ដោយ ថា ថៃ
2023.01.26
RFA

(ពីឆ្វេងជួរមុខ) អ្នកស្រី ប៊ុន រ៉ានី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧកញ៉ា សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ក្នុងកម្មវិធីកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុក Seang Chanheng
ករណីវិវាទដីធ្លីរវាងអ្នកមានលុយមានអំណាចដូចគ្នា គឺរវាងអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង និងប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ប៊ុនធឿន បានដោះស្រាយបញ្ចប់ហើយ ក្រោយមានយកចិត្តទុកដាក់ និងការសម្របសម្រួលជាពិសេសពីលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា។
ដំណោះស្រាយវិវាទដីធ្លីនេះ គឺអ្នកស្រី សៀង ចាន់ហេង សម្រេចប្រគល់ដីទំហំជាង ៥០ហិកតារ ជូនអ្នកស្រី ហ៊ុន ប៊ុនធឿន និងជំទាវម្នាក់ទៀតឈ្មោះ ហៀវ លន់។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត លើកឡើងថា ការដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងអ្នកធំដូចគ្នានេះ បានលឿនដោយសារមានការអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល និងលោក ជា សុផារ៉ា ។ លោកថា ករណីនេះ ខុសពីករណីវិវាទដីធ្លីដែលពាក់ព័ន្ធនឹងក្រុមពលរដ្ឋក្រីក្រ ដែលតែងអូសបន្លាយពេលរាប់ឆ្នាំ បើទោះបីជាពួកគាត់ខំលើកគ្នាទៅដាក់ញត្តិសុំដំណោះស្រាយដល់មុខស្ថាប័នរដ្ឋពាក់ព័ន្ធ ឬដល់ភូមិគ្រឹះរបស់លោក ហ៊ុន សែន ក្តី។ លើសពីនេះ លោកមើលឃើញថា ករណីដែលអ្នកស្រី សៀង ចាន់ហេង សម្រេចប្រគល់ដីជូនប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ បង្ហាញថា ភាគីណាដែលមានឥទ្ធិពលធំជាង តែងតែឈ្នះ ។
លោកកត់សម្គាល់ឃើញថា ក្នុងករណីជម្លោះដីធ្លីរវាងពលរដ្ឋក្រីក្រ និងក្រុមហ៊ុនរបស់អ្នកមានលុយមានអំណាចកន្លងមក គឺពលរដ្ឋ តែងតែចាញ់អស់ដី ឬថែមទាំងជាប់គុកទៀតផង ហើយករណីខ្លះ បើទោះជាបានដំណោះស្រាយ ក៏មិនពេញលេញឡើយ។ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា ការដោះស្រាយវិវាទដីធ្លីរបៀបនេះ បង្កើតឲ្យមានភាពអយុត្តិធម៌សង្គមធ្ងន់ធ្ងរ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
that was HUN’s families big investment