តុលាការ​សម្រេច​យក​សំណុំ​រឿង «​ក្បត់» ​លើ​មនុស្ស​ជិត​១៤០​នាក់ ទៅ​ជំនុំ​ជម្រះ​បន្ត​នៅ​ឆ្នាំ​ក្រោយ

សិទ្ធិ​មនុស្ស
26 វិច្ឆិកា 2020
អូន ឆេងប៉រ
វីអូអេខ្មែរ

កញ្ញា សេង ច័ន្ទធារី អ្នកតស៊ូមតិ​ខ្មែរអាមេរិកាំង មកដល់តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
កញ្ញា សេង ច័ន្ទធារី អ្នកតស៊ូមតិ​ខ្មែរអាមេរិកាំង មកដល់តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ភ្នំពេញ —  សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ បាន​បើក​សវនាការ​ពាក់ព័ន្ធ​នឹងរឿង «​ក្បត់»​ ចំនួន៤​សំណុំ​រឿង ​ដែលមានមនុស្សចំនួន១៣៧​នាក់​ ទាក់ទង​នឹង​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី មេដឹកនាំ​ក្រុម​ជំទាស់​កាល​ពី​ឆ្នាំ​មុន។ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​សម្រេច​បញ្ចូល​សំណុំ​រឿង​ជា​ពីរ ហើយសវនាការ​ស្ដាប់​អង្គ​ហេតុ ​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា ​និង​ខែ​មីនា ឆ្នាំ​ក្រោយ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​ច្របាច់​បញ្ចូល​សំណុំ​រឿង​ចំនួន​៤ ដែល​ក្នុង​នោះ​មាន​ចុង​ចម្លើយ​ជា​អតីតសកម្ម​ជននិង​អ្នក​គាំទ្រ​បក្សជំទាស់​សរុប​ចំនួន​១៣៧​រូប ជា​២​សំណុំ​រឿង​និង​កំណត់​សវនាការ​ជំនុំ​ជម្រះ​នៅ​ឆ្នាំ​ក្រោយ។

សវនាការ​ដ៏​មមាញឹក​ដែល​អ្នក​ជំនាញការ​អង្គ​ការ​សហប្រជាជាតិ បាន​ហៅ​ថា​មាន​ចរិត​នយោបាយ ​បាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​២​ម៉ោង​ និង​មាន​ចុង​ចម្លើយ​តែ​៣៣​នាក់​ប៉ុណ្ណោះ​ចូល​រួម។

មេធាវី​ការពារ​ក្ដី លោក​ សំ សុគង់ ធ្លាប់​ប្រាប់​ VOA​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ភាគ​ច្រើន​លើស​លប់​នៃ​ចុង​ចម្លើយ​ទាំង​១៣៧​នាក់ ក្នុង​សំណុំ​រឿង​ទាំង​៤​ខាង​លើ​ កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ គេច​ពី​ការ​ចាប់​ចង​។

កញ្ញា ណី ល័ក្ខ អតីត​ចៅសង្កាត់រង​សង្កាត់​អូចារ ក្រុងបាត់ដំបង លើក​បង្ហាញ​ដីកា​កោះហៅ នៅមុន​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
កញ្ញា ណី ល័ក្ខ អតីត​ចៅសង្កាត់រង​សង្កាត់​អូចារ ក្រុងបាត់ដំបង លើក​បង្ហាញ​ដីកា​កោះហៅ នៅមុន​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

សាល​សវនាការ​ដ៏​ណែន​ណាន់​តាន់​តាប់​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដើម​សេចក្ដី​កាល​ពី​វេលា​ម៉ោ​ង​៩ព្រឹក ​ដោយ​មាន​លោក​ រស់ ពិសិដ្ឋ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និង​លោក​ព្រះរាជអាជ្ញា​រង ​សេង ហៀង ជា​តំណាង​អយ្យការ ​និង​មាន​ចុង​ចម្លើយ​ជា​អតីត​មន្ត្រី​ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អង្គុយ​នៅ​ក្នុង​បន្ទប់​សវនាការ។

ដំណើរ​សវនាការ​បាន​ជជែក​គ្នា​អំពី​នីតិវិធី​ និង​ការ​បូក​ច្របាច់​បញ្ចូល​គ្នា​នូវ​សំណុំរឿង ​បទ​ល្មើស ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិ​សុខ​សង្គម ​ទាក់ទង​នឹង​គម្រោង​វិល​ត្រឡប់មិន​បាន​សម្រេច​របស់​លោក ​សម រង្ស៊ី និង​សហការី ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

អាជ្ញាធរ​បាន​ចោទ​គម្រោងប៉ុនប៉ង​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី ​នា​គ្រា​នោះ​ថាមាន​ចេតនា​កៀង​គរ​កម្លាំង​មហាជន ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

បន្ទាប់​ពី​ដំណើរការ​ក្ដី​មក​ទល់​នឹង​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ចៅក្រម​ រស់ ពិសិដ្ឋ ​បាន​សម្រេច​បំបែក​សំណុំរឿង​ជា​២ ​និង​ត្រូវ​កាត់​សេចក្ដី​នៅ​ឆ្នាំ​ក្រោយ។ សំណុំរឿង​ទីមួយ​ ត្រូវ​បើក​សវនាការ​ស្ដាប់​អង្គ​ហេតុ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ២០២១ ​ដែល​មាន​ចុង​ចម្លើយ​៦០​នាក់​ដោយ​ច្របាច់​បញ្ចូល​គ្នា​សំណុំ​រឿង​លេខ​៦០០៥ និង​លេខ​១១​៤០។ ហើយ​សំណុំ​រឿង​ទីពីរ​ ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី៤ ​ខែ​មីនា ​ឆ្នាំ​២០២១ ដែល​មាន​ចុង​ចម្លើយ​៧៧​នាក់។

លោក ​សារ៉ូ សុវុឌ្ឍិ ​អតីត​ចៅសង្កាត់​រង​ទីពីរ​នៃ​សង្កាត់​និម្មិត ​ក្រុង​ប៉ោយ​ប៉ែត ​ដែល​ជា​ចុង​ចម្លើយ​មួយ​រូប​ដែរ បាន​រិះគន់​នីតិវិធី​របស់​តុលាការ ​ដែល​លោក​ថា​លោក​ទើប​តែ​ទទួល​បាន​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ខែ​វិច្ឆិកា ​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​បញ្ចប់​សវនាការ ​លោក​ សុវុឌ្ឍិ ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​ទូទៅ គុក​វា​មិន​មែន​ស្រួល​ទេ ​អ្នកណា​មិន​ខ្លាច​ ឮ​សូរ​ពាក្យ​ចាស់​ថា ​ជាប់​គុក​មួយ​ថ្ងៃ ​ស្មើ​មួយ​ឆ្នាំ ​ប៉ុន្តែ​ធ្វើ​ជ្រូក​ កុំ​រា​ទឹក​ក្ដៅ ​ហើយ​បើ​គេ​ចោទ ​ធម្មតា​ទេ ​យើង​ជាមន្ត្រី​[បក្សជំទាស់] ​យើង​ធ្លាប់​រិះគន់​អី​ គ្រាន់​ថា​ខ្ញុំ​រិះគន់​ ដើម្បី​កែ​លម្អ ​អត់​មាន​យកខ្មែរ​ណា​ជា​សត្រូវ​ទេ ហើយ​ក៏​មិន​ស្អប់​ថ្នាក់​ដឹកនាំ​ទេ។ ខ្ញុំ​រិះគន់​គាត់ ដើម្បី​កែលម្អ ​និង​ប្រទេស​ជាតិ​រីក​ចម្រើន​»

លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា ធ្វើដំណើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (Ananth Baliga)
លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា ធ្វើដំណើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (Ananth Baliga)

ក្នុង​ចំណោម​ចុង​ចម្លើយ​១៣៧​នាក់​នោះ​ ក៏​មាន​ផង​ដែរ ​លោក ​ថាច់ សេដ្ឋា​ អតីត​សមាជិក​ព្រឹទ្ធ​សភា។

អ្នក​នយោបាយ​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​រូប​នេះ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា៖ «ហៅ​មក​នេះ សរសេរ​ឈ្មោះ​ខ្ញុំ​ខុស ថ្ងៃ​កំណើត​ខ្ញុំ​ខុស ហើយ​ដីកា​ ក៏​អត់។ យើង​ក៏​បាន​លើក​រឿង​ហ្នឹង​ប្រាប់​តុលាការ ​តែ​ដោយ​សារ​យើងមាន​សុឆន្ទៈ​ដោយ​យើង​សហការ​ជាមួយ​តុលាការ ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​យើង ​មិន​មែន​ជា​មនុស្ស​សម​គំនិត​ក្បត់​ ព្រោះ​មិនដឹង​ក្បត់​អ្នកណា​ទៀតហ្ន៎។ វា​មិន​ដែល​សម​គំនិត​ក្បត់​ជាតិ​សាសន៍​ឯង»

លោកស្រី​ រ៉ូណា ស្មីត ​(Rhona Smith) ​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ហៅ​សវនាការនេះ​ថា ​មាន​ «ចរិត​នយោ​បាយ»«ខ្វះ​មូលដ្ឋានច្បាប់»​ និង ​«រំលោភ​សិទ្ធិ​នីតិវិធី»

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដែរ​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ ​បាន​តប​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​លោកស្រី​ រ៉ូណា ស្មីត​ថា​ «ដំណើរ​ការ​នីតិវិធី​របស់​តុលា​ការ​ចំពោះ​ជន​ជាប់​ចោទ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់ ​ដោយ​ផ្អែកទៅ​លើ​បទ​ល្មើស​ដែល​បាន​ចោទ​ប្រកាន់​ស្រប​តាមច្បាប់»

លោក ​ជិន ម៉ាលីន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​ហៅ​បទ​ល្មើស​ខាង​លើ​ថា​ «អង្គ​ការចាត់​តាំងរៀបចំចាត់​ចែងច្បាស់លាស់ និងជា​ប្រព័ន្ធ» ​(Organized Crime) ​ដែលលោក​ថា​ចំនួន​ច្រើន​នៃ​ចុង​ចម្លើយ​ ជា​រឿង ​«ធម្មតា»។

លោក​ប្រាប់​ VOA ​ថា៖ «​បើ​បទ​ល្មើស​ជា ​Organized Crime …. អាហ្នឹង​វា​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​ហើយ វា​រួម​មាន​អ្នក​រៀប​ចំ​ រួម​មាន​អ្នក​សមគំនិត​ រួម​មាន​អ្នក​ចូល​រួម រួម​មាន​អ្នក​ដៃ​ដល់​ រួម​មាន​អ្នក​គាំទ្រ ​រួម​មាន​អ្នក​អនុវត្ត។ ទាំង​នោះ​សុទ្ធ​ជា​អ្នក​ពាក់ព័ន្ធ ​ហើយ​ជាគោល​ការណ៍​ច្បាប់​ព្រហ្មទណ្ឌ ​អ្នក​ទាំង​អស់​ហ្នឹង​ទទួល​ខុសត្រូវ​តាម​ផ្លូវច្បាប់​ដូចៗគ្នា»

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ បាន​បង្វែរ​សំណួរ​អំពី​ការ​ចោទ​របស់​ចុង​ចម្លើយ​អំពី​នីតិវិធី​ប្រញាប់​ប្រញាល់ ​ទៅ​ឱ្យ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​គុជ គឹម​ឡុង អ្នក​នាំពាក្យ​របស់​តុលាការ​បាន​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​នៅ​ក្នុង​ក្រុម​តេឡេក្រាម​ដែល​មាន​អ្នក​សារព័ត៌មាន​ជា​សមាជិក ​លោក គុជ គឹម​ឡុង បាន​បញ្ជាក់​ពី​ការ​បំបែក​សំណុំ​រឿង​នេះ ហើយ​ថា​មាន​ជន​ជាប់​ចោទ​ចំនួន​១៣៩​នាក់។ ប៉ុន្តែ​បើ​តាម​ការ​ត្រួត​ពិនិត្យ​របស់​ VOA ​លើ​ដីកា​កោះ​ហៅ​របស់​តុលាការ ​មាន​ឈ្មោះ​លោក ​សម រង្ស៊ី ​និងលោក​ ឡុង រី ​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ​ចំនួន​ពីរ​ដង។

មន្ត្រី​សន្ដិសុខ​យាមកាម​ជុំវិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
មន្ត្រី​សន្ដិសុខ​យាមកាម​ជុំវិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

នៅ​ខាង​ក្រៅ​តុលាការ​ នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​កង​កម្លាំង​នគរបាល ​និង​កងកម្លាំង​សន្ដិ​សុខ​សាលា​ខណ្ឌ​៧​មករា ​រាប់​សិប​នាក់ ​បាន​យាមកាម​យ៉ាង​តឹង​តែង ​ហើយ​អ្នក​គាំទ្រ​ចុង​ចម្លើយ​មួយ​ចំនួន​ ត្រូវ​បាន​ហាម​មិន​ឱ្យ​ទៅក្បែរ​អគារ​តុលាការ​ឡើយ៕

What Next?

Recent Articles

3 Responses to "តុលាការ​សម្រេច​យក​សំណុំ​រឿង «​ក្បត់» ​លើ​មនុស្ស​ជិត​១៤០​នាក់ ទៅ​ជំនុំ​ជម្រះ​បន្ត​នៅ​ឆ្នាំ​ក្រោយ"

  1. so socheath says:

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
    តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
    អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
    «ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
    កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕

  2. Anonymous says:

    I knew if SAM RANSY is brave enough people will rising up in the whole country .

  3. so socheath says:

    ហាស ! ហាស
    មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ​ ?
    ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
    ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
    ដូចនេះនៅឬទៅ ​វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
    (បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​
    អង្គការ​សង្គម​ស៊ីវិល​​ នេះជា សម្តីនាង ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ។
    (អង្គការ​សង្គម​ស៊ីវិល​​ការពារចោរ)