តុលាការ និងច្បាប់ | នយោបាយ | ព័ត៌មានជាតិ
លោក ញឹម សុខន | ០១ ធ្នូ ២០២០ |ម៉ោង ១៦:៣០
VOD

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Mu Sochua)
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានប្រកាសថា នឹងដឹកនាំក្រុមការងារមកកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ និងបានជំរុញដល់តុលាការជួយអន្តរាគមន៍បើកផ្លូវឱ្យពួកគាត់បានមកតតាំងក្តីនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា តាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្រុមមន្ត្រីជាន់ខ្ពស់អតីតគណបក្សនេះនៅក្រៅប្រទេស នៅចុងខែវិច្ឆិកានេះ អង្គប្រជុំបានឯកភាពគ្នានិងសម្រេចឱ្យថ្នាក់ដឹកនាំនិងសកម្មជនដែលមានឈ្មោះក្នុងដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ហើយដែលកំពុងនិរទេសនៅក្រៅប្រទេស ត្រូវវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «លោកស្រី មូរ សុខហួរ អនុប្រធាន [អតីត] គណបក្សសង្គ្រោះជាតិ នឹងដឹកនាំថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១»។
លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន៨រូបទៀតនៅក្រៅប្រទេស ត្រូវបានតុលាការចេញដីកាកោះឱ្យចូលមកបំភ្លឺជុំវិញបទចោទ «ឧបឃាត » ឬក្បត់ជាតិ រួមនឹងបទចោទមួយចំនួនទៀត តែត្រូវបានលើកពេលច្រើនដង។
ចំណែកអតីតសកម្មជន ចោទពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលសំណុំរឿងភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងការគាំទ្រគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងនេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា គម្រោងវិលចូលកម្ពុជាលើកនេះ ជាការចូលខ្លួនតតាំងក្តីក្នុងតុលាការ ដើម្បីបញ្ចប់បញ្ហានយោបាយនិងឈានទៅការផ្សះផ្សាជាតិ។
លោកស្រីថា៖ «បើទៅចាប់ៗចុះ ចង់ធ្វើអីធ្វើចុះ ធ្វើម៉េចឱ្យតែបញ្ចប់សេចក្តីហ្នឹង [បញ្ហាហ្នឹង] ដើម្បីឈានទៅរកការផ្សះផ្សាជាតិ»។
អ្នកស្រី មូរ សុខហួរ និងសកម្មជនជាច្រើនរូបបានគេចខ្លួនទៅក្រៅប្រទេស ក្រោយប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននិងចំពេលតុលាការកំពូលចេញសាលដីការំលាយគណបក្សនេះនៅចុងឆ្នាំ២០១៧។
លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា គិតត្រឹមថ្ងៃអង្គារនេះ លោកនៅមិនទាន់ដាក់ឯកសារពាក់ព័ន្ធនឹងការប្រកាសត្រឡប់មកកម្ពុជាវិញ ពីសំណាក់មន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំង ទៅកាន់តុលាការនៅឡើយទេ ប៉ុន្តែលោកថា នឹងយកទៅដាក់នៅចុងសប្តាហ៍នេះ។ លោកបន្តថា ជាសិទ្ធិធានាដោយច្បាប់ព្រហ្មទណ្ឌអន្តរជាតិ កូនក្តីជាជនជាប់ចោទ ត្រូវមានវត្តមានក្នុងអង្គសវនាការ ដើម្បីបានតតាំងក្តី ។
លោកថា៖ «ចំណុចទី២ ខ្ញុំគិតថា បើយើងអាចយកដំណោះស្រាយនយោបាយមកដោះស្រាយ វាល្អជាងយើងយកនីតិវិធីច្បាប់មកដោះស្រាយ ដោយសារមេដឹកនាំទាំង៩នាក់ ក៏ដូចអតីតសកម្មជនដែលត្រូវបានកោះហៅហ្នឹង សុទ្ធតែជាសកម្មជនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយរឿងហ្នឹងក៏ពាក់ព័ន្ធនឹងសកម្មភាពនយោបាយផងដែរ»។
បើតាមលោក សំ សុគង់ គឺលោកស្រី មូរ សុខហួរ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួន នឹងត្រូវចូលសវនាការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០, ថ្ងៃទី១៤ ខែមករា និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានបដិសេធអត្ថាធិប្បាយ ដោយប្រាប់ថាជាប់រវល់ ខណៈអ្នកនាំពាក្យមួយរូបទៀត លោក សួស វិទ្យារ៉ាន់ឌី ប្រាប់ថា លោកមិនទាន់ដឹងរឿងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងជួបក្រុមមេធាវីរបស់លោក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានផ្ញើសារថា ការសម្របសម្រួលនយោបាយណាមួយកើតឡើង វាលុះណាតែអ្នកពាក់ព័ន្ធទាំងនោះឆ្លងកាត់នីតិវិធីតុលាការចប់សព្វគ្រប់ជាមុនសិន។
លោកថា៖ «អត់មានសម្រួលគ្នាខាងនយោបាយមុនផ្លូវច្បាប់ទេ សុំជូនសារនេះទុកឱ្យហើយ ដំណើរការផ្លូវច្បាប់នៅតែបន្ត អ្នកត្រូវជាប់គុក ត្រូវជាប់គុកឱ្យហើយ ចាំមកនិយាយគ្នាតាមក្រោយ អ្នកមិនទាន់កាត់ក្តី ត្រូវកាត់ក្តីឱ្យហើយ »។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ការមិនសម្របសម្រួលនយោបាយមុនតុលាការសម្រេចក្តី អាចជាសារប្រាប់ថា តុលាការមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយដូចការចោទប្រកាន់។
មួយវិញទៀត លោកថា ការជ្រើសរើសវិលចូលកម្ពុជារបស់ក្រុមមេដឹកនាំអតីតបក្សប្រឆាំង អាចថា វត្តមាននៅក្រៅប្រទេសមិនមានឥទ្ធិពលដល់ការជំរុញលើការដោះស្រាយបញ្ហានៅក្នុងប្រទេស។
លោកថា៖ «ការមកហ្នឹង ក៏ជាការដាក់ទម្ងន់បញ្ជាក់អំពីនយោបាយនៅកម្ពុជា នៅត្រង់ថា កាលណាមក មានការចាប់ មានការកាត់ទោស ឆ្លុះបញ្ចាំងអំពីយុត្តិធម៌ពិតប្រាកដ អាចធ្វើឱ្យអន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬក៏បរិយាកាសនយោបាយនៅកម្ពុជា»។
សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បាននិយាយថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់លើករណីបណ្តឹងនៅតុលាការដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ។
សហរដ្ឋអាមេរិក គូសបញ្ជាក់ថា សេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា សេរីភាពក្នុងការសម្តែងមតិ និងការអត់ឱនចំពោះមតិប្រឆាំង មានសារៈសំខាន់ចាំបាច់នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។
ប្រទេសមហាអំណាចមួយនេះក៏បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ការពារសេរីភាពទាំងនេះ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវប្រកាន់ជំហានប្រកបដោយអត្ថន័យ ក្នុងការបើកឡើងវិញនូវលំហនយោបាយនិងលំហសម្រាប់ពលរដ្ឋ នៅក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ផងដែរ៕

សហរដ្ឋអាមេរិកអំពាវនាវឱ្យបើកឡើងវិញនូវលំហនយោបាយ ដើម្បីឱ្យការបោះឆ្នោតខាងមុខ ដំណើរការទៅមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដមួយ ខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការនៅឡើយ។

ក្រុមសមាជិកសភាអាមេរិក៨រូប ជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មបន្ថែមទៀតមកលើកម្ពុជា ជាការឆ្លើយតបទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលពួកគេមើលឃើញថា កំពុងធ្លាក់ចុះយ៉ាងគួរឱ្យព្រួយបារម្ភ។
សហរដ្ឋអាមេរិកជំរុញឱ្យកម្ពុជាការពារសេរីភាពស៊ីវិលនិងសេរីភាពនយោបាយ

តំណាងរដ្ឋាភិបាលអាមេរិកជំរុញរដ្ឋាភិបាលកម្ពុជាឱ្យការពារសិទ្ធិសេរីភាពរបស់សកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្របក្សប្រឆាំង ដោយលើកឡើងថា ពួកគេក្លាយជាគោលដៅនៃការប្ដឹងទៅតុលាការជាបន្តបន្ទាប់។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
be very careful SOK ESAN said when you are there he order his man to CHAP KRIP ..has…has..haaaaaaaaaaaaaa CHAP KRIP this guy acting the Government of every thing