តើ​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ បើ​សកម្មជន​បក្ស​ភ្លើងទៀន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ?

ដោយ មាន ឫទ្ធិ
2022.06.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តើ​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ បើ​សកម្មជន​បក្ស​ភ្លើងទៀន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ?

ទិដ្ឋភាព​ការិយាល័យ​បោះឆ្នោត សង្កាត់​អូរចារ ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ


ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​ដែល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គ​.​ជ​.​ប និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​មួយ​ចំនួន​ថា ការ​បោះឆ្នោត​នេះ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។

គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​បន្ទាប់ពី​បក្ស​កាន់អំណាច គឺ​បក្ស​ភ្លើងទៀន រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ បក្ស​កាន់អំណាច​ដែល​សកម្មជន​ខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​អ្នក​ខ្លះទៀត​ជាប់​បណ្ដឹង​ទៀត​ផង ទោះ​ក្រោយ​ការបោះឆ្នោត​រួចហើយ​ក៏ដោយ។

តើ​ការណ៍​ដែល​អាជ្ញាធរ​បក្ស​កាន់អំណាច​គំរាមកំហែង​លើ​បក្ស​ភ្លើងទៀន​បន្តបន្ទាប់​បែបនេះ​នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ?

ថ្វីត្បិតតែ​រដ្ឋធម្មនុញ្ញ​ចែង​ថា កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក៏​ដោយ​ចុះ ការចូលរួម​ប្រកួត​ប្រជែង​នយោបាយ​របស់​បក្ស​ប្រឆាំង​តែងតែមាន​ការ​គំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ឯក​បក្ស​ទាំង​អយុត្តិធម៌ ខណៈ​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ ហើយ រហូត​មក​ដល់​ពេលនេះ តុលាការ​នៅ​មិនទាន់​រក​ឃើញ​ថា មាន​កំហុស​អ្វី​នោះ​ទេ។

ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មក​លើ​គណបក្ស​ភ្លើងទៀន​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​រិះគន់​ថា កម្ពុជា​កំពុងតែ​ដើរ​ទៅ​រក​ការ​សម្លាប់ លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ខ្លួន ក្រោយពី​ការបោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​អាប់អួ តាមរយៈ​ការ​គំរាមកំហែង និង​ការ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​តាមដាន​ការ​រាប់​សន្លឹកឆ្នោត​ក្នុង​មណ្ឌលបោះឆ្នោត​ជាដើម។

មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ អង្គការ​ក្នុងស្រុក​មួយចំនួន​ដែល​បាន​ឃ្លាំមើល​ពី​ស្ថានភាព​បោះឆ្នោត បានការ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ថា មាន​វត្តមាន​មេភូមិ មេឃុំ​ឬ​ចៅសង្កាត់ អាជ្ញាធរ បាន​កត់ត្រា​ឈ្មោះ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​រួច​។​

ការ​ធ្វើ​សកម្មភាព​របស់​អាជ្ញាធរ​បក្ស​កាន់អំណាច​នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា ជា​ការ​គំរាមកំហែង ហើយ​ដើរ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ចំណែក​ការ​រាប់​សន្លឹកឆ្នោត​ហាក់​មាន​ភាព​លាក់បាំង​ដោយ​ការិយាល័យ​ខ្លះ​ត្រូវ​បាន​បិទទ្វារ​បង្អួច និង​ខ្លះ​ចាក់​ទ្វាររបង​មិន​ឱ្យ​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ពី​ការ​រាប់​សន្លឹកឆ្នោត​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន​មួយ​ចំនួន បាន​ចេញ​មុខ​រិះគន់​ខ្លាំងៗ និង​ប្ដឹង​ឱ្យ គ​.​ជ​.​ប ពិនិត្យ​ឡើយ​វិញ​ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ។

ក្រោយពី​មានការ​រិះគន់​ជុំវិញ​ការបោះឆ្នោត​នេះ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា បែរជា​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការរិះគន់​រឿង​បោះឆ្នោត​របស់​លោក សុន ឆ័យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​កាន់អំណាច ថែមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​លាន​ដុល្លារ និង​តម្រូវ​ឱ្យ​លោក​សុំទោស​ជា​សាធារណៈ។

មិន​ខុស​អ្វី​ពី​បក្ស​កាន់អំណាច​នោះ​ទេ ដែល​បាន​ប្ដឹង​មក​លើ​អនុប្រធាន​បក្ស​ភ្លើងទៀន​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ក៏បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែរ​។ អ្នក​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​នោះ​គឺ អ្នកនាំពាក្យ​គ.ជ.ប លោក ឌឹម សុវណ្ណារុំ និង​អគ្គលេខាធិការ​រង គ​.​ជ​.​ប លោក សោម សូរីដា ដែល​សុទ្ធតែ​ជា​មន្ត្រី​ស្និទ្ធ​នឹង​បក្ស​កាន់អំណាច ដោយ​ពួក​លោក​លើកឡើង​ក្នុង​ពាក្យបណ្ដឹង​ចុះ​កាល​ពី​ថ្ងៃទី​១៧ ខែមិថុនា ថា ការ​ថ្លែង​របស់​លោក សុន ឆ័យ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​ជាតិ​មួយ​នេះ។

ដោយឡែក​កាលពី​ខែមិថុនា​ថ្មីៗ​នេះ មិន​ឆ្ងាយ​ពី​រឿង​ប្ដឹងផ្ដល់​នេះ​ប៉ុន្មាន​នោះ​ទេ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លោក កែវ សុមុនី ដែល​បម្រើការ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សុខាភិបាល ត្រូវ​បាន​ក្រសួង​សុខាភិបាល​បណ្តេញ​ចេញពី​ក្របខណ្ឌ​រដ្ឋ​។ ចំណែក លោក អេង ស្រូយ ដែល​ជា​មន្ត្រី​គណបក្ស​ភ្លើងទៀន លោក​ក៏​ត្រូវ​បាន​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ ថែមទាំង​បណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាល​ជាតិ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ថា កម្ពុជា​កំពុងតែ​ធ្វើដំណើរ​លើ​វិថី​មួយ​ដូច​សុភាសិត​ខ្មែរ​ថា​«​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​»​។ ពួកគេ​បារម្ភ​ថា ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងធ្ងន់ធ្ងរ​របស់​បក្ស​កាន់អំណាច​នេះ កាន់តែ​ធ្វើ​ឱ្យ​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ អាច​នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ​និង​យុត្តិធម៌​នោះ​ឡើយ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញ​ថា ការ​វិវត្ត​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​មានការ​រឹតត្បិត​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​កាល​ឆ្នាំ​២០១២ និង​២០១៣ ដែល​កាលនោះ​មាន​វត្តមាន​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​យ៉ាងណា លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ​គណបក្ស​នយោបាយ​មួយចំនួន​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង ជាពិសេស​បក្ស​ភ្លើងទៀន ដែល​ជា​មុខសញ្ញា​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់អំណាច។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បន្ត​ថា បើសិនជា​ស្ថានភាព​នយោបាយ​មានការ​រួម​តូច​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​បក្ស​កាន់អំណាច​មក​លើ​បក្ស​ភ្លើងទៀន​បែប​នេះ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខ មិនអាច​ធានា​បាន​ថា មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ​។ លោក​មើល​ឃើញ​ថា ចរន្ត​នៃ​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្នែក​នយោបាយ​របស់​បក្ស​កាន់អំណាច​ធ្វើ​ឱ្យ​កម្ពុជា​អាច​នឹង​ជួប​គ្រោះថ្នាក់​បន្ថែម​ទៀត​ដោយសារតែ​ការ​ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ៖ «បើសិន​ភាព​បរិយាកាស​ចូលរួម​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា របស់​អ្នកនយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល​មានការ​រឹតត្បិត​ឬក៏​គំរាមកំហែង នេះ​ហៅថា​ជា​ចរន្ត ឬ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នោះ​វា​អត់​អាច​កើតមាន​ទេ តាម​ក្របខណ្ឌ ឬក៏​ស្មារតី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន ចង់ឱ្យ​មានការ​បើ​ជំហរ ចង់ឱ្យ​មានការ​បើកទូលាយ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ជាដើម»។

លោក ឯម សុវណ្ណារ៉ា បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ដោយ​បើក​លំហ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​បើក​លំហ​ឱ្យ​មាន បរិយាកាស​ចូលរួម​នយោបាយ​មក​ពី​គ្រប់​ភាគី​ឱ្យ​បាន​ល្អ​ប្រសើរ​ទេ​នោះ ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹង​អាច​កើតមានឡើង​បន្ថែម​ទៀត​មក​លើ​កម្ពុជា។

ដោយឡែក អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី ក៏​មើលឃើញ​ស្រដៀង​គ្នា​ដែរ​ថា បើសិនជា​កម្ពុជា​នៅតែ​បន្ត​ធ្វើ​នយោបាយ​គំរាមកំហែង ចោទប្រកាន់ ចាប់​ដាក់​ពន្ធនាគារ​មក​លើ​សមាជិក​បក្ស​ប្រឆាំង​ជា​ហូរហែ​បែបនេះ កម្ពុជា​នឹង​ខាត​ផលប្រយោជន៍​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ទាំង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ។

លោក​សង្កេត​ឃើញ​ថា បើ​ការបោះឆ្នោត​ខាង​មុន​នេះ មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ នោះ​កម្ពុជា​អាច​នឹង​ជួប​បញ្ហា​មួយចំនួន​ដូចជា​៖ ទី​១. កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុងភូមិ​សាស្ត្រ​នយោបាយ​ដែល​ពិបាក​ដកខ្លួន​ដោយសារតែ​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ទី​២.​កម្ពុជា​នឹង​បែកបាក់​ផ្ទៃក្នុង​កាន់តែ​ខ្លាំង​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​ការបោះឆ្នោត​ខាង​មុខ​នេះ​មិន​ទទួល​បាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​ជាតិ និង​អន្តរជាតិ​ជាដើម៖ «ជា​ដំណោះស្រាយ​មានតែ​ការកាត់បន្ថយ​ការ​គំរាមកំហែង​ដើម្បី​ទុក​ឱ្យ​គណបក្ស​នយោបាយ​[​បក្ស​ប្រឆាំង​]​បាន​បំពេញ​តួនាទី​ជា​គណបក្ស​នយោបាយ ធ្វើ​ចលនា​នយោបាយ​ដោយ​សេរី​ហ្នឹង​ជា​ដំណោះស្រាយ​។ ខ្ញុំ​គិតថា​មិនមែន​បក្ស​កាន់អំណាច​គាត់​មិនដឹង​ទេ […] ប៉ុន្តែ​សំខាន់​កាលណា​ដែល​ដណ្ដើម​អំណាច​នៅ​ក្នុង​ប្រទេស​យើង​វា​ស្ថិត​នៅ​ក្នុង​ភាព​មួយ​ដែល​មិន​ផ្ដល់​ក្ដី​សុខ​ឱ្យ​គ្នា​ទៅវិញទៅមក ពេលនោះ​គឺថា ការ​ប្រទាញ​ប្រទង់​គ្នា​ផ្ទៃក្នុង ការ​បែកបាក់​គ្នា​ផ្ទៃក្នុង​ក៏​នៅតែ​មាន​ជា​បន្ត​ទៅ​ទៀត»។

អ្នកឃ្លាំមើល​បញ្ហា​នយោបាយ​ថា មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​មក​លើ​បក្ស​ប្រឆាំង ដូច​ករណី​បក្ស​ភ្លើងទៀន ព្រោះ​លោក ហ៊ុន សែន ធ្លាប់​ទទួល​ជោគជ័យ​លើ​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កន្លង​ទៅ ហើយ​ឥឡូវ​នេះ​បាន​បន្ត​យារ​យី​មក​លើ​បក្ស​ភ្លើងទៀន​វិញ​ម្ដង។

ជុំវិញ​រឿង​នេះ​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កម្ពុជា​គួរតែ​ឆ្លុះបញ្ចាំង​ឡើងវិញ​ចំពោះ​ភាព​មិន​ប្រក្រតី​មួយចំនួន​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ ឱ្យ​មាន​បរិយាកាស​ល្អ​ប្រសើរ​។ លោក​បារម្ភ​ថា បើ​បក្ស​កាន់អំណាច​នៅ​បន្ត​យាយី​លើ​បក្ស​ភ្លើងទៀន​បែប​នេះ ការណ៍​នេះ​អាច​ជា​សញ្ញា​អាក្រក់​មួយ​ដែល​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​សេរី​មួយចំនួន​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដូច​ឆ្នាំ​២០១៨ ក្រោយ​ពី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ៖ «អ៊ីចឹង​ចំណុច​ទាំងអស់​នេះ​បើសិនជា​មិន​មាន​ការ​កែប្រែ​ទេ ការបោះឆ្នោត​ខាងមុខនេះ ខ្ញុំ​ជឿជាក់​ថា នឹងមិន​មានគុណ​តម្លៃ​អ្វី​អាច​ឱ្យ​សហគមន៍​អន្តរជាតិ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំង​អស់គេ​មានការ​ជឿជាក់​ទៅ​បាន​ទេ​។ អ៊ីចឹង​គូរ​តែ​មាន​ការពិនិត្យ​ទៅ​មើល​ការកែទម្រង់​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ដោយ​ឆ្លុះបញ្ចាំង​ពី​ការ​ឆ្លងកាត់​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នេះ​កាលពី​ថ្មីៗ​ហ្នឹង»។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ផ្ដល់​ជា​អនុសាសន៍ និង​ដំណោះស្រាយ​ថា បញ្ហា​ជម្លោះ​នយោបាយ​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ បើសិនជា​មិន​មាន​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នោះ​។ ដូច្នេះ​លោក​ថា ចរន្ត​នៃ​ដំណោះស្រាយ​គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ត្រូវតែ​ពិនិត្យ​ឡើង​វិញ​ពី ការ​ផ្ដល់​ជំនួយ ដូចជា​ការ​នាំចេញ​ទំនិញ​ផ្សេងៗ​របស់​កម្ពុជា​តាមរយៈ​ការ​ដាក់​លក្ខខណ្ឌ​មួយចំនួន​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ធានា​បាន​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ត្រូវ​បើក​លំហ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​អ្នក​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តើ​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ បើ​សកម្មជន​បក្ស​ភ្លើងទៀន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ?"

  1. Anonymous says:

    election in Cambodia will never recognize by international community . please do not blame to the candle light party even if this party not joint election there will be so many more parties joint that make HUN SEN saying Cambodia have Democracy that right they have so many party . HUN SEN is over if he have no powers he will going hell or if he still in powers he is also going hell . ORSLEAK…CHHEAM SREK SBEKHOV . stay in powers Vietcong is going to kill him no powers FRANCE’s court will going to take his to face justice after all HUN SEN’s time is coming