Monday, 23 December 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
<
ភ្នំពេញៈ ការដង្ហែក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ដែលនៅតែប្រកាន់ជំហរយ៉ាងរឹងមាំដាច់ខាត ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងរៀបចំធ្វើការបោះឆ្នោតឡើងវិញ មានអ្នកចូលរួមកាន់តែច្រើនជាងមុន ដែលបើតាមលោក សម រង្ស៊ី មេដឹកនាំគណបក្សនេះ បានថ្លែងថា មានអ្នកចូលរួមប្រហែលកន្លះលាននាក់ ដើរពេញណែនលើបណ្តោយផ្លូវប្រមាណ ៥ គីឡូម៉ែត្រ។
ការមានមនុស្សចូលរួមបាតុកម្មរបស់គណបក្សប្រឆាំងកាន់តែច្រើនឡើងៗបែបនេះ នៅក្នុងបាតុកម្មឈានចូលដល់ថ្ងៃ ទី៨ កាលពីម្សិលមិញគឺបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងបញ្ជាក់ពីគោលជំហររបស់លោក កាលពីថ្ងៃសុក្រថា លោកមិនចុះចេញពីតំណែង និងមិនធ្វើការបោះឆ្នោតឡើងវិញឡើយ ជាមួយនឹងការព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើបាតុកម្មរបស់គណបក្សប្រឆាំងថែមទៀត។
បើតាមការសង្កេតផ្ទាល់របស់ ភ្នំពេញ ប៉ុស្តិ៍ ក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលចេញដំណើរពីទីលានប្រជាធិបតេយ្យ ឆ្ពោះមកតាមផ្លូវ ព្រះមុនីវង្ស ហើយបានធ្វើដំណើរពេញណែនតាមផ្លូវក្បាលមកដល់ហួសស្តុបពេទ្យចិនទៅហើយនោះ កន្ទុយមិនទាន់ចេញផុតពីទីលានប្រជាធិបតេយ្យនៅឡើយទេ ជាមួយនឹងការស្រែកអបអរសាទរ ពីប្រជាពលរដ្ឋជាច្រើននៅតាមដងផ្លូវ។
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ដែលឈរកាន់ទង់ជាតិ នៅលើឡានជាមួយលោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដ៏ច្រើននោះថា៖ «សូមបងប្អូន រក្សាសណ្តាប់ធ្នាប់ ប៉ុន្តែត្រូវតែរឹងមាំ។ សូមកងកម្លាំងប្រដាប់អាវុធ កុំប៉ះពាល់បាតុករខ្មែរ។ យើងមិនអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធប៉ះពាល់បាតុករខ្មែរជាដាច់ខាត»។ បន្ទាប់ពីការដើរដង្ហែក្បួននៅតាមផ្លូវជាច្រើនក្នុងរាជធានី លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យថា ការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសម្បើមនិងមានការប្តេជ្ញាចិត្តដ៏រឹងមាំបែបនេះបញ្ជាក់ថា គឺចង់ឲ្យលោក ហ៊ុន សែន ចុះចេញ។
លោកគូសបញ្ជាក់ថា៖ «ខ្ញុំសុំសួរលោក ហ៊ុន សែន ថា ប្រជាជនច្រើននាក់មកបែបនេះ តើវាគ្រប់គ្រាន់ដែរឬទេ? បើមិនគ្រប់គ្រាន់ ប្រជាជននឹងមកច្រើនថែមទៀត»។ «ឥឡូវនេះ យើងទុកឲ្យគាត់គិតប៉ុន្មានថ្ងៃទៀត ត្រូវតែបោះឆ្នោតឡើងវិញ កុំនិយាយថា គ្មានច្បាប់។ សូមបែរមកពិភាក្សា ព្រោះប្រជាជនមិនត្រូវការគាត់ទៀតទេ។ គាត់ថា គាត់មិនបានធ្វើអ្វីខុសទេ។ ប្រសិនបើនិយាយបែបនេះ មកជួបប្រជាជននៅទីនេះ ដើម្បីឲ្យប្រជាជនអាចប្រាប់អំពីកំហុសរបស់គាត់»។
ចំណែកលោក សម រង្ស៊ី បានថ្លែងថា លោកបានទទួលព័ត៌មានថា អាជ្ញាធរគ្រោងធ្វើបាបព្រះសង្ឃ ព្រោះគេបារម្ភថា ព្រះសង្ឃនឹងធ្វើការតវ៉ានៅគ្រប់វត្ត។ «អ្នកថា គេធ្លាប់ហូបបាយព្រះសង្ឃ ប៉ុន្តែគេវាយព្រះសង្ឃ»។ លោកបានគូសបញ្ជាក់ថា៖ «ត្រូវតែដោះស្រាយឲ្យបានឆាប់សូមធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យបានត្រឹមត្រូវ និងត្រូវតែរៀបចំការបោះឆ្នោតឡើងវិញ»។
នៅក្នុងការថ្លែងជា សាធារណៈដ៏កម្រមួយ នៅរដ្ឋសភាកាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានធ្វើការបញ្ជាក់ពីគោលជំហរលោកថា រដ្ឋធម្មនុញ្ញកម្ពុជាខុសពីប្រទេសដទៃទៀត។ ប្រទេសដទៃទៀតឲ្យនាយករដ្ឋមន្រ្តីរំលាយរដ្ឋសភា ប៉ុន្តែនៅកម្ពុជា មាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញ បានចែងថា រដ្ឋសភា មានអាណតិ្ត ៥ ឆ្នាំ រដ្ឋសភាមិនអាចរំលាយមុនអាណតិ្តទេ លើកលែងតែរដ្ឋាភិបាលរំលាយ ២ ដងក្នុងរយៈពេល ១២ ខែ។
លោកថ្លែងថា៖ «ដូច្នេះ នាយករដ្ឋមន្រ្តីក៏មិនមានសិទិ្ធរំលាយរដ្ឋសភា ព្រះមហាក្សត្រក៏មិនមានសិទិ្ធរំលាយរដ្ឋសភា និងរដ្ឋសភាខ្លួនឯងក៏មិនអាចរំលាយខ្លួនឯងបានដែរ។ ទាមទារឲ្យខ្ញុំចុះចេញ តើខ្ញុំបានធ្វើកំហុសអ្វី?»៕ PS/TK
លោកឋងខ្វាក់ចឹង ហើយល្ងង់ទៀត ទើបមិនដឹងខ្យល់អីនោះ!
គិតទៅ លោកឋងជាមនុស្សអវិជ្ជា មនុស្សរៀនមិនបានចប់បឋមសិក្សាផង ចឹងបានវាល្ងង់ទូយ៉ាងនេះ…លោកឋងអសមត្ថភាព សូម្បីភាសារអង់គ្លេស ក៏រកអ្នកបកប្រែដែរ…stupidណាស់លោកហុ៊ន សែនអើយ…!