នយោបាយ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១៧ មករា ២០២៣ | ម៉ោង ១០:៤០
VOD

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។ (ហេង វិចិត្រ)
គណបក្សភ្លើងទៀន បានចេញមុខថ្កោលទោសការចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា និងទាមទារទៅរដ្ឋាភិបាល និងតុលាការឱ្យដោះលែងជាបន្ទាន់ដោយឥតលក្ខខណ្ឌ ព្រមទាំងបញ្ឈប់ការចាប់ឃុំខ្លួន រួមទាំងការគំរាមកំហែងតាមគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនបន្តទៀត ដើម្បីធានាដំណើរការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងសេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន ឱ្យដឹងថា ការចាប់និងឃុំខ្លួនលោក ថាច់ សេដ្ឋា ជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ ករណីនេះជាការធ្វើឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ រឹតតែមានភាពអាប់អួថែមទៀត។
សេចកី្ដថ្លែងការណ៍៖ «គណបក្សភ្លើងទៀនថ្កោលទោសចំពោះការចាប់ឃុំខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កាលពីម្សិលមិញ រួចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗនេះ ថាជាចលនានៃការបំភិតបំភ័យនិងគំរាមកំហែងជាបន្តបន្ទាប់ថ្មីៗនេះ ពីសំណាកអ្នកមានអំណាចមកលើថ្នាក់ដឹកនាំនិងសកម្មជនបក្សភ្លើងទៀន»។
ជុំវិញរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយបំភ្លឺថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បាន ប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន០៥សន្លឹក)។
ប្រភពដដែលបន្តថា បន្ទាប់ពីស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ និងខកខានចូលបំភ្លឺចំនួន២លើករួចមកហើយ។
សេចក្ដីថ្លែងការណ៍សាលាដំបូងរាជធានីភ្នំពេញ៖ «ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន ០២លើក របស់ចៅក្រមស៊ើបសួរ ដែលមានលេខ ៦៤”ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួនលេខ ១៩ “ឈ១ ព្រ.ទ” ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី»។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា ក្រោមចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩។
ការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយឧត្តមទីប្រឹក្សាគណបក្សប្រឆាំងមួយនេះ គឺលោក គង់ គាំ យល់ព្រមប្រគល់ផ្ទះនិងដីដែលមានតម្លៃរាប់សិបលានដុល្លារទៅក្រសួងការបរទេសវិញ បន្ទាប់ពីត្រូវបានប្រមុខរដ្ឋាភិបាលប្រើវិធានការផ្សេងៗដើម្បីដកហូតយកផ្ទះនិងដីនោះមកវិញ ដោយសំអាងថាជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។
ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយនេះក៏រងបណ្តឹងពីសំណាក់តំណាងគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ ដោយប្តឹងទៅតុលាការខេត្តនេះឱ្យផ្តន្ទាទោសលោក គង់ គាំ តាមច្បាប់ និងទារប្រាក់ជំងឺចិត្តកន្លះលានដុល្លារថែមទៀតផង ជុំវិញការថ្លែងរបស់មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនរូបនេះ ដែលបង្ហើបពីប្រភពដើមថ្ងៃ៧មករា និងរិះគន់បក្សកាន់អំណាច។
រហូតមកទល់ថ្ងៃទី១៧ ខែមករា មានមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៣រូបហើយដែលកំពុងមានក្តីក្តាំនៅតុលាការ ហើយអ្នកខ្លះត្រូវបានរដ្ឋាភិបាលដកហូតទ្រព្យសម្បត្តិ ខ្លះប្រឈមការរឹបអូសទ្រព្យសម្បត្តិដើម្បីលក់យកប្រាក់សងទៅដើមបណ្តឹង ជាដើម។ ឥស្សរជននយោបាយបក្សប្រឆាំងទាំងនោះ រួមមាន ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ព្រមទាំងអនុប្រធានគណបក្សនេះ ២រូបផង គឺលោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
that un educated animal HUN SEN can not sleep every minute his mind have to work because his time just about over . I swear to got that this animal HUN SEN can not sleep every night , HUN SEN already admit some night he can not sleep he took his Iphone come to check in his FESS BOK to see some one taking bad about him than he order his right hand man to kill or take those person put in jail .