គណបក្ស​ភ្លើងទៀន​ នឹង​ពិចារណា​ពីលទ្ធភាព​ចូលរួម​បោះឆ្នោត​សកល​ខាងមុខ​ប្រសិន​បើបន្ត​មាន​ការ​គំរាមកំហែង

កម្ពុជា-នយោបាយ
17/01/2023 – 06:37
ដោយ៖ ញឹម សុផល
RFI

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន © Internet


គណបក្សភ្លើងទៀន​ នៅថ្ងៃចន្ទ​ទី១៦​ ខែមករានេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ស្នើឲ្យប្រមុខរដ្ឋាភិបាល​កម្ពុជា ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បញ្ឈប់​រាល់ការ​គំរាម​កំហែង​មក​លើ​គណបក្ស​ភ្លើងទៀន​ និងអង្គការ​សង្គមស៊ីវិល។​ គណបក្ស​ភ្លើងទៀន​ក៏នឹង​ពិចារណា​ឡើងវិញ​ដែរ​ អំពី​លទ្ធភាព​នៃការ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាតិ​ខាងមុខ​ ប្រសិន​បើសកម្មភាព​គំរាម​កំហែង​នៅតែបន្ត​កើតមាន​ធ្ងន់ធ្ងរ​មក​លើគណបក្សប្រឆាំង​មួយនេះ។ ​ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ថាការ​ចូលរួម​ឬមិន​ចូល​រួម​របស់​គណបក្សប្រឆាំង​ មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ខាងមុខទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន១ទំព័ររបស់ខ្លួន គណបក្សភ្លើងទៀន បានលើកឡើងថាការបំភិតបំភ័យ ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ខិតបង្ខំ ឬរឹបអូសយកទ្រព្យសម្បត្តិ ការប្តឹងទាមទារសំណងឲ្យសងខុសប្រក្រតីមកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺជាការគៀបសង្កត់ផ្នែកនយោបាយ និងបំបាក់ស្មារតីដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។

គណបក្សប្រឆាំងមួយនេះ យល់ឃើញថាសកម្មភាពទាំងអស់នេះ បានជះឥទ្ធិពលដ៏អាក្រក់ដល់បរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមិនអាចទទួលយកបាន។ នេះបើតាមសេចក្តីថ្លែងការណ៍។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់បញ្ឈប់នូវរាល់ការគំរាមកំហែងតាមគ្រប់រូបភាពមកលើគណបក្សភ្លើងទៀន និងសង្គមស៊ីវិលដើម្បីបង្កបរិយាកាសល្អប្រសើរ ធានាដល់ការបោះឆ្នោតឲ្យបានត្រឹមត្រូវ សេរី និងយុត្តិធម៌។

គណបក្សភ្លើងទៀន ក៏បានបញ្ជាក់ដែរថា គណបក្សប្រឆាំងដែលមានឥទ្ធិពលមួយនេះ នឹងពិចារណាឡើងវិញ អំពីលទ្ធភាពនៃការចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានធ្ងន់ធ្ងរមកលើគណបក្សភ្លើងទៀន។

ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ និងវាយតម្លៃសភាពការណ៍នយោបាយកម្ពុជាដោយគណបក្សភ្លើងទៀន។ លោកថាការចូលរួម ឬមិនចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺជាសិទ្ធិរបស់គណបក្ស និងអ្នកនយោបាយនីមួយៗ​មិនមានការបង្ខិតបង្ខំទេ ហើយការមិនចូលរួមណាមួយរបស់គណបក្សប្រឆាំងនេះ ក៏វាមិនធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតអ្វីឡើយ ខណៈគណបក្សនយោបាយទាំងអស់មានជាង៤០គណបក្សឯណោះ៕

What Next?

Recent Articles

One Response to "គណបក្ស​ភ្លើងទៀន​ នឹង​ពិចារណា​ពីលទ្ធភាព​ចូលរួម​បោះឆ្នោត​សកល​ខាងមុខ​ប្រសិន​បើបន្ត​មាន​ការ​គំរាមកំហែង"

  1. Anonymous says:

    HAS…. that what I thinking if HUN SEN trying to get in the ring with his poppet parties let him do it . just take yourself out of that raise and see what world community going to say about it . the whole world knew that was happen in the past with CNRP . the US and EU was watching and trying to get KIM SOKHA back but they see the other Democracy party pop up so they are watching . HUN SEN can win but who this animal can work with . I knew isolation will be the resalt no matter HUN SEN ‘s son or himself will be the new prime minister in 2023 . at last I just want to say >>HUN SEN…CHOS CHENGTOV . enough is enough you are not last that long do not trying to kill your own families be for you going hell