អ្នក​ឆ្លងកាត់​របប​ខ្មែរក្រហម រំឭក​ថ្ងៃ​១៧ មេសា ១៩៧៥ ដែល​ក្រុង​ភ្នំពេញ ធ្លាក់​ក្នុង​ដៃ​ខ្មែរក្រហម

ដោយ ហេង រស្មី
2021-04-17
RFA

អ្នក​ឆ្លងកាត់​របប​ខ្មែរក្រហម រំឭក​ថ្ងៃ​១៧ មេសា ១៩៧៥ ដែល​ក្រុង​ភ្នំពេញ ធ្លាក់​ក្នុង​ដៃ​ខ្មែរក្រហម

ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង


កាលពី​៤៦​ឆ្នាំមុន ភ្លាមៗ​ក្រោយ​ចប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​កុម្មុយនីស្ត​ខ្មែរក្រហម​បាន​វាយលុក​ចូល​ដល់​ក្រុងភ្នំពេញ ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​សេនាប្រមុខ លន់ នល់​។ ក្រុម​ខ្មែរ​ក្រហម​បាន​បង្កើត​របប​ដឹកនាំ​ថ្មី ដោយ​ដាក់​ឈ្មោះ​ថា កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ក្នុង​របប​នេះ​ពលរដ្ឋ​ជិត​២​លាន​នាក់ បាន​បង់ជីវិត​។ អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​រំឭក​ថា ពួកគាត់​ចងចាំ​មិន​ភ្លេច​ទេ អំពី​ស្រមោល​អតីតកាល​ដ៏​ឈឺចាប់ និង​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ និង​អ្នកដឹកនាំ​ប្រទេស​បច្ចុប្បន្ន កុំ​ចាត់ទុក​ខ្មែរ​ដូចគ្នា​ជាស​ត្រូវ ហើយ​ត្រូវ​ពង្រីក​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ដើម្បី​កុំ​ឱ្យ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​អាក្រក់​មួយ​នេះ កើតឡើង​ម្តង​ទៀត។

ប្រជា​ពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ទំនង​ជា​កំពុង​ព្រួយ​បារម្ភ​អំពី​ជីវិត និង​ជីវភាព​រស់នៅ ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការ​បិទ​ទីក្រុង​ទាំងមូល​នៅ​ពេល​នេះ​។ ប៉ុន្តែ​កាលពី​៤៦ ឆ្នាំមុន​វិញ នេះ​គឺជា​ពេលវេលា​ចលាចល​ខ្លាំង​បំផុត ដោយសារតែ​ការ​មក​ដល់​នៃ​កងទ័ព​ខ្មែរក្រហម​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ។

ពលរដ្ឋ​ខ្លះ​នៅតែ​ចងចាំ​ព្រឹត្តិការណ៍​ថ្ងៃ​១៧ មេសា ១៩៧៥ ដដែល ទោះបីជា​វា​បាន​កន្លង​ហួស​ទៅ​រយៈពេល​ជាង​៤ ទសវត្សរ៍​ទៅ​ហើយ​ក្តី​។ មូលហេតុ គឺ​ដោយសារ​ព្រឹត្តិការណ៍​នោះ​ជា​របត់​នយោបាយ​ដ៏​សំខាន់ ដែល​នាំ​ឱ្យ​ទៅ​រក​ការ​កាប់​សម្លាប់ និង​ការ​បាត់​បង់ជីវិត​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។

អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម និង​បច្ចុប្បន្ន​ជា​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ថ្លែង​ថា ព្រឹត្តិការណ៍​កាលពី​៤៦​ឆ្នាំមុន​នៅ តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​លោក​ជានិច្ច​។ លោក​រំឭក​ឡើងវិញ​ថា នៅ​ឆ្នាំ​១៩៧៥ លោក កំពុង​មាន​វ័យ​ជំទង់ រស់នៅ​តំបន់​បុរី​កីឡា។ លោក​បន្ត​ថា ដំបូង​ឡើយ អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ភាគច្រើន​បាន​ចេញ​ពីផ្ទះ​លើក​ទង់ជ័យ​ស និង​ទទួល​ស្វាគមន៍​កងទ័ព​ខ្មែរក្រហម ព្រោះ​គិត​ថា សង្គ្រាម​រវាង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ និង​កងទ័ព​កុម្មុយនិស្ត​ខ្មែរក្រហម​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ បាន​បញ្ចប់ និង​នាំ​សេចក្ដីសុខ​សាន្តត្រាណ​ចាប់​ពី​ពេល​នោះ៖ «មុននឹង​បែក​នេះ​គឺ​អ្នក​ភ្នំពេញ ដេក​តែ​ក្នុង​ត្រង់​សេ​ទេ ព្រោះ​មាន​គ្រាប់​ផ្លោង​រាល់ថ្ងៃ ដូច្នេះ​មានការ​លំបាក ហើយ​ជំនាន់ លន់ នល់ នោះ ងាក​ផ្ទុះ​គ្រាប់​បោក​គ្រាប់បែក​តាម​ផ្សារ​អីចឹង អស្ថិរភាព ហើយ​កាលនោះ​យើង​លឺ​ថា កងទ័ព ខ្មែរក្រហម​ជា​កងទ័ព​របស់​សម្តេច សីហនុ អីចឹង ដូច្នេះ​ពេល​បែក​ទៅ​នរណា​មិន​អរ។ ដំបូង​គេ​អត់​ទាន់​ប្រកាស​ឱ្យ​យើង​ចេញ​ទេ ដូច្នេះ​យើង​សប្បាយ​ចិត្ត​ទៅ​។ ៤​ថ្ងៃ​ក្រោយ​មក​ទើប​បាន​គេ​ប្រកាស​ឱ្យ​យើង​ចេញ​ពី​ផ្ទះ ទៅ​ខេត្ត​ណា​ទៅៗ ហើយ​រយៈពេល​កន្លះ​ខែ​គេ​ឱ្យ​មក​វិញ​ហើយ គេ​បោសសម្អាត​ទីក្រុង​ភ្នំពេញ»។

លោក​រៀបរាប់​បន្ត​ថា ការ​រំពឹងទុក​នេះ​មាន​រយៈពេល​ខ្លី​បំផុត ហើយ​មនុស្សម្នា​ក៏​ចាប់ផ្តើម​មានទុក្ខ​ក្រៀមក្រំ​និង​ភិតភ័យ​វិញ ក្រោយពេល​កងទ័ព​ខ្មែរក្រហម បង្ខំ​ឱ្យ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ។ លោក ថា តាម​ដង​វិថី​នានា​ក្នុង​ក្រុងភ្នំពេញ​បាន​កកកុញ​ទៅ​ដោយ​មនុស្ស​ប្រជ្រៀត​គ្នា​ចាក​ចេញ​ពី​ទីលំនៅ​។​គ្រួសារ​របស់​លោក ត្រូវ​បាន​ជម្លៀស​ទៅ​រស់នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៖ «ពេល​ចេញ​ពីផ្ទះ​មក​ដល់​ស្ពាន​ក្បាលថ្នល់​ច្បារអំពៅ ពេល​ហ្នឹង​ឃើញ​មនុស្ស​ងាប់ ឃើញ​ខ្មែរក្រហម បាញ់​មនុស្ស​ចាស់ជរា​អី​ងាប់​តាម​ផ្ទះ ហ្មង អ្នកដើរ​អត់​រួច គេ​បាញ់សម្លាប់​ហ្មង​។ ពេលនោះ​ចាប់ផ្តើម​ញ័រ​ជើង​ហើយ​ព្រោះ​ឃើញ​ផ្ទាល់​ភ្នែក ហើយ​ឃើញ​តាម​ទឹកទន្លេ​ច្បារអំពៅ​ឃើញ​ខ្មោច​អណ្ដែត​ព្រាត ហើយ​តាមផ្លូវ​ដែល​ខ្ញុំ​ដើរ​តាម​ក្បាលថ្នល់​ឡើង​ទៅ​ចាក់អង្រែ​ឡើង​ទៅ​តាខ្មៅ គឺ​ខ្មោច​តាម​ចិញ្ចើម​ផ្លូវ​ទាំងអស់​។ ភាគច្រើន​ងាប់​ដោយសារ​ពួក​ខ្មែរក្រហម​បាញ់​សម្លាប់​។ ពេល​នោះ​គេ​ចេះតែ​ដេញ​យើង​ទៅៗ​រហូត ហើយ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ ចេះតែ​ទៅៗ ៣ ទៅ ៤​យប់​បាន​ដល់​ត្រាំកក់»។

ស្រដៀង​គ្នា​នេះ អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ម្នាក់ទៀត និង​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ថ្លែង​ថា ទោះជា​រឿងរ៉ាវ​ទាំងនេះ​បាន​កន្លង​ផុត​ទៅ​៤៦​ឆ្នាំ​ហើយ​ក្ដី ក៏​លោក​នៅតែ​នឹកឃើញ​អំពី​ការឈឺចាប់​ទាំងនោះ​។ លោក​ថា នៅ​ជំនាន់​នោះ លោក​មាន​វ័យ​១៣ ឆ្នាំ និង​មាន​ទីលំនៅ​ម្តុំ​ទួលគោក។ លោក​រំឭក​ថា ពេល​កងទ័ព​ខ្មែរក្រហម​ដើរ​ប្រសាច​ពេញទី​ក្រុងភ្នំពេញ ហើយ​ប្រាប់​ឱ្យ​ពលរដ្ឋ​ចាក​ចេញទៅ​ជនបទ​នោះ ពលរដ្ឋ​ម្នាក់ៗ​ចាប់ផ្តើម​ភ័យ​តក់ស្លុត មិន​និយាយ​រក​គ្នា បាត់បង់​សាមគ្គីភាព ដោយ​ម្នាក់ៗ​គិតតែ​ពី​ខ្លួនឯង និង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​។ លោក​បន្ត​ថា គ្រួសារ​របស់​លោក​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់នៅ​ក្នុង​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ដែល​នៅ​ទីនោះ ក៏​មាន​ករណី​សម្លាប់​មនុស្ស​ដែរ​។ ចំណែក​តាម​ដងផ្លូវ​វិញ លោក​ប្រទះឃើញ​មនុស្ស​ស្លាប់​ជា​ហូរហែ៖ «កាលដែល​ខ្ញុំ​ទៅនោះ គឺ​អ្នក​ដែល​គេ​យក​ទៅ​សម្លាប់​មុនគេ គឺ​បងជីដូនមួយ​ខ្ញុំ​តែម្តង។ គាត់​ទៅដល់​ភ្លាម ត្រូវ​បាន​មេភូមិ​យក​ទៅ​សម្លាប់​តែម្តង ដោយសារ​គាត់​ជា​ទាហាន លន់ នល់ ហើយ​តាម​ខ្ញុំ​ដឹង​មេភូមិ និង​បង​ខ្ញុំ​គឺ​ធ្លាប់​ជា​មិត្តភក្ដិ​គ្នា ពី​ក្មេង​ទៀត​ផង តែ​ពួកគាត់​ទាំងពីរ​នាក់​ត្រូវ​បាន​គម្លាត​ដោយសារ​មនោគមវិជ្ជា ម្ខាង​នៅ​ខាង លន់ នល់ ម្ខាង​ទៀត​នៅ​ខាង​ខ្មែរក្រហម។ យើង​ស្លុត​ណាស់ ព្រោះ​ភូមិ​នេះ ជា​ស្រុកកំណើត​របស់​ជីតា​ខ្ញុំ ដូច្នេះ​ជាទូទៅ​យើង​ស្គាល់​អ្នកស្រុក​អ្នក​ភូមិ​ហ្នឹង ហើយ​យើង​មិន​នឹកស្មាន​ថា មនុស្ស​ដែល​យើង​ស្គាល់​សម្លាប់​សាច់ញាតិ​យើង​ទេ។ និយាយ​តាម​ត្រង់ ម្តាយ​ខ្ញុំ​មិន​ឱ្យ​រាប់​អ្នក​ដែល​ស្លាប់​ទេ ឱ្យ​រាប់​តែ​អ្នក​នៅ​រស់​ដើម្បី​ឱ្យ​យើង​មាន​សង្ឃឹម ព្រោះ​មាន​ស្លាប់​ច្រើនពេក»។

ពួក​ខ្មែរក្រហម​បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ​ដោយ​បង្ខំ​ឱ្យ ទៅ​រស់​នៅ​តាម​ជនបទ​ចុងកាត់មាត់ញក និង​តាម​ព្រៃភ្នំ ក្នុង​ស្ថានភាព​លំបាក​អត់ឃ្លាន ការ​ធ្វើ​ទារុណកម្ម ធ្វើការ​ហួសកម្លាំង និង​ឈឺ​ថ្កាត់​គ្មាន​ថ្នាំ​ព្យាបាល​ត្រឹមត្រូវ និង​អំពើ​ឃោរឃៅ​ផ្សេងៗ​ទៀត​។ មូលហេតុ​ទាំងនេះ​បូករួម​ទាំង​ការ​កាប់​សម្លាប់​ផង បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ជិត ២​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​សរុប ជិត ៨​លាន​នាក់​នៅ​គ្រានោះ។

ក្រៅពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ខ្លួនឯង ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ព្រឹត្តិការណ៍​ថ្ងៃ​១៧ មេសា នោះ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​មហន្តរាយ​នៅ​កម្ពុជា។

17-Apr-75-1.jpeg
ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង

អតីត​ប្រធាន​មន្ទីរ​ស​២១ ឬ​គុក​ទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅ​ឌុច ធ្លាប់​បាន​សារភាព​នៅ​ចំពោះមុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ថា ថ្ងៃទី​១៧ មេសា ឆ្នាំ ១៩៧៥ គឺជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​នូវ​ភាព​មហន្តរាយ​នៃ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ ប៉ុល ពត ដែល​ជា​អគ្គលេខាបក្ស​ដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «ក្រោយ​១៧ មេសា ១៩៧៥ ប៉ុល ពត កើត​ចិត្ត​ភ្លើតភ្លើន​ខ្លាំង​ណាស់ បាន​លើក​មាគ៌ា​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស។ នេះ​មកពី ប៉ុល ពត គាត់​មាន​សព្វ​មាន​គ្រប់»។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ​រឿងរ៉ាវ​ខ្មែរក្រហម លោក ឆាំង យុ អំពាវនាវ​ឱ្យ​អ្នក​ជំនាន់​ក្រោយ ជាពិសេស អ្នក​នយោបាយ និង​អ្នកដឹកនាំ ត្រូវ​រៀនសូត្រ​និង​ចងចាំ​រឿងរ៉ាវ​ដ៏​អាក្រក់​មួយ​នេះ និង​រួមគ្នា​ទប់ស្កាត់​កុំ​ឱ្យ​កើតឡើង​ម្ដងទៀត​។ លោក​បញ្ជាក់​ថា រឿងរ៉ាវ​ខ្មែរក្រហម​នេះ មិនមែន​ជា​រឿង​អតីតកាល​នោះ​ទេ តែ​គឺជា​រឿង​បច្ចុប្បន្ន​ដែរ ព្រោះ​អ្នក​ឆ្លងកាត់​របប​ខ្មែរក្រហម​ជាង ៥​លាន​នាក់​កំពុង​រស់រាន​មាន​ជីវិត​នៅ​ឡើយ៖ «ក្នុង​សង្គម​ប្រជាធិបតេយ្យ តែង​មាន​គំនិត​ខុសប្លែក​ពី​គំនិត​របស់​យើង​ដូច្នេះ​គោលការណ៍​ដែល​សំខាន់​មួយ គឺ​យើង​ត្រូវ​ទទួលយក​ភាព​ខុសគ្នា គឺ​យើង​ត្រូវ​គោរព​ទស្សនៈ​ដែល​ផ្ទុយ​ពី​យើង​ហើយ​ឈរ​លើ​គោលការណ៍​មួយ​សមភាព គឺ យើង​មិន​ប្រើ​អំពើ​ហិង្សា។ ខ្ញុំ​គិតថា ការ​ដែល​យើង​មាន​គំនិត​វិវាទ ការដែល​យើង​ជជែក​គ្នា​ហើយ​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដេញដោល គឺ​គំនិត​ទាំងអស់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ទទួល​បាន​ផលប្រយោជន៍ ដរាបណា​សកម្មភាព​ទាំងអស់​នោះ មិន​ឈាន​ដល់​ការ​កាប់​សម្លាប់ ឬ​រហូតដល់​អាយុជីវិត​របស់​មនុស្ស»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហោះ​សារ​ហ្វេសប៊ុក (Facebook) ថា ថ្ងៃ​១៧ មេសា ធ្វើ​ឱ្យ​លោក​នឹក​ដល់​ទុក្ខវេទនា​របស់​អ្នក​នៅ​ភ្នំពេញ កាលពី​៤៦​ឆ្នាំមុន​។ លោក​ថា មេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត បាន​រក​ឃើញ​និង​អនុវត្ត​យុទ្ធសាស្ត្រ​កាន់កាប់​ត្រួតត្រា​រដ្ឋធានី​ភ្នំពេញ បាន​ជាប់ និង​កុំ​ឱ្យ​គ្រោះថ្នាក់​ដល់​ខ្លួន​វិញ​។ យុទ្ធសាស្ត្រ​នោះ គឺ​យក​កងទ័ព​ទៅ​ដេញ​កម្ចាត់​កម្ចាយ​ប្រជាពលរដ្ឋ ២ ទៅ ៣​លាន​នាក់ ឱ្យ​ចេញ​ក្រៅ​ទៅ​ជនបទ​ផ្សេងៗ​គ្នា​គ្រប់​ទិស ហើយ​ពួកគេ ចូល​ទៅ​កាន់កាប់​ត្រួតត្រា​ភ្នំពេញ​។ ប៉ុន្តែ​លោក​ថា យុទ្ធសាស្ត្រ​របស់​ប៉ុល ពត នេះ គឺ​មិន​ខុសពី​ការ​កម្ទេច​ទីក្រុង​ភ្នំពេញ​នោះ​ទេ។

ទោះជា​យ៉ាងណា បន្ទាប់ពី​រំឭក​ព្រឹត្តិការណ៍​ឈឺចាប់​កាលពី​អតីត​កាលនោះ អ្នក​ធ្លាប់​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម អំពាវនាវ​ឱ្យ​អ្នកនយោបាយ និង​អ្នក​ដឹក​ប្រទេស កុំ​ធ្វើ​រឿង​ដដែលៗ កុំ​ចាត់ទុក​គ្នា​ជា​សត្រូវ ឈប់​រើសអើង​គ្នា លាប​ពណ៌​គ្នា និង​ឈប់​សាង​ភាព​ឈឺ​ឱ្យ​ចាប់​គ្នា ជាពិសេស​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​អាយុជីវិត​មនុស្ស។ ពួកគេ​ចង់​ឃើញ អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ ត្រូវរ៉ូវ​គ្នា និង​ប្ដេជ្ញាចិត្ត​រួមគ្នា​ជា​ជាតិ​មួយ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ​ស្រប តាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​អន្តរជាតិ​សម្រាប់​ប្រយោជន៍​ជាតិ​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "អ្នក​ឆ្លងកាត់​របប​ខ្មែរក្រហម រំឭក​ថ្ងៃ​១៧ មេសា ១៩៧៥ ដែល​ក្រុង​ភ្នំពេញ ធ្លាក់​ក្នុង​ដៃ​ខ្មែរក្រហម"

  1. Anonymous says:

    on 17 Feb 1975 if I’m not wrong HUN SEN and his military was there in the capital Knom Phen . I knew HUN SEN was a military commander at that time . I quest some of HUN SEN soldier still alive right now please come up and tell people the true what going on . please look at Khmer Rue policy it is the same what HUN SEN is doing right now. please rising up do not let this evil leader destroy your nation .

Leave a Reply

Submit Comment