ដោយ ជាតិ ចំណាន
2020-12-13
RFA

លោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) ផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មុនពេលចូលទៅបំភ្លឺចៅក្រមស៊ើបសួរ អំពីករណីប្អូនប្រុសឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) សកម្មជននយោបាយថៃ ដែលត្រូវគេចាប់ពង្រត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២០។ រូបពលរដ្ឋ
តុលាការក្រុងភ្នំពេញមិនទាន់បញ្ជូនភស្តុតាងដែលបងស្រីសកម្មជនថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) បានដាក់ជូន ដើម្បីឲ្យសមត្ថកិច្ចស៊ើបអង្កេតរឿងក្តីចាប់ពង្រត់សកម្មជននយោបាយថៃនេះនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរតែបង្ហាញនូវតម្លាភាពក្នុងការស៊ើបអង្កេតករណីនេះ ដើម្បីឲ្យប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ជនរងគ្រោះជឿទុកចិត្តបាន។
ការស៊ើបអង្កេតសំណុំរឿងចាប់ពង្រត់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម នៅកណ្ដាលក្រុងភ្នំពេញ ហាក់មិនទាន់មានដំណើរការទៅមុខនៅឡើយទេ ទោះជាសាច់ញាតិរបស់សកម្មជនរូបនេះ បានដាក់ភស្តុតាងជាច្រើនដើម្បីជួយដល់ការស៊ើបអង្កេតរបស់អាជ្ញាធរយ៉ាងណាក្តី។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១២ ធ្នូ ថា រហូតមកដល់ពេលនេះ តុលាការក្រុងភ្នំពេញមិនទាន់បញ្ជូនឯកសារភស្តុតាងដែលបងស្រីរបស់សកម្មជនថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ មកឲ្យសមត្ថកិច្ចក្រុងភ្នំពេញ ដើម្បីឲ្យស៊ើបអង្កេតបន្ថែមក្នុងករណីនេះនៅឡើយទេ៖ «ដូចជាអត់ឃើញមានគាត់មានបានទាក់ទងមក សូម្បីតែគាត់ធ្វើពិធីហ្នឹង ក៏គាត់អត់មានបានផ្ដល់ព័ត៌មានមកទាល់តែសោះ។ អត់ឃើញមានអីទេ ហើយឥឡូវបញ្ហាសំខាន់បងអាចសួរទៅខាងនោះសិនទៅអ៊ីចឹង ហើយម្យ៉ាងទៀតវាកូវីដផង អីផង អ៊ីចឹងបងអាចសួរបន្ថែមទៅខាងតុលាការ»។
បងស្រីរបស់លោក វ៉ាន់ឆាឡឺម គឺលោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) បានចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី០៨ ធ្នូ។ លោកស្រីបានប្រគល់ភស្តុតាងជាច្រើនជូនដល់ចៅក្រមស៊ើបសួរ លោក ស៊ិន សុវណ្ណរ័ត្ន ដើម្បីរកយុត្តិធម៌ជូនប្អូនប្រុសលោកស្រី ដែលត្រូវបានក្រុមប្រដាប់អាវុធចាប់ពង្រត់បាត់ដំណឹងសូន្យឈឹងតាំងពីដើមខែមិថុនា មក។ ភស្តុតាងទាំងនោះ រួមមានឯកសារចំនួន ១៧៧ទំព័រ និងសក្ខីកម្មដែលបញ្ជាក់ថា ប្អូនប្រុសរបស់លោកស្រីបានស្នាក់នៅកម្ពុជា ពេលដែលត្រូវគេចាប់ពង្រត់។ ក្រៅពីនេះ លោកស្រីបានដាក់រូបថត វីដេអូ ភស្តុតាងជាទូរស័ព្ទ ព័ត៌មានលម្អិតអំពីគណនេយ្យធនាគារ និងលិខិតឆ្លងដែន ដែលបង្ហាញថា លោក វ៉ាន់ឆាឡឺម បានស្នាក់នៅភ្នំពេញ បន្ទាប់ពីគាត់រត់ភៀសខ្លួនពីប្រទេសថៃ តាំងពីក្រោយរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក គុជ គឹមឡុង ដើម្បីសួរនាំអំពីរឿងនេះបន្ថែម ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទនោះទេ នៅថ្ងៃទី១២ ធ្នូ នេះ។
មេធាវីការពារក្ដីឱ្យបងស្រីលោក វ៉ាន់ឆាឡឺម គឺលោក សំ ចំរើន បញ្ជាក់ថា លោកទុកពេលវេលាឲ្យតុលាការសិក្សា និងស្រាវជ្រាវបន្ថែមលើភស្តុតាងដែលកូនក្តីរបស់លោកបានដាក់ជូននេះ ហើយប្រសិនបើគ្មានចំណាត់ការណាមួយនោះទេ ក្រុមមេធាវីនឹងរៀបចំនីតិវិធីជំរុញបន្ថែមទៀត៖ «មិនទាន់អីជាចំណាត់ការពិសេសអីទេណា វាទើបនៅក្នុងដំណើរការពិនិត្យសិក្សាក្នុងកម្រិតទ្រឹស្ដី។ យើងរង់ចាំបន្តិច ប្រសិនបើមិនឃើញមានចំណាត់ការអីដូចការគិតរបស់យើង ឬតាមផ្លូវច្បាប់ យើងមើលទៅថា វាមានភាពចាំបាច់យើងនឹងជំរុញ»។
ចំណែក ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា និងតុលាការ គួរបង្ហាញការយកចិត្តទុកដាក់ក្នុងការស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ។ លោកបន្តថា តុលាការគួរដោះស្រាយបញ្ហាដោយឈរលើឯករាជ្យភាព តម្លាភាពមួយឲ្យបានត្រឹមត្រូវ ដើម្បីផ្ដល់មុខមាត់ កិត្តិយស ដល់ប្រទេសកម្ពុជា៖ «យើងត្រូវបន្តនីតិវិធី ពិសេសគឺជាមួយនឹងតុលាការ ដើម្បីស្វែងរកការពិតឲ្យឃើញសិន ជាជាងយើងធ្វើការបដិសេធក្នុងន័យមួយប្រញាប់ប្រញាល់ពេក វាអាចនាំឲ្យមានការថ្លោះធ្លោយ ពីព្រោះនៅក្នុងហ្នឹងក៏គេមានការសង្ស័យថា មានសាក្សីខ្លះដែរ ដែលគេបង្ហាញថា បុរសជនជាតិថៃហ្នឹង គឺមកបាត់ខ្លួននៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាគេបានឃើញគាត់ស្នាក់នៅឯណាៗហ្នឹង នេះគឺទៅតាមអ្វីដែលជាព័ត៌មានកន្លងមក ដែលយើងធ្លាប់ទទួលបានវាទូទៅ។ ដូច្នេះហើយបានយើងទុកលទ្ធភាពហ្នឹងឲ្យតុលាការ ដើម្បីធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកការពិត ហើយការស៊ើបអង្កេតនេះត្រូវតែធ្វើឡើងដោយមានលក្ខណៈតម្លាភាព ដោយធ្វើយ៉ាងណា ដើម្បីឲ្យមហាជនគេអាចជឿទុកចិត្តបាន»។
សកម្មជនអាវក្រហម និងជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មានវ័យ ៣៧ឆ្នាំ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ កាលពីថ្ងៃទី៤ មិថុនា ក្នុងពេលដែលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារ នៅមុខកន្លែងស្នាក់នៅរបស់លោកនៅក្នុងទីក្រុងភ្នំពេញ។ អ្នករិះគន់រដ្ឋាភិបាលថៃរូបនេះ បានរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០១៤ និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជា ហើយលោកនៅតែបន្តរិះគន់រដ្ឋាភិបាលថៃនៅលើទំព័របណ្ដាញសង្គមរបស់គាត់។ កន្លងមក អាជ្ញាធរកម្ពុជាអះអាងថា លោក វ៉ាន់ឆាឡឺម មិនមានឈ្មោះក្នុងបញ្ជីជនបរទេសដែលស្នាក់នៅកម្ពុជា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ អាជ្ញាធរកម្ពុជាក៏បានបដិសេធថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងករណីចាប់ពង្រត់នេះឡើយ ហើយការស៊ើបអង្កេតនៅតែបន្ត ប៉ុន្តែមិនទាន់មានតម្រុយណាមួយនៃការស៊ើបអង្កេតពីករណីបាត់ខ្លួនសកម្មជននយោបាយថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ នៅឡើយទេ រហូតមកដល់ពេលនេះ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចោទសួរ និងជំរុញម្ដងហើយម្ដងទៀត ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស៊ើបអង្កេតករណីនេះដោយម៉ត់ចត់ និងឥតលម្អៀង ហើយត្រូវផ្តល់ព័ត៌មានលំអិត ឬការវិវត្តនៃការស៊ើបអង្កេតនោះ ដើម្បីធានាពីសុវត្ថិភាព និងជោគវាសនារបស់ លោក វ៉ាន់ឆាឡឺម ជាពិសេសត្រូវបង្ហាញថា ជនល្មើសកំពុងត្រូវបានអាជ្ញាធរកំណត់អត្តសញ្ញាណ និងកំពុងស្វែងរកចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
please do not wasting your time if you can not get HUN SEN to face justice you will never fine out any thing . HUN SEN is too good at killing did you know how many Cambodian this evil has been murder???? I knew it not less then one million life HUN SEN is a killer indeed only GOD wines it right now until those day that his day come and every thing will be reveal