លោក ហ៊ុន សែន ប្រតិកម្ម​ចំពោះ​វៀតណាម​ដែល​ជំទាស់​គម្រោង​ព្រែកជីក​ហ្វូណន

ដោយ យន់ សាមៀន
2024.04.27
RFA

លោក ហ៊ុន សែន ប្រតិកម្ម​ចំពោះ​វៀតណាម​ដែល​ជំទាស់​គម្រោង​ព្រែកជីក​ហ្វូណន

លោក ហ៊ុន​ សែន ប្រធាន​ព្រឹទ្ធសភាថ្លែងក្នុងកម្មវិធីជាមួយឧកញ៉ា កាលពីថ្ងៃទី២៦ មេសា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នកឃ្លាំមើល និង​គណបក្សប្រឆាំង លើកឡើង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ហ៊ាន​ចេញមុខ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​វៀតណាម ដែល​រារាំង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដោយសារ​មាន​ចិន ជួយ​ជ្រោមជ្រែង​នៅ​ពីក្រោយ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ចេញមុខ​ប្រតិកម្ម​ចំពោះ វៀតណាម ដែល​បាន​រិះគន់ លើ​គម្រោង​ព្រែកជីក​ហ្វូណន ម្ដង​ហើយ​ម្ដងទៀត។

មន្ត្រី​គណបក្សប្រឆាំង លើកឡើង​ថា ការ​ចេញមុខ​ប្រតិកម្ម​នឹង​វៀតណាម ពី​សំណាក់ លោក ហ៊ុន សែន នៅ​ពេលនេះ អាច​ជា​ការ​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​គោលជំហរ នយោបាយ​របស់​គណបក្ស​កាន់អំណាច។

លោក អ៊ំ សំអាន អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មាន​សេចក្ដី​ក្លាហាន ហ៊ាន​ចេញមុខ​ប្រឆាំង​នឹង​វៀតណាម ដែល​ជា​អតីត​ចៅហ្វាយនាយ​របស់​លោក​ដូច្នេះ ទំនង​ដោយសារ ការ​ជួយ​ជ្រោមជ្រែង​អំណាច ពី​ប្រទេស​ចិន។ ម្យ៉ាងទៀត លោក ហ៊ុន សែន អាច​ចង់ ស្ដារ​ប្រជាប្រិយភាព ពី​មហាជន​ជុំវិញ​រឿង​រណប​វៀតណាម។

លោក អ៊ំ សំអាន៖ «បើសិនជា​លោក ហ៊ុន សែន មាន​ឆន្ទៈ​ហ៊ាន​ប្រឆាំង​វៀតណាម​មែន ខ្ញុំ​គាំទ្រ​គាត់ ១០០ភាគរយ​តែម្ដង ប៉ុន្តែ​មិនមែន​មានន័យថា ខ្ញុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​នោះ​ទេ ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​ស្នេហា​ជាតិ​ម្នាក់ យើង​គាំទ្រ លោក ហ៊ុន សែន ដែល​ហ៊ាន​ប្រឆាំង​វៀតណាម។ ក៏ប៉ុន្តែ ខ្ញុំ​ខ្លាច​ថា ជា​នយោបាយ​ប្រជាភិថុតិ​របស់​គាត់។ ដូច​កាល​ឆ្នាំ២០០៨ អ៊ីចឹង គាត់​ធ្លាក់​ប្រជាប្រិយភាព អ៊ីចឹង​គាត់​ធ្វើ​ប្រឆាំង​ជាមួយ​ថៃ ជុំវិញ​ប្រាសាទ​ព្រះវិហារ»

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​ធ្វើឡើង បន្ទាប់ពី​ការ​ថ្លែង​របស់​ឪពុក​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​ឧកញ៉ា​កម្ពុជា កាលពី​ថ្ងៃ​ទី២៦ ខែ​មេសា ដោយ​លើកឡើង​ថា គម្រោង​ព្រែកជីក​ហ្វូណន មិន​បាន​ប្រើប្រាស់​ទឹក​ទន្លេ​មេគង្គ​ទាំងមូល​ឡើយ ពោល​កម្ពុជា ប្រើប្រាស់​តែ​ដៃ នៃ​ទន្លេ​មេគង្គ។ លោក ហ៊ុន សែន បញ្ជាក់​ថា ព្រែកជីក​ហ្វូណន​ នឹង​ធ្វើ​ឱ្យ​កម្ពុជា មាន​ច្រមុះ​ដកដង្ហើម ផ្នែក​ដឹកជញ្ជូន​ផ្លូវទឹក និង​ធ្វើ​ឱ្យ​ទំនិញ​របស់​កម្ពុជា មួយ​ចំនួន មិនបាច់​បង់ថ្លៃ​បន្ថែម និង​ឆ្លងកាត់​តាម​វៀតណាម ទៀត​ឡើយ។ លោក​ថា លោក​នឹង​មិន​ចរចា​ជាមួយ​ភាគី​ណាមួយ​ទៀត​ឡើយ ជាពិសេស​នឹង​វៀតណាម ដើម្បី​ផល​ប្រយោជន៍​កម្ពុជា។

លោក ហ៊ុន សែន៖ «ខ្ញុំ​សូម​និយាយ​ទៅកាន់​វៀតណាម ឱ្យ​ត្រង់​ហ្មងហើយ​មេដឹកនាំ​វៀតណាម​កុំ​និយាយ​ថា ហេតុអ្វី​បាន​លោក ហ៊ុន សែន ឯង​មិន​និយាយ​ជាមួយ​អ្នកដឹកនាំចាំ​បាច់​និយាយ​ចំហមកពី​ថ្នាក់ដឹកនាំ​វៀតណាម មិន​ព្រម​ប្រាប់​អា​អ្នក​ខាង​ក្រោម ថា​កុំ​និយាយ ទុក​និយាយ​នៅ​ថ្នាក់លើ ទុក​ឱ្យ​ថ្នាក់ក្រោម​វាយប្រហារ​កម្ពុជា ខ្ញុំ​និយាយ​ដោយ​ត្រង់ បើ​វៀតណាម​មិន​សប្បាយ​ចិត្ត ទំនិញ​កម្ពុជា​ទាំង ដឹក​ចេញ​តាម​ទន្លេ​មេគង្គ​អត់​រួច​ទេ។ កម្ពុជា​មិន​ល្ងង់​ជាង​វៀតណាម​ទេ សុំ​បញ្ជាក់»

ទន្ទឹមគ្នា​នេះ លោក ហ៊ុន សែន ថ្លែង​ទៀត​ថា ប្រសិនបើ​កម្ពុជា មិន​អាច​រក​ទុន​ពី​បរទេស​គ្រប់គ្រាន់​មក​វិនិយោគ​ជីក​ព្រែក​នេះ ក៏​កម្ពុជា​ត្រូវ​រក​ទុន​ក្នុងស្រុក តាមរយៈ​ក្រុម​ឧកញ៉ា ដែល​ជា​អ្នក​មាន​ធនធាន យក​មក​កសាង​ព្រែកជីក​នេះ។

ទោះជា​យ៉ាងណា អត្ថបទ​ស្រាវជ្រាវ​មួយ របស់​វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) របស់​វៀតណាម វាយតម្លៃ​ថា ព្រែកជីក​ហ្វូណន​ មិន​ត្រឹមតែ​ជា​គម្រោង​មួយ​ដែល​បម្រើ​ឱ្យ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ ថែម​ទាំង​មាន​តម្លៃ​ចម្បង បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន ស្រប​ពេល​ដែល​ចិន កំពុង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម នៅ​កម្ពុជា​ស្រាប់។

ទាក់ទង​នឹង​គម្រោង​ព្រែកជីក​ដ៏​ចម្រូងចម្រាស​នេះ សហរដ្ឋអាមេរិក ក៏បាន​លើកឡើង​ពី​កង្វល់ ថា ព្រែកជីក​នេះ​អាច​ជួយ​សម្រួល​ឱ្យ​មាន​វត្តមាន​យោធា​ចិន ចូល​ក្នុង​ទឹកដី​កម្ពុជា កាន់តែ​ជ្រៅ​តាម​ឈូង​សមុទ្រ​ថៃ។ ក្នុង​នោះ សហរដ្ឋអាមេរិក បាន​ជំរុញ​ឱ្យ​កម្ពុជា បង្ហាញ​តម្លាភាព និង​ធ្វើការ​ឱ្យ​បាន​ដិតដល់ ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ជុំវិញ​រឿងរ៉ាវ​សាងសង់​ព្រែកជីក​ហ្វូណន​នេះ។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញ​ថា សំណើ​វៀតណាម នឹង​ឱ្យ​ផ្អាក​ព្រែកជីក​នេះ នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ដោយសារ​កម្ពុជា បាន​រាយការណ៍​ទៅ​គណៈកម្មការ​ទន្លេ​មេគង្គ(MRC) រួចរាល់​ហើយ ហើយ​ក៏​មិន​ឃើញ​មាន​ប្រតិកម្ម​ពី​ប្រទេស​ណាមួយ ក្រៅតែ​ពី​វៀតណាម។ 

លោក សេង វណ្ណលី៖ «ទោះជា​យ៉ាងណា យើង​មិន​ត្រូវ​ធ្វេសប្រហែស​ទៅ​លើ​ប្រតិកម្ម​របស់​វៀតណាម​ដែរ។ ហើយ​យើង​ឃើញ​ថា នៅ​ពេល​ដែល​ស្ថាប័ន​ស្រាវជ្រាវ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​វៀតណាម បាន​ចេញ​របាយការណ៍​របស់​ខ្លួន ឃើញ​ថា​ព័ត៌មាន​ចាប់ផ្ដើម​រីក​សាយភាយ ហើយ​មាន​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​តំបន់ និង​អន្តរជាតិ​ជាច្រើន ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន រហូត​ដល់​គេ​ផ្សារភ្ជាប់​ថា​ជា ផែនការ​យុទ្ធសាស្ត្រ​មួយ ដែល​ស្ថិត​ក្នុង Secret Deal ដែល​ជា​កិច្ចព្រមព្រៀង​សម្ងាត់​រវាង​កម្ពុជា ជាមួយ​ចិន ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រៀម»

ព្រែកជីក​ហ្វូណន មាន​ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើម​ពី​ដៃ​ទន្លេ​មេគង្គ​ខាងត្បូង​រាជធានី​ភ្នំពេញ កាត់តាម​ខេត្ត​ចំនួន៤ រួមមាន ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប។ ព្រែកជីក​នេះ​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ ១០០ម៉ែត្រ ផ្នែក​ខាងក្រោម​ប្រមាណ ៨០ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ​ជាង ៥ម៉ែត្រ។

កម្ពុជា​គ្រោង​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន នេះ ក្រោម​កិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ក្នុងរយៈពេល ៥០ឆ្នាំ ដោយ​ចំណាយ​ថវិកា​ចំនួន ១ពាន់ ៧រយលានដុល្លារ និង​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុង​ឆ្នាំ២០២៤ ហើយ​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ២០២៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment