បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រដ្ឋាភិបាល ចាត់វិធានការ​ទំនិញ​ឡើងថ្លៃ​​

ដោយ៖​ តាំង វីដា និងស៊ុន ណារិន​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
ទំនិញប្រើប្រាស់មួយចំនួនលើទីផ្សារ (រូបថត កែវ រតនៈ)

ទំនិញប្រើប្រាស់មួយចំនួនលើទីផ្សារ (រូបថត កែវ រតនៈ)

​ប្រជាពលរដ្ឋ​ជា​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ភាគច្រើន​មកពី​តាម​បណ្តា​ខេត្ត​ត្អូញត្អែរ​ពី​បញ្ហា​ទំនិញ​តាម​មូលដ្ឋាន ឡើងថ្លៃ​ខ្លាំង និង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​កាន់​អំណាច​ចេញ​មុខ​​បកស្រាយ​។​

​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​៥ ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ប្រជាពលរដ្ឋ​ជា​បាតុករ​មកពី​បណ្តា​ខេត្ត​ឆ្ងាយៗ បាន​ចូលរួម​ប្រមូលផ្តុំ ដង្ហែ​ក្បួន និង​លើក​ពី​កង្វល់​បញ្ហា​ប្រឈម​រៀងៗ​ខ្លួន​។ ក្រៅពី​ទាមទារ​ការបោះឆ្នោត​ឡើងវិញ ការផ្លាស់ប្តូរ​អ្នកដឹកនាំ បញ្ហា​រំលោភ​ដីធ្លី សិទ្ធិ​ការ​ងារ និង​ភាព​អត់​ការងារ​ធ្វើ​បាតុករ​ក៏បាន​លើកឡើង​ផងដែរ​នូវ​ចម្ងល់​ចំពោះ​ទំនិញ​តាម​មូលដ្ឋាន​ដែល​កំពុង​ឡើងថ្លៃ នាំ​មក​ការចំណាយ​ប្រចាំ​ថ្ងៃ​ខ្ពស់​ជាង​​ចំណូល​។​

​អ្នកស្រី ម៉ៅ គន្ធា មកពី​ខេត្ត​ស្វាយរៀង គិតថា បញ្ហា​នេះ​មកពី​អំពើ​ពុករលួយ ៖ "អំពើ​ពុករលួយ អ្នក​មាន​អ្នក​ធ្វើ​ការ​ធំ​អញ្ចឹង​គេ​ចាយ​ធូរ​បស់​គេ​ ខ្ញុំ​មើល​ទៅ ខ្ញុំ​ជា​ម្ចាស់​ឆ្នោត​ហ្នឹង សុំ​ឲ្យ​ទំនិញ​ហ្នឹង​ចុះ​ថ្លៃឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ ដែល​អ្នក​​ក្រីក្រ​តាម​ជន​បទ​ហ្នឹង ឲ្យ​បាន​ស៊ី​ស្រួល​ ដេក​ស្រួល​ផង"។

អ្នកស្រី ងីម មកពី​ខេត្ត​កំពង់ចាម យល់ថា មក​ពី​ការ​រឹតបណ្តឹង​ពន្ធ​ខ្លាំងពេក ៖ "ចង់ថា​ឲ្យ​រដ្ឋាភិបាល​ហ្នឹង ពន្យល់​ថា ឲ្យ​ទំនិញ​កុំ​ឲ្យ​ថ្លៃ​ពេក កុំ​ឲ្យ​ឡើង​ថ្លៃ​ពេក ឲ្យ​​ប្រជា​ជន​អ្នក​​ក្រ ឲ្យ​គ្នា​មាន​លុយ​តិច​តួច​ឲ្យ​ហូបបាន​អញ្ចឹងណា"។

អ្នកស្រី យ៉េន ម៉េត មកពី​ខេត្ត​​ព្រៃវែង រិះគន់ថា នេះ​មក​ពី​ការដឹកនាំ​មិនបាន​ល្អ ៖ "បើ​អ្នក​ដឹក​នាំល្អ ទំនិញ​គ្មាន​ឡើង​ថ្លៃ​ទេ រិះ​គន់​ដែរ ឲ្យ​ទំនិញ​ចុះ​ថ្លៃ​ទៅ​គ្មាន​លុយ​ទិញ​ទេ ប្រជា​ជន​យ៉ាប់​ណាស់​សព្វ​ថ្ងៃ​ហ្នឹង"។

ចំណែក លោក ទឹម ទ្រឹង មកពី​ខេត្ត​កណ្តាល ចាត់ទុកថា មកពី​អំពើ​ពុករលួយ ៖ "ទំនិញ​ហ្នឹង វា​ឡើង​ៗៗៗៗ ឡើង​អត់​មាន​ស្រក​សោះ អំពើ​ពុករលួយ​ហ្នឹងហើយ​​បាន​របស់​វា​ឡើង​ថ្លៃ​ហ្នឹង"។

​មិន​ត្រឹមតែ​បាតុករ អាជីវករ​តាម​ផ្សារ​មួយ​ចំនួន​ធំ​នៅ​រាជធានី​ភ្នំពេញ កត់សម្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ស្ទើរតែ​គ្រប់​ប្រភទ ដែល​មាន​លក់​នៅលើ​ទីផ្សារ បាន​ឡើងថ្លៃ​ខុស​ពី​ធម្មតា ដែល​នាំ​ឲ្យ​ឈ្មួញកណ្តាល និង​អ្នក​លក់​ទំនិញ​បន្ត ស្ទាក់ស្ទើរ​ក្នុង​ការទិញ​ទំនិញ​ចូល ព្រោះ​ខ្លាច​លក់​មិន​ចេញ​។ ពួក​គេ​យល់ឃើញ​ថា ទំនិញ​ឡើងថ្លៃ​នេះ គឺ​បណ្តាលមកពី​ការដំឡើងថ្លៃ​ពន្ធគយ​តាម​ព្រំដែន​។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ជូ វិចិ​ត្ត ពន្យល់ថា ទំនិញ​ឡើងថ្លៃ​នេះ គឺ​បណ្តាលមកពី​រាជរដ្ឋាភិបាល ធ្វើ​កំណែទម្រង់​លើ​ផ្នែក​ពន្ធ និង​គយ ដោយ​រឹតបន្តឹង​យក​ពន្ធ​លើ​ទំនិញ​ច្បាស់លាស់​ជាង​មុន​តែប៉ុណ្ណោះ មិនមែន​មាន​ការដំឡើង​ពន្ធ​នោះទេ​។ លោក​ជឿជាក់​ថា ចរាចរណ៍​ទំនិញ​អាច​​នឹងថ្កល់​មួយរយៈ​មែន តែ​នឹង​ដំណើរការ​វិញ​ធម្មតា​នៅ​ពេល​ឆាប់ៗ​នេះ ស្រប​តាម​ការយកពន្ធ​ត្រឹមត្រូវ​ស្របច្បាប់​ ​៖ "ហើយ​ជាក់​ស្តែង​វិធាន​ការ​នេះ យើង​ក៏​ទទួល​ស្គាល់​ដែរ យើង​ថា​វា​មាន​ឃើញ​ថា ដោយសារ​វិធាន​ការ​នេះ ទើប​ចាប់​ផ្តើម​ថ្មី ពី​ដំបូង​មក​​មាន​ការ​ស្រ​ពិច​ស្រពិល​ខ្លះ មាន​ការ​រ​អាក់​រអួល​ខ្លះ ប៉ុន្តែ​ឥឡូវ​ប្រហែល​ជា​អាច​ដឹង​ហើយ​ថា​ ចាប់​ផ្តើម​​មាន​​ចរន្ត​នៃ​ការ​នាំ​ចេញ​នាំ​ចូល​ធម្ម​តា ចាប់​ផ្តើម​ធម្ម​តា​ឡើង​វិញ​ហើយ"។

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចាត់​ទុក​បញ្ហា​ទំនិញ​ឡើងថ្លៃ គឺ​បណ្តាលមកពី​គណបក្សកាន់អំណាច អសមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​​រដ្ឋ លុប​បំបាត់​អំពើ​ពុករលួ​យ ដែល​នាំ​ឲ្យ​មន្ត្រីក្រោមឱវាទ ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​ឈ្នួញ​អ្នកមាន ហើយ​បែរជា​យក​ពន្ធ​ខ្ពស់​លើ​ទំនិញ ដែល​ជា​​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ ​៖ "​បើ​សិន​ជា​នៅ​តែ​ទុក​រដ្ឋាភិបាល​លោក ហ៊ុន សែន រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រ​ជា​ជន ដែល​ជា​រដ្ឋាភិបាល​ពុក​រលួយ ដូច្នេះ​ហើយ​​ទំនិញ​ឡើង​ថ្លៃ​​វា​អត់​ឈប់​ឈរ​ទេ។ ទំនិញ​ឡើង​ថ្លៃ​​ហ្នឹង​ វា​កើត​ជា​មូល​ហេតុ​ចម្បង​ជាង​គេ គឺ​មក​​ពី​អំពើ​ពុក​រលួយ​នេះ​ហើយ អំពើ​ពុក​រលួយ​នេះ នាំ​ឲ្យ​ពួក​ដែល​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​លួច​ពន្ធ"។

​លោក កឹម សុខា ឲ្យដឹងទៀតថា គោលការណ៍​នៃ​ការ​រឹតបន្តឹង​ពន្ធ គឺ​រដ្ឋាភិបាល គប្បី​យក​ពន្ធ​ខ្ពស់​ចំពោះ​ទំនិញ​ប្រភេទ​ប្រណិត​របស់​អ្នកមាន និង​បន្ថយ​តម្លៃ​ពន្ធ​លើ​ទំនិញ​របស់​អ្នក​ក្រ មិនមែន​ការ​រឹតបន្តឹង​ពន្ធ​បន្ថែម លើ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក​បណ្ឌិត កង ច័ន្ទ​តារា​រ័ត្ន យល់ថា រដ្ឋាភិបាល ត្រូវតែ​បំភ្លឺ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពី​បញ្ហា​នេះ ឲ្យបាន​ច្បាស់​ជាង​នេះ ថា តម្លៃ​​ទំនិញ គឺ​បូក​បញ្ចូល​នឹង​តម្លៃ​​បង់ពន្ធ​ត្រឹមត្រូវ​។ លោក​យល់ថា កន្លងមក ទំនិញ និង​សេវាកម្ម​មួយចំនួន បាន​គេច​ពី​ការបង់ពន្ធ​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​អ្នក​​ទិញ និង​អ្នកប្រើប្រាស់ ប្រើ​សេវាកម្ម និង​ទំនិញ​ក្នុងតម្លៃ​មួយ​ថោក ខុស​ពី​តម្លៃពិត​ ​៖ "​ត្រូវ​តែ​បំភ្លឺ​ ហើយ​​តាម​ពិត​ទៅ​ការ​ត្អូញ​ត្អែរ​ វា​អត់​ត្រឹម​ត្រូវ ដោយ​កន្លង​មក​ គាត់​ធ្លាប់​​រក​ស៊ី​គេ​ច​ពន្ធ រក​ស៊ី​ក្នុង​ផ្លូវ​ងងឹត មាន​ន័យ​ថា ទោះបី​អ្នក​រកស៊ី ក៏​ដូច​អ្នក​ទិញ​ដូរ គឺ​ទិញ​របស់​ក្នុង​តម្លៃ​មួយដែល​ខុស​ពី​ភាព​ជាក់​ស្តែង​ ឥឡូវ​មក​ត្រឹមត្រូវ​វិញ ខ្ញុំ​ជឿ​ថា វាជា​រឿង​មួយ​បំ​ភ្លឺ ហើយ​វិស័យ​ឯក​ជន​ត្រូវ​តែ​ទទួល​យក ក្នុងការ​រក​ស៊ី​ដ៏​ត្រឹម​ត្រូវ​ ហើយ​និង​ស្រប​ច្បាប់"។

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​គយ​ពី​រឿង​ពុករលួយ ដោយ​ទុក​រយៈ​ពេល​​២​ខែ ឲ្យធ្វើ​ការកែទម្រង់​ឡើងវិញ​៕

សូមសរសេរមកកាន់ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

3 Responses to "បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រដ្ឋាភិបាល ចាត់វិធានការ​ទំនិញ​ឡើងថ្លៃ​​"

  1. Vanda says:

    Inflation make people poor and deep poor. So one day society will have trouble if government is nt find out a solution.

  2. ។។ says:

    ក្រែងដៀលថារដ្ឋាភិបាលមិនគ្រប់ទឹក រដ្ឋាភិបាលខុសច្បាប់?ម៉េចក៏មិន​ទៅពឹងអាស្វាទាំងពីរក្បាលនោះទៅឲ្យវាជួយបញ្ចុះថ្លៃទំនិញ?ឬក៏អាស្វាទាំងពីរក្បាលនោះបានតែថា បានតែសាងគ្រោះឲ្យជាតិ?ម្យ៉ាង​ទៀតបើពួកអាអស់ឯងបាតុកម្មអត់ឈប់ នរណាមានពេលធ្វើរឿងអស់នេះកើត?