វិភាគ៖ យុត្តិ​ធម៌​​និង​​សន្តិ​ភាព​​ជា​​ធាតុ​​ដែល​​មិន​​អាច​​ខ្វះ​គ្នា​​បាន​​

បទវិភាគ
លោក ពៅ មេត្តា |២៥ សីហា ២០២០ |ម៉ោង ១០:១៣
VOD

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)


យុត្តិធម៌​និង​សន្តិភាព​មានការ​ជជែកគ្នា​ច្រើន​នៅ​កម្ពុជានៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយក្រុម​ខ្លះ​ថា សន្តិភាព​សំខាន់​ជាង​យុត្តិធម៌ ខ្លះ​ថា យុត្តិធម៌​សំខាន់​ជាង​សន្តិភាព ហើយ​ក្រុម​ខ្លះទៀត​ថា យុត្តិធម៌និង​សន្តិភាពមិន​អាច​ខ្វះគ្នា​បានទេ។

ក្រុម​ដែល​ផ្តោត​ខ្លាំង​លើ​សន្តិភាព​គឺ​ក្រុម​គណបក្សប្រជាជន​កម្ពុជាដែល​ជាគ​ណបក្ស​កាន់អំណាច ដោយ​អះអាង​ថា បើ​គ្មាន​សន្តិភាព ប្រទេស​មាន​សង្គ្រាម មានតែ​ការ​កាប់សម្លាប់​ដូច​សម័យ​ខ្មែរក្រហម​នោះ មិន​អាច​និយាយ​ពី​យុត្តិធម៌​ឬសិទ្ធិមនុស្ស​បានទេ។

ចំណែក​ក្រុម​មួយទៀត​ ក្រុម​អង្គការ​សង្គម​ស៊ីវិលនិងគណបក្ស​មិនមែន​រដ្ឋាភិបាល​ តែង​លើកឡើង​ពី​យុត្តិធម៌​ ដោយ​អះអាង​ថា បើ​គ្មាន​យុត្តិធម៌​នោះ​ទេ គឺ​មិន​អាច​មាន​សន្តិភាពឬសន្តិភាព​មិន​អាច​ស្ថិតស្ថេរ​បានទេ ​គឺថា បើ​គ្មាន​យុត្តិធម៌​នោះ​នាំ​ឱ្យ​មានការ​ឈឺចាប់ ហើយ​បើ​មានការ​ឈឺចាប់ នឹង​នាំ​ឱ្យ​មានការ​តស៊ូប្រឆាំង​ឈាន​ដល់​កើត​ជម្លោះឬសង្គ្រាម​មិនខាន​ឡើយ​។

បើ​ទោះជា​បក្ស​កាន់អំណាច​លើកឡើង​ពី​ប្រយោជន៍​ធំធេង​ឬថា «បើ​គ្មាន​សន្តិភាព​ ក៏​គ្មាន​អ្វី​ៗដូច​ថ្ងៃនេះ» ក៏ដោយ ក៏​ក្រុម​នេះ​មិនដែល​ច្រានចោល​ថា យុត្តិធម៌​មិន​សំខាន់​ដែរ​ គ្រាន់តែ​ថា យុត្តិធម៌ ឬសិទ្ធិមនុស្ស​ ឬប្រជាធិបតេយ្យ​នោះ​ កើតឡើង​ពី​សន្តិភាព។ រហូតដល់​ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា ​ពិសេស​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ណែនាំ​ឱ្យ​សរសេរ​ពាក្យ​«អរគុណ​សន្តិភាព»នៅ​គ្រប់​ទីកន្លែង​ មិនថាសាលារៀន មន្ទីរពេទ្យ អគារ​រដ្ឋ តាម​ដងផ្លូវ​សាធារណៈ ឬនៅ​តាម​តុលាការ​នោះ​ទេ។

ស្ត្រីម្នាក់ដើរកាន់អីវ៉ាន់កាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃនិង​ជា​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា ​លោក ស ខេង ថ្លែង​កាលពី​ថ្ងៃទី១៩ ខែសីហា​ថា សន្តិភាព​ដែល​កើតឡើង​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ បាន​មក​ដោយ​លំបាក ហើយ​លោក​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ត្រូវតែ​ការពារ​សន្តិភាព​ឱ្យ​បាន។

ទោះ​យ៉ាងណា លោក ស ខេង មិន​ភ្លេចរំឭក​មន្ត្រី​របស់​លោក​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ល្អ​ព្រោះ​លោក​ជឿ​ថា យុត្តិធម៌​ជា​គ្រឹះ​នៃ​សន្តិភាពនិងស្ថិរ​ភាព។

លោក ស ខេង៖ «ការ​កសាង​ប្រព័ន្ធ​យុត្តិធម៌​ពីលើ​ដល់​ក្រោមគឺជា​គ្រឹះ​ដ៏​សំខាន់ ដើម្បី​ឱ្យ​ស្រុកទេស​យើង​មាន​ស្ថិរ​ភាព មាន​ស្ថិរភាព​យូរអង្វែង! ព្រោះពិសោធន៍​លើស​កល​លោក​នេះ វា​អញ្ចឹង​! មិនថាតែ​កម្ពុជា​ទេ អា​ឈ្លោះ​បាក់បែក​គ្នា​ទៅជា​សង្គ្រាម​ហ្នឹង​ វា​មក​ពី​អញ្ចឹង»។

ទាក់ទង​ជាមួយ​បញ្ហា​យុត្តិធម៌​នេះ លោក ស ខេង បញ្ជាក់​ថា មិនមែន​សំដៅ​តែ​រឿង​ជម្លោះ​ប្តឹងផ្តល់​នៅ​តុលាការ​នោះ​ទេ លោក​ថា បញ្ហា​ពលរដ្ឋ​ក្រីក្រ ​អត់ឃ្លាន ឬគ្រោះ​ធម្មជាតិ​ផ្សេងៗ ក៏​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ដោះស្រាយ ដោយ​មិន​ប្រកាន់​និន្នាការ​បក្សនយោបាយ​ទេ​ គឺ​លោក​ហៅថា យុត្តិធម៌​ក្នុង​ការរស់នៅ​ក្នុង​សង្គម។

លោក ស ខេង ក៏បាន​រំឭក​ប្រាប់​មន្ត្រី​កុំឱ្យ​យក​គំរូ​តាម​ខ្មែរក្រហមដែល​ធ្វើបាប​ពលរដ្ឋ ហើយ​ថា ជា​លទ្ធផល​ក៏​ទទួលផល​អាក្រក់​វិញ។

លោក ស ខេង៖ «ហើយ​បើ​ធ្វើតាម​របៀប ​ប៉ុល ពត យើង​ដឹង​ទាំងអស់គ្នា​ហើយ គឺ​មិនខ្ចី​ស្តាប់ ​មិនខ្ចី​រវល់​ពី​ពលរដ្ឋ ហើយ​នាំគ្នា​គិតតែពី​កាប់សម្លាប់។ កាប់សម្លាប់​ពលរដ្ឋ​អត់​ដឹង​ខ្យល់​អី អត់មាន​កំហុស រហូតដល់​កាប់សម្លាប់​គ្នាឯង ​[ថ្នាក់ដឹកនាំ]ដឹកនាំ​កំពូល​ហ្នឹង។ ចឹង​បាន​គេ​ហៅថា កម្ម​របស់​គាត់​ ទីបំផុត​ត្រូវ​ដួល​រលំ​ ហើយបែកបាក់​ខ្ទេចខ្ទី​គ្មាន​សេសសល់​ទេ»។

លោក ស ខេង ក៏បាន​រំឭក​មន្ត្រី​ការពារ​កុំឱ្យ​មាន​ការ​គាបសង្កត់​យក​ដីធ្លី​របស់​ពលរដ្ឋ ហើយ​បើ​មាន​ជម្លោះដីធ្លី​កើតឡើង​ ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​គាប​សង្កត់រំលោភ​យក​ដីធ្លី​ ចេញ​តវ៉ា​រក​យុត្តិធម៌​ជា​រឿង​ត្រឹមត្រូវ។

សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​តែងតែ​លើកឡើង​ថា លោក​ប្តូរជីវិត​ដើម្បី​បាន​សន្តិភាព​ជូន​ជាតិ​នោះ ក៏​លើកឡើង​ថា លោក​ជា​អ្នក​ដែល​មានចិត្ត​អាណិតអាសូរ​ដល់​ពលរដ្ឋ​ដែល​ជួប​ការ​លំបាកនិង​ជួយ​ស្វែងរក​ដំណោះស្រាយ។

កាលពី​ថ្ងៃទី១៦ ខែសីហា លោក ហ៊ុន សែន លើកឡើង​ថា លោក​​អន្តរាគមន៍​ទៅ​ស្ថាប័ន​ផ្តល់​កម្ចី​ឱ្យ​អនុគ្រោះ​ដល់​ពលរដ្ឋ​ដែល​ជំពាក់បំណុល​ក្នុង​ស្ថានភាព​វិបត្តិសេដ្ឋកិច្ច​ដោយសារ​កូ​វីដ១៩នេះ។

លោក ហ៊ុន សែន៖ «គ្មាន​អ្នកណា​ដែល​មានចិត្ត​ជ្រះថ្លា​ជាង​ ហ៊ុន សែន ​ទេ! ខ្ញុំ​អំពាវនាវ​ឱ្យ​មីក្រូហិរញ្ញវត្ថុ ឱ្យ​ធនាគារ​មានការ​យោគយល់ចំពោះ​អ្នក​ដែល​ជំពាក់ប្រាក់ ហើយ​បានឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ រហូតដល់​រាប់​សិប​ម៉ឺន​គ្រួសារ​ឯណោះ»។

ទោះជា​យ៉ាងណា ​លោកនាយក​រដ្ឋមន្ត្រី​មិន​យោគយល់​ដល់អ្នក​ដែល​លោក​ចាត់ទុកថា ស្តាប់​តាម​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ស្ថិតនៅ​ក្រៅប្រទេស​នោះ​ទេ។ លោក​ចាត់ទុកថា ក្រុម​នេះ​ព្យាយាម​ធ្វើសកម្មភាព​បង្ក​ឱ្យ​មាន​បញ្ហា​នៅក្នុង​សង្គមឬបំផ្លាញ​សន្តិភាព​ដែល​បាន​មក​ដោយ​លំបាក។

លោកនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ស្ថាប័ន​ផ្តល់​កម្ចី​រឹបអូស​យក​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ឬដីធ្លី​អ្នក​ដែល​កំពុង​ធ្វើសកម្មភាព​តាម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស ដែល​លោក​ចាត់ទុកថា ជា​ក្រុម​ឧទ្ទាម​នោះ។

លោក ហ៊ុន សែន៖ «លើកទឹកចិត្ត​ឱ្យ​រឹបអូស ​ដោយសារតែ​អ្នកឯង​ខូច ដូច្នេះ​លទ្ធផល​ដែល​អ្នកឯង​ខូច​ទទួល​បាន​មកវិញ​ គឺ​ការ​រឹបអូស​ដីធ្លីនិង​ផ្ទះសម្បែង។ ប៉ុន្តែ​អ្នក​ស្លូតត្រង់​ត្រូវ​ទទួល​បានការ​យោគយល់​ពី​ធនាគារនិង​មីក្រូហិរញ្ញវត្ថុ។ ប្រាប់​អ្នកឯង​ឱ្យ​ដឹង ​ភ្លឺភ្នែក​សារ​ជាថ្មី​ម្តង​ទៀត! កុំ​រួចហើយមក​ធ្វើបាតុកម្ម មើល​មុខ​អា​បាតុកម្ម​ហ្នឹង អា​ចូលរួម​ធ្វើបាតុកម្ម អាហ្នឹង​មាន​ជំពាក់​ធនាគារឬអត់​? បើ​មាន​ជំពាក់​ធនាគារ គឺ​ធនាគារ​ហ្នឹង​គាត់​រឹប​ទៅ មីក្រូ​ហ្នឹង​គាត់​រឹប​ទៅ ឱ្យ​ហ្អែង​បន្ថែម​តែហ្មង​ទៅ»។

និយាយ​ពី​ក្រុម​អ្នក​តវ៉ា​ឬបាតុកម្ម​ បច្ចុប្បន្ន​មាន​ទាំង​ក្រុម​តូច ក្រុម​ធំ ពេលខ្លះ​ដើរ​ជា​ក្បួន​ ពេលខ្លះ បិទផ្លូវ ហើយក៏​មាន​ផ្ទុះ​ហិង្សា​ឬមានការ​បង្ក្រាប​ពី​សមត្ថកិច្ច​ដែរ។ ក្រុម​តវ៉ា​ទាំងនោះ​មាន​ដូចជា ពលរដ្ឋ​អះអាង​ថា រង​ការរំលោភ​បំពាន​ដីធ្លី​ពី​អ្នកមាន​ប្រាក់មានអំណាច ក្រុម​កម្មករ​រោងចក្រ​អះអាង​ថា ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ ឬ ក្រុមសកម្ម​ជន​បរិស្ថាននិង​អ្នកប្រឆាំងការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ ជាដើម។

មិនមែន​តែ​នៅកម្ពុជា​ទេដែល​ជជែកវែក​ញែក​ពី​យុត្តិធម៌និង​សន្តិភាព​នេះ អ្នកប្រាជ្ញនិង​មេ​ដឹក​នាំ​ល្បី​ៗលើ​ពិភពលោក ទាំង​បច្ចុប្បន្ននិង​កាលពី​អតីតកាល​ ក៏បាន​ជជែក​ពី​បញ្ហា​នេះ​ដែរ។

មេដឹកនាំ​ទាមទារ​សិទ្ធិ​សេរីភាព​មួយ​រូប​នៅ​អាមេរិក​ លោក Martin Luther King Jr លើកឡើង​ថា៖ «សង្គម​មាន​សន្តិភាព​ពិតប្រាកដ​ មិនមែន​គ្រាន់តែ​មិន​មាន​សង្គ្រាមឬជម្លោះ​នោះ​ទេ គឺ​វា​ត្រូវតែ​មាន​យុត្តិធម៌​នៅក្នុង​សង្គម​នោះ»

អ្នក​ទស្សនវិជ្ជា​ជនជាតិ​អាល្លឺម៉ង់ លោក Martin Luther លើកឡើង​ថា៖ «សន្តិភាព​មាន​សារៈសំខាន់​ជាង​យុត្តិធម៌ ហើយ​សន្តិភាព​មិន​ធ្វើ​ឱ្យ​មានប្រយោជន៍​សម្រាប់​យុត្តិធម៌​ទេ ប៉ុន្តែ​យុត្តិធម៌​អាច​នាំ​ឱ្យ​មានប្រយោជន៍​សម្រាប់​សន្តិភាព»។

ចំពោះ​សម្តេច Pope Paul VI លើកឡើង​ថា «បើសិនជា​អ្នក​ចង់បាន​សន្តិភាព នោះ​អ្នក​ត្រូវ​ធ្វើ​កិច្ចការ​ដើម្បី​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​ជាមុន​សិន»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "វិភាគ៖ យុត្តិ​ធម៌​​និង​​សន្តិ​ភាព​​ជា​​ធាតុ​​ដែល​​មិន​​អាច​​ខ្វះ​គ្នា​​បាន​​"

  1. so socheath says:

    អ្នករាយការណ៍សិទ្ធិមនុស្ស វាយតម្លៃខ្ពស់ជាវិជ្ជមាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងកត្តារួមផ្សំមួយចំនួន
    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាគ្នាតាមរយៈវីដេអូជាមួយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា, លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបង្ហាញដោយ គ.ស.ម.ក និងអន្តរក្រសួងទៅលើប្រធានបទនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ សេរីភាពនៃការបញ្ចេញមតិ ក៏ដូជាការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។
    បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងលោកស្រី រ៉ូណា ស្មីត រវាងមេសិទ្ធិមនុស្សកម្ពុជា និងអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ក៏បានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងជាមួយនឹងលទ្ធផលជាវិជ្ជមាននេះជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញពីក្ដីកង្វល់ និងផ្តល់ជាអនុសាសន៍មួយចំនួនផងដែរ ដែលសុទ្ធតែជាអ្វីដែលរដ្ឋាភិបាលបាន និងកំពុងអនុវត្ត ដូចខាងក្រោម៖
    * ការទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
    * ការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មានដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្ស ជាតិជាដើម។
    លោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីរីកវាយនឹងចូលរួមផ្តល់យោបល់លើការរៀបចំ និងវិសោធនកម្មច្បាប់ សេចក្ដីព្រាងច្បាប់ទាំងនោះ។
    ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកផ្តល់នូវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយតាមប្រធានបទដែល លោកស្រី រ៉ូណា ស្មីត បានលើកឡើងដូចខាងក្រោម៖
    ទី១៖ ការងាសិទ្ធិមនុស្ស និងយន្តការនៃការស៊ើបអង្កេតដោះស្រាយ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស៖ គ.ស.ម.ក. បានធ្វើបទបង្ហាញជូន លោកស្រី រ៉ូណា ស៊ុត នូវវឌ្ឍនភាពនៃការងាររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដូចខាងក្រោម៖
    * ឯកសារគោលរួមសម្រាប់របាយការណ៍នីមួយៗ (Commes Core Document) ក្រុមការងារបានធ្វើបច្ចុប្បន្នភាព និងបញ្ចប់រួចហើយ ដោយរង់ចាំការពិនិត្យសម្រេចចុងក្រោយពីអន្តរក្រសួងពាក់ព័ន្ធរួចនឹងបញ្ជូនទៅ អ.ស.ប តែម្តង។
    * របាយការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៖ បានដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមេសា ឆ្នាំ២០១៩ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដឹកក្រុមការងារអន្តរក្រសួង ទៅការពាររបាយការណ៍នេះ នៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមីនា ឆ្នាំ២០២១។
    * របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៖ បានបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនបន្តទៅ អ.ស.ប. កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
    * របាយការណ៍ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ បានបញ្ជូនទៅ អ.ស.ប ឆ្នាំ២០១៧ និងបានទៅការពារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
    * របាយការណ៍ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៖ ក្រុមការងារផ្ទៃក្នុង បានបញ្ចប់នូវសេចក្ដីព្រាងដំបូង និងត្រៀមដាក់ ពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
    * របាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ UPR បានធ្វើការផ្សព្វផ្សាយអនុសាសន៍ ដែលបានទទួលយកដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្ត និងគ្រោងរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយស្ថានភាពកូវីដ-១៩ធូរស្រាល។
    * ចំពោះរបាយការណ៍សិទ្ធិមនុស្ស ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នដទៃទៀត គ.ស.ម.ក. បានធ្វើការទាក់ទង និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងនោះ ដើម្បីបញ្ចប់ឱ្យបានទាន់ពេល។
    គ.ស.ម.ក. តែងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវជាប្រចាំ និងត្រួតពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ កន្លែងឃុំឃាំង និងមណ្ឌលស្តារនីតិសម្បទា ដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានការដោះស្រាយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
    គ.ស.ម.ក. ក៏បានបង្ហាញនូវលទ្ធផលនៃការដោះស្រាយប្រកបដោយភាពជោគជ័យនៃករណីរលោភសិទ្ធិមនុស្សមួយចំនួន ជាឧទាហរណ៍ជាក់ស្តែង នៅដើមឆ្នាំ២០២០នេះ ជនដៃដល់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់។
    ពាក់ព័ន្ធនឹងយន្តការនៃការទទួល និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ គណៈកម្មាធិការសិទ្ធិមនុស្ស មានក្រុមការងារចុះស៊ើបអង្កេតផ្ទាល់ដល់ទីកន្លែង ហើយក៏មានការចូលរួមផងដែរពីក្រុមអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋ រួមមាន ការប្រឹក្សាច្បាប់ ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ និងការការពារក្ដីនៅសវនាការ។
    ទី២៖ វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញជាវិធានការបង្ការ និងទប់ស្កាត់ការចម្លងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បង្ការជាសាធារណៈ ការគ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយមិនគិតពីជាតិសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនក្រីក្រ និងជនងាយរងគ្រោះ។ សិទ្ធិរស់រានមានជីវិតត្រូវបានផ្តល់ជាអាទិភាព សិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ ហើយវាជរដ្ឋាភិបាលបានបញ្ចេញនូវកញ្ចប់ថវិកាជូនប្រជាពលរដ្ឋក្រីក្រដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលកូវីដ-១៩ ដែលជាការធានា ដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
    ទី៣៖ សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងសមាគម៖ កម្ពុជាគោរពនូវសេរីភាព នៃការបញ្ចេញមតិ និងមិនមានការរឹតដ្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការជួបជុំទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលបញ្ចេញមតិ និងជួបជុំដោយបំពានច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់តែប៉ុណ្ណោះ។
    សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានក្រុមការងារបច្ចេកទេសបានបញ្ចប់រួចរាល់ហើយ នឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័តក្នុងពេលឆាប់ៗនេះ។
    ពាក់ព័ន្ធនឹងលំហរសង្គមស៊ីវិល រាជរដ្ឋាភិបាលបានបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល។ រាជរដ្ឋាភិបាលបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ។ យន្តការក្រុមការងារ របស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គម ស៊ីវិល ហើយក្រសួងមហាផ្ទៃ បានពិនិត្យឃើញជារួមថាការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋានមានភាពល្អប្រសើរ ជាធម្មតាដោយ មិនមានការរឹតដ្បិតឡើយ។
    ក្រុមការងារក៏បាននឹងកំពុងធ្វើការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល អំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពី ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
    និងទី៤៖ ការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌៖ ក្រសួងយុត្តិធម៌ កំពុងធ្វើការត្រួតពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលកំពុងអនុវត្ត និងរៀបចំបទដ្ឋានគតិយុត្តថ្មីមួយចំនួន ដែលមានសារៈសំខាន់ក្នុងវិស័យយុត្តិធម៌ ដើម្បីឱ្យស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងឆ្លើយតបតាមបរិបទសង្គមរបស់កម្ពុជា និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
    ក្រសួងយុត្តិធម៌ ក៏បានបង្ហាញនូវយន្តការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃសេវាយុត្តិធម៌ បង្កើនសមត្ថភាពរបស់តុលាការ ក្នុងការដោះស្រាយសំណុំរឿងក្ដី បានឆាប់រហ័យ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ និងរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ៕