ដោយ មាន ឫទ្ធិ
2020-08-26
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោក ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៤ សីហា។

រូបថត៖ ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន
សកម្មជនបរិស្ថាន ចង់ឃើញរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានចេញមុខប្ដឹងមហាយក្សចិន និងប្រទេសឡាវ ទាមទារសំណងពីផលខូចខាតបង្កឲ្យមានវិបត្តិទឹកបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅខ្សែទឹកខាងលើនៃផ្ទៃអាងទន្លេមេគង្គ។ ការលើកឡើងនេះ កើតមានឡើងក្រោយកិច្ចប្រជុំកំពូលមេគង្គជាមួយចិន កាលពីដើមសប្ដាហ៍នេះ បានបិទបញ្ចប់ទៅដោយគ្មានដំណោះស្រាយជាក់លាក់ពីបញ្ហាវិបត្តិទឹកកាន់តែធ្ងន់ធ្ងរនៅតាមប្រទេសខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។
ដោយហៅការសាងសង់ទំនប់វារីអគ្គិសនីនៅលើផ្ទៃអាងទន្លេមេគង្គថាជាអំពើ «ឃាតកម្មលើប្រព័ន្ធអេកូឡូស៊ី» ឬ Ecocide និងធនធានធម្មជាតិ សកម្មជនបរិស្ថាន និងជាស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនហ៊ានលើកយកបញ្ហាវិបត្តិទឹកធ្ងន់ធ្ងរនៅបឹងទន្លេសាប និងទន្លេមេគង្គ ទៅនិយាយតទល់ជាមួយមេដឹកនាំចិនក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣។ លោកថា នេះគឺដោយសារតែកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កំពុងជំពាក់គុណចិនខ្លាំង ហើយលោក ហ៊ុន សែន ក្លាហានបានតែរឿងចាប់ចង និងគំរាមកំហែងពលរដ្ឋជាជាតិសាសន៍ខ្មែរខ្លួនឯង៖ «សូមឲ្យលោក ហ៊ុន សែន មានសេចក្ដីក្លាហានគ្រប់គ្រាន់ហ៊ាននិយាយជាសាធារណៈ ហ៊ានបន្ទោសទៅលើរដ្ឋាភិបាលរបស់ចិន ដែលអ្វីដែលគាត់ធ្វើចំពោះ… នៅពេលដែលគាត់រិះគន់ខ្មែរគ្នាឯង ជាពិសេសសកម្មជនបរិស្ថាន ឬក៏ទៅលើអ្នកនយោបាយ។ ឲ្យគាត់ហ៊ាននិយាយជាសាធារណៈ និងឲ្យ ហ៊ុន សែន តម្រូវឲ្យប្រទេសឡាវ និងប្រទេសចិន ផ្តល់យុត្តិធម៌ដល់ប្រជាជនខ្មែរទាក់ទងនឹងរឿងទន្លេមេគង្គ ជាពិសេសផ្តល់ព័ត៌មានគ្រប់គ្រាន់ ហើយមិនមែនតិចតួចបែបល្ខោននោះទេ»។
ការរិះគន់របស់សកម្មជនបរិស្ថានរូបនេះ កើតមានឡើងក្រោយលោក ហ៊ុន សែន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលធ្វើឡើងតាមប្រព័ន្ធវីដេអូជាមួយក្រុមមេដឹកនាំមកពីប្រទេស៥ផ្សេងទៀតក្នុងតំបន់ទន្លេមេគង្គ រួមមាន ចិន មីយ៉ាន់ម៉ា ឬភូមា ថៃ ឡាវ និងវៀតណាម កាលពីថ្ងៃទី២៤ សីហា បានបរាជ័យក្នុងន័យមិនហ៊ានលើកឡើងពីរឿងបញ្ហាវិបត្តិទឹកកាន់តែធ្ងន់ធ្ងរនេះ ប្រាប់ទៅក្រុមមេដឹកនាំទាំងនោះឲ្យរួមគ្នាដោះស្រាយឡើយ។
Intervention of Samdech Techo @hunsencambodia at the 3rd MLC Leader’s Meeting on August 24, via video conference. #Cambodia highly appreciated #China for its efforts in producing vaccines & its commitment to ensure its accessibility & affordability for developing countries pic.twitter.com/wWJNuMH2hc
— Office of Cambodia's Prime Minister (@PeacePalaceKH) August 24, 2020
វិបត្តិទឹកបង្កឲ្យមានគ្រោះរីងរាក់ ការរាំងស្ងួត និងការបន្តអូសបន្លាយរដូវប្រាំងអស់ជាងពីរឆ្នាំជាប់ៗគ្នា ហើយដែលត្រូវប្រជានេសាទរអ៊ូរទាំស្ទើគ្រប់គ្នាអំពីការធ្លាក់ចុះទិន្នផលត្រីមិនធ្លាប់មានពីមុនមកនេះ មិនត្រូវបាន លោក ហ៊ុន សែន លើកយកមកនិយាយឡើយ ខណៈទិន្នន័យវិទ្យាសាស្ត្របង្ហាញថា ប្រទេសចិនបានស្តុកទឹកទុកសម្រាប់ប្រើប្រាស់តែឯង។ ផ្ទុយទៅវិញ លោកបានចំណាយពេលច្រើនសរសើរចិនអំពីលទ្ធផលដែលលោកហៅថា «វិជ្ជមាន» ទទួលបានពីយន្តការនៃកិច្ចប្រជុំកំពូលមេគង្គជាមួយប្រទេសចិនទៅវិញ។ លោកបានផ្តោតភាគច្រើនទៅលើការជំរុញឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ទន្លេមេគង្គនេះ។ យ៉ាងណា លោកទទួលស្គាល់ថា ការនិយាយពីរឿងគ្រប់គ្រងទឹកឆ្លងដែន ជារឿងរសើប៖ «ការស្រុះស្រួលមតិរួមគ្នាក្នុងការរកដំណោះស្រាយពាក់ព័ន្ធនឹងប្រធានបទរសើបបំផុតនៃការគ្រប់គ្រងទឹកឆ្លងដែន គឺជាជោគជ័យដ៏សំខាន់បំផុតមួយទៀតនៃកិច្ចសហប្រតិបត្តិការរបស់យើង។ ជាការពិត កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង–មេគង្គ នៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំមុន បានផ្តល់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យ និងព័ត៌មានជលសាស្ត្រ។ លទ្ធផលជាក់ស្ដែងនៃកិច្ចជ្រុំនេះ បានបន្តចូលរួមចំណែកដល់ការលើកកម្ពស់ការយោគយល់ទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់»។
ជុំវិញបញ្ហាវិបត្តិទឹកទន្លេមេគង្គនេះ នាយករដ្ឋមន្ត្រីចិន លោក លី កឺឈាង (Li Keqiang) បានសន្យាថា ចិននឹងចែករំលែកព័ត៌មានជលសាស្ត្រជាមួយប្រទេសនៅតាមដងទន្លេមេគង្គ រយៈពេលពេញមួយឆ្នាំចាប់តាំងពីឆ្នាំក្រោយទៅ។ នាយករដ្ឋមន្ត្រីចិនរូបនេះ មិនបានលើកឡើងពីរឿងផលប៉ះពាល់បង្កឡើងដោយទំនប់វារីអគ្គិសនីដ៏មហាសាលរបស់ខ្លួននោះទេ តែលោកបានអះអាងថា ចិនបានបង្កើនរំហូរទឹកចូលមកខ្សែទឹកខាងក្រោមទន្លេមេគង្គដើម្បីជួយសម្រាលបញ្ហាគ្រោះរាំងស្ងួត។ យ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីព័ត៌មាន និងផែនការចែករំលែកព័ត៌មាននេះឡើយ។

ទូកនេសាទរបស់ប្រជានេសាទចូលចតក្បែរច្រាំងទន្លេមេគង្គនៅក្រុងភ្នំពេញកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ រូបថត៖ AP

អ្នកជំនាញអភិបាលកិច្ចទឹក លោក ហែម ឧត្តម ហៅការសន្យារបស់មេដឹកនាំចិននេះ ថាជាជំហានវិជ្ជមានមួយ ក៏ប៉ុន្តែ លោកថា វាគ្រាន់តែជាជំហានតូចមួយប៉ុណ្ណោះ ក្នុងការឈានទៅដោះស្រាយវិបត្តិសន្តិសុខទឹកដ៏ធ្ងន់ធ្ងរនេះ៖ «ការចែករំលែកព័ត៌មាននេះ គ្រាន់តែជាជ្រុងមួយនៃបញ្ហារួមទេ។ បញ្ហារួមនេះ សួរថា នៅពេលដែលទឹកទន្លេមេគង្គនេះ វាលែងហូរជាធម្មជាតិ តើវាមានផលប៉ះពាល់អីខ្លះ? ទឹកជារឿងមួយ ភក់ល្បាប់មានជីវជាតិជារឿងមួយទៀត ផលប៉ះពាល់ទៅលើបរិស្ថានទាំងមូលនៃអាងទន្លេទាំងមូលនេះ វាជារឿងធំដែលយើងត្រូវតែជជែកគ្នា ដូចមានអ្នកជំនាញមួយចំនួនគាត់ថា បើសិនជាចង់ជជែកស្មើមុខស្មើមាត់គ្នាដោយស្មារតីសាមគ្គីមែន គួរតែរំលាយទំនប់ទាំងអស់ ទាំង១១ ទាំងប៉ុន្មានដែលមាននៅខាងលើចោលសិន ចាំនិយាយគ្នា»។
ការស្នើឲ្យមានការជជែកគ្នាជាមួយមហាយក្សចិនអំពីឫសគល់បញ្ហាដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីនេះ ត្រូវលោក អាឡិច ពន្យល់ថា កម្ពុជាក៏គួរតែចាប់ផ្ដើមធ្វើយុទ្ធនាការទាមទារឲ្យប្រទេសចិន និងឡាវសងសំណងចំពោះផលខូចខាតបង្កឡើងដោយវារីអគ្គិសនីនៅខ្សែទឹកខាងលើ៖ «អ្វីដែលលោក ហ៊ុន សែន គួរតែធ្វើ គឺទីមួយ គួរតែចាប់ផ្តើមទាមទារសំណាងពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលឡាវ។ យើងឃើញថា អ្នកឯងធ្វើវារីអគ្គិសនីធ្វើឲ្យប្រជាពលរដ្ឋរបស់ខ្ញុំខូចខាតប៉ុណ្ណេះពាន់លានដុល្លារ ឬក៏រាប់រយលានដុល្លារ ត្រូវការជម្លៀសប្រជាពលរដ្ឋអស់លុយប៉ុណ្ណា អ៊ីចឹង អ្នកឯងត្រូវតែសងមកឲ្យខ្ញុំវិញ ត្រូវតែសងដល់រដ្ឋ ត្រូវតែសងដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែខាត»។
លោក អាឡិច បន្តថា ដំណោះស្រាយមួយទៀត គឺកម្ពុជាគួរជំរុញឲ្យមានការគោរពប្រជាធិបតេយ្យពេញលេញនៅក្នុងប្រទេសខ្លួនឯងផង និងនៅតាមប្រទេសតាមខ្សែទឹកខាងលើផង ជាពិសេស ប្រទេសចិន និងឡាវ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសុំប្រតិកម្មជុំវិញការចង់ឃើញកម្ពុជាប្តឹងចិនរឿងវិបត្តិទឹកទន្លេមេគង្គនេះបានទេ ដោយសារលោកពុំលើកទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៥ សីហា។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត ឈាង វណ្ណារិទ្ធ ហៅការចង់ឲ្យកម្ពុជាប្តឹងចិនរឿងវិបត្តិទឹកនេះ ជារឿងមិនអាចធ្វើទៅរួចទេ៖ «ក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិមិនអាចទៅរួចនោះទេ។ ដូចបញ្ហាកូវីដ១៩នោះ ឥឡូវដូចជារាងស្ងាត់ហើយការទាមទារប្តឹងចិនដើម្បីសងអីជាដើម។ ដូច្នេះ បញ្ហាមេគង្គនេះ ក៏ស្រដៀងគ្នាដែរ យើងមិនអាចទៅប្តឹងចិន ឬក៏ទៅទាមទារឲ្យចិនសងឬក៏ស្អីទេ ពីព្រោះតែបញ្ហាគ្រោះរាំងស្ងួតដែលយើងជួបប្រទះនេះ យើងត្រូវមើលរបាយការណ៍របស់ MRC … គ្រោះរាំងស្ងួតនេះ គឺដោយសារកត្តាផ្សេងៗ។ វាមិនមែនត្រឹមតែទំនប់វារីអគ្គិសនីទេ»។
យ៉ាងណាក៏ដោយ ទិន្នន័យវិទ្យាសាស្ត្រ ពីផ្កាយរណបដោយក្រុមហ៊ុនអាមេរិកាំងឈ្មោះ Eyes on Earth រកឃើញថា ប្រទេសចិនទំនងជាបានរឹតត្បិត ឬរាំងខ្ទប់ទឹកពីខ្សែទឹកខាងលើនៃទន្លេមេគង្គ តាមរយៈទំនប់វារីអគ្គិសនីរបស់ខ្លួន។ បើទោះជាអ្នកជំនាញ និងសកម្មជនបរិស្ថានហាក់មានការយល់ឃើញផ្សេងគ្នាក៏ដោយ កម្ពុជា និងប្រទេសក្នុងតំបន់ នៅតែអាចប្រើប្រាស់យន្តការអន្តរជាតិជាច្រើន ជាពិសេសការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬយន្តការក្រុមប្រឹក្សាអង្គការសន្តិសុខសហប្រជាជាតិ ក៏ដូចជាការបញ្ចុះបញ្ចូលឲ្យមានការចុះសន្ធិសញ្ញាចែករំលែកធនធានទឹកជាក់លាក់រវាងប្រទេសនៅតាមដងទន្លេមេគង្គនេះ ដើម្បីបញ្ចៀសការឈានទៅជាសង្គ្រាមដណ្តើមទឹកនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- «សន្តិសុខទឹក» នឹងក្លាយជាប្រធានបទក្តៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ខណៈអាមេរិកព្រមានថា ទន្លេមេគង្គមិនមែនជាធនធានដែលចិនគ្រប់គ្រងតែឯង
- កម្ពុជាគ្មានផែនការប្ដឹងផ្ដល់ទារសំណងពីចិនរឿងផ្ទុះរីករាលដាលជំងឺរាតត្បាតសាកលកូវីដ-១៩
- “ការលើកពេលប្រជុំកំពូលអាស៊ាន-អាមេរិក មិនប៉ះពាល់ទំនាក់ទំនងទេ តែធ្វើឱ្យលោក ហ៊ុន សែន ខកចិត្ត”
- តើប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា គួររៀនសូត្រអ្វីខ្លះ ពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន?
- អ្នកវិភាគថា ក្រុមហ៊ុនចិនមួយចំនួនរកស៊ីនៅកម្ពុជាភាគច្រើនបានរំលោភលើសិទ្ធិមនុស្ស
- តុលាការក្រុងភ្នំពេញចាប់ផ្ដើមសាកសួរជនជាតិចិន២នាក់ ទាក់ទិនចាប់ជំរិតជនជាតិចិន ៣នាក់
- លោក ទៀ បាញ់ សរសើរទំនាក់ទំនងយោធារវាងកម្ពុជា និងចិនថា កាន់តែរឹងមាំ
- តុលាការភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន១១នាក់ ពីបទចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់
- អ្នកជំនាញថា កម្ពុជាគួរតែមានមន្ទីរពិសោធន៍ផ្នែកសន្តិសុខលើក្រុមហ៊ុនHuawei
- ប្រជាពលរដ្ឋខ្មែរចាត់ទុកថា ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសចិនគ្មានគុណភាព
So funny haha’ don’t talk like that’ hun-sen boss haha’ he can’t even ask a word ‘
my question is?? are this the end of this nation after many century of great kings and leaders. I knew Cambodia was a biggest country in this region and also a great nation but what happen right now?? the history was written to all young Cambodian of every leader who responsible for in their term . I can see by reading the Cambodian history it was true when I was you we have been studied and knowing witch king was great witch was not . over all king after king Cambodia always getting smaller and smaller until the last king is NORODAM SIHANOU the poor Cambodian ‘s land was already getting small but so sad HUN SEN the uneducated evil monster killer can make it smaller or not even just that it can be wipe out from the map by VIETCONG . last change Cambodian it is real nothing will be to get our country back if HUN SEN still be in powers