គណបក្សនយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ០១ កក្កដា ២០២២ | ម៉ោង ១០:០០
VOD

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
តំណាងគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលមួយចំនួនបានអះអាងជាថ្មីទៀតថា ពួកគេកំពុងស្វះស្វែងរកច្រកចេញ ដើម្បីបង្កើតទៅជាកម្លាំងអ្នកប្រជាធិបតេយ្យ ដោយជ្រកក្រោមឆ័ត្រមួយថ្មីទៀត សម្រាប់ត្រៀមប្រកួតប្រជែងដណ្ដើមកៅអីក្នុងរដ្ឋសភាជាមួយគណបក្សកាន់អំណាច ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រាប់វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បញ្ជាក់ថា ការរួមកម្លាំងគ្នាតាមរយៈការបង្កើតគណបក្សជាអ្នកប្រជាធិបតេយ្យតាមទម្រង់បែបថ្មីនេះ ត្រូវតែសម្រេចឱ្យបាននៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកដល់។ លោកបន្តថា គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៣គណបក្សហើយបានព្រមព្រៀងគ្នាលើគោលការណ៍មួយចំនួន។
បើតាមលោក គង់ មុនីកា នៅមានគណបក្សនយោបាយផ្សេងទៀត ដូចជា គណបក្សភ្លើងទៀន ជាដើម កំពុងស្ថិតក្នុងជំហានដើម្បីបន្តពិគ្រោះយោបល់។ ប្រធានគណបក្សរូបនេះនៅតែយល់ឃើញថា បំណងនៃការរួបរួមគ្នាឱ្យទៅជាកម្លាំងអ្នកប្រជាធិបតេយ្យមួយដ៏ធំនេះ នឹងលេចជារូបរាង នៅមុនការបោះឆ្នោតកើតឡើង។
លោកបន្តថា៖ «ជាគោលគំនិត យើងមានទស្សនៈប្រហាក់ប្រហែលគ្នា។ យើងគិតថា យើងអាចមានលទ្ធភាពក្នុងការរួបរួមគ្នាបាន។ ប៉ុន្តែពួកយើងនៅជជែកគ្នាឱ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើគោលការណ៍និងជំហររួម»។
គេសង្កេតឃើញថា ការផ្ដួចផ្ដើមបង្កើតគណបក្សមួយថ្មី ដែលគណបក្សក្រៅរដ្ឋាភិបាលទាំងនោះចាត់ទុកជាកម្លាំងអ្នកប្រជាធិបតេយ្យ គឺបានដំណើរការតាំងពីមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះមកម៉្លេះ។ ប៉ុន្តែចរន្តនេះនៅមិនទាន់អាចទម្លាយពីភាពជាប់គាំងនេះបាននៅឡើយ។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលជាភាគីមួយក្នុងចំណោមបក្សនយោបាយផ្សេងទៀតដែលស្ថិតនៅក្នុងគម្រោងនៃការរួបរួមនេះដែរ ឱ្យដឹងថា ភាពយឺតយ៉ាវនេះ ដោយសារការព្យាយាមរករូបមន្តមួយឱ្យត្រូវធ្លុងគ្នាមិនទាន់ឃើញ។ បើទោះជាបែបណា សម្រាប់គណបក្សរបស់លោកដែលជាអ្នកប្រជាធិបតេយ្យស្រាប់ មិនមានភាពស្មុគស្មាញច្រើនទេ ប្រសិនបើសម្ព័ន្ធភាពថ្មីនេះមិនមែនជាបក្សនយោបាយដែលចំណុះឱ្យបក្សកាន់អំណាច។
មិនខុសគ្នាដែរ លោក អ៊ូ ច័ន្ទរ័ត្ន មានសុទិដ្ឋិនិយមថា ចរន្តនយោបាយថ្មីដែលរួមគ្នាពីក្រុមអ្នកប្រជាធិបតេយ្យនេះ នឹងកើតឡើងនៅមុនការបោះឆ្នោតជាតិខាងមុខនេះ។
លោកបន្តថា៖ «សម្រាប់គណបក្សកែទម្រង់កម្ពុជា យើងមានលក្ខខណ្ឌតែ២ទេ។ ទី១ យើងអត់ចូលរួមជាមួយគណបក្សណាដែលរណបជាមួយនឹងគណបក្សកាន់អំណាច ឬក៏ជ្រកក្រោមគណបក្សកាន់អំណាច។ អ៊ីចឹង ក្នុងន័យនេះមិនមែនថាប្រឆាំង មិនរណបអីទេ! ប៉ុន្តែថាប្រសិនបើនាំគ្នាទៅជ្រកក្រោមគណបក្សកាន់អំណាចដដែល យើងមិនបាច់ធ្វើទេ។ ចំណុចទី២ យើងសង្កត់ធ្ងន់រឿងលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្សហ្នឹង»។
សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្លាប់បញ្ជាក់ជំហរខ្លួនមិនទាន់ចង់រួបរួមជ្រកក្រោមឆ័ត្រតែមួយនៅឡើយទេ ប៉ុន្តែគណបក្សក្រៅរដ្ឋាភិបាលមួយនេះរីករាយសហការជានិច្ចក្នុងកម្រិតពហុភាគី សម្រាប់ទិសដៅប្រជាធិបតេយ្យជាមួយគណបក្សផ្សេងទៀតដែលមានកម្មវិធីនយោបាយប្រហាក់ប្រហែលគ្នា។
គិតមកដល់ពេលនេះ លោក គង់ មុនីកា បង្ហាញថា មានគណបក្សចំនួន៣ហើយ ក្នុងនោះមានគណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សឆន្ទៈខ្មែរ បានផ្តល់សញ្ញាភ្លើងខៀវក្នុងការរួបរួម។ ដោយឡែក គណបក្សភ្លើងទៀន ក្រុមការងារនឹងរកមធ្យោបាយដើម្បីបានជួបពិគ្រោះយោបល់ ខណៈដែលគណបក្សខ្មែរស្រឡាញ់ជាតិនៅមានភាពស្ទាក់ស្ទើរនៅឡើយ។
ជុំវិញរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងថា គណបក្សចាស់វស្សាមួយនេះបើកទ្វារស្វាគមន៍ជានិច្ចជាមួយអ្នកប្រជាធិបតេយ្យ។ លោកបន្តថា នៅចំពោះមុខនេះ គណបក្សភ្លើងទៀនមិនទាន់បានគិតដល់ការរួបរួមកម្លាំងធំពីបក្សនយោបាយដទៃទៀត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះនៅឡើយទេ។
លោកបន្តថា៖ «យើងបើកចំហក្នុងការរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យ។ យើងអត់មានការចង្អៀតចង្អល់អីទេ សម្រាប់គណបក្សភ្លើងទៀនរបស់យើង»។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទបម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧។ ក្រោយមានកិច្ចព្រមព្រៀងនយោបាយ ប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តជាលើកដំបូងរបស់ខ្លួនកាលពីឆ្នាំ១៩៩៣។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅគម្រោងនៃការរួបរួមកម្លាំងនយោបាយតាមបែបប្រជាធិបតេយ្យនេះថា វាមិនខុសទាស់អ្វីនឹងគោលការណ៍ច្បាប់ទេ។ មួយវិញទៀត កម្លាំងនៃការប្រមូលផ្តុំនេះក៏មិនអាចធ្វើឱ្យគណបក្សកាន់អំណាចជាង៤០ឆ្នាំមកនេះភ័យព្រួយនោះដែរ។
លោកបន្តថា៖ «គណបក្សប្រជាជនមិនដែលមានការភ័យព្រួយម្តងណាទេ ទោះបីមានអ្នកវិភាគនយោបាយឬមិននយោបាយអី និយាយយ៉ាងម៉េច និយាយទៅ។ គណបក្សប្រជាជនកម្ពុជា គឺថាអត់មានសតិអារម្មណ៍ណាមួយចង្អៀតចង្អល់ ឬមួយក៏មានការព្រួយបារម្ភពីការចងសម្ព័ន្ធភាពជាមួយគ្នា ឬក៏បញ្ចូលជាមួយគ្នាទេ»។
បើទោះបែបណា អ្នកសិក្សាពីគោលនយោបាយ និងសហគមន៍អន្តរជាតិ បានរិះគន់ថា ការដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ នោះក៏ព្រោះតែគណបក្សនេះព្រួយបារម្ភពីការចាញ់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខណៈដែលកម្លាំងនៃការគាំទ្រគណបក្សសង្រ្គោះជាតិមានការកើនឡើង។
សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា យល់ឃើញថា កម្លាំងនៃការរួបរួមគ្នានេះ បើសិនជាអាចកើតឡើងបានមែន ប្រហែលនឹងទទួលបាននូវការគាំទ្រ ប៉ុន្តែទំនងមិនជាខ្លាំងក្លាប៉ុន្មានទេ ហើយបើនៅតែមិនអាចរួមគ្នាបានទៀត វាមិនខុសអីពីលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ថ្មីៗនោះឡើយ។
បើតាមអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយរូបនេះ ប្រសិនបើប៉ូលនយោបាយមួយនេះលេចចេញជារូបរាងបានមែន ដូច្នេះនេះជារលកនយោបាយថ្មីមួយទៀតនៅចន្លោះបក្សកាន់អំណាច បក្សភ្លើងទៀន ហើយក៏អាចទាក់ទាញការគាំទ្រដែរ។
លោកបន្តថា៖ «អ៊ីចឹងទេ ប្រសិនបើគណបក្សតូចៗទាំងអស់នេះ គាត់នៅតែដើរផ្លូវរៀងៗខ្លួន វាអត់មានលទ្ធផលអីដែលខុសឆ្ងាយពីការបោះឆ្នោតកន្លងទៅទេ។ អ៊ីចឹងបើសិនជាគាត់រួមកម្លាំងគ្នាបង្កើតទៅជាគណបក្សឬជាចលនាតែមួយ វាអាចធ្វើឱ្យគាត់ហ្នឹងមានសំឡេងខ្លះដែរ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខហ្នឹង។ អ៊ីចឹងទេ ការរួបរួមគ្នានេះ វាជាប៉ូលថ្មីមួយរវាងគណបក្សកាន់អំណាច និងគណបក្សភ្លើងទៀន ហើយក៏អាចធ្វើឱ្យប្រជាពលរដ្ឋពិចារណាខ្លះដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់អះអាងថា ចាប់ពីពេលនេះទៅមុខ ជាពិសេសនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ រដ្ឋាភិបាលរបស់លោកនឹងលែងក្លាយជាគោលដៅនៃការវាយប្រហារថាជារដ្ឋាភិបាលឯកបក្សតទៅហើយ។ បើតាមលោក ហ៊ុន សែន នៅក្នុងរដ្ឋសភាខាងមុខនេះ នឹងមានបក្សនយោបាយចម្រុះចូលធ្វើការជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕
- គណបក្សកែទម្រង់កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សប្រជាជនកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សភ្លើងទៀន, បក្សប្រជាជនកម្ពុជា, បោះឆ្នោតថ្នាក់ជាតិ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
some one have to recue Cambodia if Cambodian let HUN SEN or his son stay in powers Cambodia will end soon