្គលេខាធិការរងនៃគណៈកម្មការទន្លេមេគង្គកម្ពុជា លោក គល់ វឌ្ឍនា ថ្លែងប្រាប់ VOA កាលពីដើមខែសីហាថា ប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ (MRC) ធ្លាប់បានស្នើសុំប្រទេសចិននូវទិន្នន័យនានា ដើម្បីយកមកវិភាគ ប៉ុន្តែប្រទេសចិន មិនបានផ្តល់ឲ្យពេញលេញនោះទេ ហើយប្រទេសទាំងអស់ ក៏មិនអាចចាប់បង្ខំឲ្យប្រទេសចិនផ្តល់ឲ្យនោះដែរ ដោយសារចិនមិនមែនជាសមាជិកគណៈកម្មការទន្លេមេគង្គ គ្រាន់តែជាដៃគូពិភាក្សាតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «យើងសុំគាត់ អាស្រ័យលើគាត់ឲ្យយើង។ បើគាត់មិនឲ្យ ក៏យើងគ្មានមូលដ្ឋានច្បាប់ណាមួយទៅសង្កត់គាត់បានទេ។ វាកត្តាកំណត់នៅលើចិនទេ។ អាយើងសុំសុំហើយ។ ស្អីចេះ ស្អីចុះ លើកហេតុផលម៉េចក៏លើកទៅ ក៏ប៉ុន្តែកត្តាកំណត់នៅលើចិន ដែលជាម្ចាស់ទិន្នន័យ។ គាត់ឲ្យប៉ុនណា ក៏ឲ្យប៉ុណ្ណឹង»។
នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) លោក ឱម សាវ៉ាត ប្រាប់ VOA ថា ការបង្ហាញឆន្ទៈចែករំលែកទិន្នន័យជារឿងល្អមួយ ដោយសារប្រទេសកម្ពុជាកំពុងប្រឈមនឹងកង្វះទឹកពីរឆ្នាំជាប់គ្នា ស្របពេលមានការព្រួយបារម្ភរឿងទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គ។ លោកសង្ឃឹមថាប្រទេសចិននឹងចែករំលែកទិន្នន័យប្រកបដោយតម្លាភាព និងជាព័ត៌មានពិត ដើម្បីអាចយកមកវិភាគបាន។
លោកមានប្រសាសន៍ថា៖ «ក្រែងលោគាត់ថាតែមាត់។បើគាត់មានបំណងថាចែកជាការល្អហើយព្រោះយើងចង់បានអាហ្នឹង ដើម្បីពិនិត្យមើលកម្ពស់ទឹកលំហូរទឹក ព្រោះឥឡូវយើងឃើញហើយពីរឆ្នាំជាប់គ្នា ឆ្នាំ២០១៩ ឆ្នាំ២០២០ហ្នឹង កម្រិតទឹកទាបមែនទែន ចូលបឹងទន្លេសាប»។
លោកបន្ថែមថា៖ «អ៊ីចឹងហើយបើសិនជាចិនគាត់មានទឹកចិត្តថា ចង់ចែករំលែកព័ត៌មានទាំងអស់ហ្នឹងយើងwelcome(សូមស្វាគមន៍) យើងរីករាយប៉ុន្តែធ្វើម៉េចឲ្យព័ត៌មានហ្នឹងបង្ហាញអំពីភាពពិត ដើម្បីងាយស្រួលក្នុងការយើងសហការគ្នា»។
កិច្ចប្រជុំឡានឆាងមេគង្គដែលចាប់កំណើតឡើងក្នុងឆ្នាំ២០១៥ធ្វើឡើងពីរឆ្នាំម្តង។ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងវិសាលភាពទឹកទន្លេមេគង្គតែ២ភាគរយប៉ុណ្ណោះនឹងធ្វើជាម្ចាស់កិច្ចប្រជុំនេះនៅឆ្នាំ២០២២ បន្ទាប់ពីប្រទេសឡាវដែលជាម្ចាស់ផ្ទះនៅឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំតាមវីដេអូអនឡាញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការសម្រេចស្រុះស្រួលគ្នាលើការចែករំលែកព័ត៌មាន និងទិន្នន័យជលសាស្រ្តជាជោគជ័យសំខាន់មួយ។
លោកមានប្រសាសន៍ថា៖ «ការស្រុះស្រួលមតិរួមគ្នាក្នុងការរកដំណោះស្រាយទាក់ទងនឹងប្រធានបទរសើបបំផុតនៃការគ្រប់គ្រងទឹកឆ្លងដែន គឺជាជោគជ័យដ៏សំខាន់បំផុតមួយទៀតនៃកិច្ចសហប្រតិបត្តិការរបស់យើង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា ប្រទេសកម្ពុជាដែលគ្រប់គ្រងទឹកទន្លេប្រមាណ១៨ភាគរយបានទទួលគម្រោងចំនួន៥៥ក្រោមកិច្ចព្រមព្រៀងដែលផ្តល់ជំនួយដោយប្រទេសចិន ហើយវានាំមកការអភិវឌ្ឍជាក់ស្តែងនិងលើកកម្ពស់សុខភាពរបស់ប្រជាជននៅតាមដងទន្លេមេគង្គ។
កាលពីដើមខែសីហា គណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម បានលើកឡើងថា ទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួត មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។គណៈកម្មការទន្លេមេគង្គ បានជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ ដែលមានទាំងប្រទេសចិន គ្រប់គ្រងទឹកទន្លេប្រមាណ១៦ភាគរយ ដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោម ប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំជាប់គ្នា។គណៈកម្មការបញ្ជាក់ថាមូលហេតុនៃទឹកទាបនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតី ដែលបង្កដោយបាតុភូតអាកាសធាតុអែលនីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយ ចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។
យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកកាំង ឈ្មោះថា Eyes on Earth ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២០ ប្រទេសចិន បានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើន កាលពីឆ្នាំ២០១៩ ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។ ប៉ុន្តែរដ្ឋាភិបាលចិន បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរាំងស្ងួត ដោយសារអាកាសធាតុ។
ក្រៅពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន ក៏មានការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់ឡាវដែលគ្រប់គ្រងទឹកទន្លេមេគង្គច្រើនជាងគេដល់ទៅ៣៦ភាគរយ មានដូចជាទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) និងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)។ អ្នកធ្វើការលើផ្នែកបរិស្ថានបារម្ភថា ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ នឹងប៉ះពាល់ការរស់នៅរបស់មនុស្សប្រមាណ៦០លាននាក់ នៅប្រទេសតាមដងទន្លេមេគង្គក្រោមទាំង៤ ដែលរួមមានកម្ពុជាផងដែរ៕
CHINA is controlling the country alongside MEKONG river that no one country can get away