រដ្ឋាភិបាល​ត្រៀម​ថវិកា​ខ្ទង់ ២០០​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩

ដោយ សុជីវី
2020-12-15
RFA

រដ្ឋាភិបាល​ត្រៀម​ថវិកា​ខ្ទង់ ២០០​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូប៖ ហ្វេសប៊ុក


ប្រមុខរដ្ឋាភិបាល​ប្រកាស​ថា ត្រៀម​​កញ្ចប់​ថវិកា ពី​មួយ​រយ​លាន (១០០លាន) ​ទៅ​ពីរ​រយ​លាន (២០០​លាន) ដុល្លារ​សម្រាប់​ទិញ​វ៉ាក់សាំង ​ជំងឺ​កូវីដ១៩ (Covid-19) តែ​ មិន​ទាន់​បញ្ជាក់​ថា នឹង​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​ពី​​ប្រទេស​ណា​ឡើយ ដោយ​បន្ត​ធ្វើការ ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​ បន្ត​ទៀត។ សង្គម​​ស៊ីវិល​ ស្វាគមន៍​​ចំណាត់​ការ​ របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ជំនាញ​ពិភព​លោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​មាន​ថវិកា​ក្នុង​ដៃ ៥៣៨​លាន​ដុល្លារ ដើម្បី​​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ស្ដារ​​សេដ្ឋកិច្ច​ឡើង​វិញ។ លោក​ថា​លុយ​នេះ​ បាន​ពី​ធនាគារ​អភិវឌ្ឍន៍​កម្ពុជា (ADB) ទីភ្នាក់ងារ​​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (JICA) និង​ធនាគារ​របស់​​​កូរ៉េ​ខាងត្បូង (EDCS)។ លោក ហ៊ុន សែន អះអាង លុយ​ជាង​ប្រាំ​រយ​លាន​ដុល្លារ​នេះ ​មិន​ទាន់​​​សរុប​ដល់​លុយ​សន្សំ​របស់​​រដ្ឋាភិបាល​នោះ​ទេ។

ចំណែក​លុយ​បាន​មក​ពី​ជំនួយ​សប្បុរសជន​វិញ លោក ហ៊ុន សែន​ ឲ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី១៤ ​ធ្នូ មាន​​អ្នក​ជំនួញ មន្ត្រី​រាជការ ព្រះសង្ឃ និង​ពលរដ្ឋ ជិត​បួន​ម៉ឺន​​(៣៨,៤១១)​នាក់ បាន​ចូលរួម​បរិច្ចាគ​ទិញ​វ៉ាក់សាំង​ និង​ទទួល​បាន​​លុយ​​ជិត​ហា​សិប​​លាន(៤៨,​០៩៣,​៩០៥.១៣)​ដុល្លារ និង​លុយ​ខ្មែរ​​ជិត​បួន​ពាន់​លាន​ (៣ពាន់ ៩០០លាន)​ រៀល​។ ទោះ​យ៉ាង​ណា លោក អះអាង​ថា លុយ​ជំនួយ​នេះ មិន​ស្មើ​មួយ​ភាគ​បួន (១/៤) នៃ​ប្រាក់​ខែ​​របស់​មន្ត្រី​ និង​កង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​មួយ​ខែ​ទេ។

លោក បន្ត​ថា រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​​ទិញ​វ៉ាក់សាំង​​ពី​ប្រទេស​ណា​ ដែល​មាន​​ការ​ទទួល​ស្គាល់​​​អង្គការ​សុខភាព​ពិភពលោក ​ខណៈ​មក​ដល់​ពេល​​អង្គការ​សុខភាព​ពិភព​លោក មិន​ទាន់​​ទទួល​ស្គាល់​វ៉ាក់សាំង​ណាមួយ​ នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា លោក ហ៊ុន សែន បញ្ជាក់​ថា​ តាម​គោលការណ៍​​មនុស្ស​ធម៌​(COVAX) កម្ពុជា នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង ​ពី​អង្គការ​សុខភាព​ពិភព​លោក ចំនួន​២០​ភាគ​រយ នៃ​ប្រជាជន​សរុប ហើយ​ដំណាក់​កាល​ដំបូង នឹង​ផ្ដល់​មក​ឲ្យ​កម្ពុជា ចំនួន​៣​ភាគ​រយ​សិន​។ ដូច្នេះ កម្ពុជា​ នឹង​ទិញ​វ៉ាក់សាំង​ ឲ្យ​ពលរដ្ឋ​ចំនួន​​៨០​ភាគរយ​​ផ្សេង​ទៀត ដែល​ស្មើ​​​ប្រមាណ​ដប់​បី​លាន (១៣លាន) នាក់។

ជាមួយគ្នានេះ លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល ​បាន​ត្រៀម​ឃ្លាំង ដែល​អាច​ទុក ​វ៉ាក់សាំង​រហូត​ដល់​កម្រិត​ត្រជាក់​ ដក​ប៉ែត​សិប (-៨០) អង្សា​ ឬ​ក្រោម​នេះ សម្រាប់​ស្ដុក​​ទុក​វ៉ាក់សាំង និង​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ គិតគូរ​​​​ដល់​ចំណុច​ដឹកជញ្ជូន​វ៉ាក់សាំង​​ផង​ដែរ។ លោក ​ក៏​ចេញ​​បញ្ជា​​ ទៅ​​ក្រសួងសុខាភិបាល ឱ្យ​ដឹក​បញ្ជូន​សម្ភារ និង​បរិ​ក្ខារ​វេជ្ជសាស្ត្រ​សង្គ្រោះ ទៅ​កាន់​មន្ទីរ​សុខាភិបាល នៅ​តាម​​​រាជធានី ខេត្ត​ ទាំង​អស់​ ព្រមទាំង​​ត្រូវ​បង្កើន​សមត្ថភាព​គ្រូពេទ្យ និង​បង្កើន​​ចំនួន​គ្រូពេទ្យ ដើម្បី​ត្រៀម​ឆ្លើយតប ក្នុង​ករណី​​​ផ្ទុះ​​ជំងឺ​កូវីដ​១៩ ក្នុង​ទ្រង់ទ្រាយ​ធំ​ ជាយថាហេតុ៖ «អ៊ីចឹង យើង​ត្រូវ​ការ​១លាន​ដូស មក​ដំបូង​សម្រាប់​មនុស្ស​​ហាសិប​ម៉ឺន​នាក់ ដែល​ក្នុង​មនុស្ស ៥០ម៉ឺន​នាក់​នេះ គឺ​យើង​មាន​បញ្ជី​រួច​ស្រេច អ្នក​ដែល​មាន​អាទិភាព​មាន ៤១ម៉ឺន ជាង ៤១ម៉ឺន​នាក់ ដែល​ត្រូវ​បាន​ទទួល​មុន​គេ។ ក្នុង​ហ្នុង មាន​តាំង​ពី​អ្នក​ប្រមូល​សំរាម​អនាម័យ​ទីក្រុង ដែល​ប្រឈម​នឹង​សភាពការណ៍​ មាន​តាំង​អ្នក​បើកបរ​ ដឹក​ជញ្ជូន ជា​តាក់ស៊ី ជា​កង់​បី មាន​បព្វជិត​សាសនា មាន​កីឡាករ​ កីឡា​ការិនី»

ក្រៅពី​នេះ លោក ហ៊ុន សែន នៅ​តែ​បន្ត​អំពាវនាវ និង​ប្រកាស​ឲ្យ​បិទ​ការ​ជួបជុំ​គ្នា លើស​ពី ២០នាក់​ដដែល ដើម្បី​រក្សា​សុខ​ភាព​សាធារណៈ។ លោក​សង្ស័យ​ថា អ្នក​ប៉ះពាល់​​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ​២៨ វិច្ឆិកា នៅ​មិនទាន់​បង្ហាញ​ខ្លួន​អស់​ នៅឡើយ។ ទោះ​យ៉ាង​ណា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ព្រឹត្តិ​ការណ៍​សហគមន៍​ ២៨វិច្ឆិកា ​បាន ប៉ុន្តែ​មិនទាន់​អាច​បញ្ចប់​បាន​ទេ ដោយ​​​ត្រូវការ​ពេល​បន្ថែម​ទៀត ដើម្បី​ធានា​ថា ​​ព្រឹត្តិការណ៍​​សហគមន៍ ២៨​ វិច្ឆិកា​ ​​​ពិត​ជា​ត្រូវ​ ផុត​រលត់​មែន។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សង្កេត​ឃើញ​ថា រដ្ឋាភិបាល​​កម្ពុជា បាន​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ដូច​គ្នា នឹង​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ ទៀត​ដែរ។ អ្នកស្រី​ស្វាគមន៍​គោល​ជំហរ​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក ​ដើម្បី​ទិញ​វ៉ាក់សាំង​ ចាក់​ជូន​ពលរដ្ឋ​កម្ពុជា ឲ្យ​បាន​គ្រប់​គ្នា។ តែ​យ៉ាង​ណា អ្នកស្រី​សង្ឃឹម​ថា ក្រោយ​ពេល​​​វិបត្តិ​ជំងឺ​កូវីដ១៩​ បាន​ធូរស្រាល​ទៅ រដ្ឋាភិបាល​នឹង​បើក​លំហ​សិទ្ធិ​សេរី​ភាព​ជួបជុំ​របស់​ពលរដ្ឋ​ឡើង​វិញ៖ «យើង​អាច​ពិចារណា ថ្លឹងថ្លែង​ទៅ​តាម​ហ្នឹង។ ប៉ុន្តែ​គ្រាន់​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ ប្រកប​ដោយ​គតិ​យុត្តិ ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់ នូវ​ស្ថានការណ៍ នៃ​ការ​​វិវត្តន៍​កូវីដ​នេះ ដើម្បី​ធានា​ថា នៅ​ពេល​ស្ថានការណ៍​បាន​ធូរ​ស្រាល​អ្វី​ហ្នឹង អ៊ីចឹង​សិទ្ធិ​ដទៃ​ទៀត រាប់​ទាំង​សិទ្ធិ​នៃ​ការ​ជួប​ជុំ ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​អ្វី​ហ្នឹង ត្រូវ​បាន​បន្ធូរ​​បន្ថយ»

នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​សម្រេច​អនុញ្ញាត​ឲ្យ​​មន្ត្រី​រាជការ​បម្រើ​ការងារ​​នៅ​ក្នុង​បរិមាណ​ក្រសួង​មហាផ្ទៃ​វិញ ក្រោយ​​​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក និង​បាន​ធ្វើតេស្ត​រក​​ជំងឺ​កូវីដ-១៩ លើក​ទី​៣ រួចរាល់ ដោយ​​​លទ្ធផល​អវិជ្ជមាន។ ប៉ុន្តែ ​​​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បន្ត​តាមដាន​ត្រួត​ពិនិត្យ​សុខភាព ដោយ​ក្រសួង​សុខាភិបាល ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក​បន្ត។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល នៅ​តែ​បន្ត​រក​ឃើញ​អ្នក​​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍​​ ២៨ វិច្ឆិកា។ សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៥​ ធ្នូ បង្ហាញ​ថា កុមារា​ម្នាក់​ អាយុ​០១​ឆ្នាំ រស់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បាន​រក​ឃើញ​ផ្ទុក​ជំងឺ​កូវីដ​១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៣។ កុមារា​នេះ ជា​កូន​​របស់​ស្ត្រី ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ហើយ​បច្ចុប្បន្ន​ ដាក់​ឲ្យ​សម្រាក​ព្យាបាល​ ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

ចំណែក​​​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៦៦​ឆ្នាំ និង​ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ អាយុ ៣៤ឆ្នាំ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៣ ធ្នូ ក៏​ត្រូវ​បាន​​ធ្វើតេស្ត​រក​ឃើញ​មាន​ជំងឺ​កូវីដ១៩ ដែរ។ អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត។

ក្រៅ​ពី​នេះ មាន​មនុស្ស​៣នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី១៥ ធ្នូ​ គឺ​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក ឆែម សាវុធ និង​ ស្ត្រី​ម្នាក់ ជា​គ្រួសារ​របស់​អ្នក​បើកបរ​ឲ្យ​លោក ឆែម សាវុធ និង​បុរស​ម្នាក់ទៀត ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់​ប៉ះពាល់ ជាមួយ​លោក ឆែម សាវុធ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៥ ធ្នូ កម្ពុជា រក​ឃើញ​អ្នក​មាន​ជំងឺ​កូវីដ១៩ ចំនួន ៣៦២នាក់ (ស្ត្រី ៨៦, បុរស​២៧៦)។ អ្នក​ជា​សះ​ស្បើយ​ចំនួន ៣១២នាក់។ ឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន ៥០នាក់ ដោយ​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត ចំនួន ៣៣នាក់ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ចំនួន ១០នាក់ និង​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​របេង និង​ហង់សិន ចំនួន ៧នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​ត្រៀម​ថវិកា​ខ្ទង់ ២០០​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩"

  1. Anonymous says:

    Finally Mr Hun Sen is changing his leadership style to become a leader who cares about people life ?. This is the time that all Cambodia people stand together to build our country and nobody loves our nation than Cambodian?? ourselves.

  2. Anonymous says:

    please do not over warming to see some thing new it is not so sour yet . please reveal some of our old Cambodian word or some English expression to the person like HUN SEN . the old Cambodian word said the dog whit curly tail will always curly unless we cut it off . dog still be dog no matter what . the old Cambodian prediction said there are three evil kings cam in powers I knew HUN SEN ,HENG SAMRIN , CHEA SIM was that three kings indeed no question to ask . please look at to HUN SEN this animal was an evil killer his action and word are suit to be the devil of the world in this century. please wait after every thing over HUN SEN will be in the history of the world every one will be happy .