អាចារ្យ​វត្ត​ចិន​ដំដែក​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពេល​ដើរ​សុំ​ស្នាម​មេដៃ​គាំទ្រ លោក សូ​ណង់​ដូ

27 July 2012
ឃុត សុ​ភចរិយា
ភ្នំពេញ ប៉ុស្តិ៍

ក្រុមអ្នក​គាំទ្រ​​បន់​ស្រន់​​​ព្រះអង្គដងកើ​​សុំជួយបន្ទន់​ចិត្ត​ឲ្យ​មានការ​ដោះលែងលោក ម៉ម សូណង់​ដូ ។ រូបថត ហេង ជីវ័ន​

ក្រុមអ្នក​គាំទ្រ​​បន់​ស្រន់​​​ព្រះអង្គដងកើ​​សុំជួយបន្ទន់​ចិត្ត​ឲ្យ​មានការ​ដោះលែងលោក ម៉ម សូណង់​ដូ ។
រូបថត ហេង ជីវ័ន​

ភ្នំពេញៈ បុរស​វ័យ​៧៤​ឆ្នាំ​ម្នាក់ ក្នុង​សហគមន៍​តំបន់​បឹង​កក់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ដូន​ពេញ កាល​ពីម្សិល​មិញ បន្ទាប់​ពី​គាត់​បានដើរ​សុំស្នាម​មេ​ដៃពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​គាត់ ដើម្បី​គាំទ្រ​លោក​ម៉ម សូណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ។ នេះ​បើតាម​ការ​អះ​អាង​ពី​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​និង​សាច់​ញាតិ​គាត់។

អ្នកស្រី គង់ ចាន់​ថា ពលរដ្ឋ​ក្នុង​ភូមិ​២៤ នៃ​សហគមន៍​បឹង​កក់ បានរៀប​រាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិល​មិញ​ថា លោក ជ័យ ឡាយ អាយុ ៧៤​ឆ្នាំ ជា​អាចារ្យ​វត្ត​ចិន​ដំដែក រស់​នៅ​ភូមិ​ទី២០ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ចាប់​ខ្លួន ខណៈ​គាត់​កំពុង​បណ្ដើរ​កង់​មក​ពី​សុំស្នាម​មេដៃ​ពី​អ្នក​ភូមិ ដើម្បី​ធ្វើ​ញតិ្ត​គាំទ្រ​សុំ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ។

អ្នកស្រី​បាន​បន្តថា ៖​«ខ្ញុំ​ឃើញ​មនុស្ស​បួន​នាក់​ស្លៀក​ពាក់​ជា​ជន​ស៊ីវិល បាន​ចាប់​ឃាត់​ខ្លួន​គាត់ ហើយ​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគ​របាល​ខណ្ឌ​ដូន​ពេញ​ភ្លាមៗ​យ៉ាង​ប្រញាប់​ប្រញាល់»។

អ្នកស្រី ជ័យ លាភ អាយុ​៤៣​ឆ្នាំ ដែល​ត្រូវ​ជា​កូន​របស់​លោក ជ័យ ឡាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ឪពុក​របស់​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះទេ ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ឪ​ពុកខ្ញុំ​មិន​បាន​ធ្វើអ្វី​ខុស​ឬ​ក៏​ប្រឆាំង​នឹង​អ្នក​ណា​ម្នាក់​ដែរ ហើយ​ការ​ដែល​គាត់​ដើរ​សុំស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ ដើម្បី​គាំទ្រ​លោក ម៉ម សូណង់​ដូ ប្រធាន​សំបុក​ឃ្មុំនោះ ក៏​មិន​បាន​ទៅ​បង្ខំឲ្យ​គេ​ផ្ដិត​ដែរ គឺ​អ្នក​ភូមិ​ផ្ដិត​ឲ្យ​ដោយ​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ»។

អ្នកស្រី​បានប​ន្តថា​៖ «ឪពុក​ខ្ញុំ​ប្រាប់​ថា គាត់​ត្រូវ​បាន​គេ​[នគរ​បាល]​ចោទ​ពី​បទ​ដើរ​ញុះ​ញង់​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​ខុស​ច្បាប់»។

លោក ហ៊ុន សុធី អធិការ​នគរ​បាល​ខណ្ឌ​ដូន​ពេញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​លោក​អាចារ្យ ជ័យ ឡាយ សមាជិក​សហគមន៍​តំបន់​បឹង​កក់​នេះ​បាន​ទេ កាល​ពី​ម្សិល​មិញ។ ចំណែក លោក ​ទូច សារិន​ នាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ស្រះ​ចក​បាន​ថ្លែង​ថា គាត់​មិន​បានដឹ​ង​អំពី​ករណី​នេះ​នៅ​ឡើយ ដោយ​គាត់​ជាប់​រវល់​នៅ​ក្នុង​ពិធី​បុណ្យ​សព​។

លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ ត្រូវ​បាន​សមត្ថ​កិច្ច​ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៥​ខែ កក្កដា កន្លង​ទៅ​នេះ ក្រោម​ការ​ចោទ ពី​បទ​ជាប់​ពាក់​ព័ន្ធ​នៅ​ពីក្រោយ អ្វី​ដែល​អាជ្ញាធរ​ហៅថា ការ​ប៉ុន​ប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ក្នុង​ជម្លោះ​ដីធ្លី​មួយ​នៅ​ឃុំ​កំពង់ដំ​រី ស្រុ​ក​ឆ្លូង ខេត្ត​ក្រចេះ។

គួររំឭក​ដែរ​ថា កាល​ពី​ម្សិល​ម្ង៉ៃ​មន្ត្រី​សមាគម​អ្នក​ប្រជាធិប​តេយ្យ អះអាង​ដែរថា សមាជិក​នៅ​តាម​ខេត្ត​នានា​បួន ក៏​ត្រូវ​អាជ្ញាធរ​រារាំង​ការ​ដើរ​ប្រមូល​ស្នាម​មេ​ដៃ ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​ស្ថាន​ទូត​និង​ស្ថាប័ន​រដ្ឋាភិបាល​សុំ​ដោះ​លែង លោក​ម៉ម សូណង់ដូ ដែរ ដោយ​គេ​សម្អាង​ថា ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​និង​មិន​បាន​សុំ​ការ​អនុញ្ញាត​ជាមុន។

កាល​ពី​ថ្ងៃទី២១ ខែ​កក្កដា ភរិយា​របស់​លោក​បាន​ឲ្យ​ដឹង​ថា លោក​ ម៉ម សូ​ណង់​ដូ ជាស្វាមី​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​ ព្រោះ​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដ៏​តូច​ ចង្អៀត​ ប៉ុន្តែត្រូវ​បាន​អនុគ្រោះ​ពី​ប្រធាន​ពន្ធនាគារ​ឲ្យ​លោក​ស្នាក់​នៅ បន្ទប់​ឃុំ​ដោយ​ឡែក​សមរម្យ​ជាង​បន្ទប់​រួម​បន្តិច៕

What Next?

Recent Articles

7 Responses to "អាចារ្យ​វត្ត​ចិន​ដំដែក​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពេល​ដើរ​សុំ​ស្នាម​មេដៃ​គាំទ្រ លោក សូ​ណង់​ដូ"

  1. BaBaBoo says:

    ជនស៊ីវិលទៅចាប់ជនស៊ីវិល ដូចជាអាថ៌កំបាំងម្លេះម៉េចមិនទុកតួនាទីឲ្យអាជ្ញាធរធ្វើការវិញ! បើមនុស្សរបស់បក្សប្រជាជន មានចេតនា វារិតតែខុសធ្ងន់និងច្បាប់ ។ បើថាគិញសម្ងាត់របស់ហាណូយចេញប្រតិបត្តិការណ៌បោសសំអាត អ្នកណាហ៊ានចេញមុខជួយលោកម៉មសូណង់ដូ ទំនងជាង៕

  2. អាចម៍គោមេ ! says:

    កុំឆ្ងល់ពេកបងអឺយ !!!!! ព្រះរាជាណាចក្រ អច្ឆៈរិយៈ គឺតែប៉ុណ្នឹងឯង ! ចូលចិត្តធើអីប្លែកៗៗៗ

  3. ចប់ប៉ារ៉ោយ says:

    ហេតុអី្វបានជាគេចូលចិត្តដាក់ទោសនិងរកតែរឿងជាមួយអ្នកស្នេហាជាតិពិតជាតិម្ល៉េះ?​?????ទៅថ្ងៃមុខទៀតក្លាយទៅជាយ៉ាងណាទៅ?​ (ឈប់និយាយទៀតហើយព្រោះខ្លាចបែកមាត់)

  4. ខ្មែរស្រលាញ់ជាតិ says:

    នេះហើយប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យក្លែងក្លាយនោះ គណបក្សប្រជាជនធ្វើអ្វីៗ សុទ្ធតែត្រូវទាំងអស់ បើគេមានមតិ្តយោបល់ចង់អោយពិចារណារសិក្សាកែលំអររកខុសត្រូវ នោះវាសុទ្ធតែគេនឹងប្រឆាំង នេះហើយដែលគេហៅថា ( ចេះឯងមិនក្រែងចេះគេ ) ។ ស្តាយណាស់ដែលមានមេដឹកនាំល្ងិតល្ងង់ មិនបានរៀនសូត្រចេះដឹងដូចលោកហ៊ុន សែន ។

  5. សូមសរសើរទឹកចិត្តលោកអាចារ្យដែលហ៊ានដើរសុំស្នាមមេដៃដើម្បីគាំទ្រអ្នកស្នេហាជាតិ ។ ជីវិតមនុស្សម្នាក់ៗមិនអាចជៀសផុត ពីមរណទេ លោកតាមានព្រះជនប៉ុណ្ណឹងមិនមានអ្វី​ត្រូវខ្លាចទេ វរភាពរបស់លោកអាចារនិងដក់ក្នុងក្រហៅបេះដូងកូនខ្មែរ។

  6. ខ្មែរគិតជាតិ says:

    សូមអោយខ្មែរទាំងអស់រួបរួមគ្នា ស្រលាញ់គ្នាក្នុងរង្វង់គ្រួសារខ្មែរ។ ការឈ្លោះទាស់ទែងគ្នានឹងធ្វើអោយខ្មែរបែកបាក់គ្នា ហើយបរទេសនឹងមើលងាយខ្មែរ ធ្វើបាបខ្មែរដូចដែលប្រវត្តិសាស្រ្តមានស្រាប់។

  7. so pheak says:

    ខ្ងុំគាំទ្រមតិលេាក​(ខ្មែរស្រលាញ់ជាតិ)