ក្រសួង​មហាផ្ទៃ​ត្រៀម​សមត្ថកិច្ច​ប្រមាណ​១០​ម៉ឺន​នាក់​ការពារ​ការបោះឆ្នោត​​ជាតិ ២០២៣

ដោយ នៅ វណ្ណារិន
2023.04.07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួង​មហាផ្ទៃ​ត្រៀម​សមត្ថកិច្ច​ប្រមាណ​១០​ម៉ឺន​នាក់​ការពារ​ការបោះឆ្នោត​​ជាតិ ២០២៣

ទិដ្ឋភាពថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ កាលពីថ្ងៃទី៥​ កក្កដា ២០២២។

​​រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រសួង​មហាផ្ទៃ​ត្រៀមកម្លាំង​សមត្ថកិច្ច​ប្រមាណ​១០​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ២០២៣​ខាងមុខ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្សប្រឆាំង​លើកឡើង​ថា ដើម្បី​ធានា​សណ្ដាប់ធ្នាប់​ក្នុង​ពេល​បោះឆ្នោត កម្លាំង​សមត្ថកិច្ច​មិន​ត្រូវ​បណ្ដោយ​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​នៅ​មណ្ឌល​បោះឆ្នោត ឬ​ការ​ស្រង់​ឈ្មោះ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ក្រៅផ្លូវការ​នោះ​ឡើយ។

សមត្ថកិច្ច​ប្រមាណ ១០​ម៉ឺន​នាក់ នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ទូទាំង​ប្រទេស ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើង​ថា ក្រសួង​មហាផ្ទៃ​នឹង​ដាក់​កម្លាំង​សមត្ថកិច្ច​ប្រមាណ ១០​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា ខាងមុខ​។ លោក​បន្ថែម​ថា ដោយសារតែ​ខ្វះ​កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ និង គ​.​ជ​.​ប បាន​សម្រេច​បន្ថែម កម្លាំង​កងរាជអាវុធហត្ថ កង​ខេមរភូមិន្ទ និង​ប្រជា​ការពារ​បន្ថែម ដើម្បី​ការពារ​ការ​បោះឆ្នោត។

សេចក្ដីប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ នៃ​សេចក្ដីណែនាំ​រួម ស្ដីពី​សកម្មភាព និង​ការរៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ក្នុង​យុទ្ធនាការ​ការពារ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា និចហ្វិក (NICFIC) លោក សំ គន្ធាមី គាំទ្រ​ចំពោះ​ការ​បង្កើន​ចំនួន​កម្លាំង​សមត្ថកិច្ច ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ការ​បោះឆ្នោត ព្រោះ​មណ្ឌលបោះឆ្នោត​ទូទាំង​ប្រទេស​បាន​កើនឡើង​រហូត​ដល់​ជាង ២​ម៉ឺន​ទីតាំង​ផង​ដែរ។ ទោះជា​យ៉ាងណា លោក​ស្នើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ពង្រឹង​សណ្ដាប់ធ្នាប់​ឱ្យ​កាន់តែ​ល្អ​ជាង​ការបោះឆ្នោត​ក្នុង​អាណត្តិ​មុន ដោយ​មិន​ត្រូវ​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំគ្នា​ក្នុង​មណ្ឌលបោះឆ្នោត​នោះ​ឡើយ។ លោក សំ គន្ធាមី បន្ត​ថា សមត្ថកិច្ច​ក៏​ត្រូវ​ហាមឃាត់​កុំឱ្យ​មានការ​កត់​ឈ្មោះ​អ្នក​ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត​ផង​ដែរ ព្រោះ​សកម្មភាព​ទាំង​នេះ អាច​ធ្វើ​ឱ្យ​អ្នក​ទៅ​ចូលរួម​ការបោះឆ្នោត​មាន​ភាព​ភ័យខ្លាច។

ក្រសួង​មហាផ្ទៃ​បង្កើន​ចំនួន​កម្លាំង​សមត្ថកិច្ច​ប្រមាណ​២​ម៉ឺន​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០២៣​នេះ ខណៈ​ការបោះឆ្នោត​ថ្នាក់​ជាតិ កាលពី​ឆ្នាំ​២០១៨ ក្រសួង​មហាផ្ទៃ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ត្រឹមតែ​ប្រមាណ ៨​ម៉ឺន​នាក់​តែប៉ុណ្ណោះ។

បើ​ទោះបីជា​ការ​ដាក់​កម្លាំង​សមត្ថកិច្ច ធ្វើឡើង​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​ការបោះឆ្នោត​ក្ដី ប៉ុន្តែ​វត្តមាន​របស់​កម្លាំង​សមត្ថកិច្ច​ទាំងនោះ ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​មាន​ភាព​ឯករាជ្យ​នោះ​ឡើយ ព្រោះ​ពួកគេ​ទាំងនោះ​ភាគច្រើន​មាន​តួនាទី​ជា សមាជិក​ចុះ​ពង្រឹង​គណបក្ស​កាន់អំណាច​តាម​ឃុំ ស្រុក និង​បាន​ចេញ​ឃោសនា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងសកម្ម​។ ជាមួយ​គ្នា​នេះ វត្តមាន​ប្រជា​ការពារ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​តាម​មណ្ឌលបោះឆ្នោត​នីមួយៗ ក៏​អាច​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ការបោះឆ្នោត មាន​ភាព​ភ័យខ្លាច​ផង​ដែរ ព្រោះ​ពួកគេ គឺជា​អ្នក​ធ្វើ​ការងារ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​សហគមន៍ ក្នុង​ពេល​ឃោសនា​បោះឆ្នោត។

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ព្រួយបារម្ភ​ចំពោះ​ការ​ដាក់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​ដែល​ស្លៀកពាក់​ឯកសណ្ធាន​នៅ​តាម​មណ្ឌលបោះឆ្នោត​កាន់តែ​ច្រើន​ដូច្នេះ ព្រោះ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក កម្លាំង​សមត្ថកិច្ច​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​មានការ​ភ័យខ្លាច​។ លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​ភាព​ត្រឹមត្រូវ​ក្នុង​ពេល​រាប់​សន្លឹកឆ្នោត កម្លាំង​សមត្ថកិច្ច​ក៏​ត្រូវ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាមដាន​ដំណើរការ​រាប់​សន្លឹកឆ្នោត​ផង​ដែរ។

ក្រៅពី​ត្រៀមកម្លាំង​សមត្ថកិច្ច​ដើម្បី​ការពារ​សន្តិសុខ​អំឡុង​ពេល​បោះឆ្នោត ក្រសួង​មហាផ្ទៃ​ក៏បាន​ត្រៀមកម្លាំង​អន្តរាគមន៍​នៅ​នឹង​កន្លែង កងកម្លាំង​ការពារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កម្លាំង​ការពារ​ការ​រាប់​សន្លឹក​ឆ្នោត រួម​ទាំង​ការ​ដឹកជញ្ជូន​សន្លឹកឆ្នោត​ផង​ដែរ​។ បើ​ទោះ​បី​ជា​វត្តមាន​កម្លាំង​សមត្ថកិច្ច​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ការពារ​សណ្ដាប់ធ្នាប់​ក្នុង​ការ​បោះឆ្នោត​យ៉ាងណាក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចូលរួម​ការបោះឆ្នោត នៅ​តែ​មាន​ការភ័យខ្លាច ក្នុង​ការ​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត។ ម្យ៉ាង ពួកគាត់​យល់​ថា ការ​ដាក់​ពង្រាយ​កម្លាំង​ទាំង​នេះ អាច​ជា​រូបភាព​គំរាមកំហែង​ពលរដ្ឋ​ច្រើនជាង​ការ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​ថ្ងៃ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រសួង​មហាផ្ទៃ​ត្រៀម​សមត្ថកិច្ច​ប្រមាណ​១០​ម៉ឺន​នាក់​ការពារ​ការបោះឆ្នោត​​ជាតិ ២០២៣"

  1. Anonymous says:

    please do not washing money by playing game with the US and EU they are not that stupide to believe your crazy election. what can be wrong if they do not recognizing the new leader that form by Mr strong man of Cambodia . the ugly person like HUN SEN is not jus the outside look but inside full of evil trick that can harm every one . ORS LEAK >>CHHEAM SREK SBEKHOW