សហគមន៍​និង​ពលរដ្ឋ​បន្ត​​ស្នើ​បញ្ចូល​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទិវា​បុណ្យ​ជាតិ​

នយោបាយ ព័ត៌មានជាតិ
លោក មេង គ្រុយពន្លក | ០៣ កក្កដា ២០២២ | ម៉ោង ១៨:២៣
VOD

អង្គការ-សមាគមខ្មែរកម្ពុជាក្រោម សហគមន៍ខ្មែរកម្ពុជាក្រោម ព្រះសង្ឃ និងពលរដ្ឋខ្មែរ បានចូលរួមរម្លឹកខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅស្នាក់ការកណ្តាលសហគមន៍ខ្មែរកម្ពុជាក្រោម រាជធានីភ្នំពេញ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

អង្គការ-សមាគមខ្មែរកម្ពុជាក្រោម សហគមន៍ខ្មែរកម្ពុជាក្រោម ព្រះសង្ឃ និងពលរដ្ឋខ្មែរ បានចូលរួមរម្លឹកខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅស្នាក់ការកណ្តាលសហគមន៍ខ្មែរកម្ពុជាក្រោម រាជធានីភ្នំពេញ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)


សហគមន៍​ខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរមួយចំនួនបានបន្តរម្លឹកខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងបានចុះហត្ថលេខាកាត់ឱ្យប្រទេសវៀតណាមគ្រប់គ្រងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ និងបានស្នើឱ្យរដ្ឋាភិបាលបញ្ចូលថ្ងៃ៤មិថុនានេះ ជាទិវាបុណ្យជាតិថែមទៀតផង។

អង្គការ-សមាគមខ្មែរ​កម្ពុជាក្រោម សហគមន៍​ខ្មែរកម្ពុជាក្រោម បានសម្រេចពន្យារពេលប្រារព្ធពិធីបុណ្យមកដល់ថ្ងៃទី៣ ខែកក្កដានេះដោយហេតុថា ខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមនោះគឺ ចំថ្ងៃនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ។  ទោះជាយ៉ាងណាក៏មានការចូលរួមពីសំណាក់ព្រះសង្ឃ អ្នកនយោបាយ អ្នកសិល្បៈ សិស្ស-និស្សិត ដើម្បីធ្វើការរំលឹកគុណ និងទាមទារឱ្យរដ្ឋាភិបាលបញ្ចូលជាបុណ្យជាតិផងដែរ។

នាយកប្រតិបត្តិ​សហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ការបន្តប្រារព្ធរំលឹកខួប៧៣ឆ្នាំនៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីយល់ថាទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីខ្មែរដដែល ​  ដោយគ្រាន់តែរដ្ឋាភិបាលទីក្រុងហាណូយគ្រប់គ្រងតែប៉ុណ្ណោះ។ លោកបន្តថា ការដែលរដ្ឋា​ភិបាលប្រទេសបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះ គឺមិនមានការយល់ព្រមពីព្រះមហាក្សត្រខ្មែរ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ឡើយ។

លោកថា៖«យើងធ្វើជារៀងរាល់ឆ្នាំ ដើម្បីអី? គឺដើម្បីឱ្យយើងចងចាំថាទឹកដីកម្ពុជាក្រោម​គឺគ្រាន់តែជាការត្រួតត្រាបន្តពីអាណានិគមបារាំងនោះទេ​។ យើងជាម្ចាស់ទឹកដី ម្ចាស់ស្រុកនេះ។​​ យើងអត់មានយល់ស្រប យល់ព្រម​ប្រគល់ទឹកដីនេះឱ្យយួន រួមទាំង​ថ្នាក់ដឹកនាំខ្មែរផង»។

លោក សេដ្ឋា បានបន្តថា ​ពលរដ្ឋខ្មែរក្រោមនៅតែសោកស្ដាយចំពោះការបាត់បង់សិទ្ធិសេរីភាពនៅលើទឹកដីកំណើតរបស់ខ្លួន​ ខណៈ​ដែលប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់កំពុងរស់នៅលើទឹកដីកម្ពុជាក្រោម  ដែលមានវប្បធម៌ អរិយធម៌គ្រប់វត្តអារាម ទោះរងការគាបសង្កត់ពីរដ្ឋាភិបាល​វៀតណាមក្តី។

លោកបន្ថែមថា ការប្រារព្ធពិធីរម្លឹកខួប៧៣ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម​នេះ ​ ដើម្បីគោរពដឹងគុណបុព្វបុរសដែលបានពលីជីវិតដើម្បីប្រទេសជាតិ រួមមានលោកឧកញ៉ា សឺន គុយ មេទ័ព និងព្រះសង្ឃផ្សេងៗទៀតផងដែរ។

លោកបន្តថា៖«អស់លោកប្រហែលជាស្គាល់ហើយ លោកឧកញ៉ា សឺន គុយ ដែលលោកសុខចិត្តឱ្យយួនកាត់កទាំងរស់​ដើម្បីជាថ្នូរ​ដើម្បីព្រះពុទ្ធសាសនា ការពារពូជសាសន៍ខ្មែរកម្ពុជាក្រោម»។

លោក ថាច់ សេដ្ឋា បន្តថា ​បន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយមក លោកសង្កេតឃើញថា មិនមានអ្នកតំណាងរាស្រ្តណាចេញមុខការពារ និងជួយពលរដ្ឋខ្មែរក្រោមទៀតនោះទេ ស្របពេល​ពលរដ្ឋខ្មែរក្រោមកំពុងជួបទុក្ខលំបាក។

លោកសង្ឃឹមថា ពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ប្រសិនបើគណបក្សភ្លើងទៀនជាប់ជាតំណាងរាស្រ្តនឹងទាមទារឱ្យមានការការពារពលរដ្ឋខ្មែរក្រោម ហើយនឹងស្នើរដ្ឋាភិបាលដាក់បញ្ចូលថ្ងៃទី៤ ខែមិថុនា ជាបុណ្យជាតិផងដែរ។

អតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះបន្តទៀតថា ការប្រារព្ធខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះតែងតែធ្វើឡើងស្ថិតនៅក្រោមព្រះរាជតំណាងអធិបតីសម្ដេចបិតាឯករាជ្យជាតិ គឺ សម្ដេច នរោត្តម សីហនុ និងមានការជួយជ្រោមជ្រែងពីមហាក្សត្រីថែមទៀតផង។  ​ ​

ចំណែកឯអតីតបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ឆន ស្រីណេត បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែខិតខំថែរក្សាវប្បធម៌ ដើម្បីធ្វើការតបស្នងសងគុណរបស់វីរជនដែលបានលះបង់ជីវិតដើម្បី​ខ្មែរក្រោម។ ដូច្នេះកញ្ញាសង្ឃឹមថា ពលរដ្ឋខ្មែរគ្រប់រូបនឹងបន្តចូលរួមការពារប្រពៃណីសាសនាដែលជាដួងព្រលឹងជាតិបន្ថែមទៀត។

កញ្ញាថា៖«ពួកយើងត្រូវតែដឹងគុណទៅដល់ទឹកដីដែលជាទឹកដីកំណើតរបស់ពួកយើង ដែលពួកគាត់លះបង់ជីវិតដើម្បីជាតិសាសន៍របស់ពួកយើង។ ពួកយើងត្រូវតែការពារអត្តសញ្ញាណ ប្រពៃណីសាសនាដែលជាដួងព្រលឹងជាតិ»។

បេក្ខជនជំទប់ទី២ មកពីសង្កាត់ប៉ោយប៉ែត នៃគណបក្សភ្លើងទៀន អ្នកស្រី ចៅ រតនៈ បញ្ជាក់ថា អ្នកស្រី​មកចូលរួមកម្មវិធីនេះដើម្បីបង្ហាញការសោកស្ដាយចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ទៅឱ្យប្រទេសវៀតណាម និងដើម្បីចូលរួមរម្លឹកគុណដល់បុព្វបុរសផងដែរ។

អ្នកស្រី ចៅ រតនៈ ​បន្តថា ​ក្នុងនាមជាពលរដ្ឋខ្មែរក្រោមម្នាក់ អ្នកស្រីនៅតែបន្តឱ្យរដ្ឋាភិបាលកំណត់យកថ្ងៃទី៤ ខែមិថុនា ជាទិវាបុណ្យជាតិ ដើម្បីឱ្យសាធារណជនបានឈ្វេងយល់ពីប្រវត្តិសាស្រ្ត និងជាថ្ងៃរម្លឹកគុណផងដែរ។

អ្នកស្រីថា៖«ខ្ញុំក្នុងនាមជាខ្មែរក្រោមម្នាក់។ ខ្ញុំស្នើឱ្យរដ្ឋាភិបាលបញ្ចូលជាទិវាបុណ្យជាតិដើម្បីធ្វើបុណ្យគម្រប់ខួបប្រចាំឆ្នាំផងដែរ ដើម្បីឱ្យខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើបានដឹង បានរម្លឹកខួបដែរ»។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានលើកឡើងថា រដ្ឋាភិបាលមិនដែលធ្វើពិធីរម្លឹកថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមនោះទេ ព្រោះរដ្ឋាភិបាលគ្មានលទ្ធភាពទាមទារទឹកដីកម្ពុជាក្រោមមកវិញនោះឡើយ។ លោកបន្តថា  ប្រសិនបើគណបក្ស ឬសមាគមផ្សេងៗប្រារព្ធជាសិទ្ធិរបស់ពួកគេ ហើយរដ្ឋាភិបាលក៏មិនយកថ្ងៃទី ៤មិថុនានេះជាថ្ងៃបុណ្យជាតិនោះដែរ។

លោកថា៖«តាំងពីដើមមកគឺអត់មានធ្វើអីទេ។ រដ្ឋាភិបាលអត់ធ្វើទេចាប់ពីឆ្នាំ១៩៤៩មក មិនដឹងហេតុអីទេ ព្រោះបាត់បង់ទៅហើយ។ យើងអត់មានលទ្ធភាពទាមទារអីមកវិញទេ»។

ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា «ដែនដីកូសាំងស៊ីន (Cochinchine)» មានទំហំ៦ ៧៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន ២១ខេត្ត-ក្រុង ត្រូវបាន​បារាំង​ចុះហត្ថលេខាប្រគល់​ទៅ​ឱ្យ​ប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រា​ប្រទេសកម្ពុជា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សហគមន៍​និង​ពលរដ្ឋ​បន្ត​​ស្នើ​បញ្ចូល​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទិវា​បុណ្យ​ជាតិ​"

  1. Anonymous says:

    YES …I’m agree 100%