ដោយ ទីន ហ្សាការីយ៉ា
2020-11-11
RFA

ប្រពន្ធ និងកូនសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសប្រមាណ ២០នាក់ នាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ទាមទារតុលាការដោះលែងអ្នកទោសនយោបាយជាង ១០នាក់ឱ្យមានសេរីភាពឡើងវិញ និងដោយឥតលក្ខខ័ណ្ឌ។

រូប៖ ពលរដ្ឋ
«ខ្ញុំសុខចិត្ដលែងលះប្ដី ប្រសិនជាគាត់ចូលរួមនឹងបក្សកាន់អំណាច»
ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា អះអាងថា អាជ្ញាធររបបក្រុងភ្នំពេញឃ្លាំមើលលោកស្រីជាប្រចាំ និងបានបង្ខំឱ្យលោកស្រី ចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីជាថ្នូរបានដោះលែងប្ដីពីពន្ធនាគារព្រៃស។ មន្ត្រីសង្គមស៊ីវិលចាត់រឿងនេះថា ជាការបំភិតបំភ័យប្រជាពលរដ្ឋដោយខុសច្បាប់។
ប្រពន្ធរបស់លោក កាក់ កុម្ភា ដែលកំពុងជាប់ពន្ធនាគាររឿងនយោបាយ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១០ វិច្ឆិកាថា អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនមនុស្សប្រុសស្លៀកពាក់ស៊ីវិល ចំនួន៥នាក់ ឲ្យតាមដានសកម្មភាពលោកស្រីរាល់ថ្ងៃ ហើយកាលពីរសៀលថ្ងៃទី៩វិច្ឆិកា ពួកគេបានបង្ខំឱ្យលោកស្រីឈប់តវ៉ាទាមទារឱ្យមានយុត្តិធម៌សង្គម ហើយងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជាថ្នូរបានដោះលែងប្ដីរបស់លោកស្រីមានសេរីភាពវិញ។
លោកស្រីអះអាងថា មនុស្សទាំង៥នាក់នោះ មាន២នាក់ធ្វើការនៅសាលាខណ្ឌដូនពេញ ហើយតែងតែដឹកនាំកងសន្តិសុខចុះរារាំងការតវ៉ារបស់ពួកលោកស្រីប្រចាំ។ លោកស្រីបន្តថា ពួកគេបានជិះម៉ូតូតាមដានលោកស្រីជាច្រើនថ្ងៃមកហើយ ក៏ប៉ុន្តែលោកស្រីមិនចាប់អារម្មណ៍ ។ លោកស្រី បញ្ជាក់ជំហរថា នឹងមិនចុះចូលជាមួយបក្សកាន់អំណាច តាមការគំរាមកំហែងរបស់អាជ្ញាធរទាំងនោះឡើយ ពីព្រោះលោកស្រីយល់ថា ការធ្វើបែបនេះ គឺជាចំណាត់ខ្មាំងនយោបាយ៖ «ខ្ញុំថាបើខ្ញុំចុះចូលស្មើនឹងប្ដីខ្ញុំខុស សួរថាប្ដីខ្ញុំខុសអី លក់ដីអីបានមួយដុំនៅ។ មកយ៉ាងម៉េចមកតាមឃ្លាំមើល ហើយចាប់ប្ដីខ្ញុំដាក់គុកអត់មានកំហុសសោះនេះ? ។មានសិទ្ធិអីប្ដីខ្ញុំខុសអីបានឱ្យខ្ញុំចុះចូលដោះលែងប្ដីខ្ញុំហ្នឹង ខ្ញុំសុខចិត្តដាច់ក្បាលចោលណា អត់មានកំហុសសោះ សូម្បីតែប្ដីខ្ញុំនៅក្នុងពន្ធនាគារហ្នឹងគេឱ្យធ្វើលិខិតសុំទោស ខ្ញុំថាបើហ៊ានសុំទោសខ្ញុំលែងប៉ាឯងចោលភ្លាម ព្រោះគ្មានខុសទេ បើសុំទោសស្មើនឹងមានកំហុស»។
លោកស្រី ព្រុំ ចាន់ថា អំពាវនាវឱ្យមន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ជួយតាមដានរឿងនេះ ហើយប្រសិនបើលោកស្រីជួបគ្រោះថ្នាក់ចរាចរ ឬមានបញ្ហាអ្វីមួយនៅពេលខាងមុខ គឺជាស្នាដៃរបស់អាជ្ញាធរ។
កាលពីថ្ងៃទី៣ វិច្ឆិកា ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំម្នាក់ទៀត គឺលោកស្រី សុខ បូលីម៉ា ដែលតែងតែចេញតវ៉ារាល់ថ្ងៃសុក្រជាមួយលោកស្រី ព្រុំ ចាន់ថា ដើម្បីទាមទារឲ្យដោះលែងប្តីនោះ ត្រូវជនជនមិនស្គាល់មុខជិះម៉ូតូកៀរបណ្ដាលឱ្យរបួសជើងធ្ងន់ធ្ងរម្ដងរួចមកហើយដែរ។ លោកស្រី ព្រុំ ចាន់ថា ឱ្យដឹងថា បើទោះបីជាអាជ្ញាធរបានបញ្ជូនមនុស្សមកបំភិតបំភ័យពួកលោកស្រីម្ដងហើយម្ដងទៀតបែបនេះក្ដី ក៏លោកស្រីនៅតែបន្តធ្វើយុទ្ធនាការស្វែងរកយុត្តិធម៌សម្រាប់ប្តី និងសង្គមជារៀងថ្ងៃសុក្រ ដោយមិនរាយឡើយ។
អាស៊ីសេរីមិនទាន់ទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីឆ្លើយតបជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១០វិច្ឆិកា ដោយលោកចុចផ្ដាច់ទូរស័ព្ទនៅពេលប្រាប់ថា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី។
ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនចាប់អារម្មណ៍ចំពោះការចោទប្រកាន់របស់ប្រពន្ធសកម្មជនគណបក្សប្រឆាំងនេះឡើយ៖ «បើគាត់យល់ឃើញថា មានអ្នកណារំលោភលើសិទ្ធិគាត់ គាត់ប្ដឹងទៅតុលាការ ឬប្ដឹងទៅអង្គការណាមួយទៅ ដើម្បីឱ្យគេរកយុត្តិធម៌ជូនគាត់ ហើយបើគ្រាន់តែតាមបណ្ដាញសារព័ត៌មានខ្ញុំអត់ឆ្លើយទេ។ ពីព្រោះរឿងហ្នឹងមិនដឹងពិត ឬមិនពិត ហើយខ្ញុំក៏អត់មានដែនសមត្ថកិច្ចណាសម្រាប់ត្រូវឆ្លើយតបគាត់»។
ទោះជាយ៉ាងណាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ការបង្ខិតបង្ខំប្រជាពលរដ្ឋឱ្យចុះចូលគណបក្សនយោបាយណាមួយ គឺជាទង្វើសុខច្បាប់។ លោកចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយសារលោកស្រី ព្រុំ ចាន់ថា តែងចូលរួមសម្ដែងមតិទាមទារឱ្យតុលាការដោះលែងប្ដីរបស់លោកស្រី៖ «សកម្មជនដែលត្រូវបានចាប់ខ្លួន យកទៅឱ្យធ្វើកិច្ចសន្យាផ្សេងៗយល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់ការតវ៉ា ឬក៏មានការចុះចូលអីជាដើមយើងតែងគាត់សំគាល់ថា អត់មានការឃុំខ្លួន ឬក៏ចោទប្រកាន់អ្វីទេ។ អ៊ីចឹងយើងកាន់តែបញ្ជាក់ច្បាប់ថា ក្នុងការចោទប្រកាន់ ការចាប់ខ្លួនឃុំខ្លួន ឬការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើសកម្មជនគណបក្សប្រឆាំងហ្នឹងគឺជារឿងនយោបាយសុទ្ធសាធ មិនមែនជារឿងការអនុវត្តច្បាប់ទេ»។
ប្ដីរបស់លោកស្រី ព្រុំ ចាន់ថា គឺលោក កាក់ កុម្ភារ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៣១ ឧសភាដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គិតត្រឹមថ្ងៃទី១០វិច្ឆិកា លោកបានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជាង៥ខែមកហើយ។ ចំណែកកូនប្រុសរបស់លោកស្រី គឺកុមារា កាក់ សុវណ្ណច្ឆ័យ អាយុ១៥ឆ្នាំ ក៏ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ឃុំខ្លួន២ថ្ងៃ ហើយអះអាងថា អាជ្ញាធរទាំងនោះ បានប្រើហិង្សាលើរាងកាយ ដើម្បីសួរចម្លើយទៀតផង កាលពីដើមខែតុលា។
ចាប់តាំងពីអាជ្ញាធរចាប់ប្ដីរបស់គាត់ដាក់ពន្ធនាគារមក លោកស្រីបានចូលរួមតស៊ូមតិជាមួយក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំង តវ៉ាជិត២០លើករួចមកហើយ ដើម្បីទាមទារឱ្យតុលាការដោះលែងប្ដីរបស់ពួកលោកស្រី។
នៅក្នុងឆ្នាំ២០២០នេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ព្រះសង្ឃ ខ្មែរថាវរៈ និង យុវជនប្រមាណ៤០នាក់ហើយដាក់ពន្ធនាគារព្រៃស។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ ញុះញង់ ឬប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ជាដើម។
មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន បានថ្កោលទោសចំពោះការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើសុំឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជននិងពលករខ្មែរនៅថៃផ្អាកពិធីមួយចំនួនដោយបញ្ហានយោបាយថៃឡើងកម្ដៅខ្លាំង
- សកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង ៤នាក់ ត្រូវបានដោះលែង ក្រោយបង្ខំឱ្យឈប់គាំទ្របក្សខ្លួន
- ប្រពន្ធសកម្មជនបក្សប្រឆាំងប្រតិកម្មនឹងលោក ហ៊ុន សែន ដែលចាត់ទុកប្ដីរបស់ពួកគេជាក្រុមក្បត់
- សកម្មជនបក្សប្រឆាំង អ្នកស្រី មាន ឡា និងកូនតូចមកដល់កន្លែងមានសុវត្ថិភាព
- អ្នកជំនាញថា អាមេរិកគួរពិចារណាដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីកម្ពុជា ដោយសារការកម្ទេចចោលអគារជំនួយនៅរាម
- ពលរដ្ឋខេត្តត្បូងឃ្មុំថា ជនជាតិវៀតណាមធ្វើស្រែក្នុងដីខ្មែរតាមព្រំដែនដែលបោះបង្គោលរួចរាល់
- ថ្នាក់ដឹកនាំបក្សប្រឆាំង ១២នាក់ស្នើឱ្យផ្ដល់សុពលភាពលិខិតឆ្លងដែនឱ្យពួកគេវិញ
- លោក ហ៊ុន សែន និងមន្ត្រីមួយចំនួនធ្វើតេស្តកូវីដ១៩ លើកទី២ ខណៈមន្ត្រីទូតខ្មែរនៅប្រទេសបារាំង ៤នាក់ មានផ្ទុកជំងឺកូវីដ១៩
- លោក កឹម សុខា ចង់សន្ទនា ដោះស្រាយជម្លោះ ដើម្បីសាមគ្គីភាពជាតិ និងការពារឯករាជ្យជាតិ
- ពលករ និងសកម្មជនបក្សប្រឆាំងនៅថៃ រៀបចំពិធីហូបនំបញ្ចុកសាមគ្គីរំលឹកខួប ៩ វិច្ឆិកា និងត្រៀមខ្លួនធ្វើមាតុភូមិនិវត្តន៍លើកទី២
ចុះប្រដាប់ង៉ែង អីក៏មានតម្លៃម្លេះហង
បានជាត្រូវ តែគេបង្ខំឲ្យចុះចូល ?
go and try it right now AH…CHHKOUTH