មានក្រុមហ៊ុនរុករករ៉ែនិងឧស្ម័នចំនួន៣ដែលចាប់ពីខែកញ្ញាឆ្នាំ២០១៣នេះត្រូវបង្ហាញព័ត៌មានស្តីពីការបង់ប្រាក់ សម្រាប់គម្រោងនីមួយៗទៅអោយរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការអះអាងរបស់អង្គការអុកស្វាមអាមេរិក។ ការអនុវត្តថ្មីនេះត្រូវធ្វើឡើងបន្ទាប់ពីគណៈកម្មការមូលប័ត្រអាមេរិកទើបតែអនុម័តច្បាប់ចុងក្រោយមួយដែលតម្រូវអោយក្រុមហ៊ុនរ៉ែ ប្រេង ឧស្ម័ន ដែលបានចុះបញ្ជីនៅគណៈកម្មការមូលប័ត្រអាមេរិកនោះបង្ហាញជាសាធារណៈ បញ្ជីបង់ប្រាក់ និងការចំណាយផ្សេងៗរបស់ខ្លួនទៅអោយរដ្ឋាភិបាលនៃប្រទេសដែលពួកគេធ្វើអាជីវកម្ម។
ថ្ងៃ ព្រហស្បតិ៍ 30 សីហា 2012
ដោយ លាង ដឺលុច
RFI
កាលពីសប្តាហ៍មុននេះ គណៈកម្មការមូលប័ត្រអាមេរិកបានអនុម័តច្បាប់មួយដែលតម្រូវអោយក្រុមហ៊ុនរ៉ែ ប្រេង និងឧស្ម័នដែលបានចុះបញ្ជីនៅគណៈកម្មការមូលប័ត្រអាមេរិកនោះ លាតត្រដាងអំពីការបង់ប្រាក់ និងការចំណាយផ្សេងៗរបស់ខ្លួនទៅអោយរដ្ឋាភិបាលនៃប្រទេសដែលពួកគេកំពុងធ្វើអាជីវកម្មនោះ។ ច្បាប់ដែលទើបតែអនុម័តថ្មីនេះ មានគោលដៅជួយកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសដែលសម្បូរធនធានធម្មជាតិ។
ច្បាប់នេះមានពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួនជាង១១០០ក្រុមហ៊ុនរ៉ែ ប្រេង ឧស្ម័នដែលបានចុះឈ្មោះនៅគណៈកម្មការមូលប័ត្រអាមេរិក ហើយដែលក្នុងចំណោមក្រុមហ៊ុនទាំងនោះ គេឃើញមានក្រុមហ៊ុនចំនួន៣ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមអាមេរិកដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញបានអោយដឹងថា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Total និងក្រុមហ៊ុន China National offshore Oil Corporation នឹងត្រូវអនុវត្តច្បាប់ថ្មីនេះ ដោយត្រូវបង្ហាញអំពីការចំណាយរបស់ខ្លួនសម្រាប់គម្រោងនីមួយៗអោយរដ្ឋាភិបាលកម្ពុជា។
លោកប្រាយអិន ឡន់ នាយករបស់អង្គការអុកស្វាមអាមេរិកប្រចាំតំបន់អាស៊ីខាងកើតបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការតម្រូវអោយបង្ហាញព័ត៌មាននៅកម្រិតគម្រោងនេះ នឹងផ្តល់អោយសហគមន៍ និងមន្ត្រីមូលដ្ឋានក្នុងប្រទេសដឹងអំពីព័ត៌មានលម្អិត ស្តីពីចំណូលពីធនធានធម្មជាតិ ដែលត្រូវបានដកហូតចេញពីដីសហគមន៍ពួកគេ។ តំណាងអង្គការអុកស្វាមអាមេរិកបានស្នើអោយរដ្ឋាភិបាលកម្ពុជាដាក់បង្ហាញព័ត៌មាននៃគម្រោងរុករករ៉ែ និងការធ្វើអាជីវកម្មនៅលើគេហទំព័រនៃក្រសួងសេដ្ឋកិច្ចទៀតផង។
នៅពេលដែលកម្ពុជាប្រកាសថា ខ្លួននឹងមានដំណក់ធនធានប្រេងនៅចុងឆ្នាំ២០១២នេះ អង្គការក្រៅរដ្ឋាភិបាលនានា ព្រមទាំងប្រទេសដៃគូអភិវឌ្ឍន៍មួយចំនួនផងបានបង្ហាញការព្រួយបារម្ភខ្លាំងអំពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលដែលបានមកពីធនធានធម្មជាតិនេះ។ គណបក្សប្រឆាំង និងសង្គមស៊ីវិលតែងតែអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាផ្សព្វផ្សាយជាសាធារណៈព័ត៌មានស្តីពីក្រុមហ៊ុនរុករកប្រេង និងឧស្ម័ននៅកម្ពុជានោះ។ ជាទូទៅ ប្រជាពលរដ្ឋខ្មែរមិនបានទទួលព័ត៌មានអំពីវត្តមាន និងដំណើរការនៃក្រុមហ៊ុនដែលធ្វើអាជីវកម្មលើធនធានធម្មជាតិនោះទេ៕
————————————-



ច្បាប់ដែលតែងមិនចេញ
១- សភាមមាទាំងថ្លៃល្ងាចព្រឹក–សុទ្ឋតែសមាជិកជំនាញខាងច្បាប់
ពិភាក្សាដេញដោលវាគ្មិនចំណាប់–រកលក្ខខណ្ឌចាប់ជនពុករលួយ ។
២- ច្បាប់សំខាន់ជាក់តាក់តែងយូរហើយ–តែងមិនចប់ឡើយ ជាច្បាប់លើកស្ទួយ
ខេមរាប្រុសស្រីនឹងអស់ភ័យព្រួយ–កម្ពុជាតែមួយនៅជ្រោយអាស៊ី ។
៣- នៅស្ងៀមសុខសោះ ឮដំណឹងហេង–ស្រុកយើងមានប្រេងសំបូរហូរហៀរ
មិនចាញ់អារ៉ាប់ អ៊ីរ៉ង់ លីប៊ី–ខេមរាគ្រប់គ្នាសង្ឃឹមទុកទៅ!
៤- ប៉ុន្តែបើច្បាប់តែងមិនចេះចប់ –អស់ជាងឆ្នាំដប់សរសេរមិនត្រូវ
ជជែកទៅជជែកមកវាក៏ស្ទះផ្លូវ–ប្រេងឆ្អិនប្រេងឆៅនៅក្រោមឪច្បាប់ ។
៥- ច្បាប់ខ្មែរក្រហមក៏ពិបាកតែង–ពន្យាឱ្យវែងទាល់ទណ្ឌិតស្លាប់
ទៅតាមធម្មជាតិមិនបាច់ប្រើច្បាប់–ក្រែងវាក្រឡាប់ជាប់ដល់ជនខ្លាំង ។
៦- ច្បាប់នៅស្រុកយើង គេត្បាញគេក្រង–ក្រាស់ហើយទន់ផងអង្គុយទាំងផ្ទាំង
គេរើសសូត្រល្អត្បាញវាសម្រាំង–ដល់ចេញប្រេងសាំងចូលឃ្លាំងមេខ្លោង ។
៧- ច្បាប់ពុករលួយជួយឱ្យរលាយ–ជួយឱ្យពួកនាយមានបានទាំងហ្វូង
នៅសល់ចំនៀរតិចតួចរាយរង–គេស្រែកបំពងថាដាក់ធនាគារ ។
៨- យើងកុំភ័យភិតគិតតែពីព្រួយ–ចាំមេយើងជួយច្បាស់ជាមេឃា
យើងរស់ដូចចកកណ្តាលជលសារ–គួរអស់ខេមរាពិចារណ៍ផ្ទាត់ផ្ទៀង ។
៩- យើងបានត្រឹមរស់ទាំងឆោតទាំងល្ងង់–យើងកាប់បំពង់រង់ចាំទឹកភ្លៀង
គេបោកយើងញយ តែយើងមិនរាង–គ្មានទេទឹកភ្លៀងព្រោះមេឃអប្រិយ ។
១០- ពួកយើងអ្នករដ្ឋការធម្មតា–ពលករផងណាក៏សែនក្រក្រៃ
ប្រឹងហូរញើសជោក រកបានមួយថ្ងៃ–កូនប្រុសកូនស្រីខកខានសិក្សា ។
១១- ក្រឡេកទៅមើលកូនជនទុច្ចរិត–ចាយអត់អាណិតសុទ្ធតែដុល្លា
ស៊ីផឹកសើចហ៊ោរសប្បាយអស្ចារ្យ –មកពីអ្នកណា មិនគឺពីមេ???
១២- ពីខ្ពស់មកទាប រាបសុទ្ធតែហ្វូងឈ្លើង– បឺតឈាមខ្មែរយើងមកជាហូរហែ
វាបឺតសម្លាប់យើងពលរដ្ឋខ្មែរ–ច្បាប់យើងតែងដែរតែតែងមិនចេញ!!!!
អស្ចារ្យណាស់ យើងនឹងក្លាយជាប្រទេសអ្នកមានដោយសារប្រេង!
តែរឿងផ្ទុយ គឹថាតើគេនឹងគ្រប់ចំនូលនោះយ៉ាងម៉េច(ពុករលួយ?)!? ហើយវាធ្វើអោយជីវភាពរាស្រ្តខ្មែរយ៉ាងម៉េចដែរ(នៅតែក្រ?)!?
តើវានៅមានរឿងអ្វីទៀត នាពេលអនាគត!?
កែពាក្យខុស៖ (គឺថា…), (គ្រប់គ្រងចំនូល…)
មុននិងដាក់ទុនចូលរកស៊ីស្រុកខ្មែរ ត្រូវនិយាយគ្នារឿងលុយសិន ! អ្នកឯងមានប៉ុន្មាន ? និងហ៊ានបង់ប៉ុន្មានឲ្យរដ្ឋ ? អ្វីៗចាំគិតគ្នាក្រោយ។
មិនមែនដូចក្មេងវត្តនិយាយសំរាបស្រុកខ្មែរនោះ ហើយក៏មិនមែនមានន័យថា អ្នកឯងមានលុយប៉ុន្មាន ហ៊ានបង់អោយរដ្ឋ គឺមានន័យថា អ្នកឯងមានលុយប៉ុន្មានហ៊ានបង់ជូន លោកធំៗ អស់ហ្នឹងទើបត្រូវ ឯកំណាព្យលោកមេទ័ព-បាញ់ទារ ពិតជាល្អសុំសរសើដោយស្មោះ នេះពិតជា 100% ឆ្លុះបញ្ចាំងយ៉ាងច្បាសនៅស្រុកខ្មែរយើង។